YouVersion Logo
Search Icon

១ កូរិន‌ថូស 9

9
1តើ​ខ្ញុំ​មិន​មែន​ជា​សាវក​ទេ​ឬ​អី តើ​ខ្ញុំ​មិន​មែន​ជា​អ្នក​មាន​សេរី‌ភាព​ទេ​ឬ​អី តើ​ខ្ញុំ​មិន​បាន​ឃើញ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ទេ​ឬ​អី តើ​អ្នក​រាល់​គ្នា​មិន​មែន​ជា​ស្នាដៃ ដែល​ខ្ញុំ​ធ្វើ​ក្នុង​ព្រះ‌អម្ចាស់​ទេ​ឬ​អី 2បើ​ខ្ញុំ​មិន​មែន​ជា​សាវក​ដល់​មនុស្ស​ឯ​ទៀត ក៏​គង់​តែ​ជា​សាវក​ដល់​អ្នក​រាល់​គ្នា​ដែរ ដ្បិត​អ្នក​រាល់​គ្នា​ជា​ភស្តុ‌តាង ពី​ការ‌ងារ​ជា​សាវក​របស់​ខ្ញុំ​ក្នុង​ព្រះ‌អម្ចាស់ 3ឯ​សេចក្ដី​ដោះ‌សា​របស់​ខ្ញុំ​នៅ​មុខ​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​ខ្ញុំ 4នោះ​គឺ​ថា តើ​យើង​ខ្ញុំ​គ្មាន​ច្បាប់​នឹង​ទទួល​ទាន​ទេ​ឬ​អី 5តើ​គ្មាន​ច្បាប់​នឹង​នាំ​សិស្ស​ស្រី​ម្នាក់ ជា​ប្រពន្ធ​យើង​ខ្ញុំ ទៅ​ជា​មួយ ដូច​ជា​សាវក​ឯ​ទៀត នឹង​បង​ប្អូន​ព្រះ‌អម្ចាស់ ហើយ​កេផាស​ដែរ​ទេ​ឬ​អី 6ឬ​មួយ តើ​មាន​តែ​ខ្ញុំ នឹង​បាណា‌បាស ដែល​គ្មាន​ច្បាប់​នឹង​លែង​ធ្វើ​ការ​រក​ស៊ី​ឬ​អី 7ចុះ​តើ​ដែល​មាន​អ្នក​ណា​ធ្វើ​ជា​ទាហាន ហើយ​ចាយ​តែ​ប្រាក់​ខ្លួន​ឯង​ឬ​ទេ តើ​ដែល​មាន​អ្នក​ណា​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ រួច​មិន​បរិភោគ​ផល​ពី​ចំការ​នោះ ឬ​ដែល​មាន​អ្នក​ណា​ឃ្វាល​ហ្វូង​សត្វ ឥត​ផឹក​ទឹក​ដោះ​វា​ឬ​ទេ 8ដែល​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ នោះ​តើ​តាម​តែ​របៀប​មនុស្ស​ប៉ុណ្ណោះ ឯ​ក្រិត្យ‌វិន័យ តើ​មិន​ថា​ដូច្នេះ​ដែរ​ទេ​ឬ 9ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក ក្នុង​ក្រិត្យ‌វិន័យ​លោក​ម៉ូសេ​ថា «កុំ​ឲ្យ​ឃ្លុំ​មាត់​របស់​គោ ដែល​បញ្ជាន់​ស្រូវ​ឡើយ» នោះ​តើ​ព្រះ‌ទ្រង់​គិត​ដល់​គោ​តែ​ប៉ុណ្ណោះ 10ឬ​ទ្រង់​មាន​បន្ទូល​ដូច្នោះ​ចំពោះ​ដល់​យើង​រាល់​គ្នា​ដែរ គឺ​ដោយ​ព្រោះ​តែ​យើង​រាល់​គ្នា​ហើយ បាន​ជា​សេចក្ដី​នោះ​បាន​ចែង​ទុក​មក ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ភ្ជួរ‌រាស់ បាន​ភ្ជួរ‌រាស់​ដោយ​សង្ឃឹម ហើយ​អ្នក​ណា​ដែល​បញ្ជាន់​ដោយ​សង្ឃឹម នោះ​នឹង​បាន​តាម​សេចក្ដី​សង្ឃឹម​នោះ​ឯង 