የYouVersion አርማ
የፍለጋ አዶ

យ៉ូហាន 2

2
1លុះ​៣​ថ្ងៃ​ក្រោយ​មក មាន​វិវាហ‌មង្គល នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ ហើយ​មាតា​ព្រះ‌យេស៊ូវ​ក៏​នៅ​ឯ​ណោះ​ស្រាប់ 2គេ​បាន​អញ្ជើញ​ព្រះ‌យេស៊ូវ ព្រម​ទាំង​ពួក​សិស្ស​ទ្រង់​ទៅ​ឯ​ការ​នោះ​ដែរ 3កាល​ស្រា​ទំពាំង‌បាយ‌ជូរ​អស់​ហើយ នោះ​មាតា​ព្រះ‌យេស៊ូវ​ទូល​ទ្រង់​ថា គេ​អស់​ស្រា​ទំពាំង‌បាយ‌ជូរ​ហើយ 4តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា មាតា​អើយ តើ​ការ​នោះ​អំពល់​អ្វី​ដល់​យើង ពេល​វេលា​ខ្ញុំ​មិន​ទាន់​មក​ដល់​នៅ​ឡើយ 5មាតា​ទ្រង់​ក៏​ប្រាប់​ដល់​ពួក​បាវ​ថា ការ​អ្វី​ដែល​លោក​ប្រាប់​ឲ្យ​ធ្វើ នោះ​ត្រូវ​ធ្វើ​ចុះ 6រីឯ​នៅ​ទី​នោះ មាន​ពាង​ថ្ម​៦ តាម​ទំនៀម​ការ​លាង​សំអាត​របស់​សាសន៍​យូដា ពាង​មួយៗ​នោះ​ចំណុះ​ទឹក​បាន​២​ឬ​៣​អម្រែក 7ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​ចាក់​ទឹក​ឲ្យ​ពេញ​ពាង​ទាំង​នេះ​ទៅ គេ​ក៏​ចាក់​ទឹក​ពេញ​ដល់​មាត់​ពាង 8រួច​ទ្រង់​មាន​បន្ទូល​ប្រាប់​គេ​ថា ឥឡូវ​នេះ ចូរ​ដង​យក​ទៅ​ជូន​ដល់​លោក ជា​មង្គល‌ការ​ចុះ គេ​ក៏​ដង​យក​ទៅ 9កាល​អ្នក​មង្គល‌ការ​បាន​ភ្លក់​ទឹក ដែល​បាន​ប្រែ​ទៅ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​ហើយ ឥត​មាន​ដឹង​ជា​មក​ពី​ណា (តែ​ពួក​បាវ​បំរើ​ដែល​ដង​ទឹក​នោះ គេ​ដឹង) នោះ​អ្នក​មង្គល‌ការ​ក៏​ហៅ​ប្ដី​ថ្មោង‌ថ្មី​មក​និយាយ​ថា 10មនុស្ស​ទាំង‌ឡាយ គេ​តែង‌តែ​លើក​ស្រា​ទំពាំង‌បាយ‌ជូរ​ល្អ​មក​ជា​មុន លុះ​កាល​បាន​ផឹក​ជា​ច្រើន​ហើយ នោះ​ទើប​លើក​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​មិន‌សូវ​ល្អ​មក​ជា​ក្រោយ តែ​នេះ អ្នក​បាន​ទុក​ស្រា​ទំពាំង‌បាយ‌ជូរ​យ៉ាង​ល្អ ដរាប​ដល់​ឥឡូវ​នេះ​វិញ 11ព្រះ‌យេស៊ូវ ទ្រង់​ធ្វើ​ទី​សំគាល់​មុន​ដំបូង​នេះ នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ ទាំង​សំដែង​សិរី‌ល្អ​របស់​ទ្រង់ ហើយ​ពួក​សិស្ស​ក៏​ជឿ​ដល់​ទ្រង់។
