សុភាសិត 30
30
1ពាក្យទាំងនេះ ជាពាក្យរបស់អេគើរ ជាកូនយ៉ាកេ គឺជាសេចក្ដីទំនាយដែលអ្នកនោះបានពោលដល់អ៊ីធាល គឺដល់អ៊ីធាលនឹងយូកាលផងថា___
2ពិតប្រាកដជាខ្ញុំល្ងង់ជាងអស់ទាំងមនុស្ស ក៏ឥតមានយោបល់របស់មនុស្សដែរ 3ខ្ញុំមិនបានរៀនឲ្យមានប្រាជ្ញាទេ ក៏គ្មានដំរិះរបស់ព្រះដ៏បរិសុទ្ធផង។
4តើអ្នកណាបានឡើងទៅឯស្ថានសួគ៌ រួចត្រឡប់ចុះមកវិញ តើអ្នកណាបានកើបប្រមូលខ្យល់ក្តាប់នៅដៃអាវ តើអ្នកណាបានដក់ក្របួចអស់ទាំងទឹក នៅក្នុងថ្នក់អាវរបស់ខ្លួន តើអ្នកណាបានប្រតិស្ឋានចុងផែនដីទាំងប៉ុន្មាន តើព្រះអង្គនោះមានព្រះនាមជាអ្វី ហើយព្រះរាជបុត្រារបស់ទ្រង់តើមានព្រះនាមជាអ្វី បើឯងដឹង ចូរប្រាប់មក។
5គ្រប់ទាំងព្រះបន្ទូលនៃព្រះ សុទ្ធតែបរិសុទ្ធ ទ្រង់ជាខែល ដល់អស់អ្នកដែលពឹងជ្រកក្នុងទ្រង់ 6កុំឲ្យបន្ថែមបញ្ចូលក្នុងព្រះបន្ទូលទ្រង់ឡើយ ក្រែងទ្រង់បន្ទោសដល់ឯង ហើយឃើញថា ឯងជាមនុស្សភូតភរ។
7ទូលបង្គំបានសូមសេចក្ដី២ប្រការពីទ្រង់ សូមកុំខាននឹងប្រទានសេចក្ដីទាំង២នោះដល់ទូលបង្គំ មុនដែលទូលបង្គំស្លាប់ឡើយ 8គឺសូមកំចាត់សេចក្ដីភូតភរ នឹងពាក្យកុហកឲ្យឆ្ងាយពីទូលបង្គំទៅ ហើយសូមកុំឲ្យទូលបង្គំមានសេចក្ដីទាល់ក្រ ឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះ 9ក្រែងទូលបង្គំបានឆ្អែត ហើយបោះបង់ចោលទ្រង់ដោយពាក្យថា ព្រះយេហូវ៉ាជាអ្នកណាហ្ន៎ ឬក្រែងទូលបង្គំមានសេចក្ដីទាល់ក្រ ហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង។
10កុំឲ្យនិយាយបង្កាច់បាវបំរើដល់ចៅហ្វាយវាឡើយ ក្រែងគេជេរឯង ហើយឯងជាប់មានទោសវិញ 11មានសម័យ១ ដែលមនុស្សហ៊ានជេរដល់ឪពុកខ្លួន ហើយមិនឲ្យពរដល់ម្តាយផង 12មានសម័យ១ ដែលមនុស្សមើលខ្លួនឯងស្មានថាបរិសុទ្ធ ប៉ុន្តែ គេមិនទាន់បានលាងជំរះសេចក្ដីស្មោកគ្រោករបស់គេចេញនៅឡើយទេ 13មានសម័យ១ ដែលមនុស្សមានឫកខ្ពស់យ៉ាងណាហ្ន៎ ហើយមានភ្នែកឆ្មើងឆ្មៃផង 14មានសម័យ១ ដែលមនុស្សមានធ្មេញដូចជាដាវ ហើយមានថ្គាមដូចជាកាំបិត ដើម្បីខាំស៊ីមនុស្សទាល់ក្រឲ្យបាត់ចេញពីលើផែនដីទៅ ព្រមទាំងពួកកំសត់ទុគ៌តពីកណ្តាលចំណោមមនុស្សលោកផង។
