យេរេមា 15
15
1លំដាប់នោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា ទោះបើមានម៉ូសេ ឬសាំយូអែលឈរ នៅមុខអញក៏ដោយ គង់តែចិត្តអញមិនបែរទៅឯជនជាតិនេះវិញឡើយ ចូរបោះគេឲ្យផុតពីភ្នែកអញចេញ ហើយឲ្យគេចេញទៅចុះ 2បើកាលណាគេសួរឯងថា តើឲ្យយើងចេញទៅឯណា នោះចូរឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ឯពួកណាដែលសំរាប់ស្លាប់ នោះត្រូវចេញទៅស្លាប់ចុះ ហើយពួកណាដែលសំរាប់ដាវ ឲ្យគេទៅឯដាវទៅ នឹងពួកណាដែលសំរាប់អំណត់អត់ ឲ្យគេអត់ឃ្លានចុះ ឯពួកណាដែលសំរាប់ដឹកទៅជាឈ្លើយ នោះឲ្យគេទៅជាឈ្លើយដែរ 3ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងដំរូវឲ្យមាន៤មុខកើតឡើងដល់គេ គឺដាវសំរាប់កាប់សំឡាប់១ ឆ្កែសំរាប់ហែកស៊ី១ នឹងសត្វហើរលើអាកាស១ ហើយសត្វព្រៃនៅផែនដីសំរាប់ជញ្ជែងស៊ី ហើយបំផ្លាញផង 4អញនឹងធ្វើឲ្យគេត្រូវបោះទៅមកនាកណ្តាលអស់ទាំងសាសន៍នៅផែនដី ដោយព្រោះម៉ាន៉ាសេ ជាបុត្រាហេសេគា ស្តេចស្រុកយូដា នឹងការដែលទ្រង់បានប្រព្រឹត្តនៅក្រុងយេរូសាឡិម។
5ឱក្រុងយេរូសាឡិមអើយ តើអ្នកណានឹងអាណិតប្រណីដល់ឯង ឬអ្នកណានឹងសោកស្តាយឯង តើអ្នកណានឹងបែរមកសួរពីសេចក្ដីសុខទុក្ខរបស់ឯង 6ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឯងបានបោះបង់ចោលអញហើយ ឯងបានរាថយចេញ ហេតុនោះបានជាអញលូកដៃទៅទាស់នឹងឯង ហើយបំផ្លាញឯងបង់ អញណាយចិត្តហើយ ដោយការផ្លាស់ប្រែគំនិត 7អញបានអុំគេ ដោយចង្អេរនៅត្រង់ទ្វារក្រុងក្នុងស្រុក អញបានធ្វើឲ្យបាត់បង់កូនអស់ទៅ គឺអញបានបំផ្លាញរាស្ត្រអញហើយ ព្រោះគេមិនបានបែរត្រឡប់មកពីផ្លូវរបស់គេទេ 8ស្រីមេម៉ាយរបស់គេបានចំរើនជាច្រើនឡើងនៅមុខអញ លើសជាងខ្សាច់នៅមាត់សមុទ្រទៅទៀត អញបាននាំអ្នកបំផ្លាញម្នាក់មកលើម្តាយរបស់ពួកកំឡោះៗទាំងថ្ងៃត្រង់ អញបានបណ្តាលឲ្យមានសេចក្ដីទុក្ខព្រួយ នឹងសេចក្ដីស្ញែងខ្លាចលោមកលើគេភ្លាម 9ស្ត្រីណាដែលបានបង្កើតកូន៧នាក់ក៏ល្វើយទៅ រួចប្លុងវិញ្ញាណចេញ ពន្លឺរបស់នាងបានលិចទៅ ក្នុងកាលដែលនៅថ្ងៃនៅឡើយ នាងបានត្រូវអៀនខ្មាស ហើយជ្រប់មុខទៅ ឯពួកដែលសល់នៅ នោះអញនឹងប្រគល់ដល់ដាវនៅមុខពួកខ្មាំងសត្រូវរបស់គេ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
10ម៉ែអើយ វរហើយខ្ញុំ ដ្បិតម៉ែបានបង្កើតខ្ញុំមកជាមនុស្សទទឹងទាស់ ហើយជជែកបន្ទោសដល់លោកីយទាំងមូល ខ្ញុំមិនបានឲ្យអ្នកណាខ្ចី ក៏មិនបានខ្ចីពីគេផងដែរ ប៉ុន្តែគេប្រទេចផ្តាសាខ្ញុំគ្រប់គ្នា 11ព្រះយេហូវ៉ាទ្រង់មានបន្ទូលតបថា ពិតប្រាកដជាអញនឹងចំរើនកំឡាំងឯង ឲ្យបានសេចក្ដីល្អទៅមុខ ពិតប្រាកដជាអញនឹងបណ្តាលឲ្យពួកខ្មាំងសត្រូវមកអង្វរដល់ឯងក្នុងគ្រាអាក្រក់ ហើយក្នុងគ្រាវេទនា។
