YouVersion Logo
Search Icon

១ កូរិន‌ថូស 5

5
1មាន​ឮ​រន្ទឺ​សុល​សាយ​ជានិច្ច​ថា មាន​ការ​កំផិត​កើត​ឡើង ក្នុង​ពួក​អ្នក​រាល់​គ្នា​ពិត ជា​ការ​កំផិត​ម្យ៉ាង ដែល​មិន​ដែល​ទាំង​មាន​ឮ​និយាយ​ក្នុង​សាសន៍​ដទៃ​ផង គឺ​ថា មាន​មនុស្ស​ម្នាក់​បាន​យក​ប្រពន្ធ​របស់​ឪពុក​ខ្លួន 2តែ​អ្នក​រាល់​គ្នា​នៅ​តែ​មាន​ចិត្ត​ធំ ឥត​កើត​ទុក្ខ​ព្រួយ ដើម្បី​នឹង​ដក​អ្នក​ដែល​ប្រព្រឹត្ត​ការ​នោះ ឲ្យ​ថយ​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា​ឡើយ 3ឯ​ខ្ញុំ ទោះ​បើ​មិន​នៅ​ជា​មួយ​ខាង​សាច់​ឈាម​ក៏​មែន គង់​តែ​នៅ​ជា​មួយ​ខាង​ឯ​វិញ្ញាណ ខ្ញុំ​ក៏​បាន​កាត់​ទោស​ដល់​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នោះ​ហើយ ហាក់​ដូច​ជា​បាន​នៅ​ជា​មួយ​គ្នា​ដែរ 4គឺ​ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា នឹង​វិញ្ញាណ​ខ្ញុំ​បាន​ប្រជុំ​គ្នា ព្រម​ទាំង​មាន​ព្រះ‌ចេស្តា​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ​នៃ​យើង​ផង នោះ​ខ្ញុំ​បាន​កាត់​ទោស​អ្នក​នោះ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា 5ដើម្បី​នឹង​បញ្ជូន​មនុស្ស​យ៉ាង​នោះ​ទៅ​អារក្ស‌សាតាំង ឲ្យ​បំផ្លាញ​និស្ស័យ​សាច់​ឈាម​គេ ប្រយោជន៍​ឲ្យ​ព្រលឹង​វិញ្ញាណ​បាន​សង្គ្រោះ ក្នុង​ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ​វិញ 6សេចក្ដី​អំនួត​របស់​អ្នក​រាល់​គ្នា​មិន​ល្អ​ទេ តើ​មិន​ដឹង​ថា ដំបែ​តែ​បន្តិច​អាច​នឹង​ធ្វើ​ឲ្យ​ម្សៅ​ទាំង​អស់​ដោរ​ឡើង​បាន​ទេ​ឬ​អី 7ចូរ​សំអាត​ដំបែ​ចាស់​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ដុំ​ម្សៅ​ថ្មី​វិញ ដ្បិត​អ្នក​រាល់​គ្នា​បាន​ឥត​ដំបែ​ហើយ ព្រោះ​ព្រះ‌គ្រីស្ទ​ដ៏​ជា​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង នោះ​បាន​ត្រូវ​ថ្វាយ​ជំនួស​យើង​រាល់​គ្នា​ហើយ 8បាន​ជា​ត្រូវ​ឲ្យ​យើង​ធ្វើ​បុណ្យ​នេះ​ដោយ​ឥត​មាន​ដំបែ គឺ​ដោយ​សេចក្ដី​ស្មោះ‌ត្រង់ នឹង​សេចក្ដី​ពិត​វិញ មិន​មែន​ដោយ​ដំបែ​ចាស់ ឬ​នឹង​ដំបែ​ជា​សេចក្ដី​អាក្រក់ នឹង​សេចក្ដី​កំណាច​នោះ​ទៀត​ឡើយ។
9ខ្ញុំ​បាន​ធ្វើ​សំបុត្រ​ផ្ញើ​មក​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ភប់‌ប្រសព្វ​នឹង​មនុស្ស​កំផិត​ឡើយ 10តែ​ពាក្យ​នោះ​មិន​សំដៅ​ចំពោះ​មនុស្ស​កំផិត​របស់​ផង​លោកីយ​នេះ ឬ​មនុស្ស​លោភ មនុស្ស​ប្លន់​កំហែង ឬ​មនុស្ស​ថ្វាយ‌បង្គំ​រូប​ព្រះ​នោះ​ទេ ដ្បិត​បើ​ដូច្នោះ នោះ​ត្រូវ​តែ​ចេញ​ឲ្យ​ផុត​ពី​លោកីយ​នេះ​ទៅ 11គឺ​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា ដោយ​ន័យ​យ៉ាង​នេះ​ថា បើ​មាន​អ្នក​ណា​នៅ​ក្នុង​ពួក​ជំនុំ ជា​មនុស្ស​កំផិត ឬ​លោភ ឬ​ថ្វាយ‌បង្គំ​រូប​ព្រះ ឬ​ជេរ​ប្រមាថ ជា​អ្នក​ប្រមឹក ឬ​ប្លន់​កំហែង នោះ​មិន​ត្រូវ​ឲ្យ​ភប់‌ប្រសព្វ​នឹង​គេ​ឡើយ ក៏​មិន​ត្រូវ​ទាំង​បរិភោគ​ជា​មួយ​នឹង​គេ​ផង 12ដ្បិត​តើ​ត្រូវ​ការ​អ្វី​ឲ្យ​ខ្ញុំ​ជំនុំ‌ជំរះ​ដល់​មនុស្ស​ខាង​ក្រៅ តើ​អ្នក​រាល់​គ្នា​មិន​ជំនុំ‌ជំរះ​មនុស្ស​ក្នុង​ពួក​ជំនុំ​ទេ​ឬ​អី 13ឯ​ចំណែក​ពួក​អ្នក​ខាង​ក្រៅ នោះ​ព្រះ​នឹង​ជំនុំ‌ជំរះ​គេ ហើយ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បណ្តេញ​មនុស្ស​អាក្រក់​នោះ ពី​ពួក​អ្នក​រាល់​គ្នា​ចេញ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in