លូកា 19

19
ព្រះ‌យេស៊ូ និង​លោក​សាខេ
1ព្រះ‌យេស៊ូ​មក​ដល់​ក្រុង​យេរីខូ ហើយ​យាង​កាត់​ទីក្រុង។ 2មាន​បុរស​ម្នាក់​ឈ្មោះ​សាខេ ជា​មេ​លើ​អ្នក​ទារ​ពន្ធ* គាត់​មាន​ទ្រព្យ‌សម្បត្តិ​យ៉ាង​ច្រើន។ 3គាត់​ចង់​ឃើញ​ព្រះ‌យេស៊ូ​មាន​ភិន‌ភាគ​យ៉ាង​ណា ប៉ុន្តែ ដោយ​មាន​មនុស្ស​ច្រើន​ពេក ហើយ​ដោយ​គាត់​មាន​មាឌ​តូច​ទៀត​ផង​នោះ គាត់​មើល​ព្រះអង្គ​មិន​ឃើញ​ទេ។ 4គាត់​រត់​ទៅ​ខាង​មុខ ឡើង​ដើម​ឈើ​មួយ​ដើម ចាំ​មើល​ព្រះ‌យេស៊ូ ព្រោះ​ព្រះអង្គ​ត្រូវ​យាង​កាត់​តាម​នោះ។ 5កាល​ព្រះ‌យេស៊ូ​យាង​មក​ដល់ ព្រះអង្គ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «លោក​សាខេ​អើយ! សូម​អញ្ជើញ​ចុះ​មក​ជា​ប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​លោក»។ 6លោក​សាខេ​ក៏​ចុះ​មក​ជា​ប្រញាប់ ហើយ​ទទួល​ព្រះ‌យេស៊ូ​ដោយ​អំណរ។ 7កាល​មនុស្ស​ទាំង​អស់​ឃើញ​ដូច្នោះ គេ​រអ៊ូ‌រទាំ​ថា៖ «មើល៍! លោក​នេះ​ទៅ​ស្នាក់​នៅ​ផ្ទះ​មនុស្ស​បាប!»។ 8លោក​សាខេ​ក្រោក​ឈរ​ឡើង ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ទូលបង្គំ​នឹង​ចែក​ទ្រព្យ‌សម្បត្តិ​របស់​ទូលបង្គំ ចំនួន​ពាក់​កណ្ដាល​ដល់​មនុស្ស​ក្រីក្រ ហើយ​ប្រសិន​បើ​ទូលបង្គំ​ទារ​ពន្ធ​ពី​អ្នក​ណា​ហួស​កម្រិត ទូលបង្គំ​នឹង​សង​អ្នក​នោះ​វិញ​មួយ​ជា​បួន»។ 9ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ថ្ងៃ​នេះ ការ​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ ដ្បិត​បុរស​នេះ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ​ដែរ។ 10 បុត្រ​មនុស្ស​បាន​មក ដើម្បី​ស្វែង​រក និង​សង្គ្រោះ​មនុស្ស​ដែល​វិនាស​បាត់​បង់»។
ប្រស្នា​អំពី​ប្រាក់​ណែន
(ម៉ាថាយ ២៥.១៤-៣០)
11កាល​ព្រះ‌យេស៊ូ​យាង​មក​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​មួយ​ទៀត​ទៅ​កាន់​អស់​អ្នក​ដែល​ស្ដាប់​ព្រះអង្គ ដ្បិត​អ្នក​ទាំង​នោះ​នឹក​ស្មាន​ថា ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​នឹង​មក​ដល់​ភ្លាមៗ​នេះ​ជា​មិន​ខាន។ 12ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​បុរស​ម្នាក់​ជា​អ្នក​មាន​ត្រកូល​ខ្ពស់​ចេញ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ ដើម្បី​នឹង​ទទួល​រាជា‌ភិសេក។ កាល​ណា​ទទួល​រាជា‌ភិសេក​ហើយ លោក​នឹង​ត្រឡប់​មក​វិញ។ 13មុន​ពេល​ចេញ​ដំណើរ​ទៅ លោក​បាន​ហៅ​អ្នក​បម្រើ​របស់​លោក​ដប់​នាក់​មក ប្រគល់​ប្រាក់​ឲ្យ​គេ​មួយ​ណែន ​ម្នាក់ៗ ទាំង​ផ្ដាំ​ថា “ចូរ​យក​ប្រាក់​នេះ​ទៅ​រក​ស៊ី រហូត​ដល់​ខ្ញុំ​ត្រឡប់​មក​វិញ”។ 14រីឯ​អ្នក​ស្រុក​នោះ​ស្អប់​លោក បាន​ជា​គេ​ចាត់​អ្នក​តំណាង​ឲ្យ​ទៅ​តាម​ក្រោយ នាំ​ពាក្យ​ថា “យើង​ខ្ញុំ​មិន​ចង់​ឲ្យ​លោក​នេះ​ធ្វើ​ស្ដេច​លើ​យើង​ខ្ញុំ​ជា​ដាច់​ខាត”។
