YouVersion Logo
Search Icon

កិច្ចការ 25

25
លោក​ប៉ុល​សុំ​រើ​ក្ដី​ទៅ​សេសារ
1បី​ថ្ងៃ​ក្រោយ​មក លោក​ភេ‌ស្ទុស​បាន​មក​ដល់​ខេត្តនេះ ហើយ​លោក​ឡើង​ពី​ក្រុង​សេសា‌រា ទៅ​ក្រុង​យេរូ‌សាឡិម 2ពួក​សង្គ្រាជ និង​ពួក​មេ​សាសន៍​យូដា បាន​ចូល​ទៅ​ជម្រាប​លោក​អំពី​រឿង​ក្ដី​របស់​លោក​ប៉ុល 3ហើយ​អង្វរ​សុំ​ឲ្យ​លោក​យល់​ព្រម​នាំ​លោក​ប៉ុល​មក​ក្រុង​យេរូ‌សាឡិម ព្រោះ​គេ​ឃុប​ឃិត​គ្នា​ពួន​ស្ទាក់​សម្លាប់​លោក​តាម​ផ្លូវ។ 4ប៉ុន្ដែ លោក​ភេ‌ស្ទុស​តប​ថា លោក​ប៉ុលកំពុង​ជាប់​ឃុំ​នៅ​ក្រុង​សេសា‌រា​ឯ​ណោះ ហើយ​ថា ខ្លួន​លោក​ផ្ទាល់​ក៏​បម្រុង​នឹង​ទៅ​ទី​នោះ​ឆាប់ៗ​ដែរ។ 5លោក​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ ក្នុង​ចំណោម​អស់​លោក អ្នក​ណា​ដែល​មាន​អំណាច សូម​អញ្ជើញ​ទៅ​ជា‌មួយ​ខ្ញុំ ហើយ​បើ​ឃើញ​ថា​អ្នក​នោះ​មាន​ទោស​អ្វី សុំ​ចោទ​ប្រកាន់​គាត់ទៅ»។
6ក្រោយ​ពី​លោក​បាន​ស្នាក់​នៅ​ជាមួយ​ពួកគេ មិន​លើស​ពី​ប្រាំ​បី ឬ​ដប់​ថ្ងៃផង លោក​ក៏​ចុះ​ទៅ​ក្រុង​សេ‌សា‌រា​វិញ។ នៅ​ថ្ងៃ​បន្ទាប់ លោក​បាន​អង្គុយ​នៅ​ទី​កាត់​ក្តី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ុល​មក។ 7ពេល​លោក​ប៉ុល​មក​ដល់ ពួក​សាសន៍​យូដាដែល​ចុះ​ពី​ក្រុង​យេរូ‌សាឡិម​មក នាំ​គ្នា​ឈរ​ជុំ​វិញ​លោក ហើយ​ចោទ​គាត់​ពី​រឿង​ធ្ងន់ៗ​ជា​ច្រើន ដែល​គេ​មិន​អាច​បង្ហាញ​ភស្តុតាង​បាន។ 8លោក​ប៉ុលមាន​ប្រសាសន៍ស្រាយ​បំភ្លឺ​ថា៖ «ខ្ញុំ​បាទមិន​បានប្រព្រឹត្ត​អ្វី​ខុស​នឹង​ក្រឹត្យ‌វិន័យ​របស់​សាសន៍​យូដា ខុស​នឹង​ព្រះ‌វិហារ ឬ​ខុស​នឹង​សេ‌សារ​ឡើយ»។ 9ប៉ុន្ដែ ដោយ​ចង់​យក​ចិត្ត​ពួក​សាសន៍​យូដា លោក​ភេ‌ស្ទុសក៏​សួរ​លោក​ប៉ុល​ថា៖ «តើ​អ្នក​ចង់​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​កាត់​ក្ដីអំ​ពីរឿង​នេះ​នៅ​ចំពោះ​មុខ​ខ្ញុំ​ឬ​ទេ?» 10ប៉ុន្ដែ លោក​ប៉ុល​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​បាទ​កំពុង​ឈរ​នៅ​មុខ​សាលា​ក្តី​របស់​សេ‌សារ ជា​កន្លែង​ដែល​គួរ​កាត់​ក្ដីខ្ញុំ​បាទ។ ខ្ញុំបាទ​មិន​បាន​ប្រព្រឹត្ត​ខុស​នឹង​ពួក​សាសន៍​យូដា​ទេ ដូច​ឯកឧត្តម​ជ្រាប​ស្រាប់​ហើយ។ 11ដូច្នេះ ប្រសិន‌បើ​ខ្ញុំ​បាទ​បាន​ធ្វើ​អ្វី​ខុស ហើយ​បាន​ប្រព្រឹត្ត​អ្វី​មួយ​ដែល​សម​នឹង​ស្លាប់ នោះ​ខ្ញុំ​បាទ​មិន​រុញ​រា​នឹង​ស្លាប់​ឡើយ។ ប៉ុន្ដែ បើ​រឿង​ដែល​អស់​លោកទាំង​នោះ​ចោទ​ខ្ញុំ​បាទ​មិន​ពិត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ប្រគល់​ខ្ញុំ​បាទ​ទៅ​ឲ្យ​គេ​បាន​ឡើយ។ ខ្ញុំ​បាទ​សូម​រើ​ក្តី​នេះ​ទៅ​សេ‌សារ​វិញ»។ 12កាល​បាន​ពិគ្រោះ​ជាមួយ​ក្រុម‌ប្រឹក្សា​របស់​លោក​រួច​ហើយ លោក​ភីស្ទុស​ឆ្លើយ​ថា៖ «អ្នក​បាន​សុំ​រើ​ក្តី​ទៅ​សេ‌សារ​ហើយ ដូច្នេះ អ្នក​នឹង​ទៅ​ជួប​សេ‌សារ»។
លោក​ភេ‌ស្ទុស​ពិគ្រោះ​ជាមួយ​ព្រះ‌បាទ‌អ័គ្រី‌ប៉ា
13ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ទៀត ព្រះ‌បាទ​អ័គ្រី‌ប៉ា និង​ព្រះ‌នាង​បេរេ‌នីស យាង​ចុះ​មកដល់​ក្រុង​សេ‌សារា ដើម្បី​សម្ដែង​ការ​គួរ​សមចំពោះ​លោក​ភេ‌ស្ទុស។ 14ដោយ​ស្ដេច​គង់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ លោក​ភេ‌ស្ទុស​ក៏​ទូល​ពី​រឿង​លោក​ប៉ុល​ថ្វាយ​ស្តេច​ថា៖ «លោក​ភេលីច​បាន​ទុក​អ្នក​ទោស​ម្នាក់ឲ្យ​ជាប់​ឃុំ​នៅ​ទី​នេះ 15កាល​ទូល​បង្គំ​នៅ​ក្រុង​យេរូ‌សាឡិម ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​សាសន៍​យូដាបាន​នាំ​គ្នា​ប្តឹង​ពី​គាត់ ទាំង​សូម​ឲ្យ​ទូល​បង្គំ​កាត់​ទោស​គាត់។ 16ទូល​បង្គំ​ឆ្លើយ​ប្រាប់​គេ​ថា "សាសន៍​រ៉ូម​មិន​ដែល​បញ្ជូន​អ្នក​ណា​ឲ្យ​គេសម្លាប់ មុន​ដែល​ចុង​ចោទ​មាន​ឱកាស​នឹង​ឆ្លើយ​ការ​ពារ​ខ្លួន​នៅ​មុខ​ដើម​ចោទ អំពី​រឿង​ដែល​គេ​ចោទ​នោះ​ឡើយ"។ 17ដូច្នេះ ពេល​អ្នក​ទាំង​នោះ​មក​ដល់​ទី​នេះ ទូល​បង្គំ​មិន​បង្អង់​ឡើយ គឺនៅ​ថ្ងៃ​បន្ទាប់ ទូល​បង្គំ​បាន​អង្គុយ​នៅ​ទី​កាត់​ក្តី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​អ្នក​នោះ​មក។ 18ពេល​ពួក​ដើម​ចោទ​បាន​ឈរ​ឡើង គេ​មិន​បាន​ចោទ​ប្រកាន់​គាត់ពី​អំពើ​អាក្រក់​ណា​មួយ ដូច​ទូល​បង្គំ​នឹក​ស្មាន​នោះ​ឡើយ។ 19ផ្ទុយ​ទៅ​វិញ គេឈ្លោះ​នឹង​គាត់អំ​ពី​សាសនា​របស់​គេ និង​អំពី​បុរស​ម្នាក់​ឈ្មោះ​យេស៊ូវ ដែល​ស្លាប់​ទៅ​ហើយ តែ​លោក​ប៉ុល​អះ​អាង​ថា​នៅ​រស់​តែ​ប៉ុណ្ណោះ។ 20ទូល​បង្គំ​ទ័ល​គំនិត​ក្នុង​ការ​ស៊ើប​អង្កេត​អំពីរឿង​នេះ ក៏​សួរ​គាត់​ក្រែងគាត់ចង់​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​ឲ្យ​គេ​កាត់​ក្ដី​នៅ​ទីនោះ។ 21ប៉ុន្ដែ ពេល​លោក​ប៉ុល​សូម​រើ​ក្តី​ទៅ​ព្រះ​ចៅ​អធិរាជ ដើម្បី​ឲ្យ​ទ្រង់​កាត់​ក្តី នោះ​ទូល​បង្គំ​ក៏​បង្គាប់​គេ​ឲ្យ​ឃុំ​គាត់​ទុក​សិន រហូត​ដល់​ពេល​ទូល​បង្គំ​មាន​ឱកាស​នឹង​បញ្ជូន​ទៅ​សេ‌សារ»។ 22ព្រះ‌បាទ​អ័គ្រី‌ប៉ា​មានរាជ‌ឱង្ការ​ទៅ​លោក​ភេ‌ស្ទុស​ថា៖ «ខ្ញុំ​ក៏​ចង់​ស្តាប់​អ្នក​នោះ​ដោយ​ផ្ទាល់​ដែរ»។ លោក​ទូល​ឆ្លើយ​ថា៖ «ព្រះ​ករុណា​នឹង​បាន​ស្តាប់​គាត់​នៅ​ថ្ងៃ​ស្អែក»។
លោក​ប៉ុល​នៅ​មុខ​ព្រះបាទ​អ័គ្រីប៉ា
23ដូច្នេះ នៅ​ថ្ងៃ​បន្ទាប់ ព្រះ‌បាទ​អ័គ្រី‌ប៉ា និង​ព្រះ‌នាង​បេរេ‌នីស បាន​យាង​ចូល​មក​ក្នុង​សាលា​ក្តី​យ៉ាង​អ​ធឹកអធម មាន​ទាំង​មេទ័ព​ធំ និង​ពួកនា​ម៉ឺនធំ​ៗ​នៅ​ទី​ក្រុង​នោះ​ហែ​ហមមក​ជាមួយ។ បន្ទាប់​មក លោក​ភេ‌ស្ទុស​បាន​បញ្ជា​គេ​ឲ្យ​នាំ​លោក​ប៉ុល​ចូល​មក។ 24លោក​ភេ‌ស្ទុស​មាន​ប្រសាសន៍​ថា៖ «សូម​ទូល​ព្រះ‌ករុណា​អ័គ្រី‌ប៉ា និង​អស់​លោក​ដែល​ទៅ​ទី​នេះជា‌មួយ​យើង​ខ្ញុំ។ សូម​ទត​មើល​បុរស​នេះ ដែល​សាសន៍​យូដា​ទាំង​ប៉ុន្មាន​បាន​ប្តឹង​មក​ទូល​បង្គំ កាល​នៅ​ក្រុង​យេរូ‌សាឡិម និង​នៅ​ទី​នេះ​ដែរ ដោយ​ស្រែក​ថា គាត់​មិន​គួរ​រស់​នៅ​តទៅ​ទៀត​ទេ។ 25ប៉ុន្ដែ ទូល​បង្គំ​យល់​ឃើញ​ថា គាត់​មិន​បាន​ប្រព្រឹត្ត​ដែល​សម​នឹង​ស្លាប់​នោះ​ឡើយ ហើយ​ពេល​គាត់​បាន​សូម​រើ​ក្តី​ទៅព្រះ​ចៅ​អធិរាជ នោះ​ទូល​បង្គំ​ក៏​សម្រេច​ថានឹង​បញ្ជូន​គាត់។ 26ទូល​បង្គំ​គ្មាន​អ្វី​ច្បាស់​លាស់ ដើម្បី​សរសេរ​ថ្វាយ​ព្រះ‌អម្ចាស់​នៃទូល​បង្គំ អំពី​សំណុំ​រឿងរបស់​គាត់សោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ទូល​បង្គំ​នាំ​គាត់​មក​ជួប​អស់​លោក ជា​ពិសេស​មក​ជួប​ព្រះ​ករុណាព្រះ​បាទអ័គ្រីប៉ា ដើម្បីកាល​ណា​បាន​សួរ​ចម្លើយ​គាត់​រួច​ហើយ នោះ​ទូល​បង្គំ​អាច​មាន​រឿង​ខ្លះ​នឹង​សរសេរ។ 27ដ្បិត​ទូល​បង្គំ​យល់​ថា ការ​ដែល​បញ្ជូន​អ្នក​ទោស ដោយ​មិន​បញ្ជាក់ពី​រឿង​ដែល​គេ​ចោទ​ប្រកាន់​គាត់ នោះមិន​សម​ហេតុ​ផល​ឡើយ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for កិច្ចការ 25