១ របាក្សត្រ 23
23
គ្រួសារពួកលេវី និងមុខងាររបស់ពួកគេ
1ពេលព្រះបាទដាវីឌមានវ័យកន្លង បានស្កប់ស្កល់នឹងព្រះជន្មទ្រង់ហើយ ទ្រង់តាំងសាឡូម៉ូនជាបុត្រា ឡើងជាស្តេចលើពួកអ៊ីស្រាអែល។ 2ទ្រង់បានប្រមូលពួកអ្នកកំពូលលើសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ព្រមទាំងពួកសង្ឃ និងពួកលេវីមក។ 3ឯពួកលេវីរាប់ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅ ហើយដែលរាប់ម្នាក់ៗគ្រប់គ្នា នោះមានចំនួនបីម៉ឺនប្រាំបីពាន់នាក់។ 4ក្នុងពួកនោះ មានពីរម៉ឺនបួនពាន់នាក់ ដែលត្រូវត្រួតត្រាកិច្ចការក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយមានប្រាំមួយពាន់នាក់ ដែលជាចៅក្រម និងសុភា 5មានបួនពាន់នាក់ ជាអ្នកឆ្មាំទ្វារ បួនពាន់នាក់ទៀត ជាអ្នកច្រៀងសរសើរដល់ព្រះយេហូវ៉ា ដោយប្រដាប់ភ្លេង ដែលដាវីឌបានធ្វើសម្រាប់ការច្រៀងសរសើរ។ 6រួចព្រះបាទដាវីឌញែកគេចេញជាវេនតាមពួកវង្សរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី។
7កូនរបស់គើសុន មានឡាអាដាន និងស៊ីម៉ាយ។ 8កូនរបស់ឡាអាដាន គឺយេហ៊ីអែល ជាមេ រួចសេថាម និងយ៉ូអែល ទាំងអស់បីនាក់។ 9ឯកូនរបស់ស៊ីម៉ាយ គឺសឡូមិត ហាស៊ាល និងហារ៉ាន ទាំងអស់បីនាក់ នេះហើយជាមេក្នុងពួកវង្សខាងឡាអាដាន។ 10ឯកូនស៊ីម៉ាយ គឺយ៉ាហាត ស៊ីណា យេអ៊ូស និងបេរាអ្នកទាំងបួននេះ ជាកូនស៊ីម៉ាយ 11ហើយយ៉ាហាត ជាមេស៊ីណា ជាអ្នកបន្ទាប់ តែយេអ៊ូស និងបេរា គេមិនសូវមានកូនច្រើនទេ បានជាគេរាប់ទុកជាវង្សាតែមួយ។
12ឯកូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល ទាំងអស់បួននាក់។ 13ឯកូនរបស់អាំរ៉ាម គឺលោកអើរ៉ុន និងលោកម៉ូសេ ហើយលោកអើរ៉ុន និងកូនលោកទាំងប៉ុន្មានបានត្រូវញែកចេញ ទុកជាបរិសុទ្ធបំផុតជារៀងរហូត ដើម្បីនឹងដុតគ្រឿងក្រអូប នៅចំពោះព្រះយេហូវ៉ា ព្រមទាំងធ្វើការងារថ្វាយព្រះអង្គ ហើយសរសើរតម្កើងដល់ព្រះនាមព្រះអង្គតទៅ។ 14តែកូនរបស់លោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ នោះបានរាប់បញ្ចូលក្នុងកុលសម្ព័ន្ធលេវី។ 15ឯកូនរបស់លោកម៉ូសេ គឺគើសុន និងអេលាស៊ើរ 16ឯកូនរបស់គើសុន គឺសេបួល ជាមេ 17កូនរបស់អេលាស៊ើរ គឺរេហាបយ៉ា ជាមេ ហើយអេលាស៊ើរគ្មានកូនប្រុសណាទៀតទេ តែរេហាបយ៉ាមានកូនច្រើនណាស់។ 18ឯកូនរបស់យីតសារ គឺសឡូមិត ជាមេ 19កូនរបស់ហេប្រុន គឺយេរីយ៉ា ជាមេ អ័ម៉ារាជាអ្នកទីពីរ យ៉ាហាសៀលទីបី និងយេកាមាមទីបួន។ 20ឯកូនរបស់អ៊ូស៊ាល គឺមីកា ជាមេ និងយីសយ៉ាជាទីពីរ។
21ឯកូនរបស់ម្រ៉ារី គឺម៉ាស់លី និងមូស៊ី កូនរបស់ម៉ាស់លី គឺអេលាសារ និងគីស 22ឯអេលាសារស្លាប់ទៅដោយឥតមានកូនប្រុសទេ មានតែកូនស្រីៗ ហើយកូនចៅគីស ជាបងប្អូនគេ ក៏យកនាងទាំងនោះ ធ្វើជាប្រពន្ធ។ 23ឯកូនរបស់មូស៊ី គឺម៉ាស់លី អេឌើរ និងយេរេម៉ូត ទាំងអស់បីនាក់។
24ពួកនោះសុទ្ធតែជាកូនចៅរបស់លេវី តាមវង្សនៃឪពុកគេ គឺជាមេលើវង្សនៃឪពុកគេ ក្នុងពួកអ្នកដែលបានរាប់តាមឈ្មោះគេរៀងរាល់ខ្លួន ជាពួកអ្នកដែលធ្វើការងារក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ។ 25ដ្បិតព្រះបាទដាវីឌបានមានរាជឱង្ការថា៖ «ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គបានប្រោសប្រទានឲ្យប្រជារាស្ត្រព្រះអង្គបានសេចក្ដីស្រាកស្រាន្ត ហើយព្រះអង្គនឹងគង់នៅក្រុងយេរូសាឡិមជារៀងរហូត។ 26ឯពួកលេវី គេមិនត្រូវការសែងរោងឧបោសថ និងគ្រឿងប្រដាប់ សម្រាប់ការងារនៃរោងនោះទៀតឡើយ»។ 27ដ្បិតតាមពាក្យបង្គាប់ក្រោយបង្អស់របស់ព្រះបាទដាវីឌ គេបានរាប់ចំនួនពួកកូនចៅលេវី ចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ 28ព្រោះការងាររបស់គេ គឺឲ្យបម្រើពួកកូនចៅលោកអើរ៉ុន សម្រាប់ការងារក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងនៅទីលាន ហើយក្នុងបន្ទប់ទាំងប៉ុន្មាន និងការសម្អាតរបស់បរិសុទ្ធទាំងអស់ គឺជាការងាររបស់ព្រះដំណាក់នៃព្រះ 29ហើយគឺជាអ្នកធ្វើនំបុ័ងតាំងទុក ម្សៅយ៉ាងម៉ដ្ត សម្រាប់តង្វាយម្សៅ ទោះបើធ្វើនំក្រៀបឥតដំបែ ឬនំដែលចម្អិនក្នុងពុម្ព ឬដែលចៀនក្តី និងការវាល់វាស់ទាំងប៉ុន្មានផង។ 30គេត្រូវឈររាល់ព្រឹក ដើម្បីអរព្រះគុណ ហើយសរសើរដល់ព្រះយេហូវ៉ា និងពេលល្ងាចផង។ 31ត្រូវថ្វាយគ្រប់ទាំងតង្វាយដុតដល់ព្រះយេហូវ៉ា នៅរាល់ថ្ងៃឈប់សម្រាក ថ្ងៃចូលខែ និងថ្ងៃបុណ្យ នៅចំពោះព្រះយេហូវ៉ាជានិច្ចតាមចំនួន តាមរបៀបនៃពេលទាំងនោះ 32ព្រមទាំងរក្សាបញ្ញើ ជាត្រសាលជំនុំ និងទីបរិសុទ្ធ ហើយបញ្ញើរបស់ពួកកូនចៅលោកអើរ៉ុន ជាបងប្អូនគេ ដែលសម្រាប់ការងាររបស់ព្រះវិហាររបស់ព្រះយេហូវ៉ាផង។
Currently Selected:
១ របាក្សត្រ 23: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies