អេសាយ 60
60
1ចូរក្រោកឡើង ហើយភ្លឺមកចុះ ដ្បិតពន្លឺរបស់ឯងបានមកដល់ហើយ សិរីល្អនៃព្រះយេហូវ៉ាក៏បានរះឡើងដល់ឯងដែរ 2ដ្បិតមើល សេចក្ដីងងឹតនឹងគ្របលើផែនដី ហើយសេចក្ដីសូន្យសុងនឹងគ្របលើអស់ទាំងជនជាតិ តែព្រះយេហូវ៉ាទ្រង់នឹងរះឡើងភ្លឺដល់ឯង ហើយគេនឹងឃើញសិរីល្អនៃទ្រង់ស្ថិតលើឯង 3អស់ទាំងសាសន៍នឹងមូលគ្នាមកឯពន្លឺរបស់ឯង ហើយស្តេចទាំងប៉ុន្មាននឹងមកឯរស្មីដែលភ្លឺចេញពីឯង ក្នុងកាលដែលឯងរះឡើង 4ចូរងើបភ្នែកឯងមើលជុំវិញ គេមូលគ្នាមកឯឯង ទាំងអស់ហើយ ពួកកូនប្រុសៗរបស់ឯងនឹងមកពីឆ្ងាយ ហើយនឹងមានគេបីពួកកូនស្រីៗនៃឯងមកដែរ 5នោះឯងនឹងឃើញ ហើយនឹងមានសេចក្ដីរីករាយ ចិត្តឯងនឹងខ្លាច ហើយរីកធំឡើង ពីព្រោះសេចក្ដីបរិបូរនៃសមុទ្រ នឹងត្រូវបង្វែរមកឯឯងវិញ ហើយអស់ទាំងរបស់ទ្រព្យនៃសាសន៍ផ្សេងៗ នឹងមកឯឯង 6ឯងនឹងមានពេញដោយសត្វអូដ្ឋយ៉ាងសន្ធឹក គឺជាអូដ្ឋស្ទាវរបស់ពួកម៉ាឌាន នឹងពួកអេផា ហើយទាំងអស់ដែលនៅស្រុកសេបានឹងមកដែរ ព្រមទាំងដឹកយកមាស នឹងកំញានមក ហើយនឹងប្រកាសប្រាប់ពីសេចក្ដីសរសើររបស់ព្រះយេហូវ៉ា 7អស់ទាំងហ្វូងចៀមរបស់ស្រុកកេដារ នឹងមូលគ្នាមកឯឯង ពួកចៀមឈ្មោលរបស់ស្រុកនេបាយ៉ូតនឹងគោរពដល់ឯង វាទាំងឡាយនឹងឡើងមកលើអាសនាអញ ដោយស្ម័គ្រពីចិត្ត ហើយអញនឹងលើកដំកើងវិហារនៃសិរីល្អរបស់អញ 8តើពួកណាហ្ន៎ ដែលរសាត់មកដូចជាពពក ហើយហើរមកឯបង្អួចរបស់ខ្លួនគ្រប់គ្នា ដូចជាព្រាបនោះ 9ពិតប្រាកដជាអស់ទាំងកោះនឹងរង់ចាំអញ ហើយនាវាពីស្រុកតើស៊ីសនឹងមកមុនគេ ដើម្បីនឹងនាំពួកកូនប្រុសៗរបស់ឯងមកពីស្រុកឆ្ងាយ មានទាំងមាសប្រាក់របស់គេមកជាមួយផង ដោយព្រោះព្រះនាមព្រះយេហូវ៉ាជាព្រះនៃឯង ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដ្បិតទ្រង់បានលើកដំកើងឯងឡើង។
10ពួកសាសន៍ដទៃនឹងសង់កំផែងឯងឡើង ហើយស្តេចទាំងប៉ុន្មាននឹងគោរពដល់ឯង ដ្បិតទោះបើអញបានវាយឯងក្នុងពេលដែលមានសេចក្ដីក្រោធក៏ដោយ គង់តែអញបានអាណិតដល់ឯង ក្នុងគ្រាដែលផ្តល់ព្រះគុណវិញ 11ទ្វារកំផែងរបស់ឯងនឹងនៅចំហជានិច្ច ឥតដែលបិទទាំងយប់ទាំងថ្ងៃឡើយ ដើម្បីឲ្យមនុស្សបាននាំយកទ្រព្យសម្បត្តិរបស់សាសន៍ទាំងប៉ុន្មានមកឯឯង ព្រមទាំងដឹកនាំស្តេចរបស់គេមកជាឈ្លើយផង 12ដ្បិតសាសន៍ណា នឹងនគរណាដែលមិនព្រមគោរពដល់ឯង នោះនឹងត្រូវវិនាស អើ សាសន៍ទាំងនោះនឹងត្រូវសាបសូន្យបាត់ទៅអស់រលីង 