15លុះ​បាន​ទទួល​រាជា‌ភិសេក​ហើយ ព្រះ‌រាជា​ក៏​យាង​ត្រឡប់​មក​វិញ។ ព្រះ‌រាជា​កោះ​ហៅ​អ្នក​បម្រើ​ទាំង​ដប់​នាក់ ដែល​ព្រះ‌រាជា​បាន​ប្រគល់​ប្រាក់​ណែន​នោះ​មក​សួរ ដើម្បី​ឲ្យ​ដឹង​ថា ម្នាក់ៗ​រក​ស៊ី​ចំណេញ​បាន​ប៉ុន្មាន។ 16អ្នក​បម្រើ​ទី​មួយ​ចូល​មក​គាល់ ទូល​ថា “បពិត្រ​ព្រះ‌អម្ចាស់! ប្រាក់​ដែល​ព្រះអង្គ​ប្រទាន​មក ទូលបង្គំ​ចំណេញ​បាន​ដប់​ណែន”។ 17ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​នោះ​ថា “ល្អ​ហើយ! អ្នក​បម្រើ​ដ៏​ប្រសើរ​អើយ យើង​តែង‌តាំង​អ្នក​ឲ្យ​គ្រប់‌គ្រង​លើ​ក្រុង​ដប់ ដ្បិត​អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ”។ 18អ្នក​បម្រើ​ទី​ពីរ​ចូល​មក ទូល​ថា “បពិត្រ​ព្រះ‌អម្ចាស់! ប្រាក់​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​ចំណេញ​បាន​ប្រាំ​ណែន”។ 19ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា “យើង​តែង‌តាំង​អ្នក​ឲ្យ​គ្រប់‌គ្រង​លើ​ក្រុង​ប្រាំ”។ 20អ្នក​បម្រើ​ម្នាក់​ទៀត​ចូល​មក ទូល​ថា “បពិត្រ​ព្រះ‌អម្ចាស់ នេះ​នែ៎​ប្រាក់​របស់​ព្រះអង្គ ទូលបង្គំ​បាន​វេច​ទុក​ក្នុង​កន្សែង។ 21ទូលបង្គំ​នឹក​ខ្លាច​ព្រះអង្គ ដ្បិត​ទ្រង់​ប្រិត‌ប្រៀង​ណាស់។ ព្រះអង្គ​តែង​ប្រមូល​យក​អ្វីៗ​ដែល​មិន​មែន​ជា​របស់​ព្រះអង្គ ហើយ​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​ព្រះអង្គ​មិន​បាន​សាប​ព្រោះ”។ 22ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​អ្នក​បម្រើ​នោះ​ថា “នែ៎​អ្នក​បម្រើ​អាក្រក់! យើង​នឹង​កាត់​ទោស​អ្នក​ឲ្យ​ស្រប​តាម​ពាក្យ​សម្ដី​របស់​អ្នក។ អ្នក​ដឹង​ស្រាប់​ហើយ​ថា យើង​ជា​មនុស្ស​ប្រិត‌ប្រៀង យើង​ប្រមូល​យក​អ្វីៗ​ដែល​មិន​មែន​ជា​របស់​យើង ហើយ​ច្រូត​យក​ផល​ពី​ស្រែ​ដែល​យើង​មិន​បាន​សាប​ព្រោះ 23ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​យក​ប្រាក់​របស់​យើង​ទៅ​ចង​ការ ដើម្បី​ឲ្យ​យើង​អាច​ទទួល​ទាំង​ដើម ទាំង​ការ នៅ​ពេល​យើង​ត្រឡប់​មក​វិញ?”។ 24បន្ទាប់​មក ព្រះ‌រាជា​បញ្ជា​ទៅ​អ្នក​ដែល​នៅ​ទី​នោះ​ថា “ចូរ​យក​ប្រាក់​ពី​អ្នក​នេះ​ប្រគល់​ឲ្យ​អ្នក​ដែល​មាន​ដប់​ណែន​ទៅ”។ 25អ្នក​ទាំង​នោះ​ទូល​ស្ដេច​ថា “បពិត្រ​ព្រះ‌អម្ចាស់! គាត់​មាន​ប្រាក់​ដប់​ណែន​ហើយ”។ 26 ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​តប​ថា “យើង​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​មាន​ហើយ អ្នក​នោះ​នឹង​ទទួល​ថែម​ទៀត។ រីឯ​អ្នក​ដែល​គ្មាន​វិញ គេ​នឹង​ដក​ហូត​នូវ​អ្វីៗ​ដែល​អ្នក​នោះ​មាន សូម្បី​តែ​បន្តិច‌បន្តួច​ក៏​មិន​សល់​ផង។ 27ម្យ៉ាង​ទៀត ពួក​ខ្មាំង​សត្រូវ​ដែល​មិន​ចង់​ឲ្យ​យើង​គ្រង​រាជ្យ​លើ​គេ​ទេ​នោះ ចូរ​នាំ​គេ​មក ហើយ​សម្លាប់​ចោល​នៅ​មុខ​យើង​ចុះ”»។
ព្រះ‌យេស៊ូ​យាង​ចូល​ក្រុង​យេរូ‌សាឡឹម
(មថ.២១.១-១១ មក.១១.១-១១ យហ.១២.១២-១៩)
28កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ព្រះអង្គ​ក៏​យាង​នាំ​មុខ​បណ្ដា‌ជន ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។ 29លុះ​ព្រះអង្គ​យាង​ជិត​ដល់​ភូមិ​បេតផា‌សេ និង​ភូមិ​បេតថា‌នី ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ ព្រះអង្គ​ចាត់​សិស្ស*​ពីរ​រូប​ឲ្យ​ទៅ​មុន 30ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ភូមិ​ខាង​មុខ​នោះ ពេល​អ្នក​ទៅ​ដល់ អ្នក​នឹង​ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​នៅ​ទី​នោះ ពុំ​ទាន់​មាន​នរណា​ជិះ​នៅ​ឡើយ​ទេ ចូរ​ស្រាយ​វា​ដឹក​មក។ 31ប្រសិន​បើ​មាន​គេ​សួរ​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​វា?” ចូរ​ឆ្លើយ​ទៅ​គេ​ថា “ព្រះ‌អម្ចាស់​ត្រូវ​ការ​វា”»។ 32សិស្ស​ទាំង​ពីរ​ក៏​ចេញ​ទៅ ហើយ​ឃើញ​ដូច​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ប្រាប់​គេ​មែន។ 33ពេល​គេ​កំពុង​ស្រាយ​កូន​លា ម្ចាស់​វា​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​លា​នេះ?» 34សិស្ស​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​ត្រូវ​ការ​វា»។ 35បន្ទាប់​មក អ្នក​ទាំង​ពីរ​ដឹក​កូន​លា​យក​មក​ថ្វាយ​ព្រះ‌យេស៊ូ ហើយ​ក្រាល​អាវ​ធំ​របស់​ខ្លួន​លើ​ខ្នង​វា ថ្វាយ​ព្រះអង្គ​គង់។ 36នៅ​ពេល​ព្រះអង្គ​យាង​ទៅ​មុខ មនុស្ស‌ម្នា​យក​អាវ​ធំ​របស់​ខ្លួន​មក​ក្រាល​តាម​ផ្លូវ។ 37កាល​ព្រះ‌យេស៊ូ​យាង​តាម​ផ្លូវ​ដែល​ចុះ​ពី​ភ្នំ​ដើម​អូលីវ មក​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម មាន​សាវ័ក​ច្រើន​កុះ‌ករ​អរ​សប្បាយ នាំ​គ្នា​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ឃើញ។ 38 គេ​ពោល​ថា៖
«សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់
ព្រះ‌មហា‌ក្សត្រ​ដែល​យាង​មក
ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់!
