YouVersion Logo
Search Icon

១ កូរិន‌ថូស 8

8
1ឯ​ត្រង់​ភោជ‌នាហារ ដែល​បាន​ថ្វាយ​ទៅ​រូប​ព្រះ នោះ​យើង​រាល់​គ្នា​ដឹង​ថា (ដ្បិត​យើង​ទាំង​អស់​គ្នា​មាន​ចំណេះ រីឯ​ចំណេះ នោះ​នាំ​ឲ្យ​ចិត្ត​ប៉ោង​ឡើង តែ​សេចក្ដី​ស្រឡាញ់​ស្អាង​ចិត្ត​ឡើង​វិញ 2បើ​អ្នក​ណា​ស្មាន​ថា​ខ្លួន​ចេះ​អ្វី នោះ​មិន​ទាន់​បាន​ចេះ​តាម​ដែល​គួរ​ចេះ​នៅ​ឡើយ​ទេ 3តែ​បើ​អ្នក​ណា​ស្រឡាញ់​ព្រះ ទ្រង់​ក៏​ស្គាល់​អ្នក​នោះ) 4ឯ​ដំណើរ​បរិភោគ​ភោជ‌នាហារ ដែល​បាន​ថ្វាយ​ទៅ​រូប​ព្រះ នោះ​យើង​ដឹង​ថា ក្នុង​លោកីយ​នេះ រូប​ព្រះ​មិន​ជា​អ្វី​ទេ ហើយ​ថា គ្មាន​ព្រះ​ណា​ទៀត ក្រៅ​ពី​ព្រះ​តែ​១​ឡើយ 5ដ្បិត​ថ្វី​បើ​មាន​អ្វី​ដែល​ហៅ​ថា​ព្រះ ទោះ​នៅ​លើ​មេឃ ឬ​នៅ​ផែនដី​ក្តី ដូច​ជា​មាន​ព្រះ​ជា​ច្រើន នឹង​ម្ចាស់​ជា​ច្រើន​មែន 6គង់​តែ​ខាង​យើង មាន​ព្រះ​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះវរ‌បិតា ដែល​របស់​សព្វ​សារពើ​កើត​មក​ពី​ទ្រង់ ហើយ​យើង​រាល់​គ្នា​ក៏​សំរាប់​ទ្រង់ ក៏​មាន​ព្រះ‌អម្ចាស់​តែ​១ គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​របស់​សព្វ​សារពើ​កើត​មក​ដោយ‌សារ​ទ្រង់ ហើយ​យើង​ក៏​ដោយ‌សារ​ទ្រង់​ដែរ 7តែ​មនុស្ស​ទាំង​អស់​គ្មាន​ចំណេះ​នេះ​ទេ មាន​អ្នក​ខ្លះ​នៅ​តែ​កោត‌ខ្លាច​ចំពោះ​រូប​ព្រះ ហើយ​គេ​បរិភោគ​ភោជ‌នាហារ​ទាំង​នោះ ទុក​ដូច​ជា​ដង្វាយ​ថ្វាយ​ទៅ​រូប​ព្រះ លុះ​មក​ដល់​សព្វ​ថ្ងៃ​នេះ ម៉្លោះ​ហើយ បញ្ញា​ចិត្ត​គេ​ដែល​ខ្សោយ នោះ​ត្រូវ​ស្មោក‌គ្រោក​ទៅ​វិញ 8ប៉ុន្តែ ចំណី​អាហារ មិន​មែន​ជា​គ្រឿង ដែល​នាំ​ឲ្យ​ព្រះ​រាប់​អាន​យើង​ទេ ដ្បិត​បើ​យើង​បរិភោគ នោះ​មិន​មែន​មាន​បំណាច់​អ្វី ហើយ​បើ​មិន​បរិភោគ​ទេ នោះ​យើង​ក៏​មិន​ខ្វះ​អ្វី​ដែរ 9តែ​ត្រូវ​ប្រយ័ត ក្រែង​អំណាច​យើង​នេះ បាន​បង្កើត​ជា​ហេតុ​នាំ​ឲ្យ​ពួក​កំសោយ​ជំពប់​ដួល 10ដ្បិត បើ​អ្នក​ណា​ឃើញ​អ្នក​ឯង ដែល​មាន​ចំណេះ កំពុង​តែ​អង្គុយ​បរិភោគ​ក្នុង​វិហារ​មាន​រូប​ព្រះ នោះ​តើ​មិន​បាន​កំឡា​ចិត្ត​អ្នក​កំសោយ ឲ្យ​បរិភោគ​ដង្វាយ​ដែល​បាន​ថ្វាយ​ដល់​រូប​ព្រះ​ដែរ​ឬ​អី 11ដូច្នេះ បង​ប្អូន​កំសោយ ដែល​ព្រះ‌គ្រីស្ទ​បាន​សុគត​ជំនួស គេ​នឹង​ត្រូវ​វិនាស​ដោយ‌សារ​ចំណេះ​របស់​អ្នក​វិញ 12យ៉ាង​នោះ ដែល​ធ្វើ​បាប​នឹង​ពួក​បង​ប្អូន ហើយ​ធ្វើ​ឲ្យ​បញ្ញា​ចិត្ត​កំសោយ​របស់​គេ​ត្រូវ​របួស នោះ​ឈ្មោះ​ថា​ធ្វើ​បាប​នឹង​ព្រះ‌គ្រីស្ទ​ដែរ 13ហេតុ​ដូច្នេះ បើ​សិន​ជា​ចំណី​អាហារ​អ្វី​នាំ​ឲ្យ​បង​ប្អូន​ខ្ញុំ​ជំពប់​ដួល នោះ​ខ្ញុំ​មិន​ព្រម​ទទួល​ទាន​ចំណី​អាហារ​នោះ​ជា​ដរាប​ត​ទៅ ក្រែង​បង​ប្អូន​ខ្ញុំ​ជំពប់​ដួល។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in