យេរេមា 17
17
1អំពើបាបរបស់ពួកយូដាបានចារឹកទុក ដោយដែកចារមានចុងជាពេជ្រ គឺបានចារឹកទុកនៅបន្ទះចិត្តគេ ហើយនៅស្នែងអាសនារបស់គេដែរ 2ម្លោះហើយ កូនចៅគេនឹកចាំតែអាសនា នឹងរូបព្រះរបស់គេ ដែលនៅក្រោមអស់ទាំងដើមឈើខៀវខ្ចី នៅលើភ្នំតូចទាំងប៉ុន្មាន 3ឱភ្នំ នឹងវាលរបស់អញអើយ អញនឹងឲ្យគេចាប់យកធនធាន នឹងទ្រព្យសម្បត្តិរបស់ឯងទុកជារបឹប ព្រមទាំងទីខ្ពស់ទាំងប៉ុន្មានរបស់ឯងផង ដោយព្រោះអំពើបាបដែលប្រព្រឹត្តនៅពេញក្នុងព្រំដែនរបស់ឯង 4ហើយឯងនឹងត្រូវចាកចោលមរដករបស់ឯង ដែលអញបានឲ្យនោះ គឺដោយព្រោះតែកំហុសរបស់ខ្លួនទេ ហើយអញនឹងឲ្យឯងបំរើដល់ពួកខ្មាំងនៅស្រុក១ដែលឯងមិនស្គាល់ ដ្បិតឯងរាល់គ្នាបានបង្កាត់ភ្លើងក្នុងសេចក្ដីកំហឹងរបស់អញ ដែលនឹងឆេះជាដរាប។
5ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ត្រូវបណ្តាសាហើយ អ្នកណាដែលទីពឹងដល់មនុស្ស ហើយយកសាច់ឈាមជាដៃរបស់ខ្លួន ជាអ្នកដែលមានចិត្តដកថយចេញពីព្រះយេហូវ៉ា 6ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើសោះកក្រោះនៅសមុទ្រខ្សាច់ បើកាលណាមានសេចក្ដីល្អមកដល់ នោះនឹងមិនឃើញទេ គឺនឹងត្រូវអាស្រ័យនៅកន្លែងហួតហែងក្នុងទីរហោស្ថាន ជាដីប្រៃឥតមានអ្នកណានៅវិញ 7តែមានពរហើយ អ្នកណាដែលទីពឹងដល់ព្រះយេហូវ៉ា ហើយដែលទុកចិត្តនឹងទ្រង់ 8ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើដាំនៅមាត់ទឹក ដែលចាក់ឫសទៅក្បែរទន្លេ ឥតដឹងរដូវក្តៅទេ គឺស្លឹកនៅតែខៀវខ្ចីវិញ ហើយមិនរឹតត្បិតនៅឆ្នាំដែលរាំងរឹះឡើយ ក៏មិនដែលខាននឹងកើតផលដែរ។
9ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណានឹងអាចស្គាល់បាន 10អញនេះ គឺព្រះយេហូវ៉ា អញស្ទង់ចិត្ត អញក៏ល្បងលថ្លើម ដើម្បីនឹងសងដល់មនុស្សទាំងអស់តាមផ្លូវគេប្រព្រឹត្ត ហើយតាមផលនៃកិរិយារបស់គេ 11ឯទទាដែលក្រាបពងឥតបានភ្ញាស់ជាយ៉ាងណា នោះអ្នកដែលប្រមូលទ្រព្យសម្បត្តិ មិនមែនដោយទៀងត្រង់ក៏យ៉ាងនោះដែរ ទ្រព្យសម្បត្តិនោះនឹងលះចោលគេ កាលនៅពាក់កណ្តាលអាយុនៅឡើយ ហើយដល់ចុងបំផុត គេនឹងទៅជាឆ្កួតផង។
12កន្លែងនៃទីបរិសុទ្ធរបស់យើងជាបល្ល័ង្កឧត្ដមឧត្ដុង្គដែលបានដំកល់នៅខ្ពស់ ចាប់តាំងពីដើមមក 13ឱព្រះយេហូវ៉ា ជាទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែលអើយ អស់អ្នកណាដែលបោះបង់ចោលទ្រង់ នោះនឹងត្រូវខ្មាស ពួកអ្នកដែលថយចេញពីអញទៅ នោះនឹងមានឈ្មោះកត់ទុកនៅផែនដី ដោយព្រោះគេបានចោលព្រះយេហូវ៉ា ដែលទ្រង់ជាក្បាលទឹករស់។
14ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាផង នោះទូលបង្គំនឹងបានជាៗពិត សូមជួយសង្គ្រោះទូលបង្គំ នោះទូលបង្គំនឹងបានរួចពិត ដ្បិតទ្រង់ជាទីសរសើររបស់ទូលបង្គំ 15មើល គេសួរទូលបង្គំថា តើព្រះបន្ទូលនៃព្រះយេហូវ៉ានៅឯណា ឲ្យការនោះមកឥឡូវចុះ 16តែឯទូលបង្គំវិញ ទូលបង្គំមិនបានរហ័សនឹងលែងធ្វើជាអ្នកគង្វាលតាមទ្រង់ឡើយ ក៏មិនបានប្រាថ្នាឲ្យថ្ងៃវេទនានោះមកដែរ ទ្រង់ជ្រាបហើយ ដ្បិតសេចក្ដីដែលចេញពីបបូរមាត់ទូលបង្គំ សុទ្ធតែនៅចំពោះទ្រង់ទាំងអស់ 17សូមកុំឲ្យទ្រង់បានធ្វើជាសេចក្ដីស្ញែងខ្លាច ដល់ទូលបង្គំឡើយ ទ្រង់ជាទីពឹងជ្រកនៃទូលបង្គំក្នុងថ្ងៃអាក្រក់ 18សូមឲ្យពួកអ្នកដែលបៀតបៀនដល់ទូលបង្គំត្រូវអៀនខ្មាស តែកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមឲ្យគេត្រូវស្រយុតចិត្តទៅ តែកុំឲ្យទូលបង្គំត្រូវស្រយុតចិត្តឲ្យសោះ សូមនាំថ្ងៃអាក្រក់នោះឲ្យមកលើគេវិញ ហើយបំផ្លាញគេ ដោយការបំផ្លាញ១ជា២ផង។
19ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំដូច្នេះថា ចូរទៅឈរនៅមាត់ទ្វារក្រុងនៃពួកកូនចៅជនជាតិនេះ ជាទ្វារដែលពួកស្តេចយូដាធ្លាប់ចេញចូល ហើយនៅត្រង់ទ្វារក្រុងយេរូសាឡិមទាំងអស់ដែរ 20ត្រូវឲ្យប្រាប់គេថា ឱពួកស្តេចយូដា នឹងបណ្តាជនជាតិយូដាទាំងអស់ ហើយពួកអ្នកនៅក្រុងយេរូសាឡិម ដែលចូលតាមទ្វារទាំងនេះអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ 21ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ចូរប្រុងប្រយ័តខ្លួន កុំឲ្យលីសែងបន្ទុកអ្វី ចូលមកតាមទ្វារក្រុងយេរូសាឡិម នៅថ្ងៃឈប់សំរាកឡើយ 22ក៏កុំឲ្យលីសែងបន្ទុកអ្វីចេញពីផ្ទះឯងរាល់គ្នា ឬធ្វើការអ្វីនៅថ្ងៃឈប់សំរាកដែរ ត្រូវឲ្យញែកថ្ងៃឈប់សំរាកទុកជាថ្ងៃបរិសុទ្ធវិញ ដូចជាអញបានបង្គាប់ដល់ពួកព្ធយុកោឯងរាល់គ្នាហើយ 23ប៉ុន្តែគេមិនបានស្តាប់តាម ឬផ្ទៀងត្រចៀកឡើយ គឺគេតាំងចិត្តរឹងរូសវិញដើម្បីមិនឲ្យឮ ឬទទួលសេចក្ដីប្រៀនប្រដៅសោះ។
24ព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា បើសិនជាឯងរាល់គ្នានឹងខំព្យាយាមស្តាប់តាមអញ ដើម្បីមិនឲ្យលីសែងបន្ទុកណាចូលមកតាមទ្វារក្រុងនេះ នៅថ្ងៃឈប់សំរាក គឺនឹងញែកថ្ងៃឈប់សំរាកទុកជាថ្ងៃបរិសុទ្ធវិញ ឥតធ្វើការអ្វីនៅថ្ងៃនោះ 25នោះនឹងមានស្តេច ហើយនឹងពួកចៅហ្វាយ ដែលគង់លើបល្ល័ង្កដាវីឌ ចូលមកតាមទ្វារក្រុងនេះ គេនឹងជិះរាជរថ ហើយនឹងសេះ ទាំងខ្លួនគេ នឹងពួកចៅហ្វាយ ព្រមទាំងបណ្តាមនុស្សនៅស្រុកយូដា នឹងពួកអ្នកនៅក្រុងយេសាឡិមទាំងប៉ុន្មានផង ហើយទីក្រុងនេះនឹងស្ថិតស្ថេរនៅជាដរាបតទៅ 26មនុស្សនឹងមកពីអស់ទាំងទីក្រុងនៅស្រុកយូដា ពីតំបន់នៅជុំវិញនៃក្រុងយេរូសាឡិម ពីស្រុកបេនយ៉ាមីន ពីស្រុកទំនាប ពីស្រុកភ្នំ ពីស្រុកត្បូង នាំយកដង្វាយដុត យញ្ញបូជា ដង្វាយម្សៅ កំញាន នឹងដង្វាយសំរាប់អរព្រះគុណ មកដល់ទីព្រះវិហារនៃព្រះយេហូវ៉ា 27តែបើឯងរាល់គ្នាមិនព្រមស្តាប់តាមអញ ដើម្បីនឹងញែកថ្ងៃឈប់សំរាកទុកជាថ្ងៃបរិសុទ្ធ ហើយលែងលីសែងបន្ទុកចូលតាមទ្វារក្រុងយេរូសាឡិម នៅថ្ងៃឈប់សំរាកទេ នោះអញនឹងបង្កាត់ភ្លើងនៅទ្វារក្រុងទាំងប៉ុន្មាន ហើយភ្លើងនោះនឹងឆេះបំផ្លាញអស់ទាំងដំណាក់ នៅក្រុងយេរូសាឡិមទៅ ឥតដែលរលត់ឡើយ។
Currently Selected:
យេរេមា 17: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.