YouVersion Logo
Search Icon

អេសាយ 62

62
1ដោយ​យល់​ដល់​ក្រុង​ស៊ីយ៉ូន នោះ​អញ​មិន​ព្រម​អត់​ធ្មត់​ទេ ហើយ​ដោយ​យល់​ដល់​ក្រុង​យេរូ‌សាឡិម នោះ​អញ​មិន​ព្រម​បង្អង់​ឡើយ ទាល់​តែ​សេចក្ដី​សុចរិត​របស់​ក្រុង​នោះ​បាន​ភ្លឺ​ចេញ​មក ដូច​ជា​រស្មី​នៃ​ពន្លឺ ហើយ​សេចក្ដី​សង្គ្រោះ​របស់​គេ​បាន​ដូច​ជា​ចង្កៀង​ដែល​ឆេះ 2នោះ​អស់​ទាំង​សាសន៍​នឹង​ឃើញ​សេចក្ដី​សុចរិត​របស់​ឯង ហើយ​ស្ដេច​ទាំង‌ឡាយ​នឹង​ឃើញ​សិរី‌ល្អ​របស់​ឯង​ដែរ ឯង​នឹង​មាន​ឈ្មោះ​ថ្មី ជា​ឈ្មោះ​ដែល​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​នឹង​សំរេច​ឲ្យ 3ឯង​នឹង​ជា​មកុដ​ដ៏​រុងរឿង​នៅ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ហើយ​ជា​ព្រះ‌មាលា‌រាជ្យ​នៅ​ព្រះ‌ហស្ត​របស់​ព្រះ​នៃ​ឯង 4ឯង​មិន​ត្រូវ​គេ​ហៅ​ថា ទី​ក្រុង​ចោល​បង់ ហើយ​ដី​ឯង​ក៏​មិន​ត្រូវ​ហៅ​ថា ទី​ស្ងាត់‌ជ្រងំ ទៀត​ឡើយ គឺ​ឯង​នឹង​ត្រូវ​ហៅ​ថា «ទី​ស្រឡាញ់» ហើយ​ដី​របស់​ឯង​ថា​ជា​អ្នក​មាន​ប្ដី​វិញ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ឯង ហើយ​ដី​ឯង​នឹង​បាន​រៀប​ការ 5ដ្បិត​ដែល​មនុស្ស​កំឡោះ​យក​ស្រី​ក្រមុំ​ធ្វើ​ជា​ប្រពន្ធ​យ៉ាង​ណា នោះ​ពួក​កូន​ប្រុសៗ​របស់​ឯង​នឹង​មក​រួម​នឹង​ឯង​យ៉ាង​នោះ​ដែរ ហើយ​ដែល​ប្ដី​ថ្មោង‌ថ្មី​មាន​ចិត្ត​រីក‌រាយ​ចំពោះ​ប្រពន្ធ​យ៉ាង​ណា នោះ​ព្រះ​នៃ​ឯង​នឹង​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ឯង​យ៉ាង​នោះ​ដែរ។
6ឱ​ក្រុង​យេរូ‌សាឡិម​អើយ អញ​បាន​ដាក់​ពួក​យាម​ល្បាត​នៅ​លើ​កំផែង​ឯង​ហើយ គេ​នឹង​មិន​នៅ​មាត់​ស្ងៀម ទោះ​យប់ឬ​ថ្ងៃ​ផង ឯង​រាល់​គ្នា​ដែល​ជា​អ្នក​រំឭក​ព្រះ‌យេហូវ៉ា​អើយ កុំ​ឲ្យ​នៅ​ស្ងៀម​ឡើយ 7ហើយ​កុំ​ឲ្យ​ទ្រង់​នៅ​ទំនេរ​ឲ្យ​សោះ ដរាប​ដល់​ទ្រង់​បាន​តាំង​ក្រុង​យេរូ‌សាឡិម​ឡើង ឲ្យ​ជា​ទី​សរសើរ​នៅ​លើ​ផែនដី 8ព្រះ‌យេហូវ៉ា ទ្រង់​បាន​ស្បថ​ដោយ​ព្រះ‌ហស្ត​ស្តាំ​ទ្រង់ ហើយ​ដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់​ថា ពិត​ប្រាកដ​ជា​អញ​នឹង​មិន​ឲ្យ​ស្រូវ​របស់​ឯង​ទៅ​ធ្វើ​ជា​អាហារ​ដល់​ពួក​ខ្មាំង​សត្រូវ​ឯង​ទៀត ហើយ​ពួក​សាសន៍​ដទៃ​នឹង​មិន​ផឹក​ទឹក​ទំពាំង‌បាយ‌ជូរ ដែល​ឯង​បាន​ខំ​ធ្វើ​ទៀត​ឡើយ 9គឺ​ពួក​អ្នក​ដែល​បាន​ច្រូត​ផល​នោះ​នឹង​ស៊ី​វិញ ហើយ​គេ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ឯ​ពួក​អ្នក​ដែល​បាន​ប្រមូល​ផ្លែ​នោះ គេ​នឹង​ផឹក​នៅ​ក្នុង​ទីលាន​នៃ​ទី​បរិសុទ្ធ​របស់​អញ។
10ចូរ​ចូល​ទៅ ចូរ​ចូល​ទៅ​តាម​ទ្វារ​ចុះ ចូរ​រៀប​ផ្លូវ​សំរាប់​ប្រជា‌ជន ចូរ​លើក ចូរ​លើក​ថ្នល់​ឡើង ចូរ​ប្រមូល​យក​ថ្ម​ចេញ ហើយ​បង្ហូត​ទង់‌ជ័យ​១​សំរាប់​ជន‌ជាតិ​ទាំង‌ឡាយ 11មើល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រកាស​ប្រាប់​រហូត​ដល់​ចុង​ផែនដី​បំផុត ឲ្យ​ប្រាប់​ដល់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល សេចក្ដី​សង្គ្រោះ​របស់​ឯង​បាន​មក​ដល់​ហើយ មើល ទ្រង់​យក​រង្វាន់​មក​ជា​មួយ ហើយ​សំណង​របស់​ទ្រង់​ក៏​នាំ​មុខ​ទៅ 12គេ​នឹង​ហៅ​ពួក​នោះ​ថា ជា​ជន‌ជាតិ​បរិសុទ្ធ គឺ​ជា​ពួក​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​លោះ នោះ​ឯង​នឹង​បាន​ហៅ​ថា ទី​ក្រុង​ដែល​គេ​ស្វែង​រក ជា​ទី​ក្រុង​ដែល​មិន​ត្រូវ​បង់​ចោល​ឡើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for អេសាយ 62