YouVersion Logo
Search Icon

២ កូរិន‌ថូស 3

3
1ដូច្នេះ តើ​យើង​ចាប់​តាំង​ផ្ទុក‌ផ្តាក់​ខ្លួន​យើង​ខ្ញុំ​ម្តង​ទៀត​ឬ​អី តើ​យើង​ខ្ញុំ​ត្រូវ​ការ​នឹង​សំបុត្រ​ផ្ទុក‌ផ្តាក់​ខ្លួន​យើង​នឹង​អ្នក​រាល់​គ្នា ឬ​ត្រូវ​ការ​នឹង​អ្នក​រាល់​គ្នា​ឲ្យ​សំបុត្រ​ផ្ទុក‌ផ្តាក់​យើង​នឹង​គេ ដូច​ជា​អ្នក​ខ្លះ​ត្រូវ​ការ​ឬ​អី 2គឺ​អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​យើង​ខ្ញុំ​ហើយ ទាំង​កត់​ទុក​ក្នុង​ចិត្ត​យើង​ខ្ញុំ​ផង ដែល​មនុស្ស​ទាំង​អស់​ក៏​ដឹង ហើយ​អាន​មើល​ដែរ 3ដោយ​បាន​សំដែង​មក​ច្បាស់​ថា អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​ព្រះ‌គ្រីស្ទ ដែល​យើង​ខ្ញុំ​បាន​តែង​ទុក ដោយ​ការ‌ងារ​យើង​ខ្ញុំ មិន​មែន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ គឺ​នឹង​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ក៏​មិន​មែន​លើ​បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ចិត្ត​ខាង​សាច់​ឈាម​វិញ 4ហើយ​យើង​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នោះ​ដល់​ព្រះ ដោយ‌សារ​ព្រះ‌គ្រីស្ទ 5មិន​មែន​ថា យើង​ខ្ញុំ​ពូកែ​ល្មម​ដោយ​ខ្លួន​ឯង នឹង​គិត​ស្មាន​ថា មាន​អ្វី​កើត​ពី​ខ្លួន​យើង​ខ្ញុំ​នោះ​ឡើយ តែ​ដែល​យើង​ខ្ញុំ​ពូកែ នោះ​មក​តែ​ពី​ព្រះ​ទេ 6ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​ខ្ញុំ​អាច​នឹង​ធ្វើ​ជា​អ្នក​បំរើ​នៃ​សញ្ញា​ថ្មី​បាន មិន​មែន​តាម​តែ​ន័យ​ពាក្យ​ប៉ុណ្ណោះ​ទេ គឺ​តាម​ព្រះ‌វិញ្ញាណ​វិញ ដ្បិត​ន័យ​ពាក្យ នោះ​ធ្វើ​ឲ្យ​ស្លាប់ តែ​ព្រះ‌វិញ្ញាណ ទ្រង់​ប្រទាន​ឲ្យ​មាន​ជីវិត​វិញ។
7ហើយ​បើ​ការ‌ងារ​ខាង​ឯ​សេចក្ដី​ស្លាប់ ដែល​បាន​ឆ្លាក់​ជា​អក្សរ​លើ​ថ្ម បាន​កើត​មក​ក្នុង​សិរី‌ល្អ ដល់​ម៉្លេះ​បាន​ជា​ជន‌ជាតិ​អ៊ីស្រាអែល មិន​អាច​នឹង​សំឡឹង​មើល​មុខ​លោក​ម៉ូសេ​បាន​ទេ ដោយ​ព្រោះ​សិរី‌ល្អ​នៃ​មុខ​លោក គឺ​ជា​សេចក្ដី​ដែល​កំពុង​តែ​សូន្យ​បាត់​ទៅ 