YouVersion Logo
Search Icon

ទំនុកដំកើង 57

57
ពាក្យ​កាព្យ​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​តាម​បទ «សូម​កុំ​បំផ្លាញ» ក្នុង​កាល​ដែល​ទ្រង់រត់​ពី​ស្តេច​សូល​ទៅ​នៅ​ក្នុង​រូង​ថ្ម សំរាប់​មេ​ភ្លេង។
1សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ ឱ​ព្រះ‌អង្គ
អើយ សូម​អាណិត​មេត្តា​ទូលបង្គំ​ផង
ពី​ព្រោះ​ព្រលឹង​ទូលបង្គំ​ពឹង​នៅ​ក្នុង​ទ្រង់
អើ ទូលបង្គំ​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ស្លាប​ទ្រង់
ដរាប​ដល់​សេចក្ដី​អន្តរាយ​ទាំង​នេះ​បាន​បាត់​ទៅ
2ទូលបង្គំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត
គឺ​ដល់​ព្រះ​ដែល​ទ្រង់​សំរេច​គ្រប់​ការ​ឲ្យ​ទូលបង្គំ
3កាល​ណា​មនុស្ស​ដែល​ចង់​លេប​បំបាត់​ទូលបង្គំ
គេ​ត្មះ‌តិះដៀល
នោះ​ទ្រង់​នឹង​ចាត់​មក​ពី​ស្ថាន‌សួគ៌
ដើម្បី​ជួយ​សង្គ្រោះ​ទូលបង្គំ​វិញ។ –បង្អង់
៙ គឺ​ព្រះ‌ទ្រង់​នឹង​ចាត់​សេចក្ដី​សប្បុរស
នឹង​សេចក្ដី​ពិត​របស់​ទ្រង់​មក
4ព្រលឹង​ទូលបង្គំ​នៅ​កណ្តាល​ហ្វូង​សិង្ហ
ទូលបង្គំ​ដេក​នៅ​កណ្តាល​ពួក​ដែល​ឆួល​ឡើង​ហើយ
គឺ​ជា​មនុស្ស​ដែល​មាន​ធ្មេញ​ទុក​ជា​លំពែង នឹង​ព្រួញ
ក៏​មាន​អណ្តាត​ទុក​ជា​ដាវ​យ៉ាង​មុត​ដែរ
5ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​ទ្រង់​បាន​ថ្កើង
ឡើង​ខ្ពស់​ជាង​ផ្ទៃ​មេឃ
សូម​ឲ្យ​សិរី‌ល្អ​នៃ​ទ្រង់​បាន​នៅ​ពីលើ​ផែនដី​ទាំង​មូល។
6៙ គេ​បាន​ត្រៀម​អន្ទាក់​សំរាប់​ទាក់​ជើង​ទូលបង្គំ
ព្រលឹង​នៃ​ទូលបង្គំ​បាន​ត្រូវ​ឱន​ចុះ
គេ​បាន​ជីក​រណ្តៅ​នៅ​មុខ​ទូលបង្គំ
តែ​ខ្លួន​គេ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ​វិញ។ –បង្អង់
7៙ ទូលបង្គំ​បាន​តាំង​ចិត្ត​ជា​ស្រេច ឱ​ព្រះ‌អង្គ​អើយ
ចិត្ត​ទូលបង្គំ​បាន​តាំង​ស្រេច​ហើយ
ទូលបង្គំ​នឹង​ច្រៀង អើ ទូលបង្គំ​នឹង​ច្រៀង​សរសើរ
8ឱ​កិត្តិយស​អញ​អើយ ចូរ​ភ្ញាក់​ឡើង
ឱ​ពិណ ហើយ​នឹង​ស៊ុង​អញ​អើយ ចូរ​ភ្ញាក់​ឡើង
ឯ​អញ​ក៏​នឹង​ភ្ញាក់​ពី​ព្រលឹម​ស្រាង​ដែរ
9ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​នឹង​ប្រទូល​ដៃ​ដល់​ទ្រង់​នៅ
កណ្តាល​ពួក​ជន
ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ទ្រង់
នៅ​កណ្តាល​ពួក​សាសន៍​ដទៃ
10ដ្បិត​សេចក្ដី​សប្បុរស​នៃ​ទ្រង់​ខ្ពស់​ដល់​ស្ថាន‌សួគ៌
ហើយ​សេចក្ដី​ពិត​របស់​ទ្រង់​ក៏​ខ្ពស់​ដល់​ផ្ទៃ​មេឃ
11ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​ទ្រង់​បាន​ថ្កើង​ឡើង
ខ្ពស់​ជាង​ស្ថាន‌សួគ៌
ហើយ​ឲ្យ​សិរី‌ល្អ​ទ្រង់​បាន​នៅ​ពី​លើ​ផែនដី​ទាំង​មូល​ផង។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in