២ កូរិនថូស 3
3
1ដូច្នេះ តើយើងចាប់តាំងផ្ទុកផ្តាក់ខ្លួនយើងខ្ញុំម្តងទៀតឬអី តើយើងខ្ញុំត្រូវការនឹងសំបុត្រផ្ទុកផ្តាក់ខ្លួនយើងនឹងអ្នករាល់គ្នា ឬត្រូវការនឹងអ្នករាល់គ្នាឲ្យសំបុត្រផ្ទុកផ្តាក់យើងនឹងគេ ដូចជាអ្នកខ្លះត្រូវការឬអី 2គឺអ្នករាល់គ្នាជាសំបុត្ររបស់យើងខ្ញុំហើយ ទាំងកត់ទុកក្នុងចិត្តយើងខ្ញុំផង ដែលមនុស្សទាំងអស់ក៏ដឹង ហើយអានមើលដែរ 3ដោយបានសំដែងមកច្បាស់ថា អ្នករាល់គ្នាជាសំបុត្ររបស់ព្រះគ្រីស្ទ ដែលយើងខ្ញុំបានតែងទុក ដោយការងារយើងខ្ញុំ មិនមែនសរសេរនឹងទឹកខ្មៅទេ គឺនឹងព្រះវិញ្ញាណនៃព្រះដ៏មានព្រះជន្មរស់ ក៏មិនមែនលើបន្ទះថ្មដែរ គឺក្នុងចិត្តខាងសាច់ឈាមវិញ 4ហើយយើងមានសេចក្ដីសង្ឃឹមយ៉ាងនោះដល់ព្រះ ដោយសារព្រះគ្រីស្ទ 5មិនមែនថា យើងខ្ញុំពូកែល្មមដោយខ្លួនឯង នឹងគិតស្មានថា មានអ្វីកើតពីខ្លួនយើងខ្ញុំនោះឡើយ តែដែលយើងខ្ញុំពូកែ នោះមកតែពីព្រះទេ 6ដែលទ្រង់បានប្រោសឲ្យយើងខ្ញុំអាចនឹងធ្វើជាអ្នកបំរើនៃសញ្ញាថ្មីបាន មិនមែនតាមតែន័យពាក្យប៉ុណ្ណោះទេ គឺតាមព្រះវិញ្ញាណវិញ ដ្បិតន័យពាក្យ នោះធ្វើឲ្យស្លាប់ តែព្រះវិញ្ញាណ ទ្រង់ប្រទានឲ្យមានជីវិតវិញ។
7ហើយបើការងារខាងឯសេចក្ដីស្លាប់ ដែលបានឆ្លាក់ជាអក្សរលើថ្ម បានកើតមកក្នុងសិរីល្អ ដល់ម៉្លេះបានជាជនជាតិអ៊ីស្រាអែល មិនអាចនឹងសំឡឹងមើលមុខលោកម៉ូសេបានទេ ដោយព្រោះសិរីល្អនៃមុខលោក គឺជាសេចក្ដីដែលកំពុងតែសូន្យបាត់ទៅ 8នោះចំណង់បើការងារខាងឯព្រះវិញ្ញាណ តើនឹងមានសិរីល្អលើសជាងអម្បាលម៉ានទៅ 9ដ្បិតបើសិនជាការងារខាងឯសេចក្ដីកាត់ទោស មានសិរីល្អទៅហើយ នោះការងារខាងឯសេចក្ដីសុចរិត ប្រាកដជានឹងមានសិរីល្អជាបរិបូរលើសទៅទៀត 10ពីព្រោះឯសេចក្ដីដែលមានសិរីល្អពីដើមនោះ បានដូចជាគ្មានសិរីល្អវិញ ដោយព្រោះសិរីល្អនេះដែលលើសទៅទៀត 11ដ្បិតបើសិនជាសេចក្ដីនោះ ដែលកំពុងតែសូន្យបាត់ទៅ បានមកដោយសារសិរីល្អ នោះសេចក្ដីដែលជាប់នៅ ប្រាកដជាមានសិរីល្អលើសទៅទៀត 12ដូច្នេះ ដែលមានសេចក្ដីសង្ឃឹមជាខ្លាំងក្រៃដល់ម៉្លេះ នោះយើងខ្ញុំកើតមានសេចក្ដីក្លាហានណាស់ 13មិនមែនដូចលោកម៉ូសេ ដែលយកស្បៃបាំងមុខ ដើម្បីមិនឲ្យជនជាតិអ៊ីស្រាអែល បានសំឡឹងមើលទៅដល់ចុងនៃសេចក្ដី ដែលកំពុងតែសូន្យបាត់ទៅនោះឡើយ 14តែចិត្តគេបានរឹងទទឹងវិញ ដ្បិតដរាបដល់ឥឡូវនេះ កាលបើគេមើលក្នុងសញ្ញាចាស់ នោះនៅតែមានស្បៃដដែល ឥតបកចេញឡើយ ដែលស្បៃនោះត្រូវតែសូន្យបាត់ទៅ ក្នុងព្រះគ្រីស្ទ 15ដរាបដល់ថ្ងៃនេះ កាលណាគេមើលគម្ពីរលោកម៉ូសេ នោះក៏គង់តែនៅមានស្បៃបាំងចិត្តគេនៅឡើយ 16តែកាលគេបានងាកបែរមកឯព្រះអម្ចាស់វិញ នោះទើបស្បៃនឹងបានរដោះចោលចេញ 17រីឯព្រះអម្ចាស់ ទ្រង់ជាព្រះវិញ្ញាណ ហើយកន្លែងណាដែលមានព្រះវិញ្ញាណនៃព្រះអម្ចាស់ នោះក៏មានសេរីភាពដែរ 18ហើយយើងរាល់គ្នាទាំងអស់ ដែលកំពុងតែរំពឹងមើលសិរីល្អព្រះអម្ចាស់ ទាំងមុខទទេ ដូចជាឆ្លុះមើលទ្រង់ក្នុងកញ្ចក់ យើងកំពុងតែផ្លាស់ប្រែទៅ ឲ្យដូចជារូបឆ្លុះនោះឯង ពីសិរីល្អទៅដល់សិរីល្អ គឺដោយសារព្រះអម្ចាស់ដ៏ជាព្រះវិញ្ញាណ។
Currently Selected:
២ កូរិនថូស 3: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.