លោកុប្បត្តិ 7
7
1បន្ទាប់មក ព្រះយេហូវ៉ាមានបន្ទូលនឹងណូអេថា៖ “ចូរអ្នក និងអ្នកផ្ទះទាំងអស់របស់អ្នកចូលទៅក្នុងទូកធំ ដ្បិតយើងឃើញថា ក្នុងជំនាន់នេះ មានតែអ្នកទេ ដែលសុចរិតនៅចំពោះយើង។ 2អ្នកត្រូវយកជាមួយអ្នក នូវសត្វប្រាំពីរគូពីអស់ទាំងសត្វជើងបួនបរិសុទ្ធ គឺឈ្មោល និងញី ហើយសត្វមួយគូពីសត្វជើងបួនដែលមិនបរិសុទ្ធ គឺឈ្មោល និងញី 3ព្រមទាំងសត្វប្រាំពីរគូពីបក្សាបក្សីនៅលើអាកាស គឺឈ្មោល និងញី ដើម្បីឲ្យពូជរបស់វាមានជីវិតរស់នៅលើផ្ទៃផែនដីទាំងមូល។ 4ដ្បិតប្រាំពីរថ្ងៃទៀត យើងនឹងបង្អុរភ្លៀងមកលើផែនដីរយៈពេលសែសិបថ្ងៃសែសិបយប់ ហើយលុបអ្វីៗដែលមានជីវិតទាំងអស់ដែលយើងបានបង្កើត ចេញពីលើផ្ទៃផែនដី”។ 5ណូអេក៏ធ្វើតាមអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានបង្គាប់គាត់។
6ណូអេមានអាយុប្រាំមួយរយឆ្នាំពេលមានទឹកជំនន់លើផែនដី។ 7ណូអេ ពួកកូនប្រុសរបស់គាត់ ប្រពន្ធរបស់គាត់ និងប្រពន្ធរបស់ពួកកូនប្រុសគាត់ដែលនៅជាមួយគាត់ ក៏ចូលទៅក្នុងទូកធំ ដើម្បីឲ្យរួចផុតពីទឹកជំនន់។ 8សត្វជើងបួនបរិសុទ្ធ និងសត្វជើងបួនដែលមិនបរិសុទ្ធ ព្រមទាំងបក្សាបក្សី និងអស់ទាំងសត្វដែលលូនវារលើដី 9មួយគូៗ គឺឈ្មោល និងញីបានមកឯណូអេក្នុងទូកធំ ដូចដែលព្រះបានបង្គាប់ណូអេ។
ទឹកជំនន់ធំ
10ប្រាំពីរថ្ងៃក្រោយមក ទឹកជំនន់ក៏មានលើផែនដី។
11នៅឆ្នាំទីប្រាំមួយរយនៃអាយុរបស់ណូអេ ក្នុងខែទីពីរ ថ្ងៃទី១៧ ក្នុងខែនោះ គឺនៅថ្ងៃនោះឯង ប្រភពទឹកទាំងអស់នៃទីជម្រៅដ៏ធំបានធ្លាយចេញមក ហើយបង្អួចនៃមេឃត្រូវបានបើក 12ភ្លៀងក៏ធ្លាក់មកលើផែនដីសែសិបថ្ងៃសែសិបយប់។ 13នៅថ្ងៃដដែលនោះ ណូអេ ពួកកូនប្រុសរបស់ណូអេ គឺសិម ហាំ និងយ៉ាផែត ព្រមទាំងប្រពន្ធរបស់ណូអេ និងប្រពន្ធទាំងបីនាក់របស់ពួកកូនប្រុសគាត់ដែលនៅជាមួយគ្នា បានចូលទៅក្នុងទូកធំ 14ក៏មានសត្វព្រៃគ្រប់ប្រភេទតាមពូជរបស់វា សត្វស្រុកគ្រប់ប្រភេទតាមពូជរបស់វា សត្វលូនវារគ្រប់ប្រភេទដែលលូនវារលើដីតាមពូជរបស់វា ព្រមទាំងបក្សាបក្សីគ្រប់ប្រភេទតាមពូជរបស់វា គឺសត្វស្លាបគ្រប់ប្រភេទទាំងអស់ នៅជាមួយពួកគេដែរ។ 15ដូច្នេះ សត្វទាំងនោះបានមកឯណូអេក្នុងទូកធំទាំងគូៗ ពីអស់ទាំងសាច់ដែលមានដង្ហើមជីវិត។ 16សត្វដែលមកនោះ ក៏ចូលទៅទាំងឈ្មោលទាំងញីនៃគ្រប់ទាំងសាច់ ដូចដែលព្រះបានបង្គាប់ណូអេ រួចព្រះយេហូវ៉ាក៏បិទឲ្យគាត់នៅខាងក្នុង។
17ទឹកជំនន់មានលើផែនដីរយៈពេលសែសិបថ្ងៃ។ ទឹកបានកើនឡើង ហើយលើកទូកធំ ទូកធំក៏ឡើងផុតពីដី។ 18ទឹកជន់ឡើង ហើយកើនឡើងយ៉ាងខ្លាំងលើផែនដី ទូកធំក៏អណ្ដែតលើផ្ទៃទឹក។ 19ទឹកបានជន់ឡើងកាន់តែខ្លាំងឡើងៗនៅលើផែនដី ហើយគ្របលើអស់ទាំងភ្នំខ្ពស់នៅក្រោមមេឃទាំងមូល។ 20ទឹកបានជន់ឡើង ១៥ ហត្ថ#7:20 ១៥ ហត្ថ―ស្មើនឹង 7 ម៉ែត្រ។ 1 ហត្ថ=46 សង់ទីម៉ែត្រ។ពីលើភ្នំខ្ពស់ទាំងនោះ ហើយភ្នំនានាក៏ត្រូវបានគ្របបាំង។ 21អស់ទាំងសាច់ដែលរវើកលើផែនដី ក៏ដាច់ដង្ហើម គឺបក្សាបក្សី សត្វស្រុក សត្វព្រៃ សត្វលូនវារគ្រប់ប្រភេទដែលពពាក់ពពូនលើផែនដី និងមនុស្សទាំងអស់។ 22អ្វីៗទាំងអស់ដែលមានខ្យល់ដង្ហើមជីវិតតាមរន្ធច្រមុះ គឺអ្វីៗទាំងអស់ដែលនៅលើដីគោកបានស្លាប់។ 23គឺយ៉ាងនេះឯងដែលព្រះអង្គបានលុបអស់ទាំងអ្វីៗដែលមានជីវិតនៅលើផ្ទៃផែនដីចេញ ចាប់ពីមនុស្ស រហូតដល់សត្វស្រុក សត្វលូនវារ និងបក្សាបក្សីនៅលើអាកាស។ ពួកវាត្រូវបានលុបចេញពីផែនដី ហើយសល់តែណូអេ និងអ្នកដែលនៅជាមួយគាត់ក្នុងទូកធំប៉ុណ្ណោះ។ 24ទឹកក៏ជន់ឡើងលើផែនដី រយៈពេលមួយរយហាសិបថ្ងៃ៕
Избрани в момента:
លោកុប្បត្តិ 7: GKHB
Маркирай стих
Споделяне
Копиране
Искате ли вашите акценти да бъдат запазени на всички ваши устройства? Регистрирайте се или влезте
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative