កិច្ចការ 19
19
លោកប៉ុលនៅក្រុងអេភេសូរ
1កាលលោកអ័ប៉ុឡូសកំពុងនៅក្រុងកូរិនថូស លោកប៉ុលបានធ្វើដំណើរឆ្លងកាត់តំបន់ខ្ពង់រាប រហូតមកដល់ក្រុងអេភេសូរ ហើយលោកបានជួបសិស្សខ្លះនៅទីនោះ។ 2លោកសួរគេថា៖ «ចាប់តាំងពីអ្នករាល់គ្នាបានជឿមក តើបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយឬនៅ?» គេឆ្លើយថា៖ «ទេ យើងខ្ញុំមិនដែលទាំងឮថាមានព្រះវិញ្ញាណបរិសុទ្ធផង»។ 3លោកសួរទៀតថា៖ «ដូច្នេះ តើអ្នករាល់គ្នាបានទទួលពិធីជ្រមុជបែបណា?» គេឆ្លើយថា៖ «ពិធីជ្រមុជរបស់លោកយ៉ូហាន»។ 4លោកប៉ុលមានប្រសាសន៍ថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជខាងឯការប្រែចិត្ត ទាំងប្រាប់ប្រជាជនឲ្យជឿដល់ព្រះអង្គ ដែលយាងមកក្រោយលោក គឺជឿដល់ព្រះយេស៊ូវ»។ 5កាលបានឮដូច្នោះហើយ គេក៏ទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ។ 6កាលលោកប៉ុលបានដាក់ដៃលើគេ ព្រះវិញ្ញាណបរិសុទ្ធក៏យាងមកសណ្ឋិតលើគេ ហើយគេចាប់ផ្ដើមនិយាយភាសាដទៃ និងថ្លែងទំនាយ។ 7អ្នកទាំងនោះមានគ្នាទាំងអស់ប្រមាណដប់ពីរនាក់។
8លោកប៉ុលបានចូលទៅក្នុងសាលាប្រជុំ ហើយមានប្រសាសន៍ដោយក្លាហាន អស់រយៈពេលបីខែ ដោយជជែកពន្យល់ ព្រមទាំងខិតខំណែនាំគេឲ្យជឿអំពីព្រះរាជ្យរបស់ព្រះ។ 9ប៉ុន្ដែ កាលអ្នកខ្លះកើតមានចិត្តរឹងរូស ហើយនៅតែមិនព្រមជឿ ទាំងនិយាយអាក្រក់ពីផ្លូវនោះនៅមុខក្រុមជំនុំ លោកក៏ថយចេញពីពួកគេ ដោយនាំពួកសិស្សទៅជាមួយ រួចលោកជជែកពន្យល់រាល់ថ្ងៃនៅក្នុងសាលារបស់ទីរ៉ានុស។ 10លោកធ្វើដូច្នេះអស់រយៈពេលពីរឆ្នាំ រហូតដល់អស់អ្នកដែលនៅស្រុកអាស៊ី បានឮព្រះបន្ទូលរបស់ព្រះអម្ចាស់ ទាំងសាសន៍យូដា និងសាសន៍ក្រិក។
កូនប្រុសៗរបស់លោកស្កេវ៉ា
11ព្រះបានធ្វើការអស្ចារ្យយ៉ាងចម្លែកៗ តាមរយៈដៃរបស់លោកប៉ុល 12ដែលសូម្បីតែគេយកកន្សែង ឬក្រមាដែលនៅជាប់នឹងខ្លួនលោក ទៅដាក់លើអ្នកជំងឺ នោះជំងឺក៏បាត់ទៅ ហើយវិញ្ញាណអាក្រក់ក៏ចេញពីគេដែរ។ 13ពេលនោះ មានសាសន៍យូដាខ្លះជាគ្រូមន្តអាគម ដែលដើរពីកន្លែងមួយទៅកន្លែងមួយ បានព្យាយាមប្រើព្រះនាមព្រះអម្ចាស់យេស៊ូវ ទៅលើមនុស្សដែលមានវិញ្ញាណអាក្រក់ចូលថា៖ «យើងបញ្ជាឯង ដោយព្រះយេស៊ូវ ដែលលោកប៉ុលប្រកាស»។ 14កូនប្រុសទាំងប្រាំពីររបស់សម្ដេចសង្ឃសាសន៍យូដាម្នាក់ ឈ្មោះស្កេវ៉ា ក៏ធ្វើដូច្នេះដែរ។ 15ប៉ុន្ដែ វិញ្ញាណអាក្រក់តបទៅគេថា៖ «យើងស្គាល់ព្រះយេស៊ូវ ហើយលោកប៉ុលក៏យើងទទួលស្គាល់ ចុះឯងរាល់គ្នាវិញ តើឯងជាអ្នកណា?» 