សុភាសិត 15
15
1ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរំងាប់សេចក្ដីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្តាលឲ្យមានសេចក្ដីកំហឹងវិញ។
2អណ្តាតរបស់មនុស្សប្រាជ្ញ រមែងធ្វើឲ្យចំណេះបានពីរោះស្តាប់ តែមាត់របស់មនុស្សល្ងីល្ងើបង្ហូរចេញជាសេចក្ដីចំកួតវិញ។
3ព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើ ក៏យាមមើលឃើញទាំងអស់ ទោះទាំងអាក្រក់នឹងល្អផង។
4ឯអណ្តាតដ៏លំហើយ នោះជាដើមឈើនៃជីវិត តែបើមានសេចក្ដីវៀចវិញ នោះនាំឲ្យវិញ្ញាណបាក់បែកទៅ។
5មនុស្សល្ងីល្ងើតែងតែស្អប់សេចក្ដីប្រៀនប្រដៅរបស់ឪពុក តែអ្នកណាដែលស្តាប់តាមសេចក្ដីបន្ទោស នោះនឹងបានគំនិតវាងវៃវិញ។
6នៅក្នុងផ្ទះមនុស្សសុចរិតមានទ្រព្យសម្បត្តិច្រើន តែក្នុងកំរៃនៃមនុស្សអាក្រក់ តែងតែមានសេចក្ដីវេទនាវិញ។
7បបូរមាត់របស់មនុស្សប្រាជ្ញ រមែងផ្សាយចេញជាចំណេះ តែចិត្តរបស់មនុស្សល្ងីល្ងើមិនមែនដូច្នោះទេ។
8យញ្ញបូជារបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែសេចក្ដីអធិស្ឋាននៃមនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ទ្រង់វិញ។
9ផ្លូវប្រព្រឹត្តរបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែទ្រង់ស្រឡាញ់ចំពោះអ្នកណាដែលដើរតាមសេចក្ដីសុចរិតវិញ។
10មានសេចក្ដីផ្ចាញ់ផ្ចាលយ៉ាងសហ័ស បំរុងទុកសំរាប់អ្នកណាដែលបោះបង់ចេញពីផ្លូវ ហើយអ្នកណាដែលស្អប់សេចក្ដីបន្ទោស នោះនឹងត្រូវស្លាប់។
11ស្ថានឃុំព្រលឹងមនុស្សស្លាប់ នឹងទីវិនាស នោះប្រាកដច្បាស់នៅចំពោះព្រះយេហូវ៉ាទៅហើយ ចំណង់បើចិត្តនៃអស់ទាំងមនុស្សជាតិ តើច្បាស់ជាជាងអំបាលម៉ានទៅទៀត។
12មនុស្សដែលចំអកមើលងាយ គេមិនចូលចិត្តឲ្យអ្នកណាបន្ទោសខ្លួនឡើយ ក៏មិនដែលរកអ្នកប្រាជ្ញដែរ។
13ចិត្តរីករាយតែងតែបណ្តាលឲ្យមានទឹកមុខផូរផង់ តែវិញ្ញាណត្រូវបាក់បែកដោយកើតមានទុក្ខព្រួយក្នុងចិត្ត។
14ចិត្តរបស់អ្នកណាដែលមានយោបល់ហើយ នោះរមែងស្វែងរកចំណេះ តែមាត់របស់មនុស្សល្ងីល្ងើតែងតែចិញ្ចឹមខ្លួន ដោយសេចក្ដីចំកួតវិញ។
15អស់ទាំងថ្ងៃនៃមនុស្សរងទុក្ខវេទនា នោះសុទ្ធតែអាក្រក់ទាំងអស់ តែអ្នកណាដែលមានចិត្តជាសុខ នោះប្រៀបដូចជាមានការស៊ីលៀងនៅជានិច្ច។
16មានទ្រព្យសម្បត្តិតិច ហើយមានសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះវិសេសជាងមានច្រើន ហើយមានសេចក្ដីទុក្ខវិញ។
