យេរេមា 20
20
1រីឯផាសហ៊ើរ ជាកូនអ៊ីមមើរដ៏ជាសង្ឃ ដែលជានាយកធំក្នុងព្រះវិហារនៃព្រះយេហូវ៉ា លោកបានឮកំពុងដែលយេរេមាទាយសេចក្ដីទាំងនេះ 2ដូច្នេះ លោកក៏វាយហោរាយេរេមា ហើយយកទៅដាក់គុក ដែលនៅត្រង់ទ្វារបេនយ៉ាមីនខាងលើ នាកំផែងរបស់ព្រះវិហារនៃព្រះយេហូវ៉ា 3លុះដល់ស្អែកឡើង ផាសហ៊ើរក៏នាំយេរេមាចេញពីគុកមក ខណៈនោះ យេរេមាប្រាប់លោកថា ព្រះយេហូវ៉ាទ្រង់មិនបានហៅឈ្មោះលោកថា ផាសហ៊ើរ នោះទេ គឺហៅថា ម៉ាកោរ-មីស្សាប៊ីប វិញ 4ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ មើល អញនឹងធ្វើឲ្យឯងជាទីស្ញែងខ្លាចដល់ខ្លួន ហើយដល់អស់ទាំងមិត្រសំឡាញ់របស់ឯងផង គេនឹងដួលដោយដាវរបស់ពួកខ្មាំងសត្រូវ ហើយភ្នែករបស់ឯងនឹងឃើញដែរ អញនឹងប្រគល់ស្រុកយូដាទាំងមូល ទៅក្នុងកណ្តាប់ដៃនៃស្តេចបាប៊ីឡូន ហើយស្តេចនោះនឹងនាំគេទៅជាឈ្លើយដល់ស្រុកបាប៊ីឡូន ព្រមទាំងសំឡាប់គេដោយដាវផង 5១ទៀត អញនឹងប្រគល់អស់ទាំងទ្រព្យសម្បត្តិនៃក្រុងនេះ ហើយផលដែលកើតមានទាំងប៉ុន្មាន ព្រមទាំងរបស់ថ្លៃវិសេសទាំងអស់ផង អើ អញនឹងប្រគល់ព្រះរាជទ្រព្យ របស់ពួកស្តេចស្រុកយូដាទាំងប៉ុន្មាន ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវគេ ពួកនោះនឹងចាប់យកជារបឹប នាំទៅឯស្រុកបាប៊ីឡូន 6ឯឯងផាសហ៊ើរអើយ ឯង នឹងអស់អ្នកដែលអាស្រ័យនៅផ្ទះឯង នឹងត្រូវដឹកនាំទៅជាឈ្លើយ គឺឯងនឹងត្រូវទៅដល់ក្រុងបាប៊ីឡូន នៅទីនោះឯងនឹងត្រូវស្លាប់ ហើយគេនឹងកប់ឯងនៅស្រុកនោះ គឺទាំងឯង នឹងពួកមិត្រសំឡាញ់ ឯងដែលឯងបានទាយកុហកដល់គេនោះផង។
7ឱព្រះយេហូវ៉ាអើយ ទ្រង់បានបញ្ចុះបញ្ចូលទូលបង្គំ ហើយទូលបង្គំក៏បណ្តោយតាម ទ្រង់មានកំឡាំងជាង ក៏បានឈ្នះទូលបង្គំហើយ ឯទូលបង្គំបានត្រឡប់ជាទីសើចឡករាល់ថ្ងៃជានិច្ច មនុស្សទាំងអស់ចំអកឡកឡឺយឲ្យទូលបង្គំ 8ដ្បិតវេលាណាដែលទូលបង្គំនិយាយ នោះទូលបង្គំស្រែកឡើង ទូលបង្គំបន្លឺពីការច្រឡោត នឹងការបំផ្លាញទទេ ពីព្រោះគេយកព្រះបន្ទូលនៃព្រះយេហូវ៉ា ធ្វើឲ្យត្រឡប់ជាសេចក្ដីដំនៀលដល់ទូលបង្គំ ហើយជាសេចក្ដីឡកឡឺយឲ្យទូលបង្គំជានិច្ចរាល់ថ្ងៃ 9តែបើកាលណាទូលបង្គំសំរេចថា មិននិយាយដំណាលពីទ្រង់ ឬនិយាយដោយនូវព្រះនាមទ្រង់ទៀតឡើយ នោះនៅក្នុងចិត្តទូលបង្គំ កើតមានដូចជាភ្លើងឆេះ ដែលកប់នៅក្នុងឆ្អឹងរបស់ទូលបង្គំ ហើយទូលបង្គំក៏នឿយហត់ដោយខំទ្រាំទប់ ទាល់តែទ្រាំមិនបានទៀត 10ដ្បិតទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើន ហើយមានសេចក្ដីស្ញែងខ្លាចនៅព័ទ្ធជុំវិញ អស់ទាំងសំឡាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ គេជាពួកអ្នកដែលចាំមើលតែទូលបង្គំដួលដែរ គេថា ចូរសប្រាប់ចុះ នោះយើងនឹងសប្រាប់ដូចគ្នា ប្រហែលជាយើងនឹងបញ្ចុះបញ្ចូលវាបានទេដឹង ដូច្នេះ យើងនឹងឈ្នះវាបាន នោះយើងនឹងសងសឹកនឹងវា 11ប៉ុន្តែព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងទូលបង្គំ ទុកជាមនុស្សខ្លាំងពូកែដែលគួរស្ញែងខ្លាច ហេតុនោះពួកអ្នកដែលបៀតបៀនទូលបង្គំ គេនឹងត្រូវចំពប់ដួលឥតឈ្នះបានឡើយ គេនឹងត្រូវខ្មាសជាទីបំផុត ពីព្រោះគេនឹងធ្វើតាមបំណងចិត្តមិនបាន គឺជាសេចក្ដីអាម៉ាស់ខ្មាសដ៏ស្ថិតស្ថេរអស់កល្បជានិច្ច ឥតភ្លេចបានឡើយ 12ប៉ុន្តែឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដែលល្បងលពួកសុចរិត ហើយទតឃើញចិត្ត នឹងថ្លើមអើយ សូមឲ្យទូលបង្គំឃើញទ្រង់សងសឹកនឹងគេ ដ្បិតទូលបង្គំបានសំដែងដើមហេតុនៃទូលបង្គំដល់ទ្រង់ហើយ 13ចូរច្រៀងថ្វាយព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានដោះព្រលឹងរបស់មនុស្សវេទនា ឲ្យរួចចេញពីកណ្តាប់ដៃនៃពួកដែលប្រព្រឹត្តអាក្រក់។
14សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវបណ្តាសាចុះ កុំឲ្យថ្ងៃដែលម្តាយបានសំរាលខ្ញុំចេញមកនោះ បានពរឡើយ 15សូមឲ្យត្រូវបណ្តាសា ដល់អ្នកដែលនាំដំណឹងមកប្រាប់ឲ្យឪពុកខ្ញុំមានសេចក្ដីអំណរជាខ្លាំង ដោយថា អ្នកបានកូនប្រុសហើយ 16សូមឲ្យមនុស្សនោះបានដូចជាអស់ទាំងទីក្រុង ដែលព្រះយេហូវ៉ាបានបំផ្លាញឥតស្តាយចុះ ឲ្យគេឮតែសំរែកនៅពេលព្រឹក ហើយសូរហ៊ោនៅថ្ងៃត្រង់ 17ពីព្រោះគេមិនបានសំឡាប់ខ្ញុំពីកាលនៅក្នុងផ្ទៃម្តាយនៅឡើយ ឲ្យម្តាយខ្ញុំជាផ្នូររបស់ខ្ញុំ ហើយមានពោះធំជាដរាប 18ហេតុអ្វីបានជាខ្ញុំបានចេញពីផ្ទៃម្តាយមក ឲ្យឃើញតែការនឿយហត់ នឹងសេចក្ដីទុក្ខព្រួយ ឲ្យថ្ងៃអាយុខ្ញុំបានសូន្យទៅ ដោយសេចក្ដីអាម៉ាស់ខ្មាសដូច្នេះ។
Currently Selected:
យេរេមា 20: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.