១ ពេត្រុស 2
2
1ដូច្នេះ ដែលអ្នករាល់គ្នាបានលះបង់ចោលអស់ទាំងសេចក្ដីគំរក់ នឹងកិច្ចកលទាំងប៉ុន្មាន ព្រមទាំងពុតមាយា ចិត្តច្រណែន ហើយពាក្យនិយាយដើមគេទាំងអស់ចេញ 2នោះត្រូវឲ្យសង្វាតរកទឹកដោះសុទ្ធ ខាងឯព្រលឹងវិញ្ញាណវិញ ដូចជាទារកដែលទើបនឹងកើត ដើម្បីឲ្យអ្នករាល់គ្នាបានចំរើនធំឡើង ដរាបដល់បានសង្គ្រោះ 3គឺបើអ្នករាល់គ្នាបានភ្លក់ឲ្យដឹងថា ព្រះអម្ចាស់ទ្រង់ល្អមែន 4ឯអ្នករាល់គ្នា ដែលកំពុងតែមកឯទ្រង់ដ៏ជាថ្មរស់ ដែលមនុស្សបានបោះបង់ចោលចេញ តែព្រះបានជ្រើសរើស ហើយរាប់ជាវិសេសវិញ 5នោះអ្នករាល់គ្នាក៏បានស្អាងឡើង ដូចជាថ្មរស់ដែរ ឲ្យបានធ្វើជាផ្ទះខាងឯវិញ្ញាណ ជាពួកសង្ឃបរិសុទ្ធ សំរាប់នឹងថ្វាយគ្រឿងបូជាខាងព្រលឹងវិញ្ញាណ ដែលព្រះទ្រង់សព្វព្រះហឫទ័យទទួល ដោយព្រះយេស៊ូវគ្រីស្ទ 6ពីព្រោះមានសេចក្ដីចែងទុកមកក្នុងគម្ពីរថា «មើល អញដាក់ថ្មជ្រុង១នៅក្រុងស៊ីយ៉ូន ជាថ្មដែលជ្រើសរើស ហើយវិសេសវិសាល អ្នកណាដែលជឿដល់ទ្រង់ នោះនឹងគ្មានហេតុនាំឲ្យខ្មាសឡើយ» 7ដូច្នេះ ដែលទ្រង់វិសេស នោះគឺវិសេសដល់អ្នករាល់គ្នាដែលជឿ តែដល់ពួកអ្នកមិនជឿវិញ នោះ«ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ បានត្រឡប់ជាថ្មជ្រុងយ៉ាងឯក» 8«ជាថ្មជំពប់ ហើយជាថ្មដាដែលនាំឲ្យរវាតចិត្ត» គេជំពប់នឹងព្រះបន្ទូលដោយព្រោះតែមិនជឿ ហើយគេក៏ត្រូវដំរូវទុកសំរាប់ការនោះឯង 9តែអ្នករាល់គ្នាជាពូជជ្រើសរើស ជាពួកសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជារាស្ត្រដ៏ជាកេរ្តិ៍អាករនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានសំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់ 10ពីដើមអ្នករាល់គ្នាមិនមែនជាសាសន៍ណាមួយទេ តែឥឡូវនេះជាសាសន៍របស់ព្រះវិញ ពីដើមមិនបានទទួលសេចក្ដីមេត្តាករុណាទេ តែឥឡូវនេះបានទទួលហើយ។
11ឱពួកស្ងួនភ្ងាអើយ ខ្ញុំទូន្មានអ្នករាល់គ្នាទុកដូចជាពួកប្រទេសក្រៅ ហើយដូចជាពួកអ្នក ដែលគ្រាន់តែសំណាក់នៅថា ចូរឲ្យអ្នករាល់គ្នាចៀសពីសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម ដែលតយុទ្ធនឹងព្រលឹងវិញ្ញាណចេញ 12ទាំងប្រព្រឹត្តដោយទៀងត្រង់ នៅក្នុងពួកសាសន៍ដទៃ ដើម្បីនៅកន្លែងណា ដែលគេនិយាយដើម ពីអ្នករាល់គ្នា ទុកដូចជាមនុស្សប្រព្រឹត្តអាក្រក់ នោះឲ្យគេបានសរសើរដល់ព្រះ នៅថ្ងៃដែលទ្រង់យាងមកប្រោស ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ។