12តើដែកអាចនឹងបំបាក់បំបែកដែកពីស្រុកខាងជើង ហើយនឹងលង្ហិនបានឬទេ 13ឯធនធាននឹងទ្រព្យសម្បត្តិរបស់ឯង អញនឹងឲ្យដល់គេទុកជារបឹបដោយឥតថ្លៃ គឺដោយព្រោះអស់ទាំងអំពើបាបរបស់ឯង នៅគ្រប់ទាំងព្រំដែនរបស់ឯង 14អញនឹងឲ្យឯងឆ្លងទៅជាមួយនឹងពួកខ្មាំងសត្រូវឯង ដល់ស្រុក១ដែលឯងមិនស្គាល់ ដ្បិតមានភ្លើងកាត់ឡើងក្នុងសេចក្ដីកំហឹងរបស់អញ ភ្លើងនោះនឹងឆេះដល់ឯងរាល់គ្នា។
15ឱព្រះយេហូវ៉ាអើយ ទ្រង់ជ្រាបហើយ សូមទ្រង់នឹកចាំពីទូលបង្គំ ហើយប្រោសទូលបង្គំផង សូមសងសឹកនឹងពួកអ្នកដែលបៀតបៀនទូលបង្គំ សូមកុំដកទូលបង្គំចេញ ដោយទ្រង់ត្រូវរងទ្រាំជាយូរនោះឡើយ សូមជ្រាបថា ទូលបង្គំរងទ្រាំសេចក្ដីដំនៀល ដោយយល់ដល់ទ្រង់ 16ទូលបង្គំបានឃើញព្រះបន្ទូលទ្រង់ ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ ព្រះបន្ទូលរបស់ទ្រង់ជាសេចក្ដីអំណរ ហើយជាទីរីករាយចិត្តដល់ទូលបង្គំ ដ្បិតឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ ទូលបង្គំបានហៅតាមព្រះនាមទ្រង់ 17ទូលបង្គំមិនបានអង្គុយក្នុងចំណោមនៃពួកអ្នកដែលលេងសប្បាយ ហើយលោតកញ្ឆេងនោះឡើយ គឺទូលបង្គំបានអង្គុយតែឯង ដោយព្រោះព្រះហស្តទ្រង់ ដ្បិតទ្រង់បានឲ្យទូលបង្គំមានពេញដោយសេចក្ដីគ្នាន់ក្នាញ់ 18ហេតុអ្វីបានជាទូលបង្គំមានសេចក្ដីទុក្ខព្រួយ នៅជានិច្ច ហើយរបួសទូលបង្គំមើលមិនជា ក៏មិនព្រមសះសោះដូច្នេះ តើទ្រង់នឹងបានដូចជាសេចក្ដីបញ្ឆោត ដល់ទូលបង្គំជាពិត គឺដូចជាទឹកដែលមិនទៀងឬ។
19ហេតុនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា បើឯងនឹងវិលមកវិញ នោះអញនឹងនាំឯងទៀត ដើម្បីឲ្យឯងបានឈរនៅមុខអញ ហើយបើឯងនឹងញែករបស់ថ្លៃវិសេសចេញពីរបស់ស្មោកគ្រោក នោះឯងនឹងបានដូចជាមាត់អញ គេនឹងវិលមកឯឯងវិញ តែឯងមិនត្រូវត្រឡប់ទៅឯគេទេ 20អញនឹងធ្វើឲ្យឯងជាកំផែងលង្ហិន មានគ្រឿងសស្ត្រាវុធដល់ជនជាតិនេះ គេនឹងច្បាំងនឹងឯង តែមិនអាចនឹងឈ្នះបានទេ ដ្បិតអញនៅជាមួយនឹងឯង ដើម្បីនឹងជួយសង្គ្រោះ ហើយប្រោសឯងឲ្យរួច នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា 21អញនឹងជួយឲ្យឯងរួចពីកណ្តាប់ដៃនៃមនុស្សអាក្រក់ ហើយនឹងលោះឯងចេញពីកណ្តាប់ដៃនៃមនុស្សដែលគួរស្ញែងខ្លាច។
Currently Selected:
យេរេមា 15: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.