YouVersion Logo
Search Icon

យេរេ‌មា 16

16
1ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ទៀត​ថា 2មិន​ត្រូវ​ឲ្យ​ឯង​យក​ប្រពន្ធ ឬ​បង្កើត​កូន​ប្រុស​កូន​ស្រី​នៅ​ទី​នេះ​ទេ 3ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​កូន​ប្រុស​កូន​ស្រី​ដែល​កើត​នៅ​ទី​នេះ ហើយ​ពី​ម្តាយ​ដែល​សំរាល​វា​មក នឹង​ពី​ឪពុក​ដែល​បង្កើត​វា​នៅ​ស្រុក​នេះ​ដូច្នេះ​ថា 4គេ​នឹង​ស្លាប់​ដោយ​លំបាក​ណាស់ ឥត​មាន​អ្នក​ណា​យំ​សោក​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​កប់​ខ្មោច​គេ​ដែរ គឺ​គេ​នឹង​បាន​ដូច​ជា​ជី​នៅ​ដី​វិញ គេ​នឹង​ត្រូវ​វិនាស​បង់​ដោយ​ដាវ នឹង​សេចក្ដី​អំណត់‌អត់ ហើយ​ខ្មោច​គេ​នឹង​បាន​សំរាប់​ជា​អាហារ ដល់​សត្វ​ហើរ​លើ​អាកាស នឹង​ដល់​សត្វ​ព្រៃ​នៅ​ផែនដី។
5ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​កាន់​ទុក្ខ ក៏​កុំ​ឲ្យ​ទៅ​យំ​សោក ឬ​ទួញ​ទំនួញ​ព្រោះ​គេ​ឡើយ ដ្បិត​អញ​បាន​ដក​សេចក្ដី​សុខ​របស់​អញ គឺ​ជា​សេចក្ដី​សប្បុរស នឹង​សេចក្ដី​អាណិត‌អាសូរ ចេញ​ពី​ជន‌ជាតិ​នេះ​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា 6មនុស្ស​ទាំង​អស់ ទាំង​ធំ​ទាំង​តូច នឹង​ត្រូវ​ស្លាប់​នៅ​ស្រុក​នេះ ឥត​មាន​អ្នក​ណា​កប់​ខ្មោច​គេ​ឡើយ មនុស្ស​ក៏​នឹង​មិន​យំ​សោក ឬ​ឆូត​សាច់ ឬ​កោរ​សក់​ដោយ​ព្រោះ​គេ​ដែរ 7នឹង​គ្មាន​អ្នក​ណា​កាច់​នំបុ័ង​ក្នុង​ការ​សោយ​សោក​នោះ ដើម្បី​នឹង​កំសាន្ត​ចិត្ត​ពី​ដំណើរ​អ្នក​ដែល​ស្លាប់​សោះ ក៏​នឹង​គ្មាន​អ្នក​ណា​ជូន​ពែង​រំដោះ​ទុក្ខ​ដល់​គេ ដោយ​ព្រោះ​ឪពុក ឬ​ម្តាយ​គេ​ផង 8ឯ​ផ្ទះ​ដែល​គេ​កំពុង​ស៊ី‌លៀង នោះ​មិន​ត្រូវ​ឲ្យ​ឯង​ចូល​ទៅ​អង្គុយ​ស៊ី​ផឹក​ជា​មួយ​នឹង​គេ​ដែរ 9ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល នៅ​គ្រា​អាយុ​ឯង ហើយ​នៅ​ចំពោះ​ភ្នែក​ឯង នោះ​អញ​នឹង​ធ្វើ​ឲ្យ​សំឡេង​រីក‌រាយ នឹង​សំឡេង​អរ​សប្បាយ​ព្រម​ទាំង​សំឡេង​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី​បាត់​ចេញ​ពី​ទី​នេះ​ទៅ។
10លុះ​កាល​ណា​ឯង​បាន​ប្រាប់​ពាក្យ​ទាំង​នេះ ដល់​ជន‌ជាតិ​នេះ​រួច​ជា​ស្រេច ហើយ​គេ​សួរ​ឯង​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ពី​គ្រប់​ទាំង​ការ​អាក្រក់​យ៉ាង​ធំ​នេះ​ទាស់​នឹង​យើង​ដូច្នេះ​តើ​យើង​មាន​សេចក្ដី​ទុច្ចរិត​ណា ឬ​បាន​ប្រព្រឹត្ត​អំពើ​បាប​យ៉ាង​ណា ទាស់​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង 11នោះ​ឯង​ត្រូវ​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គឺ​ដោយ​ព្រោះ​ពួក​ព្ធយុ‌កោ​របស់​ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​អញ ទៅ​តាម​ព្រះ​ដទៃ ព្រម​ទាំង​គោរព ហើយ​ថ្វាយ‌បង្គំ​ដល់​វា​ផង គេ​បាន​បោះ‌បង់​ចោល​អញ ឥត​ដែល​រក្សា​ច្បាប់​អញ​ឡើយ 12ហើយ​ចំណែក​ឯង​រាល់​គ្នា​នោះ​បាន​ប្រព្រឹត្ត​អាក្រក់ លើស​ជាង​ពួក​ព្ធយុ‌កោ​ឯង​ទៅ​ទៀត