YouVersion Logo
Search Icon

យេរេ‌មា 19

19
1ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ទៅ​ទិញ​ក្អម​ធ្វើ​ដោយ​ដី ពី​ជាង​ស្មូន​មក រួច​នាំ​ពួក​ចាស់‌ទុំ​នៃ​បណ្តាជន នឹង​ពួក​ចាស់‌ទុំ​ក្នុង​ពួក​សង្ឃ 2ចេញ​ទៅ​ឯ​ច្រក​ភ្នំ​នៃ​កូន​ចៅ​ហ៊ីនណំម ដែល​នៅ​ត្រង់​មុខ​ទ្វារ​ចូល​ហារស៊ីត ហើយ​ប្រកាស​ប្រាប់​ពាក្យ​ទាំង​ប៉ុន្មាន​នៅ​ទី​នោះ ដែល​អញ​នឹង​ប្រាប់​ដល់​ឯង 3ត្រូវ​ឲ្យ​ប្រាប់​ថា ឱ​ពួក​ស្តេច​ស្រុក​យូដា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​ទី​នេះ ដែល​អ្នក​ណា​ឮ នោះ​នឹង​ខ្ទ័រ​ត្រចៀក 4ដ្បិត​គេ​បាន​បោះ‌បង់​ចោល​អញ ហើយ​បាន​បង្អាប់​ទី​នេះ ព្រម​ទាំង​ដុត​កំញាន​នៅ​ទី​នេះ​ថ្វាយ​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល ទោះ​ទាំង​ខ្លួន​គេ ពួក​ព្ធយុ‌កោ​គេ ឬ​ពួក​ស្តេច​សាសន៍​យូដា ក៏​មិន​បាន​ស្គាល់​ផង ហើយ​បាន​ធ្វើ​ឲ្យ​ទី​នេះ​ពេញ ដោយ​ឈាម​នៃ​មនុស្ស ដែល​ឥត​មាន​ទោស​ដែរ 5គេ​បាន​ស្អាង​អស់​ទាំង​ទី​ខ្ពស់​របស់​ព្រះ‌បាល​សំរាប់​នឹង​ដុត​កូន​ប្រុសៗ​របស់​គេ ទុក​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌បាល ជា​ការ​ដែល​អញ​មិន​បាន​បង្គាប់​ដល់​គេ ឬ​និយាយ​ឡើយ ក៏​មិន​បាន​ចូល​ក្នុង​គំនិត​អញ​ដែរ 6ដូច្នេះ​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​លែង​ហៅ​ទី​នេះ​ថា តូផែត ឬ​ថា ច្រក​ភ្នំ​របស់​កូន​ចៅ​ហ៊ីនណំម​ទៀត គឺ​នឹង​ហៅ​ថា ច្រក​ភ្នំ​សំឡេះ​វិញ 7គ្រា​នោះ អញ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ប្រឹក្សា​របស់​ពួក​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម​សូន្យ​បាត់​នៅ​ទី​នេះ ព្រម​ទាំង​ធ្វើ​ឲ្យ​គេ​ដួល​ដោយ​ដាវ នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​របស់​គេ ហើយ​ដោយ​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​គេ​ផង ឯ​សាក‌សព​របស់​គេ អញ​នឹង​ប្រគល់​ជា​អាហារ ដល់​សត្វ​ហើរ​លើ​អាកាស នឹង​សត្វ​ជើង​៤​នៅ​ផែនដី 8អញ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​នឹង​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ អស់​អ្នក​ណា​ដែល​ដើរ​មក​ជិត គេ​នឹង​ភាំង​ឆ្ងល់ ហើយ​នឹង​ធ្វើ​ស៊ីស‌ស៊ូស ដោយ​ព្រោះ​គ្រប់​ទាំង​សេចក្ដី​វេទនា​របស់​ក្រុង​នេះ 9អញ​នឹង​ធ្វើ​ឲ្យ​គេ​ស៊ី​សាច់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ហើយ​គ្រប់​គ្នា​នឹង​ស៊ី​សាច់​ភឿន‌មិត្រ​របស់​ខ្លួន ក្នុង​គ្រា​ដែល​ពួក​ខ្មាំង​ឡោម‌ព័ទ្ធ ហើយ​ក្នុង​សេចក្ដី​វេទនា ដែល​ពួក​ខ្មាំង​សត្រូវ​នឹង​ធ្វើ​ដល់​គេ ដើម្បី​រក​ប្រហារ​ជីវិត​គេ។
10លំដាប់​នោះ ត្រូវ​ឲ្យ​ឯង​បំបែក​ក្អម​នោះ នៅ​មុខ​ពួក​មនុស្ស​ដែល​បាន​ទៅ​ជា​មួយ​នឹង​ឯង 11ហើយ​ត្រូវ​ប្រាប់​ដល់​គេ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​គឺ​បែប​យ៉ាង​នេះ​ឯង ដែល​អញ​នឹង​បំបែក​បំបាក់​ជន‌ជាតិ​នេះ ហើយ​ទី​ក្រុង​នេះ​ផង គឺ​ដូច​ជា​អ្នក​ណា​បំបែក​ក្អម​របស់​ជាង​ស្មូន ឲ្យ​ផ្គុំ​ឡើង​វិញ​មិន​បាន​ដែរ ហើយ​មនុស្ស​នឹង​កប់​ខ្មោច​គេ​នៅ​ត្រង់​តូផែត ទាល់​តែ​គ្មាន​កន្លែង​ទៀត 12ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ធ្វើ​ដូច្នេះ​ដល់​ទី​នេះ ហើយ​ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ គឺ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នេះ​ត្រឡប់​ទៅ​ដូច​ជា​តូផែត​ផង 13អស់​ទាំង​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡិម នឹង​ដំណាក់​នៃ​ស្តេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​ហើយ នោះ​នឹង​បាន​ដូច​ជា​ទី​តូផែត​នេះ​ដែរ គឺ​អស់​ទាំង​ផ្ទះ​ណា​ដែល​គេ​បាន​ឡើង​ទៅ​លើ​ដំបូល ដើម្បី​ដុត​កំញាន​ថ្វាយ​ដល់​ពួក​ពល‌បរិវារ​នៅ​លើ​មេឃ ហើយ​ច្រួច​ដង្វាយ​ថ្វាយ​ដល់​ព្រះ​ដទៃ​នោះ​ឯង។
14រួច​យេរេមា​ក៏​វិល​មក​ពី​តូផែត ជា​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឲ្យ​លោក​ទៅ​ទាយ​នោះ លោក​ក៏​ឈរ​នៅ​ទីលាន​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា មាន​ប្រសាសន៍​ដល់​បណ្តាជន​ទាំង‌ឡាយ​ថា 15ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ មើល​អញ​នឹង​នាំ​គ្រប់​ទាំង​សេចក្ដី​អាក្រក់​មក​លើ​ក្រុង​នេះ ហើយ​នឹង​អស់​ទាំង​តំបន់​នៅ​ជុំវិញ ដូច​ជា​អញ​បាន​ប្រកាស​ប្រាប់​ទាស់​នឹង​គេ ពី​ព្រោះ​គេ​បាន​តាំង​ចិត្ត​រឹង‌រូស ដើម្បី​មិន​ឲ្យ​ឮ​ពាក្យ​របស់​អញ​ឡើយ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in