16អ្នកដែលមានវិញ្ញាណអាក្រក់ក៏ស្ទុះទៅសង្គ្រុបលើគេ ហើយឈ្នះគេ រហូតទាល់តែអ្នកទាំងនោះរត់ចេញពីផ្ទះនោះទៅទាំងអាក្រាត និងមានរបួសទៀតផង។ 17មនុស្សទាំងអស់នៅក្រុងអេភេសូរ ទាំងសាសន៍យូដា និងសាសន៍ក្រិក សុទ្ធតែបានដឹងរឿងនេះ។ គេមានចិត្តកោតខ្លាចគ្រប់គ្នា ហើយព្រះនាមព្រះអម្ចាស់យេស៊ូវក៏ត្រូវបានគេលើកតម្កើង។ 18មានអ្នកជឿជាច្រើននាក់បានចូលមកលន់តួ ហើយលាតត្រដាងពីអំពើដែលខ្លួនបានប្រព្រឹត្ត 19ហើយក៏មានអ្នកដែលប្រព្រឹត្តអំពើមន្តអាគមជាច្រើន បានយកក្បួនតម្រារបស់ខ្លួនមកដុតចោលនៅចំពោះមុខមនុស្សទាំងអស់។ គេបានគិតតម្លៃក្បួនតម្រាទាំងនោះមើល ឃើញមានតម្លៃជាសាច់ប្រាក់ប្រាំម៉ឺនកាក់។ 20ដូច្នេះ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានរីកចម្រើនឡើង ហើយបានឈ្នះដោយអំណាច។
ការបះបោរនៅក្រុងអេភេសូរ
21ក្រោយហេតុការណ៍ទាំងនេះមក ព្រះវិញ្ញាណបានជម្រុញឲ្យលោកប៉ុលសម្រេចចិត្តធ្វើដំណើរឆ្លងកាត់ស្រុកម៉ាសេដូន ស្រុកអាខៃ ហើយបន្តដំណើរទៅក្រុងយេរូសាឡិម។ លោកមានប្រសាសន៍ថា៖ «ក្រោយពីខ្ញុំបានទៅដល់ទីនោះហើយ ខ្ញុំត្រូវតែទៅមើលក្រុងរ៉ូមដែរ»។ 22លោកបានចាត់អ្នកជំនួយរបស់លោកពីរនាក់ គឺលោកធីម៉ូថេ និងលោកអេរ៉ាស្ទុស ឲ្យទៅស្រុកម៉ាសេដូន តែឯលោកវិញ លោកស្នាក់នៅក្នុងស្រុកអាស៊ីមួយរយៈពេលសិន។
23នៅគ្រានោះ មានការច្រួលច្របល់កើតឡើងយ៉ាងខ្លាំងអំពីផ្លូវនោះ។ 24មានបុរសម្នាក់ឈ្មោះដេមេទ្រាស ជាជាងចម្លាក់ ដែលធ្វើអាស្រមព្រះនាងឌីអានពីប្រាក់ គាត់ជួយពួកជាងទាំងប៉ុន្មានឲ្យបានកម្រៃជាច្រើន។ 25គាត់បានប្រមូលកូនជាងទាំងប៉ុន្មាន និងពួកអ្នកដែលមានមុខរបរដូចគ្នាមក រួចពោលថា៖ «អ្នករាល់គ្នាអើយ អ្នកដឹងថា យើងមានទ្រព្យសម្បត្តិដោយសារមុខរបរនេះ 26អ្នកក៏ឃើញ ហើយឮថា ឈ្មោះប៉ុលនេះបានបញ្ចុះបញ្ចូល ព្រមទាំងបង្វែរមនុស្សជាច្រើន មិនត្រឹមតែនៅក្រុងអេភេសូរនេះប៉ុណ្ណោះទេ គឺស្ទើរតែពេញស្រុកអាស៊ីទាំងមូល ដោយពោលថា ព្រះដែលដៃមនុស្សធ្វើ មិនមែនជាព្រះឡើយ។ 27ដូច្នេះ មិនត្រឹមតែអន្តរាយដល់មុខរបររបស់យើង ដោយគេលែងរាប់អានប៉ុណ្ណោះទេ គឺក្រែងគេលែងទាំងគោរពប្រតិបត្តិដល់ព្រះវិហាររបស់ព្រះនាងឌីអានដ៏ធំថែមទៀតផង រួចសិរីល្អនៃព្រះរបស់យើង ដែលអ្នកស្រុកអាស៊ីទាំងអស់ និងពិភពលោកទាំងមូលថ្វាយបង្គំ ក៏នឹងត្រូវសាបសូន្យដែរ»។
