YouVersion Logo
Search Icon

២ ពេត្រុស 3

3
ព្រះ‌បន្ទូល​សន្យា​ពី​ការ​យាង​មក​របស់​ព្រះ‌អម្ចាស់
1ឥឡូវ​នេះ ពួក​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​សរសេរ​សំបុត្រ​ទី​ពីរ​នេះ​មក​អ្នក​រាល់​គ្នា ដែល​ក្នុង​សំបុត្រ​ទាំង​ពីរ ខ្ញុំ​បាន​ព្យាយាម​រំឭក​ស្មារតី​ដ៏ស្មោះ​របស់​អ្នក​រាល់​គ្នាឲ្យ​ភ្ញាក់​ឡើង 2ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​នឹក​ចាំ​រាល់​សេចក្ដី​ដែល​ពួក​ហោរា​បរិសុទ្ធ​បាន​ថ្លែង​កាល​ពី​ដើម និង​ពី​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ‌សង្គ្រោះ តាម​រយៈ​ពួក​សាវក​របស់​អ្នក​រាល់​គ្នា 3ដោយ​ដឹង​សេចក្តី​នេះ​ជា​មុន​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់ នឹង​មាន​មនុស្ស​ចំអក មក​ចំអកមើល​ងាយ ហើយ​បណ្តោយ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​គេ។ 4គេ​នឹង​ពោល​ថា៖ «តើ​សេចក្ដី​សន្យា​ពី​ការ​យាង​មក​របស់​ព្រះ‌អង្គ​នៅ​ឯ​ណា? ដ្បិត​តាំង​ពី​ដូន​តា​របស់​យើង​បាន​ស្លាប់​ទៅ អ្វីៗ​ទាំង​អស់​នៅ​តែ​ដដែល ដូច​កាល​ពី​ដើម​កំណើត​ពិភព​លោក​រៀង​មក​ដែរ!»។ 5ព្រោះ​គេ​ចង់​បំភ្លេច​ការ​នេះ​ថា ផ្ទៃ​មេ​ឃ​មាន​តាំង​ពី​យូរ​លង់​មក​ហើយ ឯផែន​ដី​កើត​ចេញ​ពី​ទឹក នៅ​ក្នុង​ទឹក ដោយ‌សារ​ព្រះ‌បន្ទូល​របស់​ព្រះ 6ហើយ​ថា ដោយ​សារ​ទឹក ពិភព​លោក​នៅ​ជំនាន់​នោះ​ត្រូវ​ជន់​លិច ហើយ​វិនាស​ទៅ។ 7តែ​ដោយ​សារ​ព្រះ‌បន្ទូល​ដដែល​ថ្លែង​ថា ផ្ទៃ​មេឃ និង​ផែនដី​ជំនាន់​នេះ ត្រូវ​បម្រុង​ទុក​ឲ្យ​ភ្លើង​ឆេះ រហូត​ដល់​ថ្ងៃ​ជំនុំ‌ជម្រះ ហើយ​បំផ្លាញ​មនុស្ស​ទមិឡ​ល្មើស​ចេញ។ 8ពួក​ស្ងួន‌ភ្ងា​អើយ សូម​កុំ​ភ្លេច​សេចក្ដី​មួយ​នេះ​ឡើយ គឺ​ថា នៅ​ចំពោះ​ព្រះ‌អម្ចាស់ មួយ​ថ្ងៃ​ទុក​ដូច​ជា​មួយ​ពាន់​ឆ្នាំ ហើយ​មួយ​ពាន់​ឆ្នាំ​ក៏​ទុក​ដូច​ជា​មួយ​ថ្ងៃ​ដែរ ។ 9ព្រះ‌អម្ចាស់​មិន​ផ្អាក​សេចក្ដី​សន្យា​របស់​ព្រះ‌អង្គ ដូច​អ្នក​ខ្លះ​គិត​ស្មាន​នោះ​ទេ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់​ចំពោះអ្នក​រាល់​គ្នា ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​វិនាស​ឡើយ គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ត​វិញ។ 10រីឯ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ នឹង​មក​ដូច​ជា​ចោរ​ប្លន់ ហើយ​ពេល​នោះ ផ្ទៃ​មេឃ​នឹង​បាត់​ទៅ​ដោយ​សូរ​គ្រាំ​គ្រេង ធាតុ​សព្វ​សារពើ​នឹង​រលាយ​ទៅ ដោយ​កម្ដៅ​ភ្លើង ផែនដី និងអ្វីៗ​នៅ​លើ​ផែន​ដី​នឹង​ត្រូវ​ឆេះ​អស់។
11បើ​អ្វីៗ​ទាំង​អស់​ត្រូវ​រលាយ​ទៅ​យ៉ាង​នេះ​ទៅ​ហើយ តើ​អ្នក​រាល់​គ្នា​ត្រូវ​រស់​នៅ​ជា​មនុស្ស​បែប​ណា ក្នុង​កិរិយា​បរិសុទ្ធ និង​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ 12ទាំង​ទន្ទឹង​រង់​ចាំ ហើយ​ខំ​ជួយ​ឲ្យ​ថ្ងៃ​របស់​ព្រះ​បាន​ឆាប់​មក​ដល់ ព្រោះ​ជា​ថ្ងៃ​ដែល​ផ្ទៃ​មេឃ​នឹង​ត្រូវ​ឆេះ ហើយ​រលាយទៅ ធាតុ​សព្វ​សារពើ​នឹង​ត្រូវ​រលាយ​ដោយ​កម្ដៅ​ភ្លើង! 13ប៉ុន្ដែ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ យើងកំពុង​ទន្ទឹង​រង់​ចាំ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​មាន​សុទ្ធ​តែ​សេចក្ដី​សុចរិត​វិញ។
ពាក្យ​ដាស់​តឿន និង​ពាក្យ​ផ្តាំ​ផ្ញើ​ចុង​ក្រោយ
14ដូច្នេះ ឱ​ពួក​ស្ងួន‌ភ្ងា​អើយ ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​ទន្ទឹង​រង់​ចាំ​ហេតុ‌ការណ៍​ទាំង​នេះ ចូរ​មាន​ចិត្ត​ឧស្សាហ៍ ដើម្បី​ឲ្យ​ទ្រង់​បាន​ឃើញ​អ្នក​រាល់​គ្នា​ជា​ឥត​សៅ‌ហ្មង ហើយ​ឥត​កន្លែង​បន្ទោស​បាន ទាំង​រស់​នៅ​ដោយ​សុខសាន្ត។ 15ត្រូវ​រាប់​ព្រះ‌ហឫ‌ទ័យ​អត់‌ធ្មត់​របស់​ព្រះ‌អម្ចាស់​នៃ​យើង ទុក​ជា​ការ​សង្គ្រោះ ដូច​លោក​ប៉ុល ជា​បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​យើង ក៏​បាន​សរសេរ​មក​អ្នក​រាល់​គ្នា តាម​ប្រាជ្ញា​ដែល​ព្រះ​បាន​ប្រទាន​មក​លោក 16ដូច​លោក​រៀប​រាប់​នៅ​ក្នុង​សំបុត្រ​ទាំង​ប៉ុន្មាន​របស់​លោក អំពី​រឿង​ទាំង​នេះ​ដែរ។ មាន​សេចក្ដី​ខ្លះ​នៅ​ក្នុង​សំបុត្រទាំង​នោះ​ដែល​ពិបាក​យល់ ហើយ​អ្នក​ល្ងង់​ខ្លៅ និង​ពួក​មិន​ខ្ជាប់‌ខ្ជួន បង្វែរ​សេចក្ដី​ទាំង​នោះ ដូច​ជា​គេ​បង្វែរ​បទ​គម្ពីរ​ឯ​ទៀត​ដែរ ដែល​នាំ​ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស។
17ដូច្នេះ ពួក​ស្ងួន‌ភ្ងា​អើយ អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ​ជា​មុន​ហើយ ចូរ​ប្រយ័ត្ន​ក្រែង​ពួក​ទទឹង​ច្បាប់​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ចេញ ហើយបាត់​បង់​សេចក្ដី​ខ្ជាប់‌ខ្ជួន​របស់​អ្នក​រាល់​គ្នា។ 18ផ្ទុយ​ទៅ​វិញ សូម​អ្នក​រាល់​គ្នា​ចម្រើន​ឡើង​ក្នុង​ព្រះ‌គុណ និង​ការ​ស្គាល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​របស់​យើង។ សូម​ថ្វាយ​សិរី‌ល្អ​ដល់​ព្រះ‌អង្គ នៅ​ពេល​ឥឡូវ​នេះ និង​ដរាប​ដល់​អស់​កល្ប​ជា‌និច្ច។ អាម៉ែន។:៚

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in