ដ្បិត​មើល ឯង​រាល់​គ្នា​ប្រព្រឹត្ត​តាម​តែ​សេចក្ដី​រឹង‌ចចេស នៅ​ក្នុង​ចិត្ត​អាក្រក់​របស់​ឯង​រៀង​ខ្លួន ដល់‌ម៉្លេះ​បាន​ជា​មិន​ព្រម​ស្តាប់​តាម​អញ​សោះ 13ហេតុ​នោះអញ​នឹង​បោះ​ឯង​រាល់​គ្នា​ចោល​ចេញ​ពី​ស្រុក​នេះ ឲ្យ​ទៅ​នៅ​ឯ​ស្រុក​១​ដែល​ឯង ឬ​ពួក​ព្ធយុ‌កោ​ឯង​មិន​បាន​ស្គាល់​ឡើយ ហើយ​នៅ​ទី​នោះ ឯង​រាល់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​ទាំង​យប់​ទាំង​ថ្ងៃ ពី​ព្រោះ​អញ​នឹង​មិន​អាណិត​ដល់​ឯង​ទេ។
14ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ដូច្នេះ​មើល នឹង​មាន​គ្រា​មក​ដល់​ដែល​គេ​នឹង​លែង​ស្បថ​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់ ជា​ព្រះ​ដែល​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ​មក 15គឺ​គេ​នឹង​ស្បថ​យ៉ាង​នេះ​វិញ​ថា ដូច​ជា​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល ឡើង​រួច​ពី​ស្រុក​ខាង​ជើង​មក ហើយ​ពី​អស់​ទាំង​ប្រទេស ដែល​ទ្រង់​បាន​បណ្តេញ​គេ​នោះ​ផង អញ​នឹង​នាំ​គេ​ឲ្យ​វិល​មក​ក្នុង​ស្រុក​របស់​គេ ជា​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​ព្ធយុ‌កោ​គេ។
16ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល អញ​នឹង​ចាត់​មនុស្ស​ឲ្យ​ទៅ​ហៅ​ពួក​នេសាទ​ជា​ច្រើន​មក អ្នក​ទាំង​នោះ​នឹង​បង់​សំណាញ់​ប្រមូល​គេ លំដាប់​នោះ​អញ​នឹង​ចាត់​ឲ្យ​ទៅ​ហៅ​ពួក​ព្រាន​ជា​ច្រើន​មក អ្នក​ទាំង​នោះ​នឹង​ដេញ​ចាប់​គេ​នៅ​លើ​គ្រប់​ទាំង​ភ្នំ​ធំ នឹង​ភ្នំ​តូច ហើយ​នៅ​ក្រហែង​ថ្ម​ទាំង​ប៉ុន្មាន​ផង 17ដ្បិត​ភ្នែក​អញ​មើល​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ ហើយ​គេ​មិន​កំបាំង​ពី​មុខ​អញ​ទេ ឯ​អំពើ​ទុច្ចរិត​របស់​គេ ក៏​មិន​បិទ​បាំង​ពី​ភ្នែក​អញ​ដែរ 18នោះ​មុន​ដំបូង​អញ​នឹង​សង​អំពើ​ទុច្ចរិត នឹង​អំពើ​បាប​របស់​គេ​១​ជា​២ ពី​ព្រោះ​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​អញ​ទៅ​ជា​ស្មោក‌គ្រោក ដោយ​សាក‌សព​នៃ​រូប​ព្រះ​គួរ​ខ្ពើម ហើយ​បាន​បំពេញ​ស្រុក​ជា​មរដក​របស់​អញ ដោយ​របស់​គួរ​ខ្ពើម​ឆ្អើម​របស់​គេ។
19ឱ​ព្រះ‌យេហូវ៉ា ជា​កំឡាំង​នៃ​ទូលបង្គំ ជា​ទី​មាំ‌មួន ហើយ​ជា​ទី​ពឹង​ជ្រក​ដល់​ទូលបង្គំ នៅ​គ្រា​លំបាក​អើយ ពួក​សាសន៍​ទាំង​ប៉ុន្មាន​នឹង​មក​ឯ​ទ្រង់ ពី​អស់​ទាំង​ចុង​ផែនដី​បំផុត ហើយ​គេ​នឹង​ទូល​ថា ពួក​ព្ធយុ‌កោ​របស់​យើង​ខ្ញុំ​បាន​ទទួល​តែ​សេចក្ដី​កំភូត​ទទេ គឺ​ជា​សេចក្ដី​អសារ​ឥត​ការ នឹង​សេចក្ដី​ដែល​ឥត​មាន​ប្រយោជន៍​អ្វី​ឡើយ 20តើ​មាន​ទំនង​ឲ្យ​មនុស្ស​ធ្វើ​ព្រះ​សំរាប់​ខ្លួន ដែល​មិន​មែន​ជា​ព្រះ​ពិត​ដែរ​ឬ 21ដូច្នេះ​មើល អញ​នឹង​ធ្វើ​ឲ្យ​គេ​ស្គាល់ អើ ម្តង​នេះ​អញ​នឹង​ធ្វើ​គេ​ស្គាល់​ដៃ​អញ នឹង​ឥទ្ធិ‌ឫទ្ធិ​របស់​អញ នោះ​គេ​នឹង​ស្គាល់​ឈ្មោះ​អញ ថា​ជា​ព្រះ‌យេហូវ៉ា។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in