YouVersion Logo
Search Icon

កិច្ចការ 24

24
លោក​ប៉ុល​នៅ​មុខ​លោក​ភេលីច​នៅ​ក្រុង​សេសារា
1ប្រាំ​ថ្ងៃ​ក្រោយ​មក សម្ដេច​សង្ឃ​អាណា‌នាស បាន​ចុះ​ទៅ​ជា‌មួយ​ពួក​ចាស់​ទុំមួយ​ចំនួន និង​មេធាវី​ម្នាក់ ឈ្មោះ​ទើទូ‌លុស ដើម្បី​ចោទ​ប្រកាន់​លោក​ប៉ុលនៅចំពោះ​លោក​ទេសា‌ភិបាល។ 2កាល​បាន​ហៅ​លោក​ប៉ុល​មក លោក​ទើទូ‌លុស​ចាប់​ផ្ដើម​ចោទ​ប្រកាន់​ថា៖
«សូម​គោរព​ឯក​ឧត្តម​ភេលីច ដោយ​សារ​ឯកឧត្តម យើង​ខ្ញុំ​បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត​គ្រប់​យ៉ាង ហើយ​ការ​កែ​ទម្រង់​ផ្សេងៗ​ដែល​ឯក​ឧត្តម​បាន​ធ្វើ​ដល់​ប្រជាជន​នេះ គឺ​ដោយ​សារ​គំនិត​ដ៏​ប៉ិន​ប្រសប់​របស់​ឯក​ឧត្តម។ 3យើង​ខ្ញុំ​សូម​ទទួល​ស្គាល់​ដោយ​ដឹង​គុណ​បំផុត គ្រប់​ជំពូក និង​គ្រប់​ទី​កន្លែង។ 4ប៉ុន្តែ ដើម្បី​កុំ​ឲ្យ​រំខានឯក​ឧត្តមយូរ សូម​ឯក​ឧត្ដម​មេត្តា​ស្តាប់​យើង​ខ្ញុំ​ត្រួសៗ ដោយ​ក្ដី​អនុគ្រោះ។ 5ដ្បិត​យើង​ខ្ញុំ​បាន​ឃើញ​ថា ជន​នេះ​ជា​មនុស្ស​ចង្រៃ ជា​អ្នក​ដែល​ញុះ‌ញង់​សាសន៍​យូដា​ទាំង​អស់ នៅ​លើ​ពិភព​លោក​ទាំង​មូល​ឲ្យ​បង្ក​ចលាចល ហើយ​ជា​មេ​នៃ​ពួក​ណា‌សារ៉ែត ។ 6គាត់​ថែម​ទាំង​ព្យាយាម​បន្តុះ​បង្អាប់​ព្រះ‌វិហារទៀត​ផង ប៉ុន្ដែ យើង​ខ្ញុំ​ចាប់​គាត់​មក [ហើយ​ជំនុំ‌ជម្រះ​តាម​ក្រឹត្យ‌វិន័យ​របស់​យើង​ខ្ញុំ។ 7ប៉ុន្តែ លោក​លូស៊ា ជា​មេទ័ព​ធំ បាន​មក​កន្ត្រាក់​យក​គាត់​ពី​ដៃ​យើង​ខ្ញុំ​ទៅ ដោយ​អំណាច​យ៉ាង​សម្បើម 8ទាំង​បង្គាប់​ឲ្យ​ពួក​អ្នក​ចោទប្រកាន់​របស់​គាត់​មក​ជួប​ឯក​ឧត្តម] ។ សូម​ឯក​ឧត្តម​សាក​សួរ​គាត់ដោយ​ផ្ទាល់​ចុះ នោះ​ឯក​ឧត្តម​នឹង​ជ្រាប​ពី​សេចក្ដីទាំង​ប៉ុន្មាន ដែល​យើង​ខ្ញុំ​ចោទ​ប្រកាន់​គាត់ជា​មិន​ខាន»។
9ពួក​សាសន៍​យូដាក៏​យល់​ព្រម​ដែរ ដោយ​បញ្ជាក់​ថា រឿង​ទាំង​នោះ​ពិត​ជា​ត្រឹម​ត្រូវ​មែន។
លោក​ប៉ូល​ឆ្លើយ​បំភ្លឺ​នៅ​មុខ​លោក​ភេលីច
10ពេល​លោក​ទេសា‌ភិបាល​បាន​ធ្វើ​សញ្ញា​ឲ្យ​លោក​ប៉ុល​មាន​ប្រសាសន៍ លោក​ប៉ុល​ក៏​ឆ្លើយ​ថា៖
«ខ្ញុំ​បាទ​សូម​ឆ្លើយ​បំភ្លឺ​ដោយ​អំណរ ដោយ​ដឹង​ថា ឯក​ឧត្តម​បាន​ធ្វើ​ជា​ចៅ​ក្រម​លើ​សាសន៍​នេះ​ច្រើន​ឆ្នាំ​មក​ហើយ។ 11ឯក​ឧត្តម​អាចដឹង​បាន​ថា តាំង​ពី​ខ្ញុំ​បាទ​ឡើង​ទៅ​ថ្វាយ​បង្គំ​នៅ​ក្រុង​យេរូ‌សាឡិម នោះ​មិន​លើស​ពី​ដប់​ពីរ​ថ្ងៃ​ទេ។ 12អស់​លោក​ទាំង​នោះ​មិន​បាន​ឃើញ​ខ្ញុំ​បាទ​ជជែក​ជាមួយ​អ្នក​ណា ឬ​ញុះ‌ញង់​ឲ្យ​បណ្ដាជន​ចលាចល​ឡើយ ទោះ​នៅ​ក្នុង​ព្រះ‌វិហារ នៅ​ក្នុង​សាលា​ប្រជុំ ឬ​នៅ​ក្នុង​ទី​ក្រុង​ក្តី។ 13អស់​លោក​ទាំង​នោះ​ពុំ​អាច​រក​ភស្តុតាង មក​បញ្ជាក់​ពី​ការ​ចោទ​ប្រកាន់​ខ្ញុំ​បាទ ជូន​ឯក​ឧត្តមនៅ​ពេល​នេះ​បានឡើយ 14ប៉ុន្តែ ខ្ញុំ​បាទ​សូម​ជម្រាប​ឯក​ឧត្ដម​ថា តាម​ផ្លូវមួយ ដែល​គេ​ហៅ​ថា ក្រុម​ខុស​ឆ្គង​នោះ ខ្ញុំ​បាទ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​នៃ​បុព្វ‌បុរស​យើង​ខ្ញុំ ទាំង​ជឿ​អស់​ទាំងសេចក្ដី​ដែល​មាន​ចែង​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ និង​ក្នុង​គម្ពីរ​ហោរា 15ដោយ​សង្ឃឹម​ដល់​ព្រះ ដែល​អស់​លោកទាំង​នេះ​ក៏​យល់​ព្រម​ដែរ គឺ​ថា នឹង​មាន​ការ​រស់​ឡើង​វិញទាំង​អស់ ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត។ 16ហេតុ​នេះ​ហើយបាន​ជា​ខ្ញុំបាទ​ខំ​ប្រឹង​ឲ្យ​មាន​មនសិការ​ស្អាត​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ និង​នៅ​ចំពោះ​មនុស្ស​លោក​ជា‌និច្ច។ 17ក្រោយ​ពី​បាន​ចាក​ចេញ​ពី​ក្រុង​យេរូ​សាឡិម​ជា​ច្រើន​ឆ្នាំ ខ្ញុំ​បាទ​ក៏​បាន​ត្រឡប់​មក​វិញ ដើម្បី​នាំ​យក​ជំនួយ​មក​ជួយ​សាសន៍​ខ្ញុំ​បាទ និង​ថ្វាយ​តង្វាយ។ 18កាល​ខ្ញុំ​បាទ​កំពុង​រវល់​នឹង​ការ​នេះ គេ​ក៏​ឃើញ​ខ្ញុំ​បាទ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​នៅ​ក្នុង​ព្រះ‌វិហារ ឥត​មាន​បណ្ដាជន ឬ​កើត​វឹក‌វរ​អ្វី​ឡើយ។ ប៉ុន្តែ មាន​សាសន៍​យូដា​ខ្លះ​មក​ពី​ស្រុក​អាស៊ី​បាន​ឃើញ​ខ្ញុំ​បាទ 19អ្នក​ទាំង​នោះ​គួរ​មក​ចោទ​ប្រកាន់​ខ្ញុំ​បាទ​នៅ​មុខ​ឯកឧត្តម ប្រសិន‌បើ​គេ​មាន​រឿង​ហេតុណា​មួយ​ទាស់​នឹង​ខ្ញុំ​បាទ។ 20ម្យ៉ាង​ទៀត សូមឲ្យ​អស់លោក​ទាំង​នេះ​និយាយ​ដោយ​ផ្ទាល់ អំពីបទ​ល្មើស​ណាមួយដែល​អស់​លោក​បាន​ឃើញ ក្នុង​កាល​ដែល​ខ្ញុំ​បាទ​ឈរ​នៅ​មុខ​ក្រុម‌ប្រឹក្សានេះ​ចុះ 21លើក​លែង​តែ​ការ​មួយ​ដែល​ខ្ញុំ​បាទ​ស្រែក​ឡើង​កាល​កំពុង​ឈរ​នៅ​កណ្តាល​ចំណោម​ពួក​គេ​ថា "ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​អ្នក​រាល់​គ្នា​ជំនុំ‌ជម្រះ ពី​រឿង​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ"»។
22ប៉ុន្ដែ កាល​លោក​ភេលីច​បាន​ដឹង​ច្បាស់​អំពី​ផ្លូវ​នោះ លោក​ក៏ឲ្យ​គេ​ត្រឡប់​ទៅ​វិញ ដោយ​ពោល​ថា៖ «ពេល​លោក​លូស៊ា ជា​មេទ័ព​ធំ​បាន​ចុះ​មក ខ្ញុំ​នឹង​សម្រេច​រឿង​ក្ដីរបស់​អស់​លោក»។ 23បន្ទាប់​មក លោក​បញ្ជា​ឲ្យ​មេទ័ព​យក​លោក​ប៉ុល​ទៅ​ឃុំ ប៉ុន្ដែ ឲ្យ​មាន​សេរីភាព​ខ្លះ ហើយ​មិន​ត្រូវ​ហាម​ឃាត់​មិត្ត​សម្លាញ់​ណា​ម្នាក់​ដែល​មក​ជួយ​ទំនុក​បម្រុង​លោក​ឡើយ។
គេ​ទុក​លោក​ប៉ុល​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង
24ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក លោក​ភេលីច​បាន​មក​ជា‌មួយលោក​ស្រី​ទ្រូ‌ស៊ីល ជា​ភរិយា ដែល​ជា​សាសន៍​យូដា លោក​ឲ្យ​គេ​ទៅ​ហៅ​លោក​ប៉ុល​មក ហើយ​ស្តាប់​លោក​មាន​ប្រសាសន៍​អំពី​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ​យេស៊ូវ។ 25កាល​លោក​បានវែក​ញែក​អំពី​សេចក្តី​សុចរិត ការ​គ្រប់​គ្រង​ចិត្ត និង​ការ​ជំនុំ‌ជម្រះ​ដែល​នឹង​មក​ដល់ នោះ​លោក​ភេលីច​ក៏​ភ័យ ហើយ​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ចេញ​ទៅ​វិញ​សិន​ចុះ ពេល​ខ្ញុំ​មាន​ឱកាស ខ្ញុំ​នឹង​ហៅ​អ្នក​មក​ទៀត»។ 26នៅ​ពេល​ជា​មួយ​គ្នា​នោះ លោក​ភេលិច​សង្ឃឹម​ថានឹង​បាន​ទទួល​ប្រាក់​ពី​លោក​ប៉ុល ហេតុ​នេះ​ហើយ​បាន​ជា​លោក​ឲ្យ​គេ​ទៅ​ហៅ​លោក​ប៉ុល មក​សន្ទនា​ជាមួយ​ជា​ញឹក​ញាប់។
27លុះ​ពីរ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ លោក​ព័រគាស‌-ភេ‌ស្ទុស បានចូល​មក​កាន់​តំណែង​ជំនួស​លោក​ភេលីច ហើយ​ដោយ​ព្រោះ​លោក​ភេលីចចង់​យកចិត្ត​សាសន៍​យូដា លោក​ភេលីច​ក៏​ទុក​ឲ្យ​លោក​ប៉ុល​នៅ​ជាប់​គុក​ដដែល។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for កិច្ចការ 24