លូកា 24

24
ណាពី​អ៊ីសា​រស់​ឡើង​វិញ
1នៅ​ថ្ងៃ​អាទិត្យ​ពេល​ព្រលឹម​ស្រាង​ៗ ស្ដ្រី​ៗ​នាំ​គ្នា​ទៅ​ផ្នូរ ដោយ​យក​គ្រឿង​ក្រអូប ដែល​គេ​បាន​រៀប‌ចំ​ទុក​ទៅ​ជា​មួយ​ផង។ 2ពួក​នាង​សង្កេត​ឃើញ​ថា ថ្ម​បាន​រមៀល​ចេញ​ពី​មាត់​ផ្នូរ។ 3នាង​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្នូរ តែ​ពុំ​ឃើញ​សព​របស់​អ៊ីសា‌ជាអម្ចាស់​ទេ។ 4ស្ដ្រី​ទាំង​នោះ​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា ស្រាប់​តែ​មាន​បុរស​ពីរ​នាក់ ស្លៀក​ពាក់​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​មក​ឈរ​ជិត​នាង។ 5នាង​ភ័យ​ខ្លាច​ជា​ខ្លាំង​ហើយ​អោន​មុខ​ចុះ។ បុរស​ទាំង​ពីរ​នាក់​នោះ​និយាយ​មក​កាន់​នាង​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​នាំ​គ្នា​មក​រក​អ៊ីសា​ដែល​រស់ ក្នុង​ចំណោម​មនុស្ស​ស្លាប់​ដូច្នេះ? 6[អ៊ីសា​មិន​នៅ​ទី​នេះ​ទេ អុលឡោះ​បាន​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ​ហើយ]។ ចូរ​នឹក​ចាំ​អំពី​ពាក្យ ដែល​អ៊ីសា​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​នៅ​ស្រុក​កាលី‌ឡេ​ថា 7“បុត្រា​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប គេ​នឹង​ឆ្កាង​គាត់ តែ​បី​ថ្ងៃ​ក្រោយ​មក គាត់​រស់​ឡើង​វិញ”»។ 8ពួក​នាង​ក៏​នឹក​ឃើញ​ពាក្យ​របស់​អ៊ីសា។ 9ពួក​នាង​នាំ​គ្នា​ត្រឡប់​មក​ពី​ផ្នូរ​វិញ រៀប​រាប់​ហេតុ‌ការណ៍​ទាំង​នោះ​ប្រាប់​ក្រុម​សិស្ស​ទាំង​ដប់​មួយ​នាក់ ព្រម​ទាំង​អ្នក​ឯ​ទៀត​ៗ​ដែរ។ 10ស្ដ្រី​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា នាង​យ៉ូអាន់ និង​នាង​ម៉ារី​ជា​ម្ដាយ​របស់​យ៉ាកកូប។ ថែម​ស្ដ្រី​ឯ​ទៀត​ៗ​ដែល​បាន​ទៅ​ជា​មួយ​នាង​ទាំង​នោះ ក៏​រៀប​រាប់​ហេតុ‌ការណ៍​ប្រាប់​ក្រុម​សាវ័ក​ដែរ 11ពួក​គេ​ពុំ​ជឿ​ពាក្យ​សំដី​នាង​ទេ ព្រោះ​គេ​ថា នាង​ទាំង​នោះ​និយាយ​រឿង​ផ្ដេស‌ផ្ដាស។ 12ប៉ុន្តែ ពេត្រុស​ស្ទុះ​រត់​ទៅ​ផ្នូរ គាត់​អោន​មើល​ទៅ​ឃើញ​តែ​ក្រណាត់​រុំ​សព​ប៉ុណ្ណោះ គាត់​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​ងឿង‌ឆ្ងល់ អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​នោះ។
សិស្ស​ពីរ​នាក់​ធ្វើ​ដំណើរ​ទៅ​ភូមិ​អេ‌ម៉ោស
13នៅ​ថ្ងៃ​ដដែល​នោះ មាន​សិស្ស​ពីរ​នាក់​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភូមិ​អេម៉ោស ចម្ងាយ​ប្រមាណ​ដប់​មួយ​គីឡូ‌ម៉ែត្រ​ពី​ក្រុង​យេរូ‌សាឡឹម។ 14គេ​និយាយ​គ្នា​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​កើត​មាន។ 15នៅ​ពេល​ដែល​គេ​កំពុង​តែ​ពិភាក្សា​គ្នា អ៊ីសា​មក​ជិត​គេ ហើយ​ធ្វើ​ដំណើរ​ជា​មួយ​គេ​ទៅ។ 16គេ​ឃើញ​អ៊ីសា​ផ្ទាល់​នឹង​ភ្នែក តែ​គេ​មិន​អាច​ស្គាល់​អ៊ីសា​បាន​ឡើយ។ 17អ៊ីសា​សួរ​គេ​ថា៖ «អ្នក​រាល់​គ្នា​ដើរ​បណ្ដើរ ជជែក​គ្នា​បណ្ដើរ តើ​និយាយ​គ្នា​អំពី​រឿង​អ្វី​ហ្នឹង?»។ គេ​ក៏​ឈប់​ដើរ ឈរ​ស្ងៀម មាន​ទឹក​មុខ​ស្រងូត។ 18ម្នាក់​ឈ្មោះ​ក្លេវ‌ប៉ាស​ជម្រាប​អ៊ីសា​ថា៖ «ប្រជា‌ជន​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹម ដឹង​ហេតុ‌ការណ៍​ដែល​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​គ្រប់​ៗ​គ្នា ម្ដេច​ក៏​លោក​មិន​ដឹង?»។ 19អ៊ីសា​សួរ​ទៅ​គេ​ថា៖ «តើ​រឿង​អ្វី?»។ គេ​ឆ្លើយ​ថា៖ «គឺ​រឿង​អ៊ីសា​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត។ អុលឡោះ និង​ប្រជា‌ជន​ទាំង​មូល​ទទួល​ស្គាល់​ថា គាត់​ជា​ណាព​មាន​អំណាច​ក្នុង​គ្រប់​កិច្ចការ​ដែល​គាត់​បាន​ធ្វើ និង​គ្រប់​ពាក្យ​សំដី​ដែល​គាត់​បាន​ថ្លែង។ 20ពួក​អ៊ីម៉ាំ និង​ពួក​មន្ដ្រី​របស់​យើង បាន​បញ្ជូន​គាត់​ទៅ​ឲ្យ​គេ​កាត់​ទោស​ប្រហារ​ជីវិត ហើយ​គេ​ឆ្កាង​គាត់​ផង។ 21យើង​បាន​សង្ឃឹម​ថា គាត់​នេះ​ហើយ​ដែល​នឹង​រំដោះ​ជន‌ជាតិ​អ៊ីស្រ‌អែល តែ​ហេតុ‌ការណ៍​ទាំង​នោះ​បាន​កន្លង​ផុត​ទៅ​បី​ថ្ងៃ​ហើយ។ 22មាន​ស្ដ្រី​ខ្លះ​ក្នុង​ចំណោម​ពួក​យើង បាន​ធ្វើ​ឲ្យ​យើង​ឆ្ងល់​យ៉ាង​ខ្លាំង គឺ​នាង​នាំ​គ្នា​ទៅ​ផ្នូរ​តាំង​ពី​ព្រលឹម 23តែ​មិន​បាន​ឃើញ​សព​គាត់​ទេ។ នាង​ត្រឡប់​មក​វិញ​រៀប​រាប់​ថា នាង​បាន​ឃើញ​ម៉ាឡា‌អ៊ីកាត់​មក​ប្រាប់​ថា គាត់​មាន​ជីវិត​រស់។ 24មាន​ពួក​យើង​ខ្លះ​នាំ​គ្នា​ទៅ​ផ្នូរ​ដែរ ហើយ​បាន​ឃើញ​ដូច​ពាក្យ​ស្ដ្រី​ទាំង​នោះ​និយាយ​មែន ប៉ុន្តែ ពុំ​មាន​នរណា​បាន​ឃើញ​គាត់​សោះ»។ 25អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «មនុស្ស​ខ្វះ​ប្រាជ្ញា​អើយ! អ្នក​រាល់​គ្នា​មិន​ងាយ​ជឿ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ពួក​ណាពី​បាន​ថ្លែង​សោះ!។ 26អាល់ម៉ា‌ហ្សៀស​ត្រូវ​តែ​រង​ទុក្ខ​លំបាក​បែប​នេះ​សិន មុន​នឹង​ចូល​ទៅ​ទទួល​សិរី‌រុង‌រឿង​របស់​គាត់»។ 27បន្ទាប់​មក អ៊ីសា​បក​ស្រាយ​សេចក្ដី​ដែល​មាន​ចែង​ទុក អំពី​គាត់​នៅ​ក្នុង​គីតាប​ទាំង​មូល ចាប់​ពី​គីតាប​ណាពី​ម៉ូសា​រហូត​ដល់​គីតាប​ណាពី​ទាំង​អស់។
28លុះ​មក​ជិត​ដល់​ភូមិ​ដែល​សិស្ស​ទាំង​ពីរ​បម្រុង​នឹង​ទៅ អ៊ីសា​ធ្វើ​ហាក់​ដូច​ជា​ចង់​បន្ដ​ទៅ​មុខ​ទៀត។ 29គេ​ឃាត់​អ៊ីសា​ថា៖ «សូម​លោក​ស្នាក់​នៅ​ជា​មួយ​យើង​ខ្ញុំ​ទី​នេះ​ហើយ ដ្បិត​ថ្ងៃ​កាន់​តែ​ទាប ហើយ​ជិត​យប់​ផង» អ៊ីសា​ក៏​ចូល​ទៅ​ស្នាក់​នៅ​ជា​មួយ​គេ។ 30អ៊ីសា​នៅ​រួម​តុ​ជា​មួយ​គេ ហើយ​យក​នំបុ័ង​មក​កាន់ អរ​គុណ​អុលឡោះ រួច​កាច់​ប្រទាន​ឲ្យ​គេ។ 31ពេល​នោះ ភ្នែក​គេ​បាន​ភ្លឺ​ឡើង មើល​អ៊ីសា​ស្គាល់ ប៉ុន្តែ អ៊ីសា​បាត់​ពី​មុខ​គេ​ទៅ។ 32គេ​និយាយ​គ្នា​ថា៖ «កាល​អ៊ីសា​មាន​ប្រសាសន៍​មក​កាន់​យើង ព្រម​ទាំង​បក​ស្រាយ​គីតាប​ឲ្យ​យើង​ស្ដាប់ នៅ​តាម​ផ្លូវ​យើង​មាន​ចិត្ដ​រំភើប​យ៉ាង​ខ្លាំង!»។ 33គេ​ក៏​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ​ភ្លាម ឃើញ​ក្រុម​សិស្ស​ទាំង​ដប់​មួយ​នាក់​នៅ​ជុំ​គ្នា ជា​មួយ​ពួក​គេ​ឯ​ទៀត​ៗ 34គេ​ប្រាប់​អ្នក​ទាំង​ពីរ​ថា៖ «អ៊ីសា‌ជាអម្ចាស់​រស់​ឡើង​វិញ​ពិត​ប្រាកដ​មែន ហើយ​គាត់​បាន​បង្ហាញ​ខ្លួន​ឲ្យ​ស៊ីម៉ូន​ឃើញ!»។ 35សិស្ស​ទាំង​ពីរ​នាក់​រៀប​រាប់​ហេតុ‌ការណ៍ ដែល​កើត​ឡើង​នៅ​តាម​ផ្លូវ ហើយ​គេ​បាន​ស្គាល់​អ៊ីសា នៅ​ពេល​អ៊ីសា​កាច់​នំបុ័ង។
ពួក​សិស្ស​បាន​ឃើញ​ណាពី​អ៊ីសា
36នៅ​ពេល​សិស្ស​ទាំង​ពីរ​នាក់ កំពុង​តែ​និយាយ​រៀប​រាប់ អ៊ីសា‌ជាអម្ចាស់​មក​នៅ​កណ្ដាល​ចំណោម​សិស្ស​ទាំង​អស់ ហើយ​មាន​ប្រសាសន៍​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ដ»។ 37គេ​ភ័យ​តក់‌ស្លុត ញ័រ​រន្ធត់​យ៉ាង​ខ្លាំង ព្រោះ​ស្មាន​ថា​ខ្មោច​លង។ 38អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រន្ធត់​ចិត្ដ​ដូច្នេះ? ម្ដេច​ក៏​អ្នក​រាល់​គ្នា​នៅ​សង្ស័យ? 39ចូរ​មើល​ដៃ​ជើង​ខ្ញុំ គឺ​ពិត​ជា​ខ្ញុំ​មែន! ចូរ​ស្ទាប​មើល៍ ខ្មោច​គ្មាន​សាច់ គ្មាន​ឆ្អឹង ដូច​ខ្ញុំ​ទេ»។ 40អ៊ីសា​មាន​ប្រសាសន៍​ដូច្នោះ​ហើយ ក៏​បង្ហាញ​ដៃ និង​ជើង​ឲ្យ​គេ​ឃើញ។ 41សិស្ស​ពុំ​ទាន់​ជឿ​នៅ​ឡើយ​ទេ ព្រោះ​គេ​អរ​ផង ហើយ​ងឿង‌ឆ្ងល់​ផង។ ដូច្នេះ អ៊ីសា​សួរ​គេ​ថា៖ «នៅ​ទី​នេះ តើ​អ្នក​រាល់​គ្នា​មាន​អ្វី​បរិភោគ​ឬ​ទេ?»