លោកុប្បត្តិ 20
20
1ឯអ័ប្រាហាំ គាត់ចេញពីទីនោះធ្វើដំណើរទៅឯស្រុកត្បូង គាត់តាំងទីលំនៅត្រង់កេរ៉ា នាកណ្តាលកាដេសនឹងស៊ើរ 2អ័ប្រាហាំក៏និយាយពីសារ៉ាប្រពន្ធគាត់ថាជាប្អូនវិញ រួចអ័ប៊ីម៉្មាឡិចជាស្តេចកេរ៉ាទ្រង់ចាត់គេឲ្យទៅនាំយកសារ៉ាមក 3តែព្រះទ្រង់មកពន្យល់សប្តិប្រាប់អ័ប៊ីម៉្មាឡិចនៅពេលយប់ថា មើល ឯងទុកដូចជាមនុស្សស្លាប់ ដោយព្រោះស្ត្រីដែលឯងបានយកនេះ ពីព្រោះនាងជាប្រពន្ធគេទេ 4តែអ័ប៊ីម៉្មាឡិចមិនបានចូលទៅជិតសារ៉ាសោះ ក៏ទូលសួរថា ឱព្រះអម្ចាស់អើយ តើទ្រង់នឹងបំផ្លាញទាំងនគរសុចរិតដែរឬអី 5តើគាត់មិនបានប្រាប់ទូលបង្គំថា នាងជាប្អូនទេឬអី ហើយនាងក៏និយាយដែរថា គាត់ជាបងខ្ញុំ ដូច្នេះ ទូលបង្គំបានធ្វើការនេះដោយទៀងត្រង់ទេ ហើយដោយដៃស្អាតផង 6ក្នុងសប្តិនោះ ព្រះទ្រង់មានបន្ទូលទៅថា អញដឹងហើយថា ឯងបានធ្វើការនេះដោយទៀងត្រង់ ហើយអញក៏បានឃាត់មិនឲ្យឯងធ្វើបាបនឹងអញដែរ ហេតុនោះបានជាអញមិនបើកឲ្យឯងពាល់នាងឡើយ 7ដូច្នេះ ចូរប្រគល់ប្រពន្ធគេទៅវិញឥឡូវទៅ នោះគាត់នឹងអធិស្ឋានឲ្យឯង ហើយឯងនឹងបានរស់នៅតទៅ ដ្បិតគាត់ជាហោរា បើឯងមិនប្រគល់ទៅវិញទេ នោះត្រូវដឹងថា ឯងនឹងស្លាប់ជាប្រាកដ ទាំងឯង នឹងពួកឯងទាំងអស់ផង។
8អ័ប៊ីម៉្មាឡិចក៏ក្រោកពីព្រលឹម ទៅហៅពួកបំរើទ្រង់ទាំងអស់មក ប្រាប់សេចក្ដីទាំងនោះដល់ត្រចៀកគេ គេក៏មានសេចក្ដីភ័យស្លុតទាំងអស់គ្នា 9រួចអ័ប៊ីម៉្មាឡិចហៅអ័ប្រាហាំមកបន្ទោសថា អ្នកបានធ្វើអ្វីដល់យើងដូច្នេះ តើខ្ញុំបានធ្វើបាបនឹងអ្នកដូចម្តេច បានជាអ្នកនាំឲ្យខ្ញុំ ហើយនឹងនគរខ្ញុំមានបាបជាធ្ងន់ដល់ម៉្លេះ អ្នកបានប្រព្រឹត្តនឹងខ្ញុំចំពោះសេចក្ដីដែលមិនត្រូវប្រព្រឹត្តឡើយ 10អ័ប៊ីម៉្មាឡិចក៏សួរអ័ប្រាហាំថា តើអ្នកឃើញដូចម្តេចបានជាធ្វើដូច្នេះ 11អ័ប្រាហាំទូលថា ពីព្រោះទូលបង្គំនឹកថា ប្រាកដជាគ្មានសេចក្ដីកោតខ្លាចដល់ព្រះនៅទីនេះទេ ហើយថា គេនឹងសំឡាប់ទូលបង្គំចោល ដោយព្រោះប្រពន្ធរបស់ទូលបង្គំនេះ 12មួយទៀត នាងជាប្អូនទូលបង្គំមែន គឺជាកូនរបស់ឪពុកទូលបង្គំ ប៉ុន្តែ មិនមែនជាពោះមួយនឹងគ្នាទេ ហើយទូលបង្គំបានយកធ្វើជាប្រពន្ធទៅ 13កាលព្រះទ្រង់បានធ្វើឲ្យទូលបង្គំដើរចាកចោលផ្ទះឪពុកមក នោះទូលបង្គំបាននិយាយនឹងនាងថា ត្រូវឲ្យឯងអាណិតដល់អញយ៉ាងនេះ គឺនៅកន្លែងណាដែលយើងទៅ នោះត្រូវនិយាយពីអញថាជាបងឯង 14នោះអ័ប៊ីម៉្មាឡិចក៏យកហ្វូងចៀមហ្វូងគោ នឹងបាវប្រុសបាវស្រី ប្រទានដល់អ័ប្រាហាំ ព្រមទាំងប្រគល់សារ៉ា ជាប្រពន្ធ ទៅវិញផង 15រួចអ័ប៊ីម៉្មាឡិចមានបន្ទូលថា មើល ស្រុកខ្ញុំនៅមុខអ្នកស្រាប់ ចូរអ្នកនៅកន្លែងណាដែលអ្នកឃើញថាស្រួលចុះ 16ហើយទ្រង់ក៏មានបន្ទូលទៅសារ៉ាថា មើល អញឲ្យប្រាក់១ពាន់ដល់បងនាង សំរាប់នឹងបាំងភ្នែកនៃអស់អ្នកដែលនៅជាមួយនឹងនាង គឺយ៉ាងនោះដែលបានបន្ទោសដល់សារ៉ា 17នោះអ័ប្រាហាំគាត់អធិស្ឋានដល់ព្រះ ហើយព្រះទ្រង់ក៏ប្រោសអ័ប៊ីម៉្មាឡិចឲ្យបានជា រួចភរិយា នឹងពួកអ្នកម្នាងរបស់ទ្រង់បានកើតកូនទៀត 18ពីព្រោះព្រះយេហូវ៉ាទ្រង់បានបង្ខាំងពោះនៃពួកដំណាក់អ័ប៊ីម៉្មាឡិច ដោយព្រោះសារ៉ាជាប្រពន្ធអ័ប្រាហាំ។
Currently Selected:
លោកុប្បត្តិ 20: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.