YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 23

23
មរណ‌ភាព និង​ការ​បញ្ចុះ​សព​លោក​ស្រី​សារ៉ា
1លោក​ស្រី​សារ៉ា​រស់​នៅ​បាន​មួយ​រយ​ម្ភៃ​ប្រាំ​ពីរ​ឆ្នាំ នេះ​ជា​ចំនួន​ឆ្នាំ​នៃ​ជីវិត​របស់​លោក​ស្រី​សារ៉ា។ 2លោក​ស្រី​សារ៉ា​ស្លាប់​នៅ​ក្រុង​គារយ៉ាត់-អើបា (គឺ​ជា​ក្រុង​ហេប្រុន) ក្នុង​ស្រុក​កាណាន លោក​អ័ប្រា‌ហាំ​ក៏​មក​ដើម្បី​កាន់​ទុក្ខ ហើយ​យំ​សោក​នឹង​សព​លោក​ស្រី​សារ៉ា។ 3លោក​អ័ប្រា‌ហាំ​ក្រោក​ចេញ​ពី​មុខ​សព​ប្រពន្ធ​របស់​លោក ហើយ​និយាយ​ទៅ​ពួក​កូន​ចៅ​ហេត​ថា៖ 4«ខ្ញុំ​ជា​អ្នក​ដទៃ ដែល​គ្រាន់​តែ​ស្នាក់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ សូម​ចែក​ដី​បញ្ចុះ​សព​មួយ​កន្លែង ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​យក​សព​ប្រពន្ធ​ខ្ញុំ ដែល​នៅ​មុខ​ខ្ញុំ​នេះ​ទៅ​បញ្ចុះ​ផង»។ 5ពួក​កូន​ចៅ​ហេត​តប​មក​លោក​អ័ប្រា‌ហាំ​ថា៖ 6«លោក​ម្ចាស់ សូម​ស្តាប់​យើង​ខ្ញុំសិន លោក​ជា​អ្នក​ធំ​របស់​ព្រះ​ដែល​នៅ​ជា‌មួយ​យើង​ខ្ញុំ​ស្រាប់​ហើយ សូម​បញ្ចុះ‌សព​ប្រពន្ធ​របស់​លោក​នៅ​ក្នុង​ផ្នូរ​ដែល​ល្អ​ជាង​គេ​របស់​យើង​ខ្ញុំ​ចុះ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ប្រកែក មិន​ឲ្យ​លោក​ប្រើ​ផ្នូរ​របស់​ខ្លួន សម្រាប់​បញ្ចុះ​សព​ប្រពន្ធ​របស់​លោក​ឡើយ»។ 7លោក​អ័ប្រា‌ហាំ​ក្រោក​ឡើង ហើយ​ក្រាប​ចុះ​នៅ​មុខ​ពួក​កូន​ចៅ​ហេត ដែល​នៅ​ស្រុក​នោះ។ 8លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​សុខ​ចិត្ត​ឲ្យ​ខ្ញុំ​យក​សព​នៅ​មុខ​ខ្ញុំ​នេះ​ទៅ​បញ្ចុះ សូម​ស្តាប់​ខ្ញុំ​សិន សូម​ជួយ​អង្វរ​អេប្រុន ជា​កូន​របស់​សូហារ​ជំនួស​ខ្ញុំ​ផង 9គឺ​សូម​ឲ្យ​គាត់​ប្រគល់​ល្អាង​ម៉ាក់ពេ‌ឡា ជា​កម្មសិទ្ធិ​របស់​គាត់​មក​ខ្ញុំ គឺ​ល្អាង​ដែល​នៅ​ចុង​ចម្ការ​របស់​គាត់។ សូម​ឲ្យ​គាត់​លក់​ពេញ​ថ្លៃ​មក​ខ្ញុំ ទុក​ជា​កេរ‌អាករ​សម្រាប់​ជា​ទី​បញ្ចុះ​សព នៅ​ចំពោះ​មុខ​អ្នក​រាល់​គ្នា​ផង»។ 10ឯ​អេប្រុនក៏​អង្គុយ​រួម​ជា‌មួយ​ពួក​កូន​ចៅ​ហេត​ទាំង​នោះ​ដែរ គាត់​ឆ្លើយ​ទៅ​លោក​អ័ប្រា‌ហាំ​នៅ​ចំពោះ​មុខ​ពួក​កូន​ចៅ​ហេត