YouVersion Logo
Search Icon

លូកា 18

18
1នោះ​ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​ទៅ​គេ ដើម្បី​នឹង​បង្ហាញ​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ 2ទ្រង់​មាន​បន្ទូល​ថា នៅ​ក្នុង​ក្រុង​១​មាន​ចៅ‌ក្រម​ម្នាក់ ដែល​មិន​កោត‌ខ្លាច​ដល់​ព្រះ ក៏​មិន​ព្រឹម​ញញើត​ចំពោះ​មនុស្ស​ណា​ផង 3ហើយ​មាន​ស្ត្រី​មេម៉ាយ​ម្នាក់ នៅ​ក្នុង​ក្រុង​នោះ​ដែរ នាង​ចេះ​តែ​មក​និយាយ​នឹង​លោក​នោះ​ថា សូម​លោក​កាត់​ទោស​ដល់​ខ្មាំង​សត្រូវ​ឲ្យ​ខ្ញុំ​ផង 4តែ​លោក​មិន​ទទួល​ព្រម​ជា​យូរ​ក្រែល​ហើយ លុះ​ក្រោយ​មក​ក៏​គិត​ក្នុង​ចិត្ត​ថា ទោះ​បើ​អញ​មិន​ខ្លាច​ដល់​ព្រះ ឬ​ព្រឹម​ញញើត​ចំពោះ​មនុស្ស​ណា​ក៏​ដោយ 5គង់​តែ​អញ​នឹង​ជំនុំ​ជំរះ​ឲ្យ​ស្ត្រី​មេម៉ាយ​នេះ​ជា​មិន​ខាន ដោយ​ព្រោះ​នាង​នាំ​ឲ្យ​រំខាន​ចិត្ត​អញ​ខ្លាំង​ណាស់ ក្រែង​នាង​ចេះ​តែ​មក​រំអុក​ជានិច្ច​ដូច្នេះ​ទៅ នឹង​នាំ​ឲ្យ​អញ​ពិបាក​ចិត្ត​ទៅ​ទៀត 6នោះ​ទ្រង់​មាន​បន្ទូល​ថា ចូរ​ពិចារណា​សេចក្ដី ដែល​ចៅ‌ក្រម​ទុច្ចរិត​នោះ​និយាយ​ចុះ 7ចំណែក​ព្រះ​វិញ ដែល​ទ្រង់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ ដល់​ពួក​រើស​តាំង​របស់​ទ្រង់ ដែល​គេ​អំពាវ‌នាវ​រក​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ នោះ​តើ​ទ្រង់​មិន​សង‌សឹក​ជំនួស​គេ​ដែរ​ទេ​ឬ​អី 8ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទ្រង់​នឹង​សង‌សឹក​ជំនួស​អ្នក​ទាំង​នោះ ជា​ប្រញាប់​មិន​ខាន ប៉ុន្តែ កាល​ណា​កូន​មនុស្ស​នឹង​មក តើ​នឹង​ឃើញ​នៅ​មាន​សេចក្ដី​ជំនឿ​នៅ​ផែនដី​ដែរ​ឬ​ដូច​ម្តេច។
9ឯ​ពួក​អ្នក​ខ្លះ​ដែល​ទុក​ចិត្ត​នឹង​ខ្លួន​គេ​ថា គេ​សុចរិត ហើយ​ក៏​មើល‌ងាយ​ដល់​មនុស្ស​ឯ​ទៀត​ផង នោះ​ទ្រង់​មាន​បន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​នេះ​ថា 10មាន​បុរស​២​នាក់​ឡើង​ទៅ​អធិស្ឋាន​ក្នុង​ព្រះ‌វិហារ មួយ​ជា​ពួក​ផារិស៊ី មួយ​ទៀត​ជា​អ្នក​យក​ពន្ធ 11អ្នក​ផារិស៊ី​ក៏​ឈរ​តាំង​អធិស្ឋាន​តែ​ម្នាក់​ឯង​ដូច្នេះ​ថា ឱ​ព្រះ‌អង្គ​អើយ ទូលបង្គំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ព្រោះ​ទូលបង្គំ​មិន​ដូច​ជា​មនុស្ស​ឯ​ទៀត ដែល​ជា​មនុស្ស​ប្លន់ ទុច្ចរិត ហើយ​កំផិត ឬ​ដូច​ជា​អ្នក​យក​ពន្ធ​នេះ​ទេ 12ទូលបង្គំ​តម​ក្នុង​១​អាទិត្យ​២​ដង ហើយ​ក៏​ថ្វាយ​១​ភាគ​ក្នុង​១០ ពី​របស់​ទាំង​អម្បាល‌ម៉ាន​ដែល​ទូលបង្គំ​បាន​ចំណេញ​ផង 13ឯ​អ្នក​យក​ពន្ធ គាត់​ឈរ​នៅ​ទី​ឆ្ងាយ មិន​ទាំង​ងើប​មើល​ទៅ​លើ​មេឃ​ផង ក៏​គក់​ដើម​ទ្រូង​ទូល​ថា ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​មេត្តា​អត់​ទោស​ដល់​ទូលបង្គំ ដែល​ជា​អ្នក​មាន​បាប​ផង 14ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កាល​ចុះ​ទៅ​ដល់​ផ្ទះ អ្នក​នេះ​បាន​រាប់​ជា​សុចរិត ជា​ជាង​អ្នក​១​នោះ ដ្បិត​អស់​អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​វិញ ហើយ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង។