28ពេលគេឮដូច្នេះ គេខឹងយ៉ាងខ្លាំង ហើយស្រែកឡើងថា៖ «ព្រះនាងឌីអានជាព្រះរបស់អ្នកក្រុងអេភេសូរ ទ្រង់ធំវិសេស!»។ 29ដូច្នេះ ទីក្រុងក៏មានពេញដោយភាពវឹកវរ ហើយគេលើកគ្នាចាប់អូសលោកកៃយុស និងលោកអើរីស្តាក ជាអ្នកស្រុកម៉ាសេដូន ដែលរួមដំណើរជាមួយលោកប៉ុល សម្រុកចូលទៅក្នុងទីលានមហោស្រព ។ 30ប៉ុន្ដែ ពេលលោកប៉ុលមានបំណងចូលទៅក្នុងចំណោមបណ្តាជន ពួកសិស្សមិនព្រមឲ្យលោកទៅទេ។ 31សូម្បីតែពួកមន្រ្តីនៅស្រុកអាស៊ីខ្លះ ដែលជាមិត្តសម្លាញ់របស់លោក ក៏បានចាត់គេមកអង្វរលោក កុំឲ្យប្រថុយចូលទៅក្នុងទីលានមហោស្រពដែរ។ 32នៅពេលនោះ មានខ្លះស្រែកយ៉ាងនេះ ខ្លះស្រែកយ៉ាងនោះ ដ្បិតអង្គប្រជុំទាំងមូលកំពុងច្របូកច្របល់ ហើយពួកគេភាគច្រើនមិនទាំងដឹងថាគេប្រជុំគ្នារឿងអ្វីផង។ 33ពួកសាសន៍យូដាបានច្រានអ័លេក្សានត្រុសចេញពីចំណោមបណ្ដាជន ទៅឈរខាងមុខ ហើយអ័លេក្សានត្រុសក៏លើកដៃជាសញ្ញា ព្រោះចង់ឆ្លើយបំភ្លឺនៅមុខប្រជាជន។ 34ប៉ុន្តែ ពេលគេដឹងថា គាត់ជាសាសន៍យូដា គេក៏ស្រែកឡើងព្រមគ្នា ប្រមាណជាពីរម៉ោងថា៖ «ព្រះនាងឌីអានរបស់ពួកក្រុងអេភេសូរយើង ទ្រង់ធំវិសេស!»។ 35កាលលោកលេខាធិការបានឃាត់បណ្ដាជនឲ្យនៅស្ងៀមហើយ លោកមានប្រសាសន៍ថា៖ «ពួកក្រុងអេភេសូរអើយ តើអ្នកណាមិនដឹងថា ពួកអ្នកក្រុងអេភេសូរនេះ ជាអ្នកថែរក្សាព្រះវិហារព្រះនាងឌីអាន និងជាក្រុងដែលមានរូបសំណាកដែលធ្លាក់ពីលើមេឃមកនោះ!។ 36ដូច្នេះ សេចក្ដីនេះគ្មានអ្នកណាអាចប្រកែកបានទេ គួរតែអ្នករាល់គ្នានៅស្ងៀមទៅ មិនត្រូវធ្វើដោយតក់ក្រហល់ដូច្នេះឡើយ។ 37អ្នករាល់គ្នាបាននាំអ្នកទាំងនេះមក ដែលមិនមែនជាចោរលួចវិហារ ឬជាអ្នកប្រមាថដល់ព្រះរបស់យើងទេ។ 38ប្រសិនបើលោកដេមេទ្រាស និងពួកជាងដែលមកជាមួយគាត់ មានរឿងអ្វីទាស់នឹងអ្នកណា នោះមានសាលាក្តីបើកចំហស្រាប់ ហើយមានទាំងលោកអភិបាលជាតិរ៉ូមផង ត្រូវឲ្យគេដាក់ពាក្យបណ្ដឹងទៅ។ 39ប៉ុន្ដែ ប្រសិនបើអ្នករាល់គ្នាចង់សួរពីបញ្ហាផ្សេងទៀត នោះត្រូវដោះស្រាយនៅក្នុងអង្គប្រជុំតាមច្បាប់វិញ។ 40ដ្បិតយើងពិតជាស្ថិតក្នុងសភាពគ្រោះថ្នាក់ ដោយជាប់ចោទពីរឿងបះបោរដែលកើតឡើងនៅថ្ងៃនេះ ព្រោះគ្មានហេតុណាមួយ ដែលយើងអាចនឹងដោះសាពីការប្រជុំគ្នានេះបានឡើយ»។ 41កាលលោកមានប្រសាសន៍ដូច្នេះរួចហើយ លោកក៏រំសាយអង្គប្រជុំនោះទៅ។
Currently Selected:
កិច្ចការ 19: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies