យ៉ះយ៉ា 1

1
បុរេកថា
1កាល​ពី​ដើម​ដំបូង​បង្អស់ មាន​បន្ទូល​នៃ​អុលឡោះ។ បន្ទូល​នៃ​អុលឡោះ​នៅ​ជា​មួយ​អុលឡោះ​ហើយ​បន្ទូល​នៃ​អុលឡោះ​ជា​អុលឡោះ 2បន្ទូល​នៃ​អុលឡោះ​នៅ​ជា​មួយ​អុលឡោះ តាំង​ពី​ដើម​ដំបូង​បង្អស់។ 3អ្វីៗ​សព្វ​សារពើ​សុទ្ធ​តែ​កើត​ឡើង​ដោយ‌សារ​បន្ទូល​នៃ​អុលឡោះ គឺ​ក្នុង​បណ្ដា​អ្វីៗ​ដែល​កើត​មក គ្មាន​អ្វី​មួយ​កើត​មក​ក្រៅ​ពី​បន្ទូល​នៃ​អុលឡោះ​បង្កើត​នោះ​ឡើយ។ 4បន្ទូល​នៃ​អុលឡោះ​ជា​ប្រភព​នៃ​ជីវិត ហើយ​ជីវិត​នោះ​ជា​ពន្លឺ​បំភ្លឺ​មនុស្ស​លោក។ 5ពន្លឺ​ភ្លឺ​ក្នុង​សេចក្ដី​ងងឹត តែ​សេចក្ដី​ងងឹត​ពុំ​បាន​ទទួល​ពន្លឺ​ទេ។
6អុលឡោះ​បាន​ចាត់​បុរស​ម្នាក់ ឈ្មោះ​យ៉ះយ៉ា​ឲ្យ​មក។ 7គាត់​បាន​មក​ធ្វើ​ជា​បន្ទាល់​ផ្ដល់​សក្ខី‌ភាព​អំពី​ពន្លឺ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ជឿ​ដោយ‌សារ​គាត់។ 8យ៉ះយ៉ា​មិន​មែន​ជា​ពន្លឺ​ទេ គឺ​គាត់​គ្រាន់​តែ​មក​ផ្ដល់​សក្ខី‌ភាព​អំពី​ពន្លឺ​ប៉ុណ្ណោះ។ 9បន្ទូល​នៃ​អុលឡោះ​ជា​ពន្លឺ​ដ៏​ពិត​ប្រាកដ​តែ​មួយ ដែល​មក​ក្នុង​ពិភព​លោកហើយ​បំភ្លឺ​មនុស្ស​គ្រប់ៗ​គ្នា។ 10បន្ទូល​នៃ​អុលឡោះ​បាន​នៅ​ក្នុង​ពិភព​លោក ហើយ​ពិភព​លោក​កើត​ឡើង​ដោយ‌សារ​បន្ទូល​នៃ​អុលឡោះ ប៉ុន្ដែ ពិភព​លោក​ពុំ​បាន​ទទួល​ស្គាល់​គាត់​ទេ។ 11បន្ទូល​នៃ​អុលឡោះ​បាន​មក​នៅ​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​អុលឡោះ​ផ្ទាល់ តែ​ប្រជា‌រាស្ដ្រ​នោះ​ពុំ​បាន​ទទួល​គាត់​ឡើយ។ 12រីឯ​អស់​អ្នក​ដែល​បាន​ទទួល​គាត់ គឺ​អស់​អ្នក​ដែល​ជឿ​លើ​នាម​គាត់ គាត់​ប្រទាន​ឲ្យ​គេ​អាច​ទៅ​ជា​បុត្រ​របស់​អុលឡោះ។ 13អ្នក​ទាំង​នោះ​ពុំ​មែន​កើត​ពី​ឈាម​ពី​ចំណង់​តណ្ហា ឬ​ពី​បំណង​មនុស្ស​ឡើយ គឺ​កើត​ពី​អុលឡោះ​វិញ។
14បន្ទូល​នៃ​អុលឡោះ​បាន​កើត​មក​ជា​មនុស្ស ហើយ​នៅក្នុង​ចំណោម​យើង​រាល់​គ្នា យើង​បាន​ឃើញ​សិរី‌រុង‌រឿង​របស់​គាត់ ជា​សិរី‌រុង‌រឿង​នៃ​បុត្រា​តែ​មួយ​គត់​ដែល​មក​ពី​អុលឡោះ​ជា​បិតា គាត់​ពោរ‌ពេញ​ទៅ​ដោយ​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​ពិត។ 15យ៉ះយ៉ា​បាន​ផ្ដល់​សក្ខី‌ភាព​អំពី​គាត់ ដោយ​ប្រកាស​ថា៖ «គឺ​គាត់​នេះ​ហើយ​ដែល​ខ្ញុំ​និយាយ​ថា “អ្នក​មក​ក្រោយ​ខ្ញុំ ប្រសើរ​ជាង​ខ្ញុំ ដ្បិត​គាត់​មាន​ជីវិត​មុន​ខ្ញុំ”»។ 16យើង​ទាំង​អស់​គ្នា​បាន​ទទួល​អំណរ​មិន​ចេះ​អស់​មិន​ចេះ​ហើយ ពី​គ្រប់​លក្ខណ‌សម្បត្តិ​របស់​គាត់ 17ដ្បិត​អុលឡោះ​ប្រទាន​ហ៊ូកុំ​តាម​រយៈ​ណាពី​ម៉ូសា ហើយ​មេត្តា‌ករុណា និង​សេចក្ដី​ពិត​តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។ 18ពុំ​ដែល​មាន​នរណា​ម្នាក់​បាន​ឃើញ​អុលឡោះ​ឡើយ មាន​តែ​បុត្រា​មួយ​គត់​ប៉ុណ្ណោះ ដែល​បាន​នាំ​យើង​ឲ្យ​ស្គាល់​អុលឡោះ ដ្បិត​បុត្រា​នៃ​អុលឡោះ​បាន​នៅ​រួម​ជា​មួយ​អុលឡោះ​ជា​បិតា។
សក្ខី‌ភាព​របស់​ណាពី​យ៉ះយ៉ា
19ជន‌ជាតិ​យូដា​ចាត់​អ៊ីមុាំ និង​ពួក​លេវី​ពី​ក្រុង​យេរូ‌សាឡឹម ឲ្យ​ទៅ​ជួប​យ៉ះយ៉ា​ដើម្បី​សួរ​ថា៖ «អ្នក​ជា​នរណា?»។ 20យ៉ះយ៉ា​ប្រកាស​ប្រាប់​គេ​ដោយ​ពុំ​លាក់​លៀម​អ្វី​ឡើយ គឺ​គាត់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ «ខ្ញុំ​មិន​មែន​ជា​អាល់ម៉ា‌ហ្សៀស​ទេ»។ 21ពួក​គេ​សួរ​គាត់​ថា៖ «ដូច្នេះ​តើ​អ្នក​ជា​នរណា? តើ​អ្នក​ជា​ណាពី​អេលី‌យ៉េស​ឬ?» នោះ​ឬ?»។ គាត់​ឆ្លើយ​ថា៖ «មិន​មែន​ទេ!»។ 22គេ​សួរ​យ៉ះយ៉ា​ទៀត​ថា៖ «តើ​អ្នក​ជា​នរណា? ដ្បិត​យើង​ខ្ញុំ​ចង់​បាន​ចម្លើយ យក​ទៅ​ជម្រាប​អស់​លោក​ដែល​ចាត់​យើង​ខ្ញុំ​ឲ្យ​មក តើ​អ្នក​ថា​ខ្លួន​អ្នក​ជា​នរណា!»។ 23យ៉ះយ៉ា​មាន​ប្រសាសន៍​ថា៖
«ខ្ញុំ​ជា​សំឡេង​បុរស​ម្នាក់​ដែល​ស្រែក
នៅ​វាល​រហោ‌ស្ថាន​ថាៈ
“ចូរ​តម្រង់​ផ្លូវ​ឲ្យ​អម្ចាស់”
ត្រូវ​នឹង​សេចក្ដី​ដែល​ណាពី​អេសាយ​បាន​ថ្លែង​ទុក​មក»។ 24អ្នក​ដែល​គេ​ចាត់​ឲ្យ​មក​នោះ ជា​ពួក​ខាង​គណៈ​ផារីស៊ី។ 25គេ​សួរ​យ៉ះយ៉ា​ទៀត​ថា៖ «បើ​អ្នក​មិន​មែន​ជា​អាល់ម៉ា‌ហ្សៀស មិន​មែន​ជា​ណាពី​អេលី‌យ៉េស ហើយ​ក៏​មិន​មែន​ជា​ណាពី​ដែល​យើង​រង់‌ចាំ​នោះ​ទេ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដូច្នេះ?»។ 26យ៉ះយ៉ា​ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ក្នុង​ទឹក​មែន ប៉ុន្ដែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មាន​ម្នាក់​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់ 27គាត់​មក​ក្រោយ​ខ្ញុំ គាត់​មាន​ឋានៈ​ខ្ពង់‌ខ្ពស់​ណាស់ សូម្បី​តែ​ឲ្យ​ខ្ញុំ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​គាត់ ក៏​មិន​សម​នឹង​ឋានៈ​របស់​គាត់​ផង»។ 28ហេតុ‌ការណ៍​នេះ​កើត​មាន​នៅ​ភូមិ​បេត‌ថានី ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ត្រង់​កន្លែង​យ៉ះយ៉ា​ធ្វើ​ពិធី​ជ្រមុជ​ទឹក។
ណាពី​អ៊ីសា​ជា​កូន​ចៀម​របស់​អុលឡោះ
29នៅ​ថ្ងៃ​បន្ទាប់ យ៉ះយ៉ា​ឃើញ​អ៊ីសា​តម្រង់​មក​រក​គាត់ រួច​គាត់​ក៏​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! អ្នក​នេះ​ហើយ​ជា​កូន​ចៀម​របស់​អុលឡោះ ដែល​ដក​បាប​ចេញ​ពី​មនុស្ស​លោក 30គឺ​អ្នក​នេះ​ហើយ ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា “អ្នក​ដែល​មក​ក្រោយ​ខ្ញុំ ប្រសើរ​ជាង​ខ្ញុំ ដ្បិត​គាត់​មាន​ជីវិត​មុន​ខ្ញុំ”។ 31កាល​ពី​ដើម ខ្ញុំ​ពុំ​ស្គាល់​ឋានៈ​របស់​គាត់​ទេ ប៉ុន្ដែ ខ្ញុំ​មក​ធ្វើ​ពិធី​ជ្រមុជ​ក្នុង​ទឹក ដើម្បី​ឲ្យ​គាត់​បង្ហាញ​ខ្លួន​ឲ្យ​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល​ស្គាល់»។ 32យ៉ះយ៉ា​បាន​ផ្ដល់​សក្ខី‌ភាព​ថា៖ «ខ្ញុំ​បាន​ឃើញ​រស‌អុលឡោះ​ចុះ​ពី​សូរ៉កា ដូច​សត្វ​ព្រាប​មក​សណ្ឋិត​លើ​គាត់។ 33ពី​មុន​ខ្ញុំ​ពុំ​ស្គាល់​ឋានៈ​គាត់​ទេ ប៉ុន្ដែ អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ក្នុង​ទឹក ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា “អ្នក​ឃើញ​រស‌យើង​ចុះ​មក​សណ្ឋិត​លើ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ ដែល​ធ្វើ​ពិធី​ជ្រមុជ​ក្នុង​រស‌យើង​ដ៏​វិសុទ្ធ”។ 34ខ្ញុំ​បាន​ឃើញ​ដូច្នោះ​មែន ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា អ្នក​នេះ​ពិត​ជា​បុត្រា​របស់​អុលឡោះ​មែន»។
សិស្ស​ដែល​តាម​ណាពី​អ៊ីសា​មុន​គេ
35ថ្ងៃ​បន្ទាប់​មក​ទៀត យ៉ះយ៉ា​នៅ​ទី​នោះ​ដដែល ហើយ​មាន​សិស្ស​របស់​គាត់​ពីរ​នាក់​នៅ​ជា​មួយ​ផង។ 36គាត់​សម្លឹង​មើល​អ៊ីសា​ដើរ​កាត់​តាម​នោះ​ក៏​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! អ្នក​នេះ​ហើយ​ជា​កូន​ចៀម​របស់​អុលឡោះ»។ 37កាល​សិស្ស​ទាំង​ពីរ​បាន​ឮ​ពាក្យ​នេះ គេ​នាំ​គ្នា​ដើរ​តាម​អ៊ីសា​ទៅ។ 38អ៊ីសា​ងាក​មក​ក្រោយ ឃើញ​អ្នក​ទាំង​ពីរ​ដើរ​តាម គាត់​ក៏​សួរ​ថា៖ «អ្នក​ទាំង​ពីរ​មក​រក​អ្វី?»។ គេ​ជម្រាប​អ៊ីសា​ថា៖ «រ៉ាប៊ី! (ពាក្យ​“រ៉ាប៊ី”​នេះ​ប្រែ​ថា​“តួន”) តើ​លោក​នៅ​កន្លែង​ណា?»។ 39អ៊ីសា​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «សុំ​អញ្ជើញ​មក អ្នក​នឹង​បាន​ឃើញ!»។ គេ​ក៏​ទៅ​ឃើញ​កន្លែង​ដែល​អ៊ីសា​ស្នាក់​នៅ ហើយ​គេ​ក៏​នៅ​ជា​មួយ​អ៊ីសា​នៅ​ថ្ងៃ​នោះ (ពេល​នោះ ប្រហែល​ជា​ម៉ោង​បួន​រសៀល)។ 40ក្នុង​ចំណោម​សិស្ស​ទាំង​ពីរ​ដែល​បាន​ឮ​ពាក្យ​របស់​យ៉ះយ៉ា ហើយ​តាម​អ៊ីសា​ទៅ​នោះ មាន​ម្នាក់​ឈ្មោះ​អន‌ទ្រេ ជា​ប្អូន​របស់​លោក​ស៊ីម៉ូន​ពេត្រុស។ 41គាត់​ទៅ​ជួប​លោក​ស៊ីម៉ូន ជា​បង​មុន​គេ​ប្រាប់​ថា៖ «យើង​បាន​រក​អាល់ម៉ា‌ហ្សៀស​ឃើញ​ហើយ!» (ពាក្យ“អាល់ម៉ា‌ហ្សៀស”​នេះ ប្រែ​ថា“អ្នក​ដែល​អុលឡោះ​តែង‌តាំង”)។ 42គាត់​ក៏​នាំ​លោក​ស៊ីម៉ូន​ទៅ​ជួប​អ៊ីសា។ អ៊ីសា​សម្លឹង​មើល​លោក​ស៊ីម៉ូន ក៏​មាន​ប្រសាសន៍​ថា៖ «អ្នក​ឈ្មោះ​ស៊ីម៉ូន ជា​កូន​របស់​យ៉ូហាន អំណើះ​ត​ទៅ អ្នក​ត្រូវ​មាន​ឈ្មោះ​ថា​“កេផាស”(ពាក្យ “កេផាស” នេះ ប្រែ​ថា ពេត្រុស)»។
43លុះ​ថ្ងៃ​បន្ទាប់​មក​ទៀត អ៊ីសា​ពេញ​ចិត្ត​ទៅ​ស្រុក​កាលី‌ឡេ។ អ៊ីសា​បាន​ជួប​លោក​ភីលីព ហើយ​និយាយ​ទៅ​គាត់​ថា៖ «សូម​អញ្ជើញ​មក​តាម​ខ្ញុំ»។ 44លោក​ភីលីព​ជា​អ្នក​ភូមិ​បេត‌សៃ‌ដា​ដូច​លោក​អន‌ទ្រេ និង​ពេត្រុស​ដែរ។ 45លោក​ភីលីព​ទៅ​ជួប​លោក​ណា‌ថា‌ណែល ប្រាប់​គាត់​ថា៖ «អ្នក​ដែល​ម៉ូសា​បាន​ចារ​ទុក​ក្នុង​គីតាប​ហ៊ូកុំ ហើយ​គីតាប​ណាពី​ក៏​មាន​ចែង​ទុក​ដែរ​នោះ ឥឡូវ​នេះ​យើង​បាន​ជួប​ហើយ គាត់​មាន​ឈ្មោះ​ថា អ៊ីសា​ជា​អ្នក​ភូមិ​ណា‌សារ៉ែត​ជា​កូន​របស់​យូសុះ»។ 46លោក​ណា‌ថា‌ណែល​ពោល​តប​ទៅ​លោក​ភីលីព​វិញ​ថា៖ «ពុំ​ដែល​មាន​អ្វី​ល្អ អាច​ចេញ​ពី​ភូមិ​ណា‌សារ៉ែត​បាន​ឡើយ»។ 47លោក​ភីលីព​ប្រាប់​គាត់​ថា៖ «សូម​អញ្ជើញ​មក​អ្នក​នឹង​បាន​ឃើញ!»។ កាល​អ៊ីសា​ឃើញ​លោក​ណា‌ថា‌ណែល​ដើរ​មក​រក​គាត់ អ៊ីសា​មាន​ប្រសាសន៍​អំពី​លោក​ណា‌ថា‌ណែល​ថា៖ «អ្នក​នេះ​ជា​ជាតិ​អ៊ីស្រ‌អែល​ដ៏​ពិត​ប្រាកដ​មែន ដ្បិត​គាត់​គ្មាន​ពុត​ត្បុត​អ្វី​ក្នុង​ខ្លួន​សោះ»។ 48លោក​ណា‌ថា‌ណែល​សួរ​អ៊ីសា​ថា៖ «តើ​តួន​ដែល​ស្គាល់​ខ្ញុំ​ពី​អង្កាល់?»។ អ៊ីសា​ឆ្លើយ​ថា៖ «ខ្ញុំ​បាន​ឃើញ​អ្នក កាល​អ្នក​នៅ​ក្រោម​ដើម​ឧទុម្ពរ មុន​ភីលីព​ហៅ​អ្នក​ទៅ​ទៀត»។ 49លោក​ណា‌ថា‌ណែល​ជម្រាប​អ៊ីសា​ថា៖ «តួន! តួន​ពិត​ជា​បុត្រា​របស់​អុលឡោះ ហើយ​ពិត​ជា​ស្តេច​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មែន»។ 50អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អ្នក​បាន​ជឿ​មក​ពី​ឮ​ខ្ញុំ​និយាយ​ថា ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ឧទុម្ពរ​ថ្ងៃ​ក្រោយ អ្នក​មុខ​តែ​ឃើញ​ការ​អស្ចារ្យ​លើស​នេះ​ទៅ​ទៀត»។ 51អ៊ីសា​មាន​ប្រសាសន៍​ថែម​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ឃើញ ផ្ទៃ​មេឃ បើក​ចំហ ហើយ​មាន​ពួក​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​ចុះ​ឡើង​នៅ​ពី​លើ​បុត្រា​មនុស្ស»។

المحددات الحالية:

យ៉ះយ៉ា 1: អគត

تمييز النص

شارك

نسخ

None

هل تريد حفظ أبرز أعمالك على جميع أجهزتك؟ قم بالتسجيل أو تسجيل الدخول