15មាន​គេ​នាំ​កូន​តូចៗ​មក​ឯ​ព្រះ‌យេស៊ូវ​ដែរ ដើម្បី​ឲ្យ​ទ្រង់​បាន​ពាល់​វា តែ​កាល​ពួក​សិស្ស​បាន​ឃើញ នោះ​ក៏​បន្ទោស​ដល់​គេ 16ប៉ុន្តែ ទ្រង់​ហៅ​ពួក​សិស្ស​មក​មាន​បន្ទូល​ថា ទុក​ឲ្យ​កូន​តូច​មក​ឯ​ខ្ញុំ​ឯ​ណេះ កុំ​ឃាត់​វា​ឡើយ ព្រោះ​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ 17ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ទទួល​នគរ​ព្រះ​ដូច​ជា​កូន​តូចៗ នោះ​មិន​បាន​ចូល​ទៅ​ក្នុង​នគរ​នោះ​ឡើយ។
18មាន​នាម៉ឺន​ម្នាក់​ទូល​សួរ​ទ្រង់​ថា ឱ​លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ឲ្យ​បាន​ជីវិត​រស់​អស់‌កល្ប​ជានិច្ច 19ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា ល្អ ដូច្នេះ គ្មាន​អ្នក​ណា​ល្អ​ឡើយ មាន​តែ​មួយ​ប៉ុណ្ណោះ គឺ​ជា​ព្រះ 20អ្នក​បាន​ស្គាល់​បញ្ញត្ត​ទាំង​ប៉ុន្មាន​ហើយ ដែល​ថា «កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ» 21តែ​គាត់​ទូល​ឆ្លើយ​ថា ខ្ញុំ​បាន​កាន់​តាម​សេចក្ដី​ទាំង​នេះ តាំង​តែ​ពី​ក្មេង​មក​ហើយ 22កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ដូច្នោះ នោះ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា អ្នក​នៅ​ខ្វះ​សេចក្ដី​១​ទៀត ដូច្នេះ ចូរ​ទៅ​លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រីក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ​សម្បត្តិ នៅ​លើ​ស្ថាន‌សួគ៌​វិញ រួច​ចូរ​មក​តាម​ខ្ញុំ​ចុះ 23កាល​គាត់​បាន​ឮ​សេចក្ដី​ទាំង​នេះ​ហើយ នោះ​ក៏​កើត​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ព្រោះ​គាត់​មាន​សម្បត្តិ​ទ្រព្យ​ច្រើន​ណាស់។
24ព្រះ‌យេស៊ូវ​ក៏​ឃើញ​ថា គាត់​កើត​មាន​ចិត្ត​ព្រួយ បាន​ជា​ទ្រង់​មាន​បន្ទូល​ថា មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ពិបាក​ណាស់ 25ដ្បិត​ដែល​សត្វ​អូដ្ឋ​នឹង​ចូល​ទៅ​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជា​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ទៅ​ទៀត 26ពួក​អ្នក​ដែល​ឮ​ក៏​ទូល​សួរ​ថា ដូច្នេះ តើ​អ្នក​ណា​អាច​នឹង​បាន​សង្គ្រោះ 27ទ្រង់​មាន​បន្ទូល​ថា ការ​ដែល​មនុស្ស​ធ្វើ​មិន​កើត