គឺ​នៅ​ចំពោះ​អស់​អ្នក​ដែល​ចូល​តាម​ទ្វារ​ក្រុង​នោះ​ថា៖ 11«ទេ លោក​ម្ចាស់ សូម​ស្តាប់​ខ្ញុំប្របាទ​សិន ខ្ញុំ​ប្របាទ​សូម​ប្រគល់​ចម្ការ និង​ល្អាង​ដែល​នៅ​ក្នុង​ចម្ការ​នោះ​ជូន​លោក​ម្ចាស់។ ខ្ញុំ​ប្របាទ​សូម​ជូន​លោក​ម្ចាស់​នៅ​ចំពោះ​មុខ​ពួក​បង‌ប្អូន​សាសន៍​ខ្ញុំ​នេះ​ហើយ សូម​បញ្ចុះ​សព​ប្រពន្ធ​របស់​លោក​ម្ចាស់​ចុះ»។ 12ពេល​នោះ លោក​អ័ប្រា‌ហាំ​ក្រាប​ចុះនៅ​ចំពោះមុខពួក​អ្នក​ស្រុក​នោះ។ 13លោក​មាន​ប្រសាសន៍​ទៅ​អេប្រុន នៅ​ចំពោះ​មុខ​ពួក​អ្នក​ស្រុក​ថា៖ «ប្រសិន‌បើ​លោក​សុខ​ចិត្ត សូម​ស្តាប់​ខ្ញុំ​វិញ ខ្ញុំ​សូម​ជូន​ប្រាក់​តាម​តម្លៃ​ដី សូម​ទទួល​យក​ពី​ខ្ញុំ​ចុះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​បញ្ចុះ​សព​នៅ​ទី​នោះ»។ 14អេប្រុន​តប​ទៅ​លោក​អ័ប្រា‌ហាំ​ថា៖ 15«លោក​ម្ចាស់ សូម​ស្តាប់​ខ្ញុំ ដី​នេះ​មាន​តម្លៃ​បួន​រយ​សេកែល តើ​តម្លៃ​នេះ​មាន​អ្វី​សំខាន់​រវាង​លោក​ម្ចាស់​នឹង​ខ្ញុំ? សូម​លោក​ម្ចាស់​បញ្ចុះ​សព​ទៅ!»។ 16លោក​អ័ប្រា‌ហាំ​ក៏​ស្ដាប់​តាម​អេប្រុន ហើយ​ថ្លឹង​ប្រាក់​ប្រគល់​ឲ្យ​អេប្រុន នៅ​ចំពោះ​មុខ​នៃ​ពួក​កូន​ចៅ​ហេត តាម​ចំនួន​ដែល​គាត់​បាន​និយាយ គឺ​ប្រាក់​សុទ្ធ​បួនរយ​សេកែល តាម​តម្លៃ​ដែល​ពួក​ឈ្នួញ​ប្រើនៅ​សម័យ​នោះ។
17ដូច្នេះ ចម្ការ​របស់​អេប្រុន​នៅ​ម៉ាក់‌ពេឡា ដែល​នៅ​ខាង​កើត​ម៉ាមរេ ជា​ចម្ការ​ដែល​មាន​ល្អាង និង​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ចម្ការ​នោះ គឺ​បរិវេណ​ចម្ការ​នោះ​ទាំង​មូល 18បាន​ប្រគល់​ឲ្យ​លោក​អ័ប្រា‌ហាំទាំង​អស់​ទុក​ជា​កេរ​អាករ នៅ​មុខ​ពួក​កូន​ចៅ​ហេត គឺ​នៅ​ចំពោះ​មុខ​អស់​អ្នក​ដែល​ចូល​តាម​ទ្វារ​ក្រុង។ 19លោក​អ័ប្រា‌ហាំ​ក៏​បញ្ចុះ​សព​លោក​ស្រី​សារ៉ា ជា​ប្រពន្ធ នៅ​ក្នុង​ល្អាង​នៃ​ចម្ការ​ម៉ាក់ពេ‌ឡា ខាង​កើត​ម៉ាមរេ (គឺជា​ក្រុង​ហេប្រុន) ក្នុង​ស្រុក​កាណាន។ 20ដូច្នេះ ចម្ការ និង​ល្អាង​ដែល​នៅ​ក្នុង​ចម្ការ​នោះ ពួក​កូន​ចៅ​ហេត​បាន​ប្រគល់​ទៅ​ឲ្យ​លោក​អ័ប្រា‌ហាំ ទុក​ជា​កន្លែង​សម្រាប់​បញ្ចុះ​សព​រហូត​ត​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for លោកុ‌ប្បត្តិ 23