១ ធីម៉ូថេ 1
1
សេចក្ដីផ្ដើម
1ប៉ុល ជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ តាមបញ្ជារបស់ព្រះ ជាព្រះសង្គ្រោះនៃយើង និងព្រះគ្រីស្ទយេស៊ូវ ជាទីសង្ឃឹមនៃយើង
2មកដល់ធីម៉ូថេ ជាកូនដ៏ពិតរបស់ខ្ញុំក្នុងជំនឿ។ សូមឲ្យអ្នកបានប្រកបដោយព្រះគុណ សេចក្ដីមេត្តាករុណា និងសេចក្ដីសុខសាន្ត ពីព្រះ ជាព្រះវរបិតា និងពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
ត្រូវប្រយ័ត្ននឹងគ្រូក្លែងក្លាយ
3កាលខ្ញុំរៀបនឹងទៅស្រុកម៉ាសេដូន ខ្ញុំបានសុំឲ្យអ្នកនៅតែក្នុងក្រុងអេភេសូរ ដើម្បីឲ្យបានហាមប្រាមអ្នកខ្លះ កុំឲ្យបង្រៀនគោលលទ្ធិណាផ្សេង 4ឬស្តាប់តាមរឿងព្រេង និងពង្សាវតារ ដែលមិនចេះអស់មិនចេះហើយនោះឡើយ រឿងទាំងនោះបង្កឲ្យតែមានការជជែកដេញដោល ជាជាងកិច្ចការរបស់ព្រះដែលយើងស្គាល់ដោយជំនឿ។ 5ហេតុដែលហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យមានសេចក្ដីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីមនសិការជ្រះថ្លា និងពីជំនឿដ៏ស្មោះត្រង់។ 6អ្នកខ្លះបានបែរចេញពីសេចក្ដីនោះទៅហើយ ទាំងងាកទៅរកពាក្យសម្ដីឥតប្រយោជន៍ 7គេចង់ធ្វើជាគ្រូខាងក្រឹត្យវិន័យ តែគេមិនទាំងយល់សេចក្ដីដែលគេនិយាយ ឬសេចក្ដីដែលគេប្រកាន់យកនោះផង។
8រីឯយើងវិញ យើងដឹងថា ក្រឹត្យវិន័យល្អមែន ប្រសិនបើគេប្រើបានត្រឹមត្រូវ 9ដោយដឹងដូច្នេះថា ក្រឹត្យវិន័យមិនមែនតាំងសម្រាប់មនុស្សសុចរិតទេ គឺសម្រាប់មនុស្សទទឹងច្បាប់ និងមនុស្សរឹងចចេស សម្រាប់មនុស្សទមិឡល្មើស និងមនុស្សបាប សម្រាប់មនុស្សមិនបរិសុទ្ធ និងមនុស្សមិនគោរពព្រះ សម្រាប់ពួកអ្នកសម្លាប់ឪពុកម្តាយ មនុស្សសម្លាប់គេ 10ពួកសហាយស្មន់ ពួករួមសង្វាសនឹងភេទដូចគ្នា ពួកជួញដូរមនុស្ស ពួកភូតកុហក ពួកស្បថបំពាន និងពួកអ្នកដែលប្រព្រឹត្តអ្វីៗផ្សេងទៀត ផ្ទុយនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ 11ស្របតាមដំណឹងល្អដ៏រុងរឿងរបស់ព្រះដ៏មានពរ ជាដំណឹងល្អដែលព្រះផ្ញើទុកនឹងខ្ញុំ។
ព្រះហឫទ័យសប្បុរសរបស់ព្រះ
12ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលទ្រង់បានចម្រើនកម្លាំងខ្ញុំ គឺព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង ព្រោះព្រះអង្គបានរាប់ខ្ញុំជាមនុស្សស្មោះត្រង់ ទាំងតែងតាំងខ្ញុំឲ្យបម្រើព្រះអង្គ 13ទោះបីពីដើមខ្ញុំជាមនុស្សប្រមាថ បៀតបៀន និងជាមនុស្សព្រហើន ក៏ព្រះអង្គអាណិតមេត្តាខ្ញុំដែរ ព្រោះកាលណោះ ខ្ញុំបានប្រព្រឹត្តដោយល្ងង់ខ្លៅ គ្មានជំនឿ 14ហើយព្រះគុណរបស់ព្រះអម្ចាស់នៃយើង បានចម្រើនហូរហៀរដល់ខ្ញុំ ទាំងប្រោសឲ្យខ្ញុំមានជំនឿ និងសេចក្ដីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។ 15ពាក្យនេះពិតប្រាកដមែន ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដែលខ្ញុំរូបនេះជាលេខមួយ។ 16ដោយហេតុនេះ ព្រះមានព្រះហឫទ័យមេត្តាករុណាដល់ខ្ញុំ ដើម្បីឲ្យព្រះយេស៊ូវគ្រីស្ទ បានសម្តែងព្រះហឫទ័យអត់ធ្មត់របស់ព្រះអង្គក្នុងខ្ញុំ ដែលជាអ្នកលេខមួយនេះ ឲ្យខ្ញុំបានធ្វើជាគំរូដល់អស់អ្នកដែលនឹងជឿដល់ព្រះអង្គ សម្រាប់ជីវិតអស់កល្បជានិច្ច។ 17សូមព្រះមហាក្សត្រដ៏អស់កល្ប ដែលមានព្រះជន្មមិនចេះសាបសូន្យ ហើយមនុស្សមិនអាចមើលឃើញ ជាព្រះតែមួយព្រះអង្គ បានប្រកបដោយព្រះកិត្តិនាម និងសិរីល្អអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
18ធីម៉ូថេ កូនអើយ ខ្ញុំសូមប្រគល់ពាក្យបណ្ដាំនេះទុកនឹងអ្នក តាមទំនាយដែលបានថ្លែងអំពីអ្នកកាលពីមុន ដើម្បីឲ្យអ្នកបានតយុទ្ធយ៉ាងល្អ ដោយសារសេចក្ដីទាំងនេះ 19ព្រមទាំងរក្សាជំនឿ និងមនសិការជ្រះថ្លា ដែលមនុស្សខ្លះបានបោះបង់ចោល ហើយជំនឿរបស់គេបានលិចលង់ទៅហើយ។ 20ក្នុងចំណោមអ្នកទាំងនោះ មានហ៊ីមេនាស និងអ័លេក្សានត្រុស ដែលខ្ញុំបានប្រគល់ទៅឲ្យអារក្សសាតាំង ដើម្បីឲ្យគេរៀនឈប់ប្រមាថព្រះទៀត។
Currently Selected:
១ ធីម៉ូថេ 1: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies