អេសាយ 59
59
1មើល ព្រះហស្តនៃព្រះយេហូវ៉ាមិនមែនរួញខ្លីដែលនឹងជួយសង្គ្រោះមិនបាននោះទេ ព្រះកាណ៌ទ្រង់ក៏មិនបានទៅជាធ្ងន់ ដែលនឹងស្តាប់មិនឮនោះដែរ 2គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នា ដែលបានខណ្ឌជាកណ្តាលឯង ហើយនឹងព្រះនៃឯងទេតើ ហើយអំពើបាបរបស់ឯងរាល់គ្នាបានបាំងព្រះភក្ត្រទ្រង់មិនឲ្យឯងឃើញ ដល់ម៉្លេះបានជាទ្រង់មិនព្រមស្តាប់ទេ 3ដ្បិតដៃរបស់ឯងរាល់គ្នាប្រឡាក់ដោយឈាម ហើយម្រាមដៃដោយអំពើទុច្ចរិតដែរ បបូរមាត់ឯងបានពោលពាក្យកំភូត ហើយអណ្តាតឯងពោលងាំៗចេញជាសេចក្ដីទុច្ចរិត 4គ្មានអ្នកណាមួយហៅរកសេចក្ដីសុចរិត ឬអ្នកណាដែលប្តឹងដោយសេចក្ដីពិតឡើយ គេទុកចិត្តនឹងសេចក្ដីសោះសូន្យ ហើយពោលតែសេចក្ដីភូតភរទទេ គេមានទំងន់ជាគំនិតបៀតបៀន ហើយសំរាលចេញជាអំពើទុច្ចរិត 5គេភ្ញាស់ពងរបស់ពស់វែក ហើយក៏ព័ទ្ធជាមងពីងពាង អ្នកណាដែលស៊ីពងនោះ នោះរមែងស្លាប់ទៅ ហើយពងណាដែលត្រូវជាន់បែក នោះក៏ញាស់ចេញជាពស់វែក 6មងរបស់គេនឹងប្រើធ្វើជាសំលៀកបំពាក់មិនបាន ហើយគេនឹងបិទបាំងខ្លួនដោយការដែលគេធ្វើក៏មិនបានដែរ ការរបស់គេសុទ្ធតែជាអំពើទុច្ចរិតទាំងអស់ ហើយមានអំពើច្រឡោតនៅដៃគេ 7ជើងគេរត់ទៅតាមសេចក្ដីអាក្រក់ គេក៏រហ័សនឹងកំចាយឈាមដែលឥតទោស គំនិតរបស់គេគិតតែពីសេចក្ដីទុច្ចរិតទទេ មានសេចក្ដីវិនាស នឹងសេចក្ដីបំផ្លាញនៅអស់ទាំងផ្លូវរបស់គេដែរ 8គេមិនស្គាល់ផ្លូវនៃសេចក្ដីសុខទេ ហើយសេចក្ដីយុត្តិធម៌ក៏គ្មាននៅក្នុងអស់ទាំងដំណើររបស់គេផង គេបានធ្វើផ្លូវច្រកក្ងិចក្ងក់សំរាប់ខ្លួន ឯអ្នកណាដែលចូលតាមផ្លូវនោះ ជាអ្នកមិនស្គាល់សេចក្ដីសុខឡើយ។
9ហេតុនោះបានជាសេចក្ដីយុត្តិធម៌នៅឆ្ងាយពីយើងខ្ញុំ ឯសេចក្ដីសុចរិតក៏មកតាមយើងខ្ញុំមិនទាន់ផង យើងខ្ញុំរង់ចាំពន្លឺ តែមើល មានសុទ្ធតែងងឹតទទេ ក៏ចាំឲ្យស្វាងឡើង តែយើងខ្ញុំដើរក្នុងសេចក្ដីសូន្យសុងវិញ 10យើងខ្ញុំស្រវារាវរកកំផែងដូចជាមនុស្សខ្វាក់ អើ ស្រវារាវរកដូចជាមនុស្សដែលគ្មានភ្នែកសោះ យើងខ្ញុំចំពប់នៅពេលថ្ងៃត្រង់ ដូចជានៅពេលព្រលប់ដែរ ក៏ប្រៀបដូចជាមនុស្សស្លាប់នៅកណ្តាលទីសាបសូន្យ 11យើងខ្ញុំគ្រហឹមទាំងអស់គ្នា ដូចជាខ្លាឃ្មុំ ហើយថ្ងូរជាខ្លាំង ដូចជាព្រាប យើងខ្ញុំរង់ចាំសេចក្ដីយុត្តិធម៌ តែគ្មានសោះ ក៏រង់ចាំសេចក្ដីសង្គ្រោះ តែសេចក្ដីនោះនៅឆ្ងាយពីយើងខ្ញុំទេ 12ដ្បិតអំពើរំលងរបស់យើងខ្ញុំ បានចំរើនជាច្រើនឡើងនៅចំពោះទ្រង់ ឯចំណែកអំពើបាបរបស់យើងខ្ញុំ ក៏ធ្វើបន្ទាល់ទាស់នឹងយើងខ្ញុំដែរ ពីព្រោះអំពើរំលងរបស់យើងខ្ញុំនៅជាប់នឹងយើងខ្ញុំ ឯអំពើទុច្ចរិតរបស់យើងខ្ញុំ នោះយើងខ្ញុំក៏ស្គាល់ទាំងអស់ហើយ 13គឺយើងខ្ញុំតែងតែប្រព្រឹត្តរំលង ហើយមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ា ក៏បែរចេញលែងតាមព្រះនៃយើងខ្ញុំ ហើយពោលតែពីការសង្កត់សង្កិន នឹងការបះបោរ ព្រមទាំងគិតបង្កើត ហើយពោលពាក្យភូតភរចេញពីចិត្តមក 14ឯសេចក្ដីយុត្តិធម៌ បានត្រឡប់ថយចេញទៅ ហើយសេចក្ដីសុចរិតក៏ឈរនៅទីឆ្ងាយ ដ្បិតសេចក្ដីពិតបានដួលនៅកណ្តាលផ្លូវ ហើយសេចក្ដីទៀងត្រង់ចូលមកមិនបាន 15អើ សេចក្ដីពិតក៏គ្មានដែរ ហើយអ្នកណាដែលលែងប្រព្រឹត្តអំពើអាក្រក់ នោះសុខចិត្តធ្វើជារំពាដល់គេហើយ។
ព្រះយេហូវ៉ាក៏ទតឃើញហើយ ឯការដែលឥតមានសេចក្ដីយុត្តិធម៌ដូច្នេះក៏អាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា 16ទ្រង់ឃើញថា ឥតមានអ្នកណាមួយឡើយ ហើយក៏នឹកប្លែកពីការដែលឥតមានអ្នកណា សំរាប់ជួយអង្វរជំនួសគេ ដូច្នេះ ព្រះពាហុរបស់ទ្រង់បាននាំយកសេចក្ដីសង្គ្រោះមកឯទ្រង់ ហើយសេចក្ដីសុចរិតរបស់ទ្រង់ក៏ទប់ទល់ទ្រង់ 17ទ្រង់បានប្រដាប់អង្គដោយសេចក្ដីសុចរិត ទុកជាអាវក្រោះ ហើយសេចក្ដីសង្គ្រោះនៅលើព្រះសិរទុកជាមួកសឹក ក៏ទ្រង់ព្រះពស្ត្រដោយសេចក្ដីសងសឹក នឹងសេចក្ដីខ្មីឃ្មាត ទុកជាព្រះភូសាគ្រលុំអង្គ 18ទ្រង់នឹងសងដល់គេ តាមអំពើដែលគេបានប្រព្រឹត្ត គឺជាសេចក្ដីក្រោធដល់ពួកទាស់ទទឹងនឹងទ្រង់ ហើយជាសំណង តបដល់ពួកខ្មាំងសត្រូវ ទ្រង់នឹងសងដល់អស់ទាំងស្រុកក្បែរសមុទ្រ យ៉ាងនោះដែរ 19យ៉ាងនោះគេនឹងកោតខ្លាច ដល់ព្រះនាមនៃព្រះយេហូវ៉ាចាប់តាំងពីទិសខាងលិច ហើយដល់សិរីល្អនៃទ្រង់ ចាប់តាំងពីទិសខាងថ្ងៃរះ កាលណាខ្មាំងនឹងចូលមកដូចជាទឹកជន់ នោះព្រះវិញ្ញាណនៃព្រះយេហូវ៉ានឹងលើកទង់ជ័យឡើងទាស់នឹងវា 20ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នឹងមានអ្នកដ៏ជួយប្រោសលោះមកឯក្រុងស៊ីយ៉ូន ហើយដល់ពួកអ្នកក្នុងពូជពង្សយ៉ាកុប ដែលលះលែងពីអំពើរំលង 21ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯអញ នេះឯងជាសេចក្ដីសញ្ញាដែលអញបានតាំងនឹងគេ គឺថាវិញ្ញាណរបស់អញដែលសណ្ឋិតនៅលើឯង ហើយពាក្យអញដែលអញបានដាក់នៅក្នុងមាត់ឯង នោះនឹងមិនដែលឃ្លាតចេញពីមាត់ឯង ឬពីមាត់នៃពូជពង្សរបស់ឯង ឬពីមាត់នៃកូនចៅគេ ចាប់តាំងពីឥឡូវនេះដរាបដល់អស់កល្បរៀងទៅ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
Currently Selected:
អេសាយ 59: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.