២ ពេត្រុស 2
2
ហោរាក្លែងក្លាយ និងទោសរបស់គេ
1ពីដើមក៏មានហោរាក្លែងក្លាយកើតឡើងក្នុងចំណោមប្រជារាស្ត្ររបស់ព្រះ ដូចជាគ្រូក្លែងក្លាយដែលនឹងកើតមានក្នុងចំណោមអ្នករាល់គ្នាដែរ គេនឹងនាំលទ្ធិខុសឆ្គង ដែលនាំឲ្យវិនាសចូលមកដោយសម្ងាត់ គេបដិសេធមិនព្រមទទួលស្គាល់ព្រះដ៏ជាម្ចាស់ ដែលបានលោះគេនោះឡើយ គេនាំសេចក្ដីវិនាសយ៉ាងទាន់ហន់មកលើខ្លួនគេ។ 2មនុស្សជាច្រើននឹងដើរតាមផ្លូវឧបាយមុខរបស់គេ ហើយមនុស្សម្នាប្រមាថផ្លូវនៃសេចក្តីពិត ព្រោះតែអ្នកទាំងនោះ។ 3គេនឹងកេងចំណេញអ្នករាល់គ្នាដោយពាក្យបោកបញ្ឆោត ដោយសារចិត្តលោភលន់របស់គេ។ ទោសរបស់គេដែលមានតាំងពីយូរមកហើយ មិននៅស្ងៀមឡើយ ហើយសេចក្ដីហិនវិនាសរបស់គេក៏មិនដេកលក់ដែរ។
4ដ្បិតបើព្រះមិនបានប្រណីពួកទេវតាដែលបានធ្វើបាប គឺទម្លាក់ទៅក្នុងនរក ហើយឲ្យជាប់ច្រវាក់នៃសេចក្ដីងងឹតដ៏ជ្រៅ ដើម្បីឃុំទុករហូតដល់គ្រាជំនុំជម្រះ 5ហើយបើព្រះអង្គមិនបានប្រណីដល់ពិភពលោកពីបុរាណ គឺបានសង្គ្រោះលោកណូអេ ជាអ្នកប្រកាសពីសេចក្ដីសុចរិត រួមជាមួយមនុស្សប្រាំពីរនាក់ទៀត កាលព្រះអង្គធ្វើឲ្យទឹកជន់លិចពិភពលោករបស់មនុស្សទមិឡល្មើស 6ហើយបើព្រះអង្គបានបញ្ឆេះក្រុងសូដុម និងក្រុងកូម៉ូរ៉ាឲ្យទៅជាផេះ ទាំងដាក់ទោសគេឲ្យវិនាសសាបសូន្យទៅ ទុកជាគំរូអំពីអ្វីដែលនឹងកើតឡើងចំពោះមនុស្សទមិឡល្មើស 7ហើយបើព្រះអង្គបានសង្គ្រោះលោកឡុតជាមនុស្សសុចរិតឲ្យរួច ដែលលោកមានចិត្តព្រួយជាខ្លាំង ដោយសារអំពើឧបាយមុខរបស់មនុស្សទទឹងច្បាប់ទាំងនោះ 8(ដ្បិតមនុស្សសុចរិតនោះរស់នៅក្នុងចំណោមពួកគេ ក៏កើតទុក្ខនៅក្នុងចិត្តសុចរិតរបស់លោករាល់ថ្ងៃ ដោយសារលោកបានឃើញ និងឮនូវអំពើទុច្ចរិតរបស់គេ) 9ដូច្នេះ ព្រះអម្ចាស់សង្រ្គោះមនុស្សដែលគោរពប្រតិបត្តិដល់ព្រះអង្គ ឲ្យរួចពីទុក្ខលំបាក ហើយទុកមនុស្សទុច្ចរិតឲ្យជាប់មានទោស រហូតដល់ថ្ងៃជំនុំជម្រះ 10ជាពិសេសអស់អ្នកដែលប្រព្រឹត្តអំពើស្មោកគ្រោក តាមសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម ហើយមើលងាយសិទ្ធិអំណាច។ ពួកគេព្រហើន មានក្បាលរឹង មិនខ្លាចនឹងជេរប្រមាថពួកអ្នកដែលប្រកបដោយសេរីល្អឡើយ 11សូម្បីតែពួកទេវតាដែលមានកម្លាំង និងឫទ្ធានុភាពខ្លាំងជាងអ្នកទាំងនោះ ក៏មិនដែលចោទប្រកាន់ ប្រមាថពួកអ្នកទាំងនោះ នៅចំពោះព្រះអម្ចាស់ផង។ 12ប៉ុន្តែ មនុស្សទាំងនេះ ប្រៀបដូចជាសត្វតិរច្ឆាន គ្មានវិចារណញ្ញាណ កើតមកសម្រាប់តែឲ្យគេចាប់ ហើយសម្លាប់ប៉ុណ្ណោះ គេជេរប្រមាថអ្វីៗដែលគេមិនយល់ ហើយពួកគេនឹងត្រូវវិនាសទៅ ដូចសត្វតិរច្ឆានទាំងនោះដែលត្រូវវិនាសដែរ 13គេរងទុក្ខជាឈ្នួលនៃអំពើទុច្ចរិតរបស់គេ។ គេរាប់ការនោះជាសេចក្ដីត្រេកត្រអាល ដើម្បីអរសប្បាយនៅពេលថ្ងៃ។ គេជាស្នាមប្រឡាក់ និងជាសេចក្ដីស្មោកគ្រោក ដោយត្រេកអរនឹងសេចក្ដីបញ្ឆោតរបស់ខ្លួន កាលគេជប់លៀងជាមួយអ្នករាល់គ្នា។ 14គេមានភ្នែកពេញដោយសេចក្តីផិតក្បត់ ដោយធ្វើបាបមិនចេះស្កប់ គេទាក់ទាញព្រលឹងដែលទន់ខ្សោយ។ គេមានចិត្តពូកែខាងលោភលន់ ជាពួកកូនដែលត្រូវបណ្ដាសា។ 15គេបានបោះបង់ចោលផ្លូវទៀងត្រង់ ហើយវង្វេងទៅតាមផ្លូវរបស់ហោរាបាឡាម ជាកូនរបស់បេអ៊រ ដែលស្រឡាញ់ឈ្មួលនៃអំពើទុច្ចរិត 16តែគាត់ត្រូវទទួលការស្ដីបន្ទោស ដោយព្រោះអំពើរំលងរបស់ខ្លួន គឺសត្វលាដែលមិនចេះនិយាយ បាននិយាយជាសំឡេងមនុស្ស ហើយឃាត់សេចក្ដីចំកួតរបស់ហោរានោះ។
17ពួកអ្នកទាំងនោះសុទ្ធតែជារន្ធទឹកខ្សោះ និងជាពពកដែលខ្យល់ព្យុះបក់ផាត់ ដ្បិតសេចក្ដីងងឹតសូន្យឈឹងបានបម្រុងទុកសម្រាប់ពួកគេ។ 18គេនិយាយអួតពីសេចក្ដីឥតប្រយោជន៍ គេប្រើតណ្ហាស្រើបស្រាលខាងសាច់ឈាម ដើម្បីទាក់ទាញអស់អ្នក ដែលទើបតែនឹងរួចចេញពីពួកអ្នកដែលរស់នៅក្នុងសេចក្ដីវង្វេង។ 19គេសន្យាឲ្យអ្នកទាំងនោះមានសេរីភាព តែខ្លួនគេជាទាសករនៃសេចក្ដីពុករលួយ ដ្បិតមនុស្សជាទាសករចំពោះអ្វីដែលមានអំណាចលើខ្លួន។ 20ព្រោះបើក្រោយពីគេបានរួចពីសេចក្ដីស្មោកគ្រោករបស់លោកីយ៍នេះ ដោយសារការស្គាល់យេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើងហើយ តែបែរទៅជាជំពាក់ជំពិននឹងសេចក្ដីនេះម្ដងទៀត ហើយសេចក្ដីទាំងនោះបង្រ្កាបគេបាន នោះសណ្ឋានចុងក្រោយរបស់អ្នកនោះ នឹងក្លាយទៅអាក្រក់ជាងមុនទៅទៀត។ 21ដ្បិតបើមិនបានស្គាល់ផ្លូវសុចរិតសោះ នោះល្អជាងដែលបានស្គាល់ រួចបែរចេញពីបទបញ្ជាបរិសុទ្ធ ដែលបានប្រគល់មកគេ។ 22ហេតុការណ៍កើតមានដល់គេ ដូចសេចក្ដីដែលសុភាសិតចែងទុកមកពិតមែន គឺថា «ឆ្កែបានត្រឡប់ទៅស៊ីកម្អួតរបស់វា ឯជ្រូកញីដែលគេលាងស្អាតហើយ បានទៅននៀលក្នុងភក់វិញ»។
Currently Selected:
២ ពេត្រុស 2: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies