កាឡាទី 6
6
ការជួយធុរៈគ្នាទៅវិញទៅមក
1បងប្អូនអើយ ប្រសិនបើមានអ្នកណាម្នាក់ត្រូវគេទាន់ពេលកំពុងប្រព្រឹត្តអ្វីមួយខុស អ្នករាល់គ្នាដែលដើរដោយព្រះវិញ្ញាណ ចូរតម្រង់អ្នកនោះដោយចិត្តសុភាព។ ចូរប្រយ័ត្នខ្លួនឯងផង ក្រែងធ្លាក់ក្នុងការល្បួងដូចគេដែរ។ 2ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះទើបបានសម្រេចតាមក្រឹត្យវិន័យរបស់ព្រះគ្រីស្ទ។ 3ដ្បិតប្រសិនបើអ្នកណាស្មានថាខ្លួនជាអ្វីមួយ តែមិនមែនជាអ្វីសោះ អ្នកនោះបញ្ឆោតខ្លួនឯងហើយ។ 4ចូរឲ្យម្នាក់ៗពិសោធមើលកិច្ចការដែលខ្លួនប្រព្រឹត្ត ហើយបើឃើញថាល្អ នោះនឹងមានហេតុអួតខ្លួនចំពោះខ្លួនឯងផ្ទាល់ មិនមែនប្រៀបធៀបជាមួយអ្នកដទៃឡើយ។ 5ដ្បិតម្នាក់ៗត្រូវទទួលបន្ទុករបស់ខ្លួន។
6អ្នកណាដែលមានគ្រូបង្រៀនខាងព្រះបន្ទូល ត្រូវចែកគ្រប់ទាំងរបស់ល្អដល់គ្រូនោះផង។
7សូមកុំយល់ច្រឡំ គ្មានអ្នកណាបញ្ឆោតព្រះបានទេ ដ្បិតអ្នកណាសាបព្រោះពូជអ្វី គេនឹងច្រូតបានពូជនោះឯង។ 8អ្នកណាដែលសាបព្រោះខាងសាច់ឈាមរបស់ខ្លួន អ្នកនោះនឹងច្រូតបានជាសេចក្ដីពុករលួយពីសាច់ឈាមនោះ តែអ្នកណាដែលសាបព្រោះខាងព្រះវិញ្ញាណ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ។ 9យើងមិនត្រូវណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើយើងមិនរសាយចិត្តទេ ដល់ពេលកំណត់ យើងនឹងច្រូតបានហើយ។ 10ដូច្នេះ ពេលយើងមានឱកាស យើងត្រូវប្រព្រឹត្តអំពើល្អដល់មនុស្សទាំងអស់ ជាពិសេសេ ដល់បងប្អូនរួមជំនឿ។
ពាក្យរំឭកដាស់តឿន និងពាក្យប្រសិទ្ធពរចុងក្រោយ
11សូមមើលអក្សរធំៗទាំងនេះ ដែលខ្ញុំសរសេរដោយដៃខ្ញុំផ្ទាល់ ផ្ញើមកអ្នករាល់គ្នា។ 12អស់អ្នកដែលចង់សម្ញែងខ្លួនខាងសាច់ឈាម គេបង្ខំអ្នករាល់គ្នាឲ្យទទួលពិធីកាត់ស្បែក គឺដើម្បីឲ្យគេបានរួចពីការបៀតបៀន ដោយព្រោះឈើឆ្កាងរបស់ព្រះគ្រីស្ទប៉ុណ្ណោះ 13ដ្បិតសូម្បីតែអស់អ្នកដែលទទួលពិធីកាត់ស្បែក ខ្លួនគេផ្ទាល់មិនទាំងកាន់តាមក្រឹត្យវិន័យផង តែគេចង់ឲ្យអ្នករាល់គ្នាទទួលពិធីកាត់ស្បែក ដើម្បីឲ្យគេបានអួតខាងសាច់ឈាមរបស់អ្នករាល់គ្នា។ 14ឯខ្ញុំវិញ សូមកុំឲ្យខ្ញុំអួតខ្លួនពីអ្វី ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងឡើយ ដែលដោយសារឈើឆ្កាងនោះ លោកីយ៍បានជាប់ឆ្កាងខាងឯខ្ញុំ ហើយខ្ញុំក៏ជាប់ឆ្កាងខាងឯលោកីយ៍ដែរ។ 15ដ្បិតការកាត់ស្បែកមិនសំខាន់អ្វីទេ ហើយការមិនកាត់ស្បែក នោះក៏មិនសំខាន់អ្វីដែរ តែដែលសំខាន់គឺ ការកើតជាថ្មី។ 16សូមឲ្យអស់អ្នកដែលដើរតាមគោលការណ៍នេះ ព្រមទាំងសាសន៍អ៊ីស្រាអែលរបស់ព្រះផង បានប្រកបដោយសេចក្ដីសុខសាន្ត និងសេចក្ដីមេត្តាករុណា។
17ពីពេលនេះតទៅ សូមកុំឲ្យអ្នកណារំខានចិត្តខ្ញុំទៀតឡើយ ដ្បិតខ្ញុំមានស្លាកស្នាម របស់ព្រះយេស៊ូវ ជាប់ក្នុងរូបកាយខ្ញុំហើយ។
18បងប្អូនអើយ សូមព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ស្ថិតនៅជាប់ជាមួយវិញ្ញាណរបស់អ្នករាល់គ្នា។ អាម៉ែន។:៚
Currently Selected:
កាឡាទី 6: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies