YouVersion Logo
Search Icon

កិច្ចការ 23

23
1លោក​ប៉ុល​ក៏​សម្លឹង​មើល​ទៅ​ក្រុម‌ប្រឹក្សា ហើយ​មាន​ប្រសាសន៍​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​មនសិការ​ស្អាត​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ រហូត​មក​ដល់​ថ្ងៃ​នេះ»។ 2ពេល​នោះ លោក​អាណា‌នាស ជា​សម្តេច​សង្ឃ បង្គាប់​ឲ្យ​អស់​អ្នក​ដែល​ឈរ​ជិត​លោក​ប៉ុល ទះ​មាត់​លោក។ 3លោក​ប៉ុល​មាន​ប្រសាសន៍​ទៅ​សម្ដេច​សង្ឃ​ថា៖ «ឱ​កំផែង​លាប​សអើយ ព្រះ​នឹង​ទះ​លោក​វិញ​មិន​ខាន លោក​អង្គុយ​ជំនុំ‌ជម្រះ​ខ្ញុំ​តាម​ក្រឹត្យ‌វិន័យ ចុះ​ម្តេច​បាន​ជា​លោក​បង្គាប់​ឲ្យ​គេ​ទះ​ខ្ញុំ ខុស​នឹង​ក្រឹត្យ‌វិន័យ​ដូច្នេះ?»។ 4អស់​អ្នក​ដែល​ឈរ​ជិតពោល​ថា៖ «តើអ្នក​ហ៊ាន​ប្រមាថ​សម្តេច​សង្ឃ​របស់​ព្រះ​ផង​ឬ?»។ 5លោក​ប៉ុល​ឆ្លើយ​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​សម្តេច​សង្ឃ​ទេ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "មិន​ត្រូវ​និយាយ​អាក្រក់ពី​អ្នក​ដឹកនាំ​ប្រជាជន​របស់​អ្នក​ឡើយ" »។
6កាល​លោក​ប៉ុលជ្រាប​ថា ពួក​គេ​មួយ​ចំណែក​ជា​ពួក​សា‌ឌូស៊ី ហើយ​មួយ​ចំណែក​ទៀត​ជា​ពួក​ផារិ‌ស៊ី លោក​ក៏​ស្រែក​ឡើង​នៅ​ក្នុង​ក្រុម‌ប្រឹក្សា​ថា៖ «បង‌ប្អូន​អើយ ខ្ញុំ​ជា​ផារិ‌ស៊ី ហើយ​ជា​កូន​របស់​ពួក​ផារិ‌ស៊ី។ ខ្ញុំ​ជាប់​ជំនុំ‌ជម្រះ​នេះ ដោយ​ព្រោះ​តែ​សេចក្តី​សង្ឃឹម​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ»។ 7ពេល​លោក​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ពួក​ផារិ‌ស៊ី និង​ពួក​សាឌូ‌ស៊ីក៏​ទាស់​ទែង​គ្នា ហើយ​អង្គ​ប្រជុំ​ក៏​បែក​ខ្ញែក​ទៅ។ 8ដ្បិត​ពួក​សាឌូ‌ស៊ីពោល​ថា គ្មាន​ការ​រស់​ឡើង​វិញ គ្មាន​ទេវតា ឬ​វិញ្ញាណ​ណា​ឡើយ តែ​ពួក​ផារិ‌ស៊ី​ទទួល​ស្គាល់​ទាំង​អស់។ 9ពេល​នោះ មាន​សូរ​ទ្រហឹង​អឺង‌អាប់​ជា​ខ្លាំង ហើយ​អាចារ្យ​ខ្លះ​ខាង​ពួក​ផារិ‌ស៊ី ឈរ​ឡើង​ប្រកែក​តវ៉ា​យ៉ាង​ខ្លាំង​ថា៖ «យើង​មិន​ឃើញ​ថា​បុរស​នេះ​មាន​កំហុស​អ្វី​ឡើយ តែ​ប្រហែល​ជា​មាន​វិញ្ញាណ ឬ​ទេវតា​ណាមួយ​បាន​និយាយ​មក​កាន់​គាត់​ទេ​ដឹង?»។ 10ពេល​មាន​ការ​ទាស់​ទែង​គ្នា​កាន់​តែ​ខ្លាំង មេទ័ព​ធំ​ក៏​បង្គាប់​ឲ្យ​ពួក​ទាហាន ចុះ​ទៅ​យក​លោក​ប៉ុល​ចេញ​ពី​ចំណោម​ពួក​គេ​ដោយ​អំណាច ហើយ​នាំ​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ ដោយ​ខ្លាច​ក្រែង​គេ​ហែក​ហួរ​លោក​ខ្ទេច​ខ្ទី។
11នៅ​យប់​នោះ ព្រះ‌អម្ចាស់​ឈរ​ជិត​លោក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ក្លា​ហាន​ឡើង! ដ្បិត​អ្នក​បាន​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​នៅ​ក្រុង​យេរូ‌សាឡិម​យ៉ាង​ណា អ្នកក៏​ត្រូវ​ធ្វើ​បន្ទាល់​នៅ​ក្រុង​រ៉ូម​យ៉ាង​នោះ​ដែរ»។
សាសន៍​យូដា​ឃុប‌ឃិត​គ្នា​ប៉ង​សម្លាប់​លោក​ប៉ុល
12លុះ​ភ្លឺ​ឡើង ពួក​សាសន៍​យូដា​បាន​ឃុប​ឃិត​គ្នា ហើយ​ស្បថ​ស្បែ​ថា​នឹង​មិន​បរិភាគ ឬ​ផឹក​អ្វី​ឡើយ រហូត​ទាល់​តែ​គេ​បាន​សម្លាប់​លោក​ប៉ុល។ 13មនុស្ស​ដែល​បង្កើត​ឧបាយ​កល​នេះ មាន​ច្រើន​ជាង​សែសិប​ពីរ​នាក់។ 14ពួក​គេ​បាន​ទៅ​ជួប​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ស្បថ​ស្បែ​ថា​នឹង​មិន​ភ្លក់​អ្វី​ជា​ដាច់​ខាត រហូត​ទាល់​តែ​យើង​បាន​សម្លាប់​ប៉ុល​ចេញ។ 15ដូច្នេះ សូម​លោក ព្រម​ទាំង​ក្រុម‌ប្រឹក្សា ទៅ​សុំ​ឲ្យ​លោក​មេទ័ព​ធំ​នាំវា​ចុះ​មក​ជួប​អស់​លោក ធ្វើ​ដូច​ជា​លោក​ចង់​ពិចារណា​សួរ​វា​ឲ្យ​ច្បាស់​ថែម​ទៀត។ រីឯ​យើងខ្ញុំ យើង​ខ្ញុំ​ប្រុង‌ប្រៀប​ជា​ស្រេច​នឹង​សម្លាប់​វា មុន​នឹង​វា​មក​ដល់»។
16ប៉ុន្ដែ ក្មួយ​ប្រុស​របស់​លោក​ប៉ុលបាន​ដឹង​ពី​ការ​ពួន​ស្ទាក់​នេះ ដូច្នេះ គាត់​ក៏​ចូល​ទៅ​ក្នុង​បន្ទាយ ហើយ​ប្រាប់​លោក​ប៉ុល។ 17លោក​ប៉ុលក៏​ហៅ​មេទ័ព​រង​ម្នាក់មក ហើយ​ជម្រាប​ថា៖ «សូម​នាំ​យុវជន​នេះ​ទៅ​ជួប​លោក​មេទ័ព​ធំ​ទៅ ដ្បិតគាត់​មាន​រឿង​ខ្លះ​ចង់​ជម្រាបលោក»។ 18ដូច្នេះ មេទ័ព​រង​ក៏​នាំយុវជន​នោះ​ទៅ​ជួប​មេទ័ព​ធំ ជម្រាប​ថា៖ «អ្នក​ទោស​ឈ្មោះ​ប៉ុលបាន​ហៅ​ខ្ញុំ ហើយ​សុំឲ្យ​ខ្ញុំ​នាំ​យុវជន​នេះ​មក​ជួប​លោក ព្រោះ​គាត់​មាន​រឿង​ខ្លះ​ចង់​ជម្រាប​លោក»។ 19មេទ័ព​ធំ​ក៏​ដឹក​ដៃ​យុវជន​នោះ នាំ​ទៅ​ដោយ​ឡែក សួរ​ថា៖ «តើ​ប្អូន​មាន​រឿង​អី​ចង់​ប្រាប់​ខ្ញុំ?» 20យុវជន​នោះ​ជម្រាប​ថា៖ «ពួក​សាសន៍​យូដា​បាន​ព្រម​ព្រៀង​គ្នា​មក​សុំ​ឲ្យ​លោក​នាំ​លោក​ប៉ុល ចុះ​ទៅ​ជួប​ក្រុម‌ប្រឹក្សា​នៅ​ថ្ងៃ​ស្អែក ធ្វើ​ដូច​ជា​ចង់​សាក​សួរ​គាត់​ឲ្យ​បាន​ដិត​ដល់​ថែម​ទៀត។ 21ប៉ុន្ដែ សូម​លោក​កុំ​ព្រម​តាម​គេ​ឡើយ ដ្បិត​គេ​មាន​គ្នា​ជាង​សែសិប​នាក់ ចាំ​ពួន​ស្ទាក់​គាត់​តាម​ផ្លូវ។ គេ​បាន​ស្បថ​ស្បែ​នឹង​គ្នា​ថា នឹង​មិន​បរិ‌ភោគ ឬ​មិន​ផឹក​អ្វី​ឡើយ រហូត​ទាល់​តែ​បាន​សម្លាប់​គាត់។ ឥឡូវ​នេះ គេ​ប្រុង​ប្រៀប​ជា​ស្រេច​ហើយ ចាំ​តែ​លោក​អនុញ្ញាត​ឲ្យ​ប៉ុណ្ណោះ»។ 22ដូច្នេះ មេទ័ព​ធំក៏​ឲ្យ​យុវជន​នោះ​ទៅ​វិញ ទាំង​ហាម​ថា៖ «មិន​ត្រូវ​ប្រាប់​អ្នក​ណា​ម្នាក់​អំពី​រឿង​ដែល​ប្អូន​ប្រាប់​ខ្ញុំ​នេះ​ឡើយ»។
គេ​បញ្ជូន​លោក​ប៉ុល​ទៅ​លោក​ភេលីច ជា​ទេសា‌ភិបាល
23បន្ទាប់​មក លោក​បាន​ហៅ​មេទ័ព​រង​ពីរ​នាក់​មក​ប្រាប់​ថា៖ «ចូរ​រៀប​ចំ​ទាហាន​ពីរ​រយ​នាក់ ពល​សេះ​ចិតសិបនាក់ និង​ពល​លំពែង​ពីររយ​នាក់ ដើម្បី​ចេញ​ដំណើរ​ឲ្យ​ដល់​ក្រុង​សេសា‌រា នៅ​ម៉ោង​ប្រាំបួន​យប់​នេះ។ 24សុំ​ឲ្យ​មាន​ជំនិះ​សម្រាប់​លោក​ប៉ុល​ផង ដើម្បី​នាំ​គាត់​ទៅ​ជួប​លោក​ភេលីច ជា​ទេសា‌ភិបាល ដោយ​សុខ‌សាន្ត»។ 25លោក​ក៏​សរសេរ​សំបុត្រ​មួយ​ច្បាប់​ថា៖
26«ក្លូឌាស‌លូស៊ា សូម​ជម្រាប​មក​ឯក‌ឧត្តម​ភេលីច ជា​ទេសា‌ភិបាល សូម​ទាន​ជ្រាប។ 27បុរស​នេះ ត្រូវ​ពួក​សាសន៍​យូដា​ចាប់​បាន ហើយ​គេ​បម្រុង​នឹង​សម្លាប់​គាត់។ ប៉ុន្ដែ កាល​ខ្ញុំ​បាទ​នាំ​ទាហាន​ឡើង​ទៅ​សង្គ្រោះ​គាត់ ទើប​ដឹង​ថា គាត់​ជា​សាសន៍​រ៉ូម។ 28ដោយ​ខ្ញុំ​បាទ​ចង់​ដឹង​ពី​មូល​ហេតុ​ដែល​គេ​ចោទ​ប្រកាន់​គាត់ ខ្ញុំ​បាទ​ក៏​បាន​នាំ​គាត់​ចុះ​ទៅ​ជួប​ក្រុម‌ប្រឹក្សា​របស់​គេ។ 29ខ្ញុំ​បាទ​បាន​ឃើញ​ថា គេ​ចោទ​ប្រកាន់​គាត់​អំពីបញ្ហា​ក្រឹត្យ‌វិន័យ​របស់​គេ តែ​គ្មាន​ហេតុ​អ្វី​ដែល​គួរ​មាន​ទោស​ដល់​ស្លាប់ ឬ​ត្រូវ​ជាប់​ឃុំ​ឃាំង​ឡើយ។ 30កាល​មាន​គេ​ប្រាប់​ខ្ញុំ​បាទ​ថា ពួក​សាសន៍​យូដា​មាន​គម្រោង​អាក្រក់​ចង់​សម្លាប់​គាត់ ខ្ញុំ​បាទ​ក៏​បញ្ជូន​គាត់​មក​ឯក‌ឧត្តម​ភ្លាម ហើយ​បង្គាប់​ឲ្យ​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​គាត់ មក​និយាយ​តតាំង​នឹង​គាត់ នៅ​ចំពោះ​ឯកឧត្តម​ចុះ»។
31ដូច្នេះ ពួក​ទាហាន​ក៏​នាំ​លោក​ប៉ុល​ទាំង​យប់ ទៅ​ក្រុង​អាន់ទី‌ប៉ាទ្រីស តាម​បញ្ជា​ដែល​គេ​បាន​ទទួល។ 32នៅ​ថ្ងៃ​បន្ទាប់ គេ​បាន​វិល​ត្រឡប់​ទៅ​បន្ទាយ​វិញ ដោយ​ទុក​ពល​សេះ​ឲ្យ​បន្ត​ដំណើរ​ជា‌មួយ​លោក​ប៉ុល។ 33កាល​គេ​បាន​មក​ដល់​ក្រុង​សេ‌សារា ហើយ​ប្រគល់​សំបុត្រ​ជូន​លោក​ទេសា‌ភិបាល គេ​ក៏​ប្រគល់​លោក​ប៉ុល​ជូន​ផង​ដែរ។ 34កាល​បាន​អាន​សំបុត្រ​រួច​ហើយ លោក​ក៏​សួរ​លោក​ប៉ុល​មក​ពី​ខេត្ត​ណា។ ពេល​លោក​ជ្រាប​ថា លោក​ប៉ុល​មក​ពី​ស្រុក​គីលី‌គា 35លោក​ក៏​មាន​ប្រសាសន៍​ថា៖ «ពេល​ពួក​ចោទ​ប្រកាន់​អ្នក​មក​ដល់ ខ្ញុំ​នឹង​ស្ដាប់​រឿង​ក្ដី​របស់​អ្នក»។ បន្ទាប់មក លោក​បង្គាប់​ឲ្យ​គេ​យាម​ការ‌ពារ​លោក​ប៉ុល នៅ​ក្នុង​វិមាន​របស់​ព្រះ‌បាទ​ហេរ៉ូឌ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for កិច្ចការ 23