សូម​សន្តិ‌ភាព​កើត​ពី​ស្ថាន​បរម‌សុខ*​មក
សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ
នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!»
39មាន​អ្នក​ខាង​គណៈ‌ផារីស៊ី*​ខ្លះ ដែល​នៅ​ក្នុង​ចំណោម​បណ្ដា‌ជន ទូល​ព្រះ‌យេស៊ូ​ថា៖ «លោក​គ្រូ សូម​ឃាត់​សិស្ស​របស់​លោក​ឲ្យ​នៅ​ស្ងៀម​ផង!»។ 40ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ប្រសិន​បើ​អ្នក​ទាំង​នេះ​នៅ​ស្ងៀម ដុំ​ថ្ម​មុខ​ជា​ស្រែក​ជំនួស​គេ​វិញ​មិន​ខាន»។
ព្រះ‌យេស៊ូ​សោក‌សៅ​ស្រណោះ​ក្រុង​យេរូ‌សាឡឹម
41កាល​ព្រះ‌យេស៊ូ​យាង​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម ព្រះអង្គ​ទត​ឃើញ​ទីក្រុង ហើយ​ព្រះអង្គ​ព្រះ‌កន្សែង​នឹក​អាណិត​ក្រុង​នោះ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ 42«យេរូ‌សាឡឹម​អើយ! គួរ​ឲ្យ​ស្ដាយ​ពេក នៅ​ថ្ងៃ​នេះ អ្នក​ពុំ​បាន​យល់​ហេតុ‌ការណ៍​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​មក​អ្នក​សោះ ដោយ​អត្ថ‌ន័យ​នៅ​លាក់​កំបាំង​នៅ​ឡើយ អ្នក​ពុំ​អាច​មើល​ឃើញ​ទេ។ 43នៅ​ពេល​ខាង​មុខ ខ្មាំង​សត្រូវ​នឹង​មក​បោះ​ទ័ព​ឡោម‌ព័ទ្ធ​ជុំ‌វិញ​អ្នក ហើយ​វាយ​ប្រហារ​អ្នក​ពី​គ្រប់​ទិស 44គេ​នឹង​កម្ទេច​អ្នក​ចោល ព្រម​ទាំង​សម្លាប់​អ្នក​ក្រុង​ឲ្យ​វិនាស​បង់​ផង។ គេ​មិន​ទុក​ឲ្យ​ដុំ​ថ្ម​នៅ​ត្រួត​ពី​លើ​គ្នា ក្នុង​ក្រុង​ទៀត​ឡើយ ដ្បិត​អ្នក​ពុំ​បាន​ទទួល​ស្គាល់​ពេល​កំណត់ ដែល​ព្រះ‌ជាម្ចាស់​បាន​យាង​មក​សង្គ្រោះ​អ្នក​ទេ»។
ព្រះ‌យេស៊ូ​ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ព្រះ‌វិហារ*
(មថ.២១.១២-១៧ មក.១១.១៥-១៩ យហ.២.១៣-២២)
45ព្រះ‌យេស៊ូ​យាង​ចូល​ព្រះ‌វិហារ ហើយ​ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ទី​នោះ 46 ដោយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “ដំណាក់​របស់​យើង​ជា​កន្លែង​សម្រាប់​អធិស្ឋាន” តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​ធ្វើ​សំបុក​ចោរ​ទៅ​វិញ»។
47 ព្រះ‌យេស៊ូ​បាន​បង្រៀន​គេ​នៅ​ក្នុង​ព្រះ‌វិហារ​ជា​រៀង​រាល់​ថ្ងៃ។ ក្រុម​នាយក​បូជា‌ចារ្យ* ពួក​អាចារ្យ* និង​ពួក​មន្ត្រី នាំ​គ្នា​រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះអង្គ។ 48ប៉ុន្តែ គេ​មិន​ដឹង​ជា​ត្រូវ​ប្រើ​វិធី​ណា​ឡើយ ដ្បិត​ប្រជា‌ជន​ទាំង​មូល​ប្រឹង​ស្ដាប់​ព្រះ‌បន្ទូល​ព្រះអង្គ ដោយ​យក​ចិត្ត​ទុក​ដាក់។

Märk

Dela

Kopiera

None

Vill du ha dina höjdpunkter sparade på alla dina enheter? Registrera dig eller logga in