13ចូរឲ្យចុះចូល នឹងគ្រប់ទាំងច្បាប់ នៃមនុស្សលោក ដោយយល់ដល់ព្រះអម្ចាស់ ទោះបើនឹងស្តេច ទុកជាធំបណ្តាច់ 14ឬនឹងចៅហ្វាយ ទុកដូចជាអ្នកដែលស្តេចចាត់ចែងផង ដែលលោកទាំងនោះសំរាប់ធ្វើទោសដល់ពួកអ្នកដែលប្រព្រឹត្តអាក្រក់ ហើយនឹងសរសើរដល់ពួកអ្នក ដែលប្រព្រឹត្តល្អវិញ 15ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យ ឲ្យបំបាត់ពាក្យសំដីចំកួតរបស់មនុស្សខ្លៅល្ងង់ចេញ ដោយសារកិរិយាល្អ 16គឺត្រូវចុះចូលទុកដូចជាមនុស្សមានសេរីភាព តែមិនមែនដោយប្រើសេរីនោះ ដើម្បីនឹងបំបិតបំបាំងសេចក្ដីអាក្រក់ឡើយ ត្រូវចុះចូលដូចជាអ្នកបំរើរបស់ព្រះវិញ 17ចូររាប់អានដល់មនុស្សទាំងអស់ ហើយស្រឡាញ់បងប្អូន កោតខ្លាចដល់ព្រះ ព្រមទាំងគោរពប្រតិបត្តិដល់ស្តេចផង។
18ឱពួកអ្នកបំរើអើយ ចូរចុះចូលចំពោះចៅហ្វាយ ដោយកោតខ្លាចគ្រប់យ៉ាង មិនមែនត្រឹមតែចៅហ្វាយណាដែលស្លូតបូតល្អប៉ុណ្ណោះ ទោះទាំងចៅហ្វាយដែលកាចក៏ដែរ 19ដ្បិតបើអ្នកណាត្រូវព្រួយលំបាក ទាំងរងទុក្ខឥតហេតុ ដើម្បីឲ្យបានបញ្ញាចិត្តជ្រះថ្លានៅចំពោះព្រះ នោះគួរសរសើរហើយ 20បើអ្នកទ្រាំឲ្យគេវាយដោយអំណត់ដោយព្រោះបានធ្វើបាប នោះតើនឹងមានសេចក្ដីប្រសើរអ្វី តែបើអ្នកបានប្រព្រឹត្តល្អ ហើយទ្រាំឲ្យគេធ្វើទុក្ខដោយអត់ទ្រាំវិញ នោះទើបជាការដែលគាប់ព្រះហឫទ័យនៅចំពោះព្រះមែន 21ដ្បិតទ្រង់បានហៅអ្នករាល់គ្នា មកឯសេចក្ដីនោះឯង ពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរ ទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់ 22ទ្រង់មិនបានធ្វើបាបអ្វីសោះ ក៏មិនឃើញមានកិច្ចកលអ្វីនៅព្រះឱស្ឋទ្រង់ឡើយ 23កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់មិនបានជេរតបវិញទេ ខណដែលទ្រង់រងទុក្ខ នោះក៏មិនបានគំហកកំហែងដល់គេដែរ គឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ 24ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានរស់ខាងឯសេចក្ដីសុចរិត ដោយបានស្លាប់ខាងឯអំពើបាបហើយ គឺដោយស្នាមជាំរបស់ទ្រង់ ដែលអ្នករាល់គ្នាបានជា 25ដ្បិតពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះបានត្រឡប់មកឯអ្នកគង្វាល ជាអ្នកថែទាំព្រលឹងអ្នករាល់គ្នាវិញហើយ។
Currently Selected:
១ ពេត្រុស 2: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.