ទំនុកដំកើង 55
55
ទំនុកជាសេចក្ដីបង្រៀនរបស់ស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង ត្រូវលេងដោយប្រដាប់មានខ្សែ។
1ឱព្រះអង្គអើយ សូមផ្ទៀងព្រះកាណ៌
ស្តាប់សេចក្ដីដែលទូលបង្គំអធិស្ឋាន
សូមកុំលាក់ព្រះអង្គនឹងពាក្យដែលទូលបង្គំទូលអង្វរឡើយ
2សូមសំកាំងស្តាប់ ហើយឆ្លើយមកទូលបង្គំផង
ទូលបង្គំអន្ទះអន្ទែង ហើយថ្ងូរ
ដោយសេចក្ដីទុក្ខព្រួយរបស់ទូលបង្គំ
3គឺដោយព្រោះសំឡេងរបស់ខ្មាំងសត្រូវ
នឹងសេចក្ដីសង្កត់សង្កិនរបស់មនុស្សអាក្រក់
ដ្បិតគេទំលាក់ការទុច្ចរិតមកលើទូលបង្គំ
ព្រមទាំងបៀតបៀនទូលបង្គំដោយសេចក្ដីកំហឹង
4ចិត្តទូលបង្គំអន្ទះសានៅក្នុងខ្លួន
ហើយសេចក្ដីស្ញែងខ្លាចចំពោះសេចក្ដីស្លាប់
បានគ្របសង្កត់លើទូលបង្គំ
5ទូលបង្គំបានកើតមានសេចក្ដីភ័យខ្លាច ហើយញាប់ញ័រ
សេចក្ដីតក់ស្លុតបានបង្គ្របទូលបង្គំហើយ
6នោះទូលបង្គំបានពោលថា
ឱបើសិនណាជាមានស្លាបដូចជាព្រាបទៅរ៉ា
នោះអញនឹងហើរចេញទៅ ឲ្យបានសេចក្ដីសុខ
7អើ យ៉ាងនោះទូលបង្គំនឹងបានទៅឆ្ងាយ
ស្នាក់នៅឯទីរហោស្ថានវិញ។ –បង្អង់
8៙ ទូលបង្គំនឹងបានរត់ជាប្រញាប់ទៅឯទីជ្រក
ឲ្យបានរួចពីខ្យល់គំហុក នឹងព្យុះសង្ឃរា
9ឱព្រះអម្ចាស់អើយ សូមបំផ្លាញគំនិតគេ
ឲ្យគេនិយាយសុទ្ធតែខុសគ្នា
ដ្បិតទូលបង្គំបានឃើញសេចក្ដីច្រឡោត
នឹងសេចក្ដីទាស់ទែងគ្នា នៅក្នុងទីក្រុង
10ទាំងយប់ទាំងថ្ងៃ គេប្រព្រឹត្តយ៉ាងនោះ
នៅលើកំផែងជុំវិញទីក្រុង
នៅខាងក្នុង មានសុទ្ធតែសេចក្ដីនឿយហត់
ហើយព្រួយចិត្ត
11មានការអាក្រក់នៅកណ្តាលទីក្រុង
សេចក្ដីសង្កត់សង្កិន ហើយឆបោក
មិនចេះបាត់ពីផ្លូវក្រុងឡើយ។
12៙ មិនមែនជាខ្មាំងសត្រូវដែលបកកេរខ្ញុំ
យ៉ាងនោះខ្ញុំនឹងធន់ទ្រាំបាន
ក៏មិនមែនជាអ្នកស្អប់ខ្ញុំដែលលើកខ្លួនទាស់នឹងខ្ញុំ
នោះខ្ញុំនឹងបានពួនខ្លួនឲ្យរួចពីគេ
13គឺជាអ្នកឯងវិញ ជាមនុស្សស្មើគ្នានឹងខ្ញុំ
ជាភឿន ហើយជាសំឡាញ់ស្និទ្ធស្នាលនឹងខ្ញុំ
14យើងបានធ្លាប់ប្រឹក្សាគ្នាយ៉ាងផ្អែមល្ហែម
ក៏ដើរជាមួយគ្នា នៅកណ្តាលហ្វូងមនុស្ស ក្នុងដំណាក់ព្រះ
15សូមឲ្យសេចក្ដីស្លាប់លោមកគ្របលើគេ
ឲ្យគេចុះទាំងរស់ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់
ដ្បិតមានអំពើអាក្រក់នៅក្នុងទីលំនៅរបស់គេ
ហើយនៅខាងក្នុងគេផង
16ចំណែកខ្ញុំនឹងអំពាវនាវដល់ព្រះ
ហើយព្រះយេហូវ៉ាទ្រង់នឹងជួយសង្គ្រោះខ្ញុំ
17ខ្ញុំនឹងអធិស្ឋាន ហើយស្រែកថ្ងូរ ទាំងពេលល្ងាច
ពេលព្រឹក នឹងថ្ងៃត្រង់ផង
ហើយទ្រង់នឹងស្តាប់សំឡេងខ្ញុំជាមិនខាន
18ទ្រង់បានដោះព្រលឹងខ្ញុំ ឲ្យរួចពីសឹកសង្គ្រាម
ដោយសុខសាន្ត
ដ្បិតមានគេទាស់ទទឹងនឹងខ្ញុំជាច្រើន
19ព្រះទ្រង់នឹងឮហើយនឹងធ្វើសបដល់គេ
គឺជាព្រះដែលគង់នៅតាំងពីអស់កល្ប
រៀងមកនោះហើយ។
–បង្អង់
៙ គេមិនព្រមប្រែចិត្តសោះ ក៏មិនកោតខ្លាចដល់ព្រះដែរ
20គេបានលូកដៃទៅទាស់នឹងមិត្រ ដែលជាមេត្រីនឹងគេ
គេបានក្បត់ចំពោះសញ្ញារបស់ខ្លួនហើយ
21មាត់គេរឥលជាងខ្លាញ់
តែចិត្តគេមានពេញដោយការចំបាំងវិញ
វាចាគេទន់ល្វន់ជាងប្រេង
ប៉ុន្តែពាក្យទាំងនោះសុទ្ធតែជាដាវហូតស្រាប់
22ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា
នោះទ្រង់នឹងជួយទប់ទល់អ្នក
ទ្រង់មិនព្រមឲ្យមនុស្សសុចរិតត្រូវរង្គើឡើយ
23តែឱព្រះអង្គអើយ
ទ្រង់នឹងឲ្យគេចុះទៅឯរណ្តៅនៃសេចក្ដីហិនវិនាស
ពួកមនុស្សកំចាយឈាម ហើយមនុស្សឧបាយកល
នឹងរស់នៅមិនដល់ត្រឹមពាក់កណ្តាលអាយុផង
តែទូលបង្គំនឹងទុកចិត្តដល់ទ្រង់វិញ។
Currently Selected:
ទំនុកដំកើង 55: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.