YouVersion Logo
Search Icon

យេរេ‌មា 3

3
1ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា បើ​មនុស្ស​ណា​លះ​លែង​ប្រពន្ធ ហើយ​នាង​បាន​ចេញ​ពី​អ្នក​នោះ ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ដទៃ​ណា នោះ​តើ​ដែល​ត្រឡប់​ទៅ​នៅ​ជា​មួយ​នឹង​នាង​នោះ​ទៀត​ដែរ​ឬ តើ​ស្រុក​យ៉ាង​នោះ​មិន​ត្រូវ​អាប់‌ឱន​ជា​ខ្លាំង​ទេ​ឬ​អី ឯ​ឯង​វិញ ឯង​បាន​ផិត​អញ​ដោយ​មាន​សហាយ​ជា​ច្រើន ប៉ុន្តែ ចូរ​ត្រឡប់​មក​ឯ​អញ​វិញ​ចុះ 2ចូរ​ងើប​ភ្នែក​ឡើង​ទៅ​ឯ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ហើយ​មើល​កន្លែង​ណា ដែល​គេ​មិន​បាន​ដេក​នឹង​ឯង​នោះ គឺ​ឯង​បាន​អង្គុយ​ចាំ​គេ​តាម​ផ្លូវ ដូច​ជា​សាសន៍​អារ៉ាប់​នៅ​ទី​រហោ‌ស្ថាន​ដែរ ហើយ​ឯង​បាន​ធ្វើ​ឲ្យ​ស្រុក​អាប់‌ឱន​ទៅ ដោយ​ការ​កំផិត នឹង​អំពើ​ទុច្ចរិត​របស់​ឯង 3ហេតុ​នោះ​បាន​ជា​ឥត​មាន​ភ្លៀង​១​មេៗ​ឡើយ ហើយ​ភ្លៀង​ចុង​រដូវ​ក៏​គ្មាន​ដែរ ម៉្លឹង​ហើយ គង់​តែ​ឯង​នៅ​មាន​មុខ​ងងើល​ដូច​ជា​ស្រី​សំផឹង​ទៀត ឯង​មិន​ព្រម​អៀន‌ខ្មាស​សោះ 4ឥឡូវ​នេះ តើ​ឯង​មិន​ចង់​អំពាវ‌នាវ​រក​អញ​វិញ​ទេ​ឬ​អី ដោយ​ថា ឱ​ព្រះវរ‌បិតា​នៃ​ខ្ញុំ​ម្ចាស់​អើយ ទ្រង់​ជា​ព្រះ​ដ៏​ដឹក‌នាំ​ខ្ញុំ​ម្ចាស់​ពី​កាល​នៅ​ក្មេង 5តើ​ទ្រង់​នឹង​នៅ​តែ​ខ្ញាល់​ជា​ដរាប​ឬ តើ​ទ្រង់​នឹង​មាន​ព្រះ‌ហឫទ័យ​ក្តៅ ដរាប​ដល់​ចុង​បំផុត​ឬ​អី តែ​មើល ឯង​បាន​និយាយ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​តាម​តែ​កំឡាំង​ចិត្ត​ទេ។
6មួយ​ទៀត នៅ​ក្នុង​គ្រា​ស្តេច​យ៉ូសៀស ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា តើ​បាន​ឃើញ​ការ​ដែល​អ៊ីស្រាអែល ជា​ពួក​រា‌ថយ​នោះ​បាន​ប្រព្រឹត្ត​ឬ​ទេ គឺ​គេ​បាន​ឡើង​ទៅ​លើ​គ្រប់​ទាំង​ភ្នំ​ខ្ពស់ៗ នឹង​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី ហើយ​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នៅ​ទី​នោះ 7លុះ​ក្រោយ​ដែល​គេ​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ហើយ នោះ​អញ​បាន​និយាយ​ថា ចូរ​ឲ្យ​គេ​វិល​ត្រឡប់​មក​ឯ​អញ​វិញ តែ​គេ​មិន​បាន​វិល​មក​ទេ ហើយ​យូដា ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​ក៏​បាន​ឃើញ​ដែរ 8ហើយ​អញ​បាន​ឃើញ​ថា ទោះ​បើ​អញ​បាន​លាក‌លែង​អ៊ីស្រាអែល​ជា​ពួក​រា‌ថយ​នោះ ព្រម​ទាំង​ឲ្យ​សំបុត្រ​លះ‌លែង​ដល់​គេ​ហើយ ដោយ​ព្រោះ​គេ​តែង​ប្រព្រឹត្ត​សេចក្ដី​កំផិត​នោះ គង់​តែ​យូដា ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​មិន​បាន​ខ្លាច​ដែរ គឺ​បាន​ទៅ​ប្រព្រឹត្ត​ការ​កំផិត​ដូច​គ្នា 9ហើយ​ស្រុក​បាន​អាប់‌ឱន​ទៅ ដោយ​សព្ទ​រន្ទឺ​នៃ​ការ​កំផិត​របស់​គេ គឺ​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​នឹង​ដុំ​ថ្ម ហើយ​នឹង​ដុំ​ឈើ​ផង 10ទោះ​បើ​មាន​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​យូដា​ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​នោះ មិន​បាន​វិល​មក​ឯ​អញ​ដោយ​អស់​ពី​ចិត្ត​ដែរ គឺ​មាន​ពុត‌ត្បុត​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។
11ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​បន្ទូល​មក​ខ្ញុំ​ថា អ៊ីស្រាអែល​ជា​ពួក​រា‌ថយ​នោះ គេ​បាន​សំដែង​ខ្លួន​ជា​សុចរិត ជា​ជាង​ពួក​យូដា ដែល​មាន​ចិត្ត​ក្បត់​នោះ ទៅ​ទៀត 12ចូរ​ទៅ​ប្រកាស​ប្រាប់​ពាក្យ​ទាំង​នេះ​ទៅ​ទិស​ខាង​ជើង ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ឱ​អ៊ីស្រាអែល ជា​ពួក​រា‌ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ អញ​នឹង​មិន​បំភ័យ​ឯង​ដោយ​ទឹក​មុខ​អញ​ទេ ដ្បិត​អញ​មាន​សេចក្ដី​មេត្តា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​មិន​ក្រោធ​ជា​ដរាប​ឡើយ 13ឲ្យ​ឯង​គ្រាន់​តែ​ទទួល​ព្រម​ថា ឯង​មាន​សេចក្ដី​ទុច្ចរិត​មែន​ប៉ុណ្ណេះ ដោយ​បាន​រំលង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​បាន​ចែក​អំពើ​គោរព​របស់​ឯង ឲ្យ​សុស‌សាយ​ទៅ​ដល់​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី​ផង តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ​សោះ 14ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឱ​ពួក​ក្មេងៗ​ដែល​រា‌ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ ដ្បិត​អញ​ជា​ប្ដី​ដល់​ឯង​រាល់​គ្នា​ហើយ នោះ​អញ​នឹង​យក​ឯង​រាល់​គ្នា ម្នាក់​ពី​ក្រុង​១ ហើយ​២​នាក់​ពី​ពូជ​អំបូរ​១ នាំ​ត្រឡប់​ទៅ​ឯ​ក្រុង​ស៊ីយ៉ូន​វិញ 15រួច​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​មាន​អ្នក​គ្រប់‌គ្រង​ដែល​គាប់​ចិត្ត​អញ ជា​អ្នក​ដែល​នឹង​ឃ្វាល​ឯង​រាល់​គ្នា​ដោយ​ដំរិះ នឹង​យោបល់ 16ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​គ្រា​នោះ កាល​ណា​ឯង​រាល់​គ្នា​បាន​ចំរើន​មាន​គ្នា​ច្រើន​ឡើង​នៅ​ក្នុង​ស្រុក នោះ​គេ​នឹង​លែង​ចេញ​ពាក្យ​ថា ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ហឹប​នោះ​ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​គេ ហើយ​គេ​មិន​ដែល​នឹក​ចាំ ឬ​រឭក​រក ក៏​មិន​ដែល​មាន​អ្នក​ណា​ធ្វើ​ឡើង​វិញ ដរាប​ត​ទៅ 17នៅ​គ្រា​នោះ គេ​នឹង​ហៅ​ក្រុង​យេរូ‌សាឡិម​ថា ជា​បល្ល័ង្ក​នៃ​ព្រះ‌យេហូវ៉ា ហើយ​អស់​ទាំង​សាសន៍​នឹង​មូល​គ្នា មក​ឯ​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ក្នុង​ក្រុង​យេរូ‌សាឡិម គេ​នឹង​មិន​ដើរ​តាម​សេចក្ដី​រឹង‌ចចេស នៃ​ចិត្ត​អាក្រក់ របស់​គេ ទៀត​ឡើយ 18នៅ​គ្រា​នោះ ពួក​វង្ស​យូដា​នឹង​ដើរ​ជា​មួយ​នឹង​ពួក​វង្ស​អ៊ីស្រាអែល ហើយ​គេ​នឹង​ចេញ​ពី​ស្រុក​ខាង​ជើង​ជា​មួយ​គ្នា មក​ឯ​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​ព្ធយុ‌កោ​របស់​ឯង​ទុក​ជា​មរដក។
19តែ​អញ​បាន​នឹក​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​ដាក់​ឯង​ឲ្យ​នៅ​ជា​មួយ​នឹង​ពួក​កូន​ចៅ​បាន ព្រម​ទាំង​ឲ្យ​ស្រុក​ដ៏​គាប់​ចិត្ត គឺ​ជា​មរដក​យ៉ាង​ល្អ​របស់​ពួក​កក‌កុញ នៅ​អស់​ទាំង​សាសន៍​ដល់​ឯង​ផង នោះ​អញ​បាន​ឆ្លើយ​ថា ឯង​រាល់​គ្នា​នឹង​ហៅ​អញ​ថា​ជា​ព្រះវរ‌បិតា​របស់​ឯង ក៏​នឹង​លែង​ងាក​បែរ​ចេញ​ពី​អញ​ត​ទៅ 20ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឱ​ពូជ‌ពង្ស​អ៊ីស្រាអែល​អើយ ពិត​ប្រាកដ​ជា​ឯង​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ចំពោះ​អញ ប្រៀប​ដូច​ជា​ប្រពន្ធ​ប្រព្រឹត្ត​ក្បត់​ចាក​ចោល​ប្ដី​ខ្លួន 21មាន​ឮ​សំឡេង​នៅ​លើ​ទី​ខ្ពស់​ត្រងិល គឺ​ជា​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​យំ ហើយ​ទូល‌អង្វរ ដោយ​ព្រោះ​គេ​បាន​បង្ខូច​ផ្លូវ​ខ្លួន ហើយ​បាន​ភ្លេច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន​ទៅ 22ឱ​ពួក​កូន​ដែល​រា‌ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ អញ​នឹង​មើល​អស់​ទាំង​អំពើ​រា‌ថយ​របស់​ឯង ឲ្យ​បាន​ជា​ឡើង​មើល យើង​ខ្ញុំ​រាល់​គ្នា​មក​ឯ​ទ្រង់​ហើយ ដ្បិត​ទ្រង់​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា 23ការ​ដែល​ទុក​ចិត្ត​សង្ឃឹម​ដល់​ភ្នំ​តូច ហើយ​ដល់​ពួក​អ៊ឹក‌ធឹក​នៅ​លើ​ភ្នំ​ធំ នោះ​ពិត​ប្រាកដ​ជា​ឥត​ប្រយោជន៍​ទទេ សេចក្ដី​សង្គ្រោះ​នៃ​សាសន៍​អ៊ីស្រាអែល នោះ​ស្រេច​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ជា​ពិត​វិញ 24ប៉ុន្តែរបស់​គួរ​ខ្មាស​បាន​ស៊ី​បង្ហិន​ការ​ដែល​ពួក​ឪពុក​យើង​បាន​ខំ​ធ្វើ តាំង​ពី​យើង​នៅ​ក្មេង​មក គឺ​ទាំង​ហ្វូង​ចៀម ហ្វូង​គោ នឹង​កូន​ប្រុស​កូន​ស្រី របស់​គាត់​ផង 25គួរ​ឲ្យ​យើង​រាល់​គ្នា​ដេក​ចុះ ក្នុង​សេចក្ដី​ខ្មាស​របស់​យើង ហើយ​ឲ្យ​សេចក្ដី​អាប់‌ឱន​គ្រប​ដណ្តប់​យើង​ដែរ ពី​ព្រោះ​យើង​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា គឺ​ទាំង​ខ្លួន​យើង នឹង​ពួក​ឪពុក​យើង​ផង ចាប់​តាំង​ពី​យើង​នៅ​ក្មេង​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ យើង​ក៏​មិន​បាន​ស្តាប់​តាម​សំឡេង​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ផង។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in