យេរេមា 19
19
1ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរទៅទិញក្អមធ្វើដោយដី ពីជាងស្មូនមក រួចនាំពួកចាស់ទុំនៃបណ្តាជន នឹងពួកចាស់ទុំក្នុងពួកសង្ឃ 2ចេញទៅឯច្រកភ្នំនៃកូនចៅហ៊ីនណំម ដែលនៅត្រង់មុខទ្វារចូលហារស៊ីត ហើយប្រកាសប្រាប់ពាក្យទាំងប៉ុន្មាននៅទីនោះ ដែលអញនឹងប្រាប់ដល់ឯង 3ត្រូវឲ្យប្រាប់ថា ឱពួកស្តេចស្រុកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា មើល អញនឹងនាំសេចក្ដីអាក្រក់មកលើទីនេះ ដែលអ្នកណាឮ នោះនឹងខ្ទ័រត្រចៀក 4ដ្បិតគេបានបោះបង់ចោលអញ ហើយបានបង្អាប់ទីនេះ ព្រមទាំងដុតកំញាននៅទីនេះថ្វាយដល់ព្រះដទៃ ជាព្រះដែល ទោះទាំងខ្លួនគេ ពួកព្ធយុកោគេ ឬពួកស្តេចសាសន៍យូដា ក៏មិនបានស្គាល់ផង ហើយបានធ្វើឲ្យទីនេះពេញ ដោយឈាមនៃមនុស្ស ដែលឥតមានទោសដែរ 5គេបានស្អាងអស់ទាំងទីខ្ពស់របស់ព្រះបាលសំរាប់នឹងដុតកូនប្រុសៗរបស់គេ ទុកជាដង្វាយដុតថ្វាយព្រះបាល ជាការដែលអញមិនបានបង្គាប់ដល់គេ ឬនិយាយឡើយ ក៏មិនបានចូលក្នុងគំនិតអញដែរ 6ដូច្នេះព្រះយេហូវ៉ាមានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលគេនឹងលែងហៅទីនេះថា តូផែត ឬថា ច្រកភ្នំរបស់កូនចៅហ៊ីនណំមទៀត គឺនឹងហៅថា ច្រកភ្នំសំឡេះវិញ 7គ្រានោះ អញនឹងធ្វើឲ្យសេចក្ដីប្រឹក្សារបស់ពួកស្រុកយូដា នឹងក្រុងយេរូសាឡិមសូន្យបាត់នៅទីនេះ ព្រមទាំងធ្វើឲ្យគេដួលដោយដាវ នៅមុខពួកខ្មាំងសត្រូវរបស់គេ ហើយដោយដៃនៃពួកអ្នកដែលរកជីវិតគេផង ឯសាកសពរបស់គេ អញនឹងប្រគល់ជាអាហារ ដល់សត្វហើរលើអាកាស នឹងសត្វជើង៤នៅផែនដី 8អញនឹងធ្វើឲ្យទីក្រុងនេះទៅជាទីស្រឡាំងកាំង ហើយជាទីដែលគេនឹងធ្វើស៊ីសស៊ូសឲ្យ អស់អ្នកណាដែលដើរមកជិត គេនឹងភាំងឆ្ងល់ ហើយនឹងធ្វើស៊ីសស៊ូស ដោយព្រោះគ្រប់ទាំងសេចក្ដីវេទនារបស់ក្រុងនេះ 9អញនឹងធ្វើឲ្យគេស៊ីសាច់កូនប្រុសកូនស្រីរបស់ខ្លួន ហើយគ្រប់គ្នានឹងស៊ីសាច់ភឿនមិត្ររបស់ខ្លួន ក្នុងគ្រាដែលពួកខ្មាំងឡោមព័ទ្ធ ហើយក្នុងសេចក្ដីវេទនា ដែលពួកខ្មាំងសត្រូវនឹងធ្វើដល់គេ ដើម្បីរកប្រហារជីវិតគេ។
10លំដាប់នោះ ត្រូវឲ្យឯងបំបែកក្អមនោះ នៅមុខពួកមនុស្សដែលបានទៅជាមួយនឹងឯង 11ហើយត្រូវប្រាប់ដល់គេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះគឺបែបយ៉ាងនេះឯង ដែលអញនឹងបំបែកបំបាក់ជនជាតិនេះ ហើយទីក្រុងនេះផង គឺដូចជាអ្នកណាបំបែកក្អមរបស់ជាងស្មូន ឲ្យផ្គុំឡើងវិញមិនបានដែរ ហើយមនុស្សនឹងកប់ខ្មោចគេនៅត្រង់តូផែត ទាល់តែគ្មានកន្លែងទៀត 12ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញនឹងធ្វើដូច្នេះដល់ទីនេះ ហើយដល់ពួកអ្នកដែលអាស្រ័យនៅ គឺនឹងធ្វើឲ្យទីក្រុងនេះត្រឡប់ទៅដូចជាតូផែតផង 13អស់ទាំងផ្ទះនៅក្រុងយេរូសាឡិម នឹងដំណាក់នៃស្តេចស្រុកយូដាទាំងប៉ុន្មាន ដែលគេបានធ្វើឲ្យស្មោកគ្រោកហើយ នោះនឹងបានដូចជាទីតូផែតនេះដែរ គឺអស់ទាំងផ្ទះណាដែលគេបានឡើងទៅលើដំបូល ដើម្បីដុតកំញានថ្វាយដល់ពួកពលបរិវារនៅលើមេឃ ហើយច្រួចដង្វាយថ្វាយដល់ព្រះដទៃនោះឯង។
14រួចយេរេមាក៏វិលមកពីតូផែត ជាកន្លែងដែលព្រះយេហូវ៉ាបានចាត់ឲ្យលោកទៅទាយនោះ លោកក៏ឈរនៅទីលានព្រះវិហារនៃព្រះយេហូវ៉ា មានប្រសាសន៍ដល់បណ្តាជនទាំងឡាយថា 15ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះ មើលអញនឹងនាំគ្រប់ទាំងសេចក្ដីអាក្រក់មកលើក្រុងនេះ ហើយនឹងអស់ទាំងតំបន់នៅជុំវិញ ដូចជាអញបានប្រកាសប្រាប់ទាស់នឹងគេ ពីព្រោះគេបានតាំងចិត្តរឹងរូស ដើម្បីមិនឲ្យឮពាក្យរបស់អញឡើយ។
Currently Selected:
យេរេមា 19: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.