លោកុប្បត្តិ 37
37
1ឯយ៉ាកុបគាត់អាស្រ័យនៅក្នុងស្រុកកាណាន ជាស្រុកដែលឪពុកបានស្នាក់នៅ ទុកដូចជាសាសន៍ដទៃ 2នេះជាពង្សាវតារនៃពួកកូនចៅរបស់យ៉ាកុប រីឯយ៉ូសែប កាលមានអាយុ១៧ឆ្នាំ នោះគាត់តែងតែឃ្វាលហ្វូងសត្វជាមួយនឹងពួកបងប្អូន ក្មេងជំទង់នោះក៏នៅជាមួយនឹងពួកកូនប៊ីលហា នឹងកូនស៊ីលផា ជាប្រពន្ធរបស់ឪពុកខ្លួន ហើយគាត់នាំរឿងពីការអាក្រក់របស់គេមកប្រាប់ដល់ឪពុក 3ឯអ៊ីស្រាអែល គាត់ស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់ ពីព្រោះជាកូនដែលកើតមកក្នុងកាលដែលគាត់ចាស់ហើយ គាត់ធ្វើអាវ១ដ៏មានពណ៌ច្រើនឲ្យពាក់ 4បងទាំងប៉ុន្មានក៏ឃើញថា ឪពុកស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់ បានជាគេព្រួតគ្នាស្អប់ដល់គាត់ ហើយនិយាយអ្វីនឹងគាត់ដោយស្រួលពុំបានទេ។
5មានថ្ងៃ១ យ៉ូសែបបានយល់សប្តិ ក៏និយាយសប្តិនោះប្រាប់ដល់ពួកបងៗទាំងប៉ុន្មាន តែនោះគេរឹតតែស្អប់គាត់ជាខ្លាំងទៅទៀត 6គាត់ប្រាប់ថា សូមស្តាប់សប្តិខ្ញុំនេះសិន 7ដ្បិតយើងរាល់គ្នាកំពុងតែចងកណ្តាប់នៅស្រែ នោះកណ្តាប់របស់ខ្ញុំក៏ឈរឡើង ហើយមើល កណ្តាប់របស់អ្នករាល់គ្នាបានមកព័ទ្ធជុំវិញ ហើយក្រាបគោរពចំពោះកណ្តាប់របស់ខ្ញុំ 8ពួកបងៗឆ្លើយឡើងថា បើដូច្នេះ ឯងនឹងគ្រប់គ្រងលើយើងឬ ឯងនឹងធ្វើជាចៅហ្វាយលើយើងមែនឬ ហើយគេក៏ស្អប់គាត់រឹតតែខ្លាំងឡើង ដោយព្រោះសប្តិ នឹងពាក្យសំដីរបស់គាត់។
9គាត់យល់សប្តិឃើញទៀត ហើយក៏ប្រាប់ដល់ពួកបងគាត់ថា ខ្ញុំបានយល់សប្តិឃើញដូច្នេះទៀត គឺថ្ងៃ ខែ នឹងផ្កាយទាំង១១បានក្រាបគោរពដល់ខ្ញុំ 10គាត់ក៏និយាយប្រាប់ដល់ទាំងឪពុក ហើយនឹងពួកបងៗដែរ តែឪពុកបន្ទោសថា ឯងបានយល់សប្តិឃើញអ្វីដូច្នេះ តើត្រូវឲ្យអញ នឹងម្តាយឯង ហើយបងប្អូនទាំងអស់ក្រាបនៅដីគោរពដល់ឯងឬ 11ហើយពួកបងៗក៏ច្រណែននឹងគាត់ តែឪពុកបានកំណត់រឿងនោះទុក។
12ពួកបងគាត់នាំគ្នាទៅឃ្វាលហ្វូងសត្វរបស់ឪពុកនៅឯស៊ីគែម 13ហើយអ៊ីស្រាអែលនិយាយទៅយ៉ូសែបថា ពួកបងឯងបានទៅឃ្វាលសត្វឯស៊ីគែមហើយ ចូរឯងមកណេះ អញនឹងប្រើទៅឯគេ នោះគាត់ឆ្លើយទៅឪពុកថា បាទ 14រួចឪពុកប្រាប់ថា ចូរឯងទៅមើលឥឡូវ តើបងៗរបស់ឯង នឹងហ្វូងសត្វសុខសប្បាយទេឬ រួចសឹមមកប្រាប់ដល់អញវិញ ដូច្នេះឪពុកក៏ចាត់ឲ្យគាត់ចេញពីវាលច្រកហេប្រុនទៅ ហើយគាត់ទៅដល់ស៊ីគែម 15នោះមានមនុស្សម្នាក់ឃើញគាត់ដើរវីមវាមនៅវាល ក៏សួរថា ឯងរកអី 16គាត់ឆ្លើយថា ខ្ញុំរកបងប្អូនខ្ញុំ សូមប្រាប់ឲ្យខ្ញុំដឹងកន្លែងដែលគេឃ្វាលសត្វផង 17អ្នកនោះប្រាប់ថា គេបានចេញពីនេះទៅហើយ អញឮគេថា ចូរយើងទៅឯដូថាន់វិញ នោះយ៉ូសែបក៏ទៅតាម ឃើញនៅឯដូថាន់។