នោះ​ព្រះ‌ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់ 28នោះ​ពេត្រុស​ទូល​ថា មើល យើង​ខ្ញុំ​បាន​លះ​ចោល​ទាំង​អស់ មក​តាម​ទ្រង់​ហើយ 29ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្មាន​អ្នក​ណា ដែល​លះ​ចោល​ផ្ទះ‌សំបែង ឪពុក​ម្តាយ បង​ប្អូន ឬ​ប្រពន្ធ​កូន ដោយ​យល់​ដល់​នគរ​ព្រះ 30ឥត​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង ក្នុង​សម័យ​នេះ​នោះ​ឡើយ ហើយ​លុះ​ដល់​បរ‌លោក​នាយ ក៏​នឹង​បាន​ជីវិត​រស់​អស់​‌កល្ប​ជានិច្ច​ថែម​ទៀត​ផង។
31ទ្រង់​ក៏​យក​ពួក​១២​នាក់​មក​មាន​បន្ទូល​ថា មើល យើង​រាល់​គ្នា​នឹង​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​គ្រប់​សេចក្ដី​ដែល​ពួក​ហោរា​បាន​ចែង​ទុក​ពី​កូន​មនុស្ស នឹង​បាន​សំរេច​ពិត 32ដ្បិត​គេ​នឹង​បញ្ជូន​លោក​ទៅ​ពួក​សាសន៍​ដទៃ គេ​នឹង​សើច​ចំអក​ឲ្យ ត្មះ‌តិះដៀល ហើយ​ស្តោះ​ដាក់​លោក 33រួច​កាល​គេ​បាន​វាយ​នឹង​រំពាត់​ហើយ នោះ​គេ​នឹង​សំឡាប់​លោក​បង់ តែ​ក្រោយ​៣​ថ្ងៃ​មក លោក​នឹង​រស់​ឡើង​វិញ 34តែ​ពួក​សាវក​មិន​បាន​យល់​សេចក្ដី​ទាំង​នោះ​សោះ ពាក្យ​នោះ​ជា​ពាក្យ​លាក់​កំបាំង​ដល់​គេ ហើយ​គេ​មិន​បាន​យល់​ជា​ថា​ដូច​ម្តេច​ទេ។
35កាល​ជិត​ដល់​ក្រុង​យេរីខូរ​ហើយ នោះ​មាន​មនុស្ស​ខ្វាក់​ម្នាក់ អង្គុយ​សូម​ទាន​នៅ​មាត់​ផ្លូវ 36គាត់​ឮ​សូរ​សន្ធឹក​មនុស្ស​ទាំង​ហ្វូង ដែល​ដើរ​តាម​នោះ ក៏​សួរ​គេ​ថា តើ​មាន​ការ​អ្វី 37គេ​ប្រាប់​គាត់​ថា គឺ​ព្រះ‌យេស៊ូវ ពី​ស្រុក​ណាសា‌រ៉ែត ទ្រង់​យាង​មក 38រួច​គាត់​ស្រែក​ឡើង​ថា ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង 39ឯ​ពួក​អ្នក​ដែល​ដើរ​មុន គេ​កំហែង​គាត់​ឲ្យ​នៅ​ស្ងៀម តែ​គាត់​ស្រែក​រឹត‌តែ​ខ្លាំង​ឡើង​ថា ឱ​ព្រះ‌វង្ស​ហ្លួង​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង 40នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ក៏​ឈប់ ហើយ​បង្គាប់​ឲ្យ​គេ​នាំ​គាត់​មក កាល​គាត់​មក​ជិត​ហើយ នោះ​ទ្រង់​មាន​បន្ទូល​សួរ​ថា 41តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក គាត់​ទូល​ថា ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឲ្យ​ភ្នែក​ទូលបង្គំ​បាន​ភ្លឺ​ឡើង 42ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ឲ្យ​ភ្លឺ​ចុះ សេចក្ដី​ជំនឿ​អ្នក​បាន​ជួយ​សង្គ្រោះ​អ្នក​ហើយ 43ស្រាប់​តែ​ភ្នែក​គាត់​បាន​ភ្លឺ​ភ្លាម ហើយ​គាត់​ដើរ​តាម​ទ្រង់ ទាំង​ពណ៌នា​សរសើរ​ដំកើង​ព្រះ ឯ​មនុស្ស​ទាំង​អស់​ដែល​ឃើញ ក៏​សរសើរ​ដល់​ព្រះ​ដែរ។

Currently Selected:

លូកា 18: ពគប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in