11បើ​សិន​ជា​យើង​ខ្ញុំ​បាន​សាប‌ព្រោះ​របស់​ខាង​ព្រលឹង​វិញ្ញាណ នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា ហើយ​ច្រូត​បាន​របស់​អ្នក​រាល់​គ្នា​ខាង​សាច់​ឈាម​វិញ នោះ​តើ​ច្រើន​ហួស​ពេក​ឬ​អី 12បើ​អ្នក​ឯ​ទៀត​មាន​អំណាច​នោះ​លើ​អ្នក​រាល់​គ្នា នោះ​តើ​យើង​ខ្ញុំ​មិន​ត្រូវ​មាន​លើស​ជាង​គេ​ទៅ​ទៀត​ទេ​ឬ​អី ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ប្រើ​អំណាច​នោះ​ទេ យើង​ខ្ញុំ​បាន​ទ្រ‌ទ្រង់​ទាំង​អស់​វិញ ដើម្បី​មិន​ឲ្យ​ដំណឹង​ល្អ​នៃ​ព្រះ‌គ្រីស្ទ​ត្រូវ​បង្អាក់​ឡើយ 13តើ​មិន​ដឹង​ទេ​ឬ​អី ថា​ពួក​អ្នក​ដែល​ធ្វើ​ការ​ព្រះ គេ​បរិភោគ​ដោយ‌សារ​ព្រះ‌វិហារ ហើយ​ពួក​អ្នក​ដែល​បំរើ​អាសនា ក៏​បាន​ចំណែក​ពី​អាសនា​ដែរ។
14ព្រះ‌អម្ចាស់​ទ្រង់​ក៏​បង្គាប់ ឲ្យ​ពួក​អ្នក​ដែល​ផ្សាយ​ដំណឹង​ល្អ បាន​រស់​ដោយ‌សារ​ដំណឹង​ល្អ​ដូច្នោះ​ដែរ 15តែ​ខ្ញុំ​មិន​បាន​ប្រើ​អំណាច​ណា​១​នេះ​ទេ ខ្ញុំ​ក៏​មិន​បាន​សរសេរ​សេចក្ដី​ទាំង​នេះ ដោយ​ប្រាថ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​យ៉ាង​នោះ​ដល់​ខ្លួន​ខ្ញុំ​ដែរ ខ្ញុំ​ស៊ូ​តែ​ស្លាប់​វិញ ជា​ជាង​ឲ្យ​សេចក្ដី​អំនួត​របស់​ខ្ញុំ​នេះ​ត្រូវ​វិនាស 16ពី​ព្រោះ​បើ​ខ្ញុំ​ផ្សាយ​ដំណឹង​ល្អ​ទៅ នោះ​មិន​មែន​ជា​ហេតុ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ទេ ដ្បិត​ខ្ញុំ​ជាប់​ក្នុង​សេចក្ដី​បង្ខំ បើ​ខ្ញុំ​មិន​ផ្សាយ​ដំណឹង​ល្អ​វិញ នោះ​វរ​ដល់​ខ្ញុំ​ហើយ 17បើ​ខ្ញុំ​ធ្វើ​ដោយ​ស្ម័គ្រ​ពី​ចិត្ត នោះ​ខ្ញុំ​បាន​រង្វាន់ តែ​បើ​ធ្វើ​ទាំង​ទើស​ទ័ល នោះ​គង់​តែ​មាន​ការ‌ងារ​ចែក​ចាយ​ផ្ញើ​ទុក​នឹង​ខ្ញុំ​ដែរ 18ដូច្នេះ តើ​រង្វាន់​ខ្ញុំ​ជា​យ៉ាង​ណា គឺ​ឲ្យ​តែ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌គ្រីស្ទ ដោយ​ឥត​យក​ថ្លៃ​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​បាន​ប្រើ​អំណាច​ខ្លួន ក្នុង​ដំណឹង​ល្អ​ហួស​ល្បត់​ឡើយ 19ដ្បិត​ទោះ​បើ​ខ្ញុំ​មិន​ជាប់​បំរើ​អ្នក​ណា​សោះ​ក៏​ដោយ គង់​តែ​ខ្ញុំ​បាន​ត្រឡប់​ទៅ​ជា​អ្នក​បំរើ​ដល់​មនុស្ស​ទាំង​អស់​វិញ ដើម្បី​ឲ្យ​បាន​មនុស្ស​ជា​ច្រើន​ទៅ​ទៀត 20ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​សាសន៍​យូដា ដល់​ពួក​សាសន៍​យូដា ដើម្បី​ឲ្យ​បាន​ពួក​យូដា ហើយ​ដូច​ជា​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ ដល់​ពួក​អ្នក​ដែល​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ (តែ​ខ្ញុំ​មិន​មែន​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ​ទេ) ដើម្បី​ឲ្យ​បាន​ពួក​អ្នក ដែល​នៅ​ក្នុង​បន្ទុក​ក្រិត្យ‌វិន័យ 21ហើយ​ដូច​ជា​ឥត​ក្រិត្យ‌វិន័យ​ដល់​ពួក​អ្នក​ដែល​គ្មាន​ក្រិត្យ‌វិន័យ (មិន​មែន​ថា​ខ្ញុំ​ឥត​ក្រិត្យ‌វិន័យ​របស់​ព្រះ​ទេ គឺ​ខ្ញុំ​នៅ​ក្នុង​ក្រិត្យ‌វិន័យ​ព្រះ‌គ្រីស្ទ​វិញ) ដើម្បី​ឲ្យ​បាន​ពួក​អ្នក​ដែល​គ្មាន​ក្រិត្យ‌វិន័យ​ដែរ 22ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​ខ្សោយ​ដល់​ពួក​អ្នក​កំសោយ ដើម្បី​ឲ្យ​បាន​ពួក​កំសោយ គឺ​បាន​ត្រឡប់​ជា​គ្រប់​សណ្ឋាន​ទាំង​អស់ ដល់​មនុស្ស​ទាំង​អស់ ប្រយោជន៍​ឲ្យ​បាន​សង្គ្រោះ​ដល់​អ្នក​ខ្លះ ដោយ‌សារ​សណ្ឋាន​ទាំង​នោះ​ឯង 23ខ្ញុំ​ធ្វើ​ការ​ទាំង​នោះ ដោយ​យល់​ដល់​តែ​ដំណឹង​ល្អ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចំណែក​ជា​មួយ​គ្នា​ក្នុង​ដំណឹង​ល្អ។
24តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ថា​ពួក​អ្នក​ដែល​រត់​នៅ​ទី​ប្រណាំង គេ​រត់​ទាំង​អស់​គ្នា ប៉ុន្តែ មាន​តែ​១​ទេ​ដែល​បាន​រង្វាន់ ដូច្នេះ ចូរ​រត់​បែប​ឲ្យ​បាន​រង្វាន់​ចុះ 25ហើយ​អស់​អ្នក​ដែល​ត‌យុទ្ធ​គ្នា គេ​ខំ​អត់​សង្កត់​ចិត្ត​គ្រប់​ជំពូក គឺ​ធ្វើ​ដូច្នោះ ដើម្បី​ឲ្យ​បាន​តែ​ភួង​ជ័យ​ដែល​ត្រូវ​ពុក‌រលួយ តែ​យើង​រាល់​គ្នា​វិញ គឺ​ឲ្យ​បាន​មកុដ​១ ដែល​មិន​ចេះ​ពុក‌រលួយ​ឡើយ 26បាន​ជា​ខ្ញុំ​ខំ​រត់​យ៉ាង​ដូច្នោះ មិន​មែន​បែប​ដូច​ជា​មិន​ស្គាល់​ផ្លូវ​ទេ ខ្ញុំ​ក៏​ខំ​ប្រដាល់​យ៉ាង​ដូច្នោះ​ដែរ មិន​មែន​ដូច​ជា​ដាល់​ខ្យល់​ទេ 27គឺ​ខ្ញុំ​វាយ‌ដំ​រូប‌កាយ​ខ្ញុំ ទាំង​បង្ខំ​ឲ្យ​ចុះ​ចូល ក្រែង​ក្រោយ​ដែល​ខ្ញុំ​បាន​ប្រដៅ​មនុស្ស​ឯ​ទៀត​ហើយ នោះ​ខ្លួន​ខ្ញុំ​ត្រូវ​ចោល​ចេញ​វិញ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in