18លុះគេឃើញគាត់ពីចំងាយ នោះគេមត់សំរេចគ្នាថានឹងសំឡាប់គាត់ចោល ក្នុងកាលមុនដែលគាត់ទៅដល់ 19គេនិយាយគ្នាទៅវិញទៅមកថា នុ៎ះន៏ អាមេសប្តិបានមកដល់ហើយ 20ចូរយើងសំឡាប់វាឥឡូវ ទំលាក់ចុះក្នុងអណ្តូងណាមួយទៅ រួចសឹមនិយាយថា មានសត្វសាហាវណាបានហែកវាស៊ីទៅហើយ យើងនឹងមើល តើនឹងមានអ្វីកើតពីសប្តិនោះមក 21ឯរូបេនក៏ឮ ហើយគាត់ខំជួយឲ្យបានរួចពីកណ្តាប់ដៃគេ គាត់និយាយថា កុំឲ្យយើងយកជីវិតវាឡើយ 22រួចរូបេននិយាយទៅគេថា កុំឲ្យកំចាយឈាមអី ឲ្យគ្រាន់តែទំលាក់វាទៅក្នុងអណ្តូងនៅទីរហោស្ថាននេះចុះ កុំឲ្យដាក់ដៃធ្វើវាឡើយ ដោយគំនិតគាត់ប៉ងនឹងជួយ ឲ្យយ៉ូសែបរួចពីកណ្តាប់ដៃរបស់គេ ដើម្បីនឹងបញ្ជូនឲ្យត្រឡប់ទៅឯឪពុកវិញ 23កាលយ៉ូសែបបានមកដល់ពួកបងហើយ នោះគេក៏បកអាវគាត់ចេញ គឺជាអាវមានពណ៌ច្រើនដែលគាត់ពាក់មកនោះឯង 24គេក៏យកគាត់ទៅទំលាក់នៅក្នុងអណ្តូងទៅ ឯអណ្តូងនោះគ្មានទឹកទេ 25រួចគេនាំគ្នាអង្គុយបរិភោគបាយ គេក៏ងើបភ្នែកឡើងឃើញពួកអ៊ីសម៉ាអែល ដែលកំពុងតែមកពីស្រុកកាឡាត មានគ្រឿងម្ហូប ជ័រពិដោរ នឹងជ័រល្វីងទេសផ្ទុកលើសត្វអូដ្ឋរៀងខ្លួន ដើម្បីនាំទៅឯស្រុកអេស៊ីព្ទ 26នោះយូដានិយាយទៅបងប្អូនថា បើយើងសំឡាប់ប្អូនទៅ ហើយលាក់ឈាមវា តើមានកំរៃអី្វ 27ដូច្នេះចូរយើងលក់វាទៅឲ្យពួកអ៊ីសម៉ាអែលវិញ កុំឲ្យយើងពាល់វាឡើយ ដ្បិតវាជាបងប្អូន ជាសាច់ឈាមនឹងយើងដែរ នោះបងប្អូនក៏យល់ព្រមតាម 28ពេលនោះ ពួកសាសន៍ម៉ាឌានជាអ្នកជំនួញនោះក៏មកដល់ រួចពួកបងរបស់យ៉ូសែបនាំគ្នាស្រង់គាត់ឡើងពីអណ្តូងមក ហើយលក់ឲ្យទៅពួកអ៊ីសម៉ាអែលដំឡៃជាប្រាក់២០ដួង ពួកនោះក៏នាំយកគាត់ទៅឯស្រុកអេស៊ីព្ទទៅ។
29រួចមក រូបេនគាត់ត្រឡប់ទៅឯអណ្តូងវិញ តែមើល គ្មានយ៉ូសែបនៅក្នុងអណ្តូងទៀតទេ នោះគាត់ហែកសំលៀកបំពាក់របស់ខ្លួន 30ក៏វិលទៅឯបងប្អូនប្រាប់ថា ក្មេងនោះបាត់ទៅហើយ ចុះឯខ្ញុំ តើនឹងទៅឯណា 31នោះគេក៏សំឡាប់ពពែ១ រួចយកអាវយ៉ូសែបទៅប្រឡាក់នឹងឈាម 32បញ្ជូនអាវច្រើនពណ៌នោះទៅជំរាបដល់ឪពុកថា យើងខ្ញុំបានឃើញអាវនេះ សូមពិនិត្យមើល តើជាអាវរបស់កូនលោកឪពុកឬមិនមែន 33គាត់ក៏ចំណាំស្គាល់អាវនោះ ហើយនិយាយថា គឺជាអាវរបស់កូនអញពិត មុខជាសត្វសាហាវបានហែកវាស៊ីហើយ យ៉ូសែបបានត្រូវហែកខ្ទេចខ្ទីជាប្រាកដ 34នោះយ៉ាកុបក៏ហែកសំលៀកបំពាក់ខ្លួន រួចស្លៀកសំពត់ធ្មៃ ហើយកាន់ទុក្ខកូនជាយូរថ្ងៃ 35ពួកកូនប្រុសកូនស្រីទាំងអស់ក៏ខំជួយរំដោះទុក្ខគាត់ តែគាត់មិនព្រមទេ ដោយថា អញនឹងចុះទៅឯកូនអញនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងកាន់ទុក្ខផង ហើយគាត់ក៏យំសោកនឹងកូន 36ឯពួកម៉ាឌានគេនាំយ៉ូសែបទៅដល់ស្រុកអេស៊ីព្ទ លក់ឲ្យប៉ូទីផារជាមេទ័ពរបស់ផារ៉ោន គឺជាមេក្រុមរក្សាអង្គ។
Currently Selected:
លោកុប្បត្តិ 37: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.