15ឈ្លើងមានកូនញី២ វាស្រែកថា ចូរឲ្យ ចូរឲ្យមកចុះ មានសេចក្ដី៣មុខ ដែលមិនចេះស្កប់ចិត្តឡើយ ក៏មាន៤ផង ដែលមិនចេះថា «ល្មម» នោះឡើយ 16គឺស្ថានឃុំព្រលឹងមនុស្សស្លាប់១ ពោះស្ត្រីអារ១ ដីដែលមិនបានទឹកជោក១ ហើយនឹងភ្លើងដែលមិនចេះថា«ល្មមហើយ»១ដែរ។
17ឯភ្នែកដែលចំអកឲ្យឪពុក ហើយប្រមាថមើលងាយមិនស្តាប់បង្គាប់ម្តាយ នោះក្អែកនៅច្រកភ្នំនឹងចឹកភ្នែកនោះចេញ ហើយត្មាតនឹងជញ្ជែងស៊ីទៅ។
18មានសេចក្ដី៣មុខដែលអស្ចារ្យហួសគំនិតខ្ញុំ អើ ក៏មាន៤ផង ដែលខ្ញុំរកស្គាល់មិនបាន 19គឺជាដំណើររបស់ឥន្ទ្រីហើរនៅលើអាកាស១ ដំណើរនៃពស់លូននៅលើថ្ម១ ដំណើរនាវាបើកនៅកណ្តាលសមុទ្រ១ ហើយដំណើរមនុស្សកំឡោះនៅចំពោះស្ត្រីក្រមុំ១។
20ឯដំណើររបស់ស្រីសំផឹងរមែងយ៉ាងដូច្នេះ គឺវាស៊ីហើយជូតមាត់ រួចពោលថា ខ្ញុំគ្មានធ្វើបាបអ្វីសោះ។
21មានសេចក្ដី៣មុខ ដែលធ្វើឲ្យផែនដីញ័រ ក៏មាន៤ផង ដែលផែនដីទ្រាំមិនបាន 22គឺបាវបំរើដែលបានឡើងធ្វើជាស្តេច១ មនុស្សឥតរបប ដែលបានអាហារបរិបូរ១ 23ស្ត្រីគួរខ្ពើមដែលយកប្ដីនោះ១ ហើយខ្ញុំស្រីដែលជាអ្នកស៊ីមរដកចៅហ្វាយវា១។
24មានសត្វ៤យ៉ាង ដែលតូចទាបណាស់នៅលើផែនដី តែមានប្រាជ្ញាដ៏លើសលុប 25គឺស្រមោច១ ជាពួកសត្វដែលមានកំឡាំងខ្សោយ តែវាតែងតែប្រមូលទុកអាហារនៅរដូវក្តៅ 26ទន្សាយថ្ម១ ជាពួកសត្វមិនសូវមានកំឡាំងទេ តែវាតាំងលំនៅវានៅក្នុងរូងថ្ម 27កណ្តូប១ ជាពួកសត្វឥតមានស្តេចទេ តែវាលើកគ្នាចេញទៅដោយហ្វូងៗ 28ជីងចក់១ ជាសត្វដែលចាប់ដោយដៃបាន តែវានៅក្នុងដំណាក់ស្តេចផង។
29មាន៣មុខដែលមានដំណើររុងរឿង ក៏មាន៤ផង ដែលមានដំណើរយ៉ាងល្អ 30គឺជាសិង្ហ១ ជាសត្វខ្លាំងពូកែលើសជាងអស់ទាំងពួកសត្វ វាមិនព្រមចៀសផ្លូវដល់សត្វណាឡើយ 31សេះចំបាំង១ ពពែឈ្មោល១ហើយមហាក្សត្រ១ ជាអ្នកដែលគ្មានអ្នកណាហ៊ានលើកខ្លួនទាស់ទទឹងនឹងទ្រង់ឡើយ។
32បើឯងបានប្រព្រឹត្តបែបចំកួត ដោយលើកខ្លួនឡើង ឬបើឯងបានគិតគំនិតអាក្រក់ នោះចូរយកដៃខ្ទប់មាត់ចុះ 33ដ្បិតការគ្រលុកទឹកដោះគោ នោះធ្វើឲ្យចេញជាខ្លាញ់ ហើយការដែលចាប់មួលច្រមុះ នោះធ្វើឲ្យចេញឈាមមក យ៉ាងនោះការចាក់រុកដោយក្រោធ ក៏នាំឲ្យមានការឈ្លោះប្រកែកគ្នាដែរ។
Currently Selected:
សុភាសិត 30: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.