12លុះ​ក្រោយ​មក ទ្រង់​យាង​ចុះ​ទៅ​ឯ​ក្រុង​កាពើ‌ណិម មាន​ទាំង​មាតា បង​ប្អូន នឹង​ពួក​សិស្ស​ទ្រង់​ទៅ​ជា​មួយ​ផង តែ​នៅ​ឯ​ណោះ​មិន​យូរ​ប៉ុន្មាន​ទេ 13រីឯ​បុណ្យ​រំលង​របស់​សាសន៍​យូដា​ក៏​ជិត​ដល់ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម 14កាល​ទ្រង់​ឃើញ​ពួក​អ្នក​លក់​គោ លក់​ចៀម លក់​ព្រាប នឹង​ពួក​អ្នក​ដូរ​ប្រាក់ អង្គុយ​នៅ​ក្នុង​ព្រះ‌វិហារ 15នោះ​ទ្រង់​ក៏​យក​ខ្សែ​ធ្វើ​ជា​រំពាត់ ដេញ​គេ​ចេញ​ពី​ព្រះ‌វិហារ​ទាំង​អស់​ទៅ គឺ​ដេញ​ទាំង​ចៀម ទាំង​គោ ហើយ​ក៏​ចាក់​ប្រាក់​របស់​ពួក​អ្នក​ដូរ​ចេញ​ដែរ ព្រម​ទាំង​ផ្កាប់​តុ​គេ​ផង 16រួច​មាន​បន្ទូល​ទៅ​ពួក​អ្នក​លក់​ព្រាប​ថា ចូរ​យក​របស់​ទាំង​នេះ​ចេញ​ទៅ កុំ​ឲ្យ​យក​ដំណាក់​នៃ​ព្រះវរ‌បិតា​ខ្ញុំ ធ្វើ​ជា​ផ្ទះ​ជំនួញ​ឡើយ 17ពួក​សិស្ស​ទ្រង់​ក៏​នឹក​ឃើញ​ពី​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិន​ទូលបង្គំ» 18ដូច្នេះ ពួក​សាសន៍​យូដា គេ​ទូល​សួរ​ទ្រង់​ថា ដែល​លោក​ធ្វើ​យ៉ាង​ដូច្នេះ នោះ​តើ​នឹង​សំដែង​ទី​សំគាល់​ណា ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង 19ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា ចូរ​បំផ្លាញ​ព្រះ‌វិហារ​នេះ​ចុះ រួច​ក្នុង​រវាង​៣​ថ្ងៃ ខ្ញុំ​នឹង​សង់​ឡើង​វិញ 20ដូច្នេះ ពួក​សាសន៍​យូដា​ទូល​ថា គេ​សង់​ព្រះ‌វិហារ​នេះ ពេញ​៤៦​ឆ្នាំ​គត់ តែ​លោក​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​៣​ថ្ងៃ​ឬ 21ប៉ុន្តែ គឺ​ទ្រង់​មាន​បន្ទូល​ពី​ព្រះ‌វិហារ ដែល​ជា​រូប​អង្គ​ទ្រង់​ទេ 22ដូច្នេះ កាល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ពួក​សិស្ស​នឹក​ឃើញ​ថា ទ្រង់​បាន​មាន​បន្ទូល​ពាក្យ​នោះ ហើយ​គេ​ក៏​ជឿ​គម្ពីរ នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូវ។
23កាល​ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡិម នៅ​ក្នុង​វេលា​បុណ្យ​រំលង នោះ​មាន​មនុស្ស​ជា​ច្រើន​ជឿ​ដល់​ព្រះ‌នាម​ទ្រង់ ដោយ​ឃើញ​ទី​សំគាល់​ដែល​ទ្រង់​ធ្វើ​មក 24តែ​ព្រះ‌យេស៊ូវ​ទ្រង់​មិន​ទុក​ចិត្ត​នឹង​គេ​ទេ ពី​ព្រោះ​ទ្រង់​ស្គាល់​ដល់​គ្រប់​ទាំង​មនុស្ស 25ហើយ​ទ្រង់​មិន​ត្រូវ​ការ ឲ្យ​អ្នក​ណា​ធ្វើ​បន្ទាល់​ពី​មនុស្ស​ណា​ទេ ដ្បិត​ទ្រង់​ជ្រាប​ហើយ ពី​សេចក្ដី​ដែល​នៅ​ក្នុង​មនុស្ស​ទាំង‌ឡាយ។

ማድመቅ

Share

Copy

None

ያደመቋቸው ምንባቦች በሁሉም መሣሪያዎችዎ ላይ እንዲቀመጡ ይፈልጋሉ? ይመዝገቡ ወይም ይግቡ