13សេចក្ដីលំអនៃព្រៃល្បាណូននឹងមកឯឯង គឺជាឈើកកោះ ឈើស្រល់ នឹងឈើស្រឡៅផង ដើម្បីនឹងតុបតែងកន្លែងនៃទីបរិសុទ្ធរបស់អញ ហើយអញនឹងធ្វើឲ្យទីនៃជើងអញបានរុងរឿងឧត្តម 14ពួកកូនចៅរបស់អ្នកដែលបានសង្កត់សង្កិនឯង គេនឹងមកទាំងឱនក្រាបនៅចំពោះឯង ហើយអស់អ្នកណាដែលធ្លាប់មើលងាយឯង គេនឹងក្រាបចុះនៅទៀបបាទជើងឯង គេនឹងហៅឯងថា ជាទីក្រុងរបស់ព្រះយេហូវ៉ា គឺជាក្រុងស៊ីយ៉ូនរបស់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល។
15ទោះបើឯងបានត្រូវចោលស្ងាត់ ហើយត្រូវគេស្អប់ ដល់ម៉្លេះបានជាគ្មានមនុស្សណាដើរកាត់ឯងឡើយ គង់តែអញនឹងធ្វើឲ្យឯងបានជាទីប្រសើរ នៅអស់កល្បជានិច្ចវិញ ជាទីអំណរដល់ច្រើនដំណតទៅ 16ឯងនឹងបានបឺតជញ្ជក់ទឹកដោះនៃអស់ទាំងសាសន៍ ហើយនឹងបឺតដោះនៃពួកស្តេចដែរ នោះឯងនឹងដឹងថា អញនេះគឺយេហូវ៉ាជាព្រះដ៏ជួយសង្គ្រោះឯង ហើយជាព្រះដ៏ប្រោសលោះឯង គឺជាព្រះដ៏មានព្រះចេស្តានៃយ៉ាកុប 17អញនឹងនាំមាសមកឲ្យជំនួសលង្ហិន ប្រាក់ឲ្យជំនួសដែក លង្ហិនឲ្យជំនួសឈើ ហើយដែកឲ្យជំនួសថ្មផង អញនឹងយកសេចក្ដីសុខធ្វើជារដ្ឋបាលឯង ហើយឲ្យសេចក្ដីសុចរិតជាអ្នកគ្រប់គ្រងលើឯងផង 18នៅក្នុងស្រុកឯងនឹងមិនដែលឮនិយាយពីសេចក្ដីច្រឡោតទៀត ឬពីការរឹបជាន់ ឬពីការបំផ្លាញនៅក្នុងព្រំដែនឯងឡើយ គឺឯងនឹងហៅកំផែងឯងថា«សេចក្ដីសង្គ្រោះ» ហើយទ្វារឯងថា«សេចក្ដីសរសើរ» 19គ្រានោះព្រះអាទិត្យនឹងលែងធ្វើជាពន្លឺដល់ឯងនៅពេលថ្ងៃ ឯព្រះចន្ទក៏នឹងលែងបានសំរាប់ជាពន្លឺដល់ឯងតទៅ គឺព្រះយេហូវ៉ា ទ្រង់នឹងជាពន្លឺដ៏នៅអស់កល្បជានិច្ចដល់ឯងវិញ ហើយព្រះនៃឯងនឹងជាសិរីល្អដល់ឯងដែរ 20ព្រះអាទិត្យរបស់ឯងនឹងលែងលិច ហើយព្រះចន្ទរបស់ឯងនឹងមិនជ្រេទៀតឡើយ ពីព្រោះព្រះយេហូវ៉ានឹងជាពន្លឺដ៏នៅអស់កល្បជានិច្ចដល់ឯង ហើយគ្រានៃសេចក្ដីសោកសៅរបស់ឯងនឹងផុតទៅ 21ពួកអ្នកនៅក្នុងឯងនឹងបានជាមនុស្សសុចរិតទាំងអស់ គេនឹងគ្រងបានស្រុកជាមរដកនៅជាដរាប គេជាមែកដែលអញបានផ្សាំ ជាការដែលដៃអញបានធ្វើ ដើម្បីឲ្យអញបានដំកើងឡើង 22អ្នកតូចបំផុតនឹងត្រឡប់ជាមនុស្ស១ពាន់ ហើយពួកមានគ្នាតិច នឹងត្រឡប់ទៅជាសាសន៍១យ៉ាងពូកែ អញនេះគឺព្រះយេហូវ៉ា អញនឹងបញ្ជឿនឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់។
Currently Selected:
អេសាយ 60: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.