ភីលេម៉ូន 1
1
1សំបុត្រប៉ុល ជាសិស្សរបស់ព្រះគ្រីស្ទយេស៊ូវ ដែលខ្ញុំជាប់គុកនេះ នឹងធីម៉ូថេ ជាបងប្អូន យើងខ្ញុំផ្ញើមកអ្នកភីលេម៉ូន ជាសំឡាញ់ស្ងួនភ្ងា ដែលធ្វើការជាមួយនឹងយើងខ្ញុំ 2ហើយមកនាងអាប់ភា ជាអ្នកស្ងួនភ្ងា នឹងអ្នកអើឃីព ជាគូកនតយុទ្ធជាមួយនឹងយើងខ្ញុំ ព្រមទាំងពួកជំនុំ ដែលប្រជុំនៅផ្ទះអ្នកដែរ 3សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។
4ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ ទាំងដំណាលពីអ្នកជានិច្ច ក្នុងកាលដែលខ្ញុំអធិស្ឋានផង 5ដោយបានឮនិយាយពីសេចក្ដីស្រឡាញ់ នឹងសេចក្ដីជំនឿ ដែលអ្នកមានដល់ព្រះអម្ចាស់យេស៊ូវ ហើយដល់ពួកបរិសុទ្ធទាំងអស់គ្នាដែរ 6ខ្ញុំសូមឲ្យសេចក្ដីប្រកបនៃសេចក្ដីជំនឿរបស់អ្នក បានកើតការឡើង ឲ្យបានយល់ព្រមតាមគ្រប់ទាំងការល្អ ដែលនៅក្នុងខ្លួនយើង សំរាប់ព្រះគ្រីស្ទយេស៊ូវ 7ដ្បិត ឱប្អូនអើយ យើងខ្ញុំមានសេចក្ដីអំណរ នឹងសេចក្ដីក្សាន្តចិត្តជាខ្លាំងដែរ ដោយសារសេចក្ដីស្រឡាញ់របស់អ្នក ពីព្រោះចិត្តនៃពួកបរិសុទ្ធ បានស្បើយល្ហែ ដោយសារអ្នក។
8ដូច្នេះ ទោះបើខ្ញុំមានអំណាចជាច្រើន ក្នុងព្រះគ្រីស្ទ នឹងអាចបង្គាប់ឲ្យអ្នកធ្វើការដែលគួរគប្បីនេះក៏ដោយ 9គង់តែខ្ញុំ ឈ្មោះប៉ុល ជាអ្នកមានវ័យចាស់ហើយ ដែលឥឡូវនេះ បានជាប់គុក ដោយព្រោះព្រះយេស៊ូវគ្រីស្ទផង ខ្ញុំសូមទូន្មានដល់អ្នក ដោយសេចក្ដីស្រឡាញ់វិញ 10ខ្ញុំអង្វរអ្នកជំនួសកូនខ្ញុំ គឺឈ្មោះអូនេស៊ីមនេះ ដែលខ្ញុំបានបង្កើតក្នុងវេលាជាប់ចំណង 11ពីដើមជាអ្នកគ្មានប្រយោជន៍ដល់អ្នកទេ តែឥឡូវនេះ មានប្រយោជន៍ដល់ទាំងអ្នក នឹងខ្ញុំផង ខ្ញុំចាត់គាត់មកឯអ្នកវិញ 12សូមអ្នកទទួលគាត់ចុះ ព្រោះជាដួងចិត្តរបស់ខ្ញុំហើយ 13ខ្ញុំចង់ទុកគាត់ឲ្យនៅជាមួយនឹងខ្ញុំណាស់ ដើម្បីឲ្យគាត់បំរើខ្ញុំជំនួសអ្នក ដែលខ្ញុំនៅជាប់ចំណង ដោយព្រោះដំណឹងល្អ 14តែខ្ញុំមិនចង់ធ្វើអ្វីទេ លើកតែអ្នកយល់ព្រមដែរ ដើម្បីកុំឲ្យអ្នកធ្វើគុណទាំងបង្ខំឡើយ គឺចង់ឲ្យបានធ្វើដោយស្ម័គ្រចិត្តវិញ 15ដ្បិតប្រហែលជាដោយហេតុនោះ បានជាគាត់ឃ្លាតចេញពីអ្នកទៅជាយូរបន្តិច ដើម្បីឲ្យអ្នកបានគាត់វិញ ឲ្យនៅជាប់ជាដរាបទៅ 16តែមិនមែនដូចជាបាវបំរើទៀតឡើយ គឺលើសជាងបាវបំរើទៅទៀត ទុកដូចជាប្អូនស្ងួនភ្ងាវិញ គឺដល់ខ្ញុំជាដើម ហើយដល់អ្នក តើលើសជាងយ៉ាងណាទៅ ទាំងខាងសាច់ឈាម នឹងក្នុងព្រះអម្ចាស់ផង 17ដូច្នេះ បើអ្នករាប់ខ្ញុំទុកជាគូកន នោះចូរទទួលគាត់ទុកដូចជាខ្លួនខ្ញុំចុះ 18បើគាត់បានធ្វើអ្វីខុសឆ្គងនឹងអ្នក ឬជំពាក់អ្នក នោះត្រូវគិតលើខ្ញុំវិញ 19ប៉ុលខ្ញុំសរសេរដោយដៃខ្លួនថា ខ្ញុំនឹងសងអ្នក តែដែលអ្នកជំពាក់ខ្ញុំ ទាំងខ្លួនអ្នកផង នោះមិនថាទេ 20អើ ប្អូនអើយ សូមឲ្យខ្ញុំបានផលនេះអំពីអ្នក ក្នុងព្រះអម្ចាស់ សូមលំហែចិត្តខ្ញុំក្នុងព្រះគ្រីស្ទផង។
21ខ្ញុំបានសរសេរសំបុត្រនេះផ្ញើមកអ្នក ដោយមានចិត្តជឿថា អ្នកនឹងស្តាប់តាមខ្ញុំ ហើយខ្ញុំក៏ដឹងជាក់ថា អ្នកនឹងធ្វើលើសអំពីសេចក្ដីដែលខ្ញុំសូមនេះទៅទៀត។
22សូមរៀបកន្លែងឲ្យខ្ញុំបាននៅផង ដ្បិតខ្ញុំសង្ឃឹមថា ព្រះទ្រង់នឹងប្រគល់ខ្ញុំមកឯអ្នកវិញ ដោយអ្នកអធិស្ឋានឲ្យខ្ញុំផង។
23អ្នកអេប៉ាប្រាស ជាអ្នកជាប់គុកជា១នឹងខ្ញុំ ដោយព្រោះព្រះគ្រីស្ទយេស៊ូវ គាត់ជំរាបសួរមកអ្នកដែរ 24ព្រមទាំងអ្នកម៉ាកុស អ្នកអើរីស្តាក អ្នកដេម៉ាស នឹងអ្នកលូកា ជាគូកនធ្វើការជា១នឹងខ្ញុំ គេក៏សូមជំរាបសួរមកអ្នកផង។
25សូមឲ្យវិញ្ញាណអ្នកបានប្រកបដោយព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ អាម៉ែន។:៚
Currently Selected:
ភីលេម៉ូន 1: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.