8នោះ​ចំណង់​បើ​ការ‌ងារ​ខាង​ឯ​ព្រះ‌វិញ្ញាណ តើ​នឹង​មាន​សិរី‌ល្អ​លើស​ជាង​អម្បាល‌ម៉ាន​ទៅ 9ដ្បិត​បើ​សិន​ជា​ការ‌ងារ​ខាង​ឯ​សេចក្ដី​កាត់​ទោស មាន​សិរី‌ល្អ​ទៅ​ហើយ នោះ​ការ‌ងារ​ខាង​ឯ​សេចក្ដី​សុចរិត ប្រាកដ​ជា​នឹង​មាន​សិរី‌ល្អ​ជា​បរិបូរ​លើស​ទៅ​ទៀត 10ពី​ព្រោះ​ឯ​សេចក្ដី​ដែល​មាន​សិរី‌ល្អ​ពី​ដើម​នោះ បាន​ដូច​ជា​គ្មាន​សិរី‌ល្អ​វិញ ដោយ​ព្រោះ​សិរី‌ល្អ​នេះ​ដែល​លើស​ទៅ​ទៀត 11ដ្បិត​បើ​សិន​ជា​សេចក្ដី​នោះ ដែល​កំពុង​តែ​សូន្យ​បាត់​ទៅ បាន​មក​ដោយ‌សារ​សិរី‌ល្អ នោះ​សេចក្ដី​ដែល​ជាប់​នៅ ប្រាកដ​ជា​មាន​សិរី‌ល្អ​លើស​ទៅ​ទៀត 12ដូច្នេះ ដែល​មាន​សេចក្ដី​សង្ឃឹម​ជា​ខ្លាំង​ក្រៃ​ដល់​ម៉្លេះ នោះ​យើង​ខ្ញុំ​កើត​មាន​សេចក្ដី​ក្លាហាន​ណាស់ 13មិន​មែន​ដូច​លោក​ម៉ូសេ ដែល​យក​ស្បៃ​បាំង​មុខ ដើម្បី​មិន​ឲ្យ​ជន‌ជាតិ​អ៊ីស្រាអែល បាន​សំឡឹង​មើល​ទៅ​ដល់​ចុង​នៃ​សេចក្ដី ដែល​កំពុង​តែ​សូន្យ​បាត់​ទៅ​នោះ​ឡើយ 14តែ​ចិត្ត​គេ​បាន​រឹង‌ទទឹង​វិញ ដ្បិត​ដរាប​ដល់​ឥឡូវ​នេះ កាល​បើ​គេ​មើល​ក្នុង​សញ្ញា​ចាស់ នោះ​នៅ​តែ​មាន​ស្បៃ​ដដែល ឥត​បក​ចេញ​ឡើយ ដែល​ស្បៃ​នោះ​ត្រូវ​តែ​សូន្យ​បាត់​ទៅ ក្នុង​ព្រះ‌គ្រីស្ទ 15ដរាប​ដល់​ថ្ងៃ​នេះ កាល​ណា​គេ​មើល​គម្ពីរ​លោក​ម៉ូសេ នោះ​ក៏​គង់​តែ​នៅ​មាន​ស្បៃ​បាំង​ចិត្ត​គេ​នៅ​ឡើយ 16តែ​កាល​គេ​បាន​ងាក​បែរ​មក​ឯ​ព្រះ‌អម្ចាស់​វិញ នោះ​ទើប​ស្បៃ​នឹង​បាន​រដោះ​ចោល​ចេញ 17រីឯ​ព្រះ‌អម្ចាស់ ទ្រង់​ជា​ព្រះ‌វិញ្ញាណ ហើយ​កន្លែង​ណា​ដែល​មាន​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ នោះ​ក៏​មាន​សេរី‌ភាព​ដែរ 18ហើយ​យើង​រាល់​គ្នា​ទាំង​អស់ ដែល​កំពុង​តែ​រំពឹង​មើល​សិរី‌ល្អ​ព្រះ‌អម្ចាស់ ទាំង​មុខ​ទទេ ដូច​ជា​ឆ្លុះ​មើល​ទ្រង់​ក្នុង​កញ្ចក់ យើង​កំពុង​តែ​ផ្លាស់​ប្រែ​ទៅ ឲ្យ​ដូច​ជា​រូប​ឆ្លុះ​នោះ​ឯង ពី​សិរី‌ល្អ​ទៅ​ដល់​សិរី‌ល្អ គឺ​ដោយ‌សារ​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ‌វិញ្ញាណ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in