២ កូរិនថូស 5
5
1ពីព្រោះយើងខ្ញុំដឹងថា បើត្រសាលដែលជាទីលំនៅរបស់យើងខ្ញុំ នៅផែនដីនេះ ត្រូវបំផ្លាញវេលាណា នោះយើងខ្ញុំមានវិមាន១ ដែលមកពីព្រះ មិនមែនធ្វើនឹងដៃទេ គឺនៅលើស្ថានសួគ៌វិញ ជាវិមានដ៏នៅជាប់អស់កល្បជានិច្ច 2ដ្បិតនៅក្នុងត្រសាលនេះ យើងខ្ញុំតែងតែថ្ងូរ ដោយសង្វាតនឹងចង់ប្រដាប់ខ្លួន ដោយទីលំនៅរបស់យើងខ្ញុំ ជាទីលំនៅដែលមកពីស្ថានសួគ៌ណាស់ 3ឲ្យតែយើងខ្ញុំបានប្រដាប់ខ្លួនចុះ ដើម្បីកុំឲ្យមានឃើញយើងខ្ញុំនៅអាក្រាតឡើយ 4ដ្បិតយើងខ្ញុំដែលនៅក្នុងត្រសាលនេះ យើងថ្ងូរមែន ដោយមានបន្ទុកយ៉ាងធ្ងន់ ពីព្រោះយើងមិនចង់ដោះសំលៀកបំពាក់នេះចេញទេ គឺចង់តែស្លៀកពាក់វិញ ដើម្បីឲ្យជីវិតបានលេបរបស់ ដែលតែងតែស្លាប់ ឲ្យបាត់ទៅនោះ 5រីឯអ្នកដែលបានបង្កើតយើងខ្ញុំសំរាប់ការនោះឯង ជាព្រះដែលទ្រង់ក៏ប្រទានព្រះវិញ្ញាណ មកបញ្ចាំចិត្តយើងខ្ញុំដែរ។
6ដូច្នេះ យើងខ្ញុំមានចិត្តជឿជាក់ជាដរាប ហើយដឹងថា ដែលយើងខ្ញុំនៅក្នុងរូបកាយនេះ នោះយើងខ្ញុំនៅឃ្លាតពីព្រះអម្ចាស់ 7ដ្បិតយើងខ្ញុំដើរដោយជំនឿ មិនមែនដោយមើលឃើញទេ 8ដូច្នេះ យើងខ្ញុំមានចិត្តជឿជាក់ ហើយក៏សុខចិត្តស៊ូចេញពីរូបកាយនេះ ទៅនៅជាមួយនឹងព្រះអម្ចាស់ជាជាង 9ហេតុនោះបានជាយើងខ្ញុំសង្វាត ឲ្យបានគាប់ដល់ព្រះហឫទ័យទ្រង់ ទោះនៅក្នុងរូបកាយ ឬឃ្លាតពីរូបកាយក្តី 10ដ្បិតយើងទាំងអស់គ្នាត្រូវទៅនៅមុខទីជំនុំជំរះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យគ្រប់គ្នាបានទទួលតាមការដែលបានធ្វើ ពីកាលនៅក្នុងរូបកាយរៀងខ្លួន ទោះល្អឬអាក្រក់ក្តី 11ដូច្នេះ ដែលស្គាល់សេចក្ដីស្ញែងខ្លាចរបស់ព្រះអម្ចាស់ នោះយើងខ្ញុំក៏ខំបញ្ចុះបញ្ចូលមនុស្សឲ្យជឿ តែយើងខ្ញុំជាអ្នកប្រាកដច្បាស់ដល់ព្រះហើយ ខ្ញុំក៏សង្ឃឹមថា ដល់បញ្ញាចិត្តរបស់អ្នករាល់គ្នាដែរ 12ដ្បិតយើងខ្ញុំមិនមែនផ្ទុកផ្តាក់ខ្លួននឹងអ្នករាល់គ្នាម្តងទៀតទេ គឺយើងខ្ញុំឲ្យអ្នករាល់គ្នាមានឱកាសនឹងអួតពីយើងខ្ញុំវិញ ដើម្បីឲ្យអ្នករាល់គ្នាមានពាក្យតបឆ្លើយ ដល់អស់អ្នកដែលអួតតែពីចរិតខាងក្រៅ មិនមែនពីសណ្ឋានក្នុងចិត្តនោះទេ 13ដ្បិតទោះបើយើងខ្ញុំវង្វេងស្មារតីក្តី នោះគឺវង្វេងសំរាប់ព្រះអង្គ ឬបើមានគំនិតនឹងធឹងក្តី ក៏សំរាប់អ្នករាល់គ្នាវិញ 14ដ្បិតសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើងខ្ញុំ ដោយយើងខ្ញុំពិចារណាឃើញថា បើម្នាក់បានស្លាប់ជំនួសអ្នកទាំងអស់នោះទាំងអស់ឈ្មោះថាបានស្លាប់ហើយ 15ទ្រង់ក៏បានសុគតជំនួសមនុស្សទាំងអស់យ៉ាងនោះ គឺដើម្បីឲ្យពួកអ្នកដែលរស់នៅ មិនរស់សំរាប់តែខ្លួនឯងទៀត គឺរស់សំរាប់ព្រះអង្គ ដែលសុគតជំនួសគេ ហើយបានរស់ឡើងនោះវិញ 16បានជាពីនេះទៅមុខ យើងខ្ញុំមិនស្គាល់អ្នកណាខាងឯសាច់ឈាមទៀតទេ តែបើយើងខ្ញុំបានស្គាល់ព្រះគ្រីស្ទខាងសាច់ឈាមហើយ គង់តែឥឡូវនេះមិនស្គាល់ទ្រង់យ៉ាងនោះទៀតឡើយ 17បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្ដីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ 18គ្រប់ទាំងអស់ក៏មកពីព្រះ ដែលទ្រង់បានផ្សះផ្សាយើងនឹងព្រះអង្គទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ ហើយបានប្រទានការងារផ្សះផ្សានោះ មកយើងខ្ញុំដែរ 19គឺពីដំណើរដែលព្រះទ្រង់គង់ក្នុងព្រះគ្រីស្ទ កំពុងផ្សះផ្សាលោកីយនឹងព្រះអង្គទ្រង់ ឥតប្រកាន់ទោសគេទៀត ហើយទ្រង់បានប្រគល់ព្រះបន្ទូល ពីការផ្សះផ្សានោះមកយើងខ្ញុំ។
20ដូច្នេះ យើងខ្ញុំជាទូតដំណាងព្រះគ្រីស្ទ ហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំ គឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថា ចូរឲ្យបានជាមេត្រីនឹងព្រះចុះ 21ដ្បិតឯព្រះអង្គ ដែលមិនបានស្គាល់បាបសោះ នោះព្រះទ្រង់បានធ្វើឲ្យត្រឡប់ជាតួបាប ជំនួសយើងរាល់គ្នាវិញ ដើម្បីឲ្យយើងរាល់គ្នាបានត្រឡប់ទៅជាសេចក្ដីសុចរិតរបស់ព្រះ ដោយនូវព្រះអង្គនោះឯង។
Currently Selected:
២ កូរិនថូស 5: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.