17ស៊ូឲ្យមានតែបន្លែជាម្ហូប នៅកន្លែងណាដែលមានសេចក្ដីស្រឡាញ់ ជាជាងមានសាច់គោដែលបំប៉នឲ្យធាត់ ហើយមានសេចក្ដីសំអប់វិញ។
18មនុស្សគំរោះគំរើយ រមែងបណ្តាលឲ្យមានសេចក្ដីទាស់ទែងគ្នា តែអ្នកណាដែលយឺតនឹងខឹង នោះរំងាប់សេចក្ដីជំលោះវិញ។
19ផ្លូវរបស់មនុស្សខ្ជិលច្រអូស ធៀបដូចជារបងបន្លា តែផ្លូវច្រករបស់មនុស្សទៀងត្រង់ត្រឡប់ជាថ្នល់ធំវិញ។
20កូនដែលមានប្រាជ្ញារមែងធ្វើឲ្យឪពុកសប្បាយ តែមនុស្សល្ងីល្ងើ គេមើលងាយម្តាយខ្លួនវិញ។
21ឯការចំកួតជាសេចក្ដីអំណរដល់មនុស្សដែលឥតប្រាជ្ញា តែមនុស្សដែលមានយោបល់ គេរមែងដើរតាមផ្លូវទៀងត្រង់វិញ។
22ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ តែបើមានអ្នកជួយគំនិតជាច្រើន នោះនឹងកើតការវិញ។
23មនុស្សរមែងមានសេចក្ដីអំណរ ដោយពាក្យឆ្លើយរបស់ខ្លួន ហើយពាក្យ១ម៉ាត់ដែលនឹងពោលត្រូវពេល នោះល្អណាស់ហ្ន៎។
24ខាងឯមនុស្សមានប្រាជ្ញា នោះផ្លូវនៃជីវិតចេះតែនាំឡើងទៅលើ ដើម្បីឲ្យបានឃ្លាតចេញពីស្ថានឃុំព្រលឹងមនុស្សស្លាប់ ដែលនៅខាងក្រោម។
25ព្រះយេហូវ៉ានឹងបំផ្លាញផ្ទះរបស់មនុស្សឆ្មើងឆ្មៃ តែទ្រង់នឹងតាំងគោលចារិកនៃស្រីមេម៉ាយឲ្យមាំមួនវិញ។
26គំនិតអាក្រក់ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែពាក្យសំដីរបស់មនុស្សបរិសុទ្ធ នោះពីរោះវិញ។
27អ្នកណាដែលលោភចង់បានកំរៃ នោះរមែងធ្វើឲ្យផ្ទះខ្លួនកើតទុក្ខ តែអ្នកណាដែលស្អប់សំណូក នោះនឹងរស់នៅវិញ។
28ចិត្តរបស់មនុស្សសុចរិតរំពឹងគិតជាមុន ទើបឆ្លើយ តែមាត់មនុស្សអាក្រក់បង្ហូរចេញជាសេចក្ដីអាក្រក់វិញ។
29ព្រះយេហូវ៉ាទ្រង់គង់នៅឆ្ងាយពីមនុស្សអាក្រក់ តែទ្រង់ស្តាប់សេចក្ដីអធិស្ឋានរបស់មនុស្សសុចរិតវិញ។
30ពន្លឺនៃភ្នែក នោះនាំឲ្យចិត្តរីករាយ ហើយដំណឹងដែលគាប់ចិត្ត នោះរមែងចំរើនកំឡាំងដល់ឆ្អឹង។
31ត្រចៀកណាដែលស្តាប់តាមសេចក្ដីបន្ទោសនៃជីវិត នោះនឹងអាស្រ័យនៅជាកណ្តាលពួកអ្នកប្រាជ្ញ។
32អ្នកណាដែលមិនព្រមទទួលសេចក្ដីប្រៀនប្រដៅ នោះឈ្មោះថាស្អប់ខ្ពើមដល់ព្រលឹងខ្លួន តែអ្នកណាដែលស្តាប់តាមសេចក្ដីបន្ទោស នោះបានយោបល់វិញ។
33សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា រមែងបង្រៀនឲ្យមានប្រាជ្ញា ហើយសេចក្ដីសុភាពរាបសាតែងតែនាំមុខកិត្តិសព្ទ។
Currently Selected:
សុភាសិត 15: ពគប
Highlight
Share
Copy
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapistaging.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.