។ 42គេ​យក​ត្រី​អាំង​មួយ​ដុំ​មក​ឲ្យ​អ៊ីសា 43អ៊ីសា​ទទួល​យក ហើយ​ពិសា​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា។ 44បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ថា៖ «កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​នៅ​ឡើយ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា សេចក្ដី​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​ខ្ញុំ​ក្នុង​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ក្នុង​គីតាប​ណាព និង​ក្នុង​គីតាប​សាបូរ​ត្រូវ​តែ​កើត​មាន»។ 45អ៊ីសា​ក៏​បំភ្លឺ​ចិត្ដ​គំនិត​គេ​ឲ្យ​យល់​អត្ថន័យ​គីតាប 46អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​មែន គឺ​អាល់ម៉ា‌ហ្សៀស​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី។ 47អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស ក្នុង​នាម​ខ្ញុំ ឲ្យ​មនុស្ស​គ្រប់​ជាតិ​សាសន៍​កែ​ប្រែ​ចិត្ដ​គំនិត ដើម្បី​ឲ្យ​បាន​រួច​ពី​បាប គឺ​ត្រូវ​ប្រកាស​ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡឹម​ត​ទៅ។ 48អ្នក​រាល់​គ្នា​ជា​សាក្សី​អំពី​ហេតុ‌ការណ៍​ទាំង​នេះ។ 49ខ្ញុំ​នឹង​សូម​ឲ្យ​រស‌អុលឡោះ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា តាម​បន្ទូល​សន្យា​របស់​អុលឡោះ​ជា​បិតា​ខ្ញុំ។ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម​នេះ រហូត​ដល់​អុលឡោះ​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច»។
ណាពី​អ៊ីសា​ឡើង​ទៅ​សូរ៉កា
50បន្ទាប់​មក អ៊ីសា​នាំ​ពួក​សិស្ស​ចេញ​ពី​ទី‌ក្រុង​ទៅ​ភូមិ​បេថានី។ ពេល​ទៅ​ដល់ អ៊ីសា​លើក​ដៃ​ឡើង ហើយ​ប្រទាន​ពរ​ឲ្យ​គេ។ 51នៅ​ពេល​ដែល​អ៊ីសា​កំពុង​តែ​ប្រទាន​ពរ អុលឡោះ​លើក​យក​អ៊ីសា​ចេញ​ពី​គេ ឡើង​ទៅ​សូរ៉ក។ 52ក្រោយ​ពី​បាន​ថ្វាយ‌បង្គំ​អ៊ីសា​រួច​ហើយ គេ​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ប្រកប​ដោយ​អំណរ​ដ៏​លើស‌លប់។ 53គេ​នៅ​ក្នុង​ម៉ាស្ជិទ ហើយ​នាំ​គ្នា​លើក​តម្កើង​អុលឡោះ​ជា‌និច្ច​និរន្តរ៍។

المحددات الحالية:

លូកា 24: អគត

تمييز النص

شارك

نسخ

None

هل تريد حفظ أبرز أعمالك على جميع أجهزتك؟ قم بالتسجيل أو تسجيل الدخول