កិច្ចការ 22
22
1ឱអ្នករាល់គ្នា ជាបងប្អូន ហើយជាឪពុកអើយសូមស្តាប់សេចក្ដីដោះសារបស់ខ្ញុំសិន 2(កាលគេឮគាត់និយាយជាភាសាហេព្រើរ នោះគេរឹតតែនៅស្ងៀមទៅទៀត) រួចគាត់និយាយថា 3ខ្ញុំជាសាសន៍យូដា កើតនៅក្រុងតើសុស ក្នុងស្រុកគីលីគា តែបានរៀននៅទីក្រុងនេះ ទៀបជើងលោកកាម៉ាលាល ដែលលោកបង្រៀនខ្ញុំ តាមន័យត្រឹមត្រូវ ក្នុងក្រិត្យវិន័យរបស់ពួកឰយុកោយើង ហើយខ្ញុំមានសេចក្ដីឧស្សាហ៍ដល់ព្រះ ដូចជាអ្នករាល់គ្នាសព្វថ្ងៃនេះដែរ 4ពីដើមខ្ញុំជាអ្នកធ្វើទុក្ខបៀតបៀនដល់មនុស្ស ដែលកាន់តាមផ្លូវនេះ ឲ្យដល់ស្លាប់ក៏មាន ព្រមទាំងចាប់ចងគេទាំងប្រុសទាំងស្រី បញ្ជូនទៅដាក់គុកដែរ 5ដូចជាសំដេចសង្ឃ នឹងពួកចាស់ទុំទាំងអស់ ជាទីបន្ទាល់ពីខ្ញុំស្រាប់ ហើយខ្ញុំបានទទួលយកសំបុត្រពីលោក ទៅឲ្យពួកសាសន៍យើងនៅក្រុងដាម៉ាស រួចខ្ញុំក៏ចេញទៅ ដើម្បីនឹងនាំយកអស់អ្នកក្នុងពួកនេះទាំងប៉ុន្មាន ដែលនៅស្រុកនោះទាំងជាប់ចំណង មកឯក្រុងយេរូសាឡិមវិញ ឲ្យគេជាប់ទោស 6លុះកាលខ្ញុំកំពុងតែដើរដំណើរទៅជិតដល់ក្រុងដាម៉ាស ក្នុងពេលប្រហែលជាថ្ងៃត្រង់ហើយ នោះស្រាប់តែមានពន្លឺយ៉ាងខ្លាំងពីលើមេឃ បានភ្លឺមកនៅជុំវិញខ្ញុំ 7ខ្ញុំក៏ដួលដល់ដី ហើយឮសំឡេងមានបន្ទូលមកខ្ញុំថា សុល នែសុល ហេតុអ្វីបានជាធ្វើទុក្ខដល់ខ្ញុំ 8ខ្ញុំបានឆ្លើយថា ឱព្រះអម្ចាស់អើយ តើព្រះអង្គណានុ៎ះ រួចទ្រង់មានបន្ទូលមកខ្ញុំថា ខ្ញុំជាព្រះយេស៊ូវ ពីភូមិណាសារ៉ែត ដែលអ្នកបៀតបៀន 9ឯពួកអ្នកដែលនៅជាមួយនឹងខ្ញុំ គេក៏ឃើញពន្លឺនោះដែរ ហើយមានសេចក្ដីភ័យខ្លាច តែមិនឮសំឡេងព្រះអង្គដែលមានបន្ទូលមកខ្ញុំនោះទេ 10ខ្ញុំក៏ទូលសួរថា ព្រះអម្ចាស់អើយ តើត្រូវឲ្យទូលបង្គំធ្វើដូចម្តេច រួចព្រះអម្ចាស់មានបន្ទូលមកខ្ញុំថា ចូរក្រោកឡើងចូលទៅក្នុងក្រុងដាម៉ាស នៅទីនោះនឹងមានគេប្រាប់អ្នក ពីអស់ទាំងការ ដែលបានដំរូវឲ្យអ្នកត្រូវធ្វើ 11នោះពួកអ្នកដែលនៅជាមួយនឹងខ្ញុំបានដឹកដៃនាំខ្ញុំចូលទៅក្នុងក្រុងដាម៉ាស ពីព្រោះខ្ញុំមើលអ្វីមិនឃើញសោះ ដោយព្រោះរស្មីដ៏ឧត្តមនៃពន្លឺនោះ 12រួចមានមនុស្សម្នាក់ឈ្មោះអាន៉្នានាស គឺជាអ្នកកោតខ្លាចដល់ព្រះ តាមក្រិត្យវិន័យ ដែលមានកេរ្តិ៍ឈ្មោះល្អក្នុងពួកសាសន៍យូដាទាំងអស់ដែលនៅទីនោះ 13អ្នកនោះក៏មកឈរជិតខ្ញុំនិយាយថា អ្នកសុលអើយ សូមឲ្យភ្នែកអ្នកបានភ្លឺឡើង នៅវេលានោះឯង ខ្ញុំក៏ងើបភ្នែកឡើងឃើញគាត់ 14រួចគាត់និយាយមកខ្ញុំថា ព្រះនៃពួកឰយុកោយើងបានដំរូវឲ្យអ្នកស្គាល់ចំណង់នៃព្រះហឫទ័យទ្រង់ ហើយឲ្យឃើញព្រះដ៏សុចរិត ព្រមទាំងឮសំឡេងពីព្រះឱស្ឋទ្រង់ 15ដ្បិតអ្នកត្រូវធ្វើជាស្មរបន្ទាល់ពីទ្រង់ ដល់មនុស្សទាំងអស់ ពីគ្រប់ការដែលអ្នកបានឃើញបានឮ 16ឥឡូវនេះ តើអ្នកបង្អង់ចាំអ្វីទៀត ចូរក្រោកឡើង ទទួលបុណ្យជ្រមុជទឹក ហើយលាងបាបអ្នកចេញចុះ ដោយការអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ 17កាលខ្ញុំបានត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ កំពុងដែលខ្ញុំអធិស្ឋាននៅក្នុងព្រះវិហារ នោះខ្ញុំលង់ស្មារតីទៅ 18ហើយក៏ឃើញទ្រង់មានបន្ទូលមកខ្ញុំថា ចូរប្រញាប់ចេញពីក្រុងយេរូសាឡិមទៅជាឆាប់ ពីព្រោះគេមិនទទួលពាក្យដែលអ្នកធ្វើបន្ទាល់ពីខ្ញុំទេ 19ខ្ញុំក៏ទូលថា ព្រះអម្ចាស់អើយ អ្នកទាំងនោះដឹងថា ទូលបង្គំបានចាប់ពួកអ្នកដែលជឿដល់ទ្រង់ដាក់គុកហើយ ព្រមទាំងវាយគេនៅក្នុងគ្រប់ទាំងសាលាប្រជុំផង 20កាលដែលឈាមស្ទេផាន ជាស្មរបន្ទាល់របស់ទ្រង់ បានត្រូវខ្ចាយ នោះទូលបង្គំក៏ឈរនៅទីនោះដែរ បានទាំងយល់ព្រមឲ្យសំឡាប់គាត់ ហើយនៅចាំអាវនៃពួកអ្នក ដែលសំឡាប់គាត់ផង 21នោះទ្រង់មានបន្ទូលមកខ្ញុំថា ចូរទៅចុះ ដ្បិតខ្ញុំនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយ។
22គេក៏ស្តាប់គាត់ដរាបដល់ពាក្យនោះ រួចគេស្រែកកាត់ឡើងថា ចូរដកមនុស្សយ៉ាងនេះពីផែនដីចេញ ដ្បិតមិនគួរឲ្យវានៅរស់ទៀតទេ 23ហើយដោយព្រោះគេចេះតែស្រែកឡើង ទាំងកន្ត្រាក់ដោះអាវគេចេញ ហើយបាចធូលីដីទៅលើ 24នោះបានជាមេទ័ពធំបង្គាប់ឲ្យនាំគាត់ចូលទៅក្នុងបន្ទាយ រួចប្រាប់ឲ្យវាយសួរចំឡើយ ដើម្បីឲ្យដឹងពីហេតុអ្វី បានជាគេស្រែកទាស់នឹងគាត់ជាខ្លាំងម៉្លេះ 25ប៉ុន្តែ កំពុងដែលគេយកខ្សែមកចងប៉ុលឲ្យចំកោង នោះគាត់និយាយទៅមេទ័ពរងដែលឈរនៅទីនោះថា តើមានច្បាប់នឹងវាយសាសន៍រ៉ូមនឹងរំពាត់ មុនដែលកាត់ទោសដែរឬអី 26លុះមេទ័ពរងឮដូច្នេះ នោះក៏ទៅជំរាបដល់មេទ័ពធំថា លោកគិតធ្វើអ្វីដូច្នេះ ដ្បិតមនុស្សនោះជាសាសន៍រ៉ូម 27នោះមេទ័ពធំចូលមកសួរប៉ុលថា ចូរប្រាប់អញ ឯងជាសាសន៍រ៉ូមឬ គាត់ឆ្លើយថា បាទ 28លោកក៏និយាយថា អញបានបង់ប្រាក់ច្រើនណាស់ ដើម្បីឲ្យបានចូលជាតិរ៉ូមនេះ តែប៉ុលនិយាយថា ខ្ញុំនេះកើតមកជាសាសន៍រ៉ូមតែម្តង 29ដូច្នេះ ពួកអ្នកដែលត្រូវសួរចំឡើយ ក៏ថយចេញជា១រំពេច ហើយមេទ័ពធំមានសេចក្ដីភិតភ័យ ដោយដឹងថា គាត់ជាសាសន៍រ៉ូម ពីព្រោះបានជ្រុលជាចងគាត់ហើយ 30ដល់ថ្ងៃស្អែកឡើង លោកក៏ស្រាយចំណង ហើយប្រាប់ដល់ពួកសង្គ្រាជ នឹងពួកក្រុមជំនុំទាំងអស់ ឲ្យប្រជុំគ្នា រួចលោកនាំប៉ុលចុះមក ដាក់នៅកណ្តាលពួកគេ ដោយចង់ដឹងច្បាស់ ពីហេតុអ្វីបានជាពួកសាសន៍យូដាចោទប្រកាន់គាត់ដូច្នោះ។
Currently Selected:
កិច្ចការ 22: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.