YouVersion Logo
Search Icon

សាស្តា 12

12
1ចូរ​នឹក​ចាំ​ពី​ព្រះ​អាទិករ​របស់​អ្នក ក្នុង​កាល​ដែល​នៅ​ក្មេង​នៅ​ឡើយ មុន​ថ្ងៃ​អាក្រក់​មក​ដល់ ហើយ​អស់​ទាំង​ឆ្នាំ​មក​ជិត ដែល​ឯង​នឹង​ថា «ខ្ញុំ​អស់​សប្បាយ​ហើយ» 2គឺ​មុន​ដែល​ថ្ងៃ ពន្លឺ ខែ និង​ផ្កាយ​ទាំង​ប៉ុន្មាន​ត្រឡប់​ជា​ងងឹត ហើយ​ពពក​វិល​មក​វិញ​ក្រោយ​ពេល​ភ្លៀង 3នៅ​ថ្ងៃ​ដែល​ពួក​អ្នក​ចាំ​ផ្ទះ ត្រូវ​ញាប់‌ញ័រ ពួក​មនុស្ស​ខ្លាំង​ពូកែ ត្រូវ​ចុះ​ខ្សោយ ពួក​ស្រី​ដែល​កិន​ម្សៅ​ត្រូវ​ឈប់ ដោយ​ព្រោះ​មាន​គ្នា​តិច ពួក​អ្នក​ដែល​មើល​តាម​បង្អួច​ត្រូវ​ងងឹត​ទៅ 4ហើយ​ទ្វារ​ដែល​នៅ​តាម​ផ្លូវ​ត្រូវ​បិទ ជា​ពេល​ដែល​អន់​ឮ​សូរ​ត្បាល់​កិន ហើយ​ក៏​ស្ទុះ​ក្រោក​ឡើង​ដោយ​ឮ​សំឡេង​សត្វ​ហើរ​យំ ហើយ​អស់​ទាំង​សំឡេង​កូន​ស្រី​ដែល​ច្រៀង​ត្រូវ​ចុះ​ខ្សោយ 5គេ​ភ័យ​ខ្លាច​នឹង​ទី​កន្លែង​ខ្ពស់ៗ ក៏​មាន​សេចក្ដី​ស្ញែង‌ខ្លាច​តាម​ផ្លូវ ឯ​ដើម​ចំបក់​នឹង​ចេញ​ផ្កា ហើយ​កណ្តូប​នឹង​សង្កត់​លើ​គេ​ជា​ធ្ងន់ ឯ​សេចក្ដី​ប៉ង​ប្រាថ្នា​នឹង​រសាយ​អស់​ទៅ ព្រោះ​មនុស្ស​តែង​ឆ្ពោះ​ទៅ​ឯ​ទី​លំនៅ​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច ហើយ​ពួក​អ្នក​កាន់​ទុក្ខ​ដើរ​ទៅ​មក​តាម​ផ្លូវ។ 6គឺ​មុន​ដែល​ខ្សែ​ប្រាក់​ដាច់ ចាន​មាស​បែក ក្អម​បែក​នៅ​ឯ​ក្បាល​ទឹក ឬ​រហាត់​ទឹក​នៅ​អណ្តូង​ខូច​ទៅ 7ហើយ​ធូលី​ត្រឡប់​ជា​ដី​ដូច​ដើម​វិញ ហើយ​វិញ្ញាណ ត្រឡប់​ទៅ​ឯ​ព្រះ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​នោះ 8«ការ​ឥត​ប្រយោជន៍​ទទេៗ» នេះ​ហើយ​ជា​ពាក្យ​ដែល​គ្រូ​ប្រដៅ ពោល​ទុក​ថា គ្រប់​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ។
អាវសានកថា
9ហើយ​មួយ​ទៀត ដោយ​ព្រោះ​គ្រូ​ប្រដៅ​មាន​ប្រាជ្ញា​បាន​ជា​លោក​បង្រៀន​ប្រជាជន ឲ្យ​មាន​តម្រិះ​ទៅ​ទៀត អើ លោក​បាន​រំពឹង​គិត ព្រម​ទាំង​ស្វែង​រក ហើយ​តែង​ពាក្យ​សុភា‌សិត​ជា​ច្រើន។ 10គ្រូ​ប្រដៅ​បាន​ស្វែង​រក​ពាក្យ​ពីរោះ និង​សេចក្ដី​ដែល​បាន​តែង​ទុក​យ៉ាង​ត្រឹម‌ត្រូវ គឺ​ជា​ពាក្យ​ដ៏​ពិត​ទាំង​អស់។
11ពាក្យ​របស់​មនុស្ស​មាន​ប្រាជ្ញា ធៀប​ដូច​ជា​ជន្លួញ ហើយ​ពាក្យ​របស់​ពួក​អ្នក​ដែល​ប្រមូល​កត់​ទុក​ពាក្យ​ប្រាជ្ញ​នោះ ក៏​ដូច​ជា​ដែក​គោល​បោះ​ភ្ជាប់ ជា​ពាក្យ​ដែល​មក​ពី​គង្វាល​តែ​ម្នាក់ 12មួយ​ទៀត កូន​អើយ ចូរ​ទទួល​ដំបូន្មាន​ចុះ ដ្បិត​ការ​ដែល​ធ្វើ​សៀវភៅ​ជា​ច្រើន មិន​ចេះ​អស់​មិន​ចេះ​ហើយ​ឡើយ ហើយ​ការ​ដែល​រៀន​ជា​ច្រើន រមែង​នាំ​ឲ្យ​អផ្សុក​ដល់​រូប​សាច់។
13សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណោះ ទាំង​អស់​បាន​សម្ដែង​ទុក​ហើយ ដូច្នេះ ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ចុះ ដ្បិត​នេះ​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ។ 14ព្រះ​នឹង​នាំ​គ្រប់​ការ​ទាំង​អស់​មក​ដើម្បី​ជំនុំ‌ជម្រះ ព្រម​ទាំង​អ្វីៗ​ដែល​លាក់​កំបាំង​ផង ទោះ​ល្អ ឬ​អាក្រក់​ក្តី។:៚

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in