លូកា 23

23
1បណ្តា​មនុស្ស​ទាំង​អស់​គ្នា ក៏​ក្រោក​ឡើង នាំ​ទ្រង់​ទៅ​ឯ​លោក​ពីឡាត់ 2ចាប់​តាំង​ចោទ​ប្រកាន់​ទ្រង់​ថា យើង​ខ្ញុំ​បាន​ឃើញ​មនុស្ស​នេះ នាំ​បំភាន់​សាសន៍​យើង​ឲ្យ​វង្វេង​ចេញ ក៏​ហាម​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​សេសារ​ផង ដោយ​លើក​ខ្លួន​ថា​ជា​ព្រះ‌គ្រីស្ទ គឺ​ជា​ស្តេច​ដែរ 3លោក​ពីឡាត់​ក៏​ពិចារណា​សួរ​ទ្រង់​ថា តើ​អ្នក​ជា​ស្តេច​សាសន៍​យូដា​មែន​ឬ​អី ទ្រង់​ឆ្លើយ​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ 4នោះ​លោក​ពីឡាត់​មាន​ប្រសាសន៍​ដល់​ពួក​សង្គ្រាជ នឹង​បណ្តា​មនុស្ស​ថា ខ្ញុំ​មិន​ឃើញ​ជា​មនុស្ស​នេះ​មាន​ទោស​អ្វី​សោះ 5ប៉ុន្តែ គេ​និយាយ​ទទូច​ថា វា​ញុះ‌ញង់​បណ្តាជន ហើយ​ក៏​បង្រៀន​ពេញ​ក្នុង​ស្រុក​យូដា​ទាំង​មូល ចាប់​តាំង​ពី​ស្រុក​កាលី‌ឡេ រហូត​មក​ដល់​ទី​នេះ 6កាល​លោក​ពីឡាត់​ឮ​និយាយ​ពី​ស្រុក​កាលី‌ឡេ នោះ​លោក​សួរ​ថា មនុស្ស​នេះ​ជា​អ្នក​ស្រុក​កាលី‌ឡេ​ឬ​អី 7លុះ​បាន​ជ្រាប​ថា ទ្រង់​នៅ​ក្នុង​អំណាច​នៃ​ស្តេច​ហេរ៉ូឌ នោះ​លោក​ក៏​បញ្ជូន​ទ្រង់​ទៅ​ឯ​ស្តេច​ហេរ៉ូឌ​ទៅ ដ្បិត​គ្រា​នោះ ស្តេច​គង់​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ។
8កាល​ស្តេច​ហេរ៉ូឌ​បាន​ឃើញ​ព្រះ‌យេស៊ូវ នោះ​ក៏​អរ​ណាស់ ដ្បិត​ស្តេច​ចង់​ឃើញ​ទ្រង់​ជា​យូរ​មក​ហើយ ព្រោះ​បាន​ឮ​រឿង​ពី​ទ្រង់​ជា​ច្រើន ហើយ​បាន​សង្ឃឹម​ថា នឹង​ឃើញ​ទ្រង់​ធ្វើ​ទី​សំគាល់​ណា​មួយ 9នោះ​ស្តេច​មាន​បន្ទូល​សួរ​ទ្រង់​ជា​ច្រើន ប៉ុន្តែ ទ្រង់​មិន​ព្រម​ឆ្លើយ​សោះ 10ឯ​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ គេ​ឈរ​នៅ​ទី​នោះ​កំពុង​តែ​ចោទ​ប្រកាន់​ទ្រង់​ជា​ខ្លាំង 11លុះ​ស្តេច​ហេរ៉ូឌ ព្រម​ទាំង​ពួក​ទាហាន បាន​ចំអក​មើល‌ងាយ​ព្រះ‌យេស៊ូវ​រួច​ហើយ នោះ​ក៏​យក​អាវ​ដ៏​រុងរឿង​មក​បំពាក់​ទ្រង់ រួច​បញ្ជូន​ត្រឡប់​ទៅ​ឯ​លោក​ពីឡាត់​វិញ 12នៅ​ថ្ងៃ​នោះ លោក​ពីឡាត់ នឹង​ស្តេច​ហេរ៉ូឌ ក៏​បាន​ជា​នឹង​គ្នា ដ្បិត​ពី​មុន លោក​ទាំង​២​នោះ​បាន​ទាស់‌ទែង​គ្នា។
13កាល​លោក​ពីឡាត់​បាន​ប្រមូល​ពួក​សង្គ្រាជ ពួក​នាម៉ឺន នឹង​បណ្តា​មនុស្ស​ទាំង​អស់​មក 14នោះ​លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា អ្នក​រាល់​គ្នា​បាន​នាំ​មនុស្ស​នេះ​មក​ឯ​ខ្ញុំ ទុក​ជា​មនុស្ស​ដែល​នាំ​បណ្តាជន​ឲ្យ​វង្វេង តែ​មើល ខ្ញុំ​បាន​ពិចារណា​សួរ​នៅ​មុខ​អ្នក​រាល់​គ្នា​ហើយ មិន​ឃើញ​ជា​មាន​ទោស​អ្វី តាម​ដែល​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​នោះ​សោះ 15ទាំង​ស្តេច​ហេរ៉ូឌ​ក៏​រក​គ្មាន​ដែរ ដ្បិត​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ឯ​ទ្រង់ ហើយ​មើល ទ្រង់​មិន​ថា​ជា​អ្នក​នេះ​មាន​ទោស​អ្វី​ដែល​គួរ​ឲ្យ​ស្លាប់​ទេ 16ដូច្នេះ ខ្ញុំ​នឹង​គ្រាន់​តែ​វាយ​ប្រដៅ រួច​លែង​ឲ្យ​ទៅ​ចុះ 17ដ្បិត​នៅ​បុណ្យ​នោះ លោក​ត្រូវ​តែ​លែង​អ្នក​ទោស​ម្នាក់​ឲ្យ​ដល់​គេ 18តែ​គេ​ស្រែក​ឡើង​ព្រម​គ្នា​ថា សូម​យក​មនុស្ស​នេះ​ទៅ ហើយ​លែង​បារ៉ា‌បាស​ឲ្យ​យើង​វិញ 19ឯ​បារ៉ា‌បាស​នេះ វា​ជាប់​គុក​ដោយ​ព្រោះ​ការ​បះ‌បោរ ដែល​វា​បង្កើត​នៅ​ក្នុង​ទី​ក្រុង ហើយ​នឹង​ការ​សំឡាប់​គេ 20បាន​ជា​លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ម្តង​ទៀត ដោយ​ចង់​លែង​ព្រះ‌យេស៊ូវ​វិញ 21ប៉ុន្តែ​គេ​ស្រែក​ឡើង​ថា ឲ្យ​ឆ្កាង​វាៗ​ទៅ 22លោក​មាន​ប្រសាសន៍​ទៅ​គេ​ជា​គំរប់​៣​ដង​ថា តើ​មនុស្ស​នេះ​បាន​ធ្វើ​អាក្រក់​អ្វី ខ្ញុំ​មិន​ឃើញ​ជា​មាន​ហេតុ​អ្វី​គួរ​ឲ្យ​ស្លាប់​ទេ ដូច្នេះ ខ្ញុំ​នឹង​វាយ​ប្រដៅ រួច​លែង​វា​ទៅ 23តែ​គេ​ស្រែក​ទទូច​ជា​ខ្លាំង ទាំង​សូម​ឲ្យ​ឆ្កាង​ទ្រង់​វិញ ហើយ​សំរែក​របស់​ជន​ទាំង​នោះ នឹង​ពួក​សង្គ្រាជ ក៏​បាន​ឈ្នះ 24លោក​ពីឡាត់​កាត់​សំរេច​ទោស​តាម​គេ​សូម 25រួច​លែង​អ្នក​នោះ​ដែល​ជាប់​គុក ដោយ​ព្រោះ​ការ​បះ‌បោរ នឹង​ការ​សំឡាប់​មនុស្ស ឲ្យ​ដល់​ពួក​គេ តាម​គេ​សូម ហើយ​ប្រគល់​ព្រះ‌យេស៊ូវ​ទៅ​តាម​ចិត្ត​គេ​ប្រាថ្នា​វិញ។
26កាល​គេ​នាំ​ព្រះ‌យេស៊ូវ​ទៅ នោះ​គេ​ចាប់​មនុស្ស​សាសន៍​គីរេន​ម្នាក់ ឈ្មោះ​ស៊ីម៉ូន ដែល​កំពុង​តែ​វិល​មក​ពី​ចំការ ក៏​ដាក់​ឲ្យ​គាត់​លី​ឈើ​ឆ្កាង​តាម​ទ្រង់​ទៅ 27មាន​មនុស្ស​ដើរ​តាម​ទ្រង់​ដ៏​ណែន‌ណាន់ ក៏​មាន​ពួក​ស្រីៗ​ដែល​គក់​ដើម​ទ្រូង ហើយ​យំ​ទួញ​ផង 28ព្រះ‌យេស៊ូវ​ទ្រង់​ងាក​បែរ​ទៅ មាន​បន្ទូល​នឹង​ពួក​ស្ត្រី​ទាំង​នោះ​ថា កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ កុំ​យំ​នឹង​ខ្ញុំ​ឡើយ ឲ្យ​យំ​នឹង​ខ្លួន​អ្នក​រាល់​គ្នា ហើយ​នឹង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​វិញ​ចុះ 29ដ្បិត​មើល នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​ថា មាន​ពរ​ហើយ ពួក​ស្រី​អារ នឹង​ពោះ​ដែល​មិន​កើត​កូន ហើយ​ដោះ​ដែល​មិន​បំបៅ​កូន 30នៅ​គ្រា​នោះ គេ​នឹង​ចាប់​តាំង​និយាយ​ទៅ​ភ្នំ​ធំ​ថា សូម​ឲ្យ​រលំ​មក​លើ​យើង​វិញ ហើយ​ទៅ​ភ្នំ​តូច​ថា សូម​គ្រប​មក​លើ​យើង​ចុះ 31ព្រោះ​បើ​គេ​ធ្វើ​ការ​ទាំង​នេះ ដល់​ដើម​ឈើ​ស្រស់ នោះ​តើ​នឹង​កើត​អ្វី​ដល់​ដើម​ឈើ​ស្ងួត​វិញ។
32គេ​ក៏​នាំ​ចោរ​កំណាច​២​នាក់ ទៅ​សំឡាប់​ជា​មួយ​នឹង​ទ្រង់​ដែរ 33កាល​មក​ដល់​កន្លែង​ដែល​ហៅ​ថា ភ្នំ​រលា​ក្បាល​ហើយ គេ​ឆ្កាង​ទ្រង់​នៅ​ទី​នោះ ព្រម​ទាំង​ចោរ​កំណាច​ផង ម្នាក់​ខាង​ស្តាំ ម្នាក់​ខាង​ឆ្វេង​ទ្រង់ 34ឯ​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​ថា ឱ​ព្រះវរ‌បិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ គេ​ក៏​នាំ​គ្នា​ធ្វើ​ឆ្នោត​ចាប់​ព្រះ‌ពស្ត្រ​ទ្រង់​ចែក​គ្នា 35ឯ​បណ្តាជន​ដែល​ឈរ​មើល នឹង​ពួក​នាម៉ឺន ដែល​ឈរ​ជា​មួយ ក៏​បន្តុះ​ទ្រង់​ថា វា​បាន​ជួយ​សង្គ្រោះ​មនុស្ស​ឯ​ទៀត បើ​វា​ជា​ព្រះ‌គ្រីស្ទ ជា​អ្នក​រើស​តាំង​របស់​ព្រះ​មែន នោះ​ឲ្យ​វា​ជួយ​សង្គ្រោះ​ខ្លួន​វា​ទៅ 36ពួក​ទាហាន​ក៏​បង្អាប់​ទ្រង់​ដែរ ហើយ​គេ​យក​ទឹក‌ខ្មេះ ចូល​ទៅ​ជិត​ថ្វាយ​ទ្រង់ ដោយ​ថា 37បើ​ឯង​ជា​ស្តេច​សាសន៍​យូដា​មែន ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ចុះ 38ហើយ​នៅ​ពី​លើ​ទ្រង់ មាន​អក្សរ​ជា​ភាសា​ក្រេក ឡាតាំង នឹង​ហេព្រើរ​ថា «នេះ​ជា​ស្តេច​សាសន៍​យូដា»។
39រីឯ​ចោរ​កំណាច​ម្នាក់​ដែល​ជាប់​ព្យួរ វា​ប្រមាថ​មើល‌ងាយ​ដល់​ទ្រង់​ថា បើ​ឯង​ជា​ព្រះ‌គ្រីស្ទ​ពិត នោះ​ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ឯង ហើយ​នឹង​យើង​ផង 40ប៉ុន្តែ​ម្នាក់​ទៀត​ឆ្លើយ​បន្ទោស​វា​ថា តើ​ឯង​មិន​ខ្លាច​ព្រះ​ទេ​ឬ​អី ដ្បិត​ឯង​ក៏​ជាប់​ទោស​ដូច​គ្នា 41គេ​ធ្វើ​ទោស​យើង​ត្រូវ​ហើយ ដ្បិត​យើង​ត្រូវ​ទោស​ចំពោះ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត ប៉ុន្តែ ព្រះ‌អង្គ​នេះ​មិន​បាន​ធ្វើ​ខុស​អ្វី​សោះ 42រួច​អ្នក​នោះ​ទូល​ព្រះ‌យេស៊ូវ​ថា ព្រះ‌អម្ចាស់​អើយ កាល​ណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូលបង្គំ​ផង 43ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ថា ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថាន‌បរម‌សុខ​ជា​មួយ​នឹង​ខ្ញុំ​ដែរ។
44ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ ស្រាប់​តែ​កើត​មាន​ងងឹត នៅ​គ្រប​ពេញ​លើ​ផែនដី ដរាប​ដល់​ម៉ោង​៣​រសៀល 45ថ្ងៃ​ត្រឡប់​ទៅ​ជា​ងងឹត ហើយ​វាំង‌នន​ក្នុង​ព្រះ‌វិហារ ក៏​រហែក​ចំ​ពាក់​កណ្តាល 46នោះ​ព្រះ‌យេស៊ូវ​ស្រែក​ឡើង​ជា​ខ្លាំង​ថា ឱ​ព្រះវរ‌បិតា​អើយ ទូលបង្គំ​សូម​ប្រគល់​វិញ្ញាណ​ដល់​ព្រះ‌ហស្ត​ទ្រង់​វិញ កាល​មាន​បន្ទូល​ពាក្យ​ទាំង​នេះ​រួច​ហើយ នោះ​ទ្រង់​ផុត​ដង្ហើម​ទៅ។
47កាល​មេ​ទ័ព​បាន​ឃើញ​ការ​ដែល​កើត​មក នោះ​ក៏​ពោល​សរសើរ​ដល់​ព្រះ ហើយ​ថា មនុស្ស​នេះ​សុចរិត​ពិត​មែន 48ឯ​បណ្តា​មនុស្ស​ទាំង​ហ្វូង ដែល​ប្រជុំ​គ្នា​មើល​ការ​នោះ កាល​គេ​បាន​ឃើញ​ការ​ដែល​កើត​ឡើង​ដូច្នោះ ក៏​វិល​ទៅ​វិញ​ទាំង​គក់​ដើម​ទ្រូង​បណ្តើរ 49ឯ​ពួក​អ្នក​ដែល​ស្គាល់​ទ្រង់ នឹង​ពួក​ស្រីៗ​ដែល​តាម​ទ្រង់​មក​ពី​ស្រុក​កាលី‌ឡេ គេ​ក៏​ឈរ​មើល​ពី​ចំងាយ។
50ហើយ​មើល មាន​មនុស្ស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​ពួក​ក្រុម‌ជំនុំ ជា​មនុស្ស​ល្អ ត្រឹម‌ត្រូវ សុចរិត 51(លោក​នេះ​មិន​បាន​ចូល​ដៃ ចូល​គំនិត ជា​មួយ​នឹង​គេ​ទេ) លោក​នៅ​ឯ​អើរី‌ម៉ាថេ ជា​ភូមិ​សាសន៍​យូដា ហើយ​ក៏​រង់‌ចាំ​នគរ​ព្រះ​ដែរ 52លោក​ទៅ​ឯ​លោក​ពីឡាត់ ដើម្បី​នឹង​សូម​ព្រះ‌សព​ព្រះ‌យេស៊ូវ 53កាល​បាន​យក​ព្រះ‌សព​ចុះ​មក​ហើយ នោះ​ក៏​រុំ​នឹង​សំពត់​ទេស‌ឯក នាំ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ដាប់​ក្នុង​ថ្ម ដែល​មិន​ទាន់​មាន​បញ្ចុះ​ខ្មោច​ណា​នៅ​ឡើយ 54ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ ហៀប​នឹង​ចូល​ថ្ងៃ​ឈប់​សំរាក​ហើយ។
55ឯ​ពួក​ស្រីៗ ដែល​មក​ពី​ស្រុក​កាលី‌ឡេ​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​តាម​ទៅ​ឃើញ​ផ្នូរ នឹង​សណ្ឋាន​ដែល​គេ​បញ្ចុះ​ព្រះ‌សព​ទ្រង់​ដែរ 56រួច​គេ​វិល​ទៅ​វិញ រៀប​គ្រឿង​ក្រអូប នឹង​ប្រេង​អប់ តែ​គេ​ឈប់​នៅ​ថ្ងៃ​ឈប់​សំរាក តាម​បញ្ញត្ត​សិន។

Vurgu

Paylaş

Kopyala

None

Önemli anlarınızın tüm cihazlarınıza kaydedilmesini mi istiyorsunuz? Kayıt olun ya da giriş yapın