លោកុប្បត្តិ 24
24
អាពាហ៍ពិពាហ៍របស់លោកអ៊ីសាក និងនាងរេបិកា
1លោកអ័ប្រាហាំមានវ័យកាន់តែចាស់ មានអាយុវែង ហើយព្រះយេហូវ៉ាបានប្រទានពរលោកអ័ប្រាហាំក្នុងគ្រប់ការទាំងអស់។ 2លោកអ័ប្រាហាំមានប្រសាសន៍ទៅកាន់អ្នកបម្រើរបស់លោក គឺអ្នកដែលមានវ័យចំណាស់ជាងគេនៅក្នុងផ្ទះ ជាអ្នកគ្រប់គ្រងលើទ្រព្យសម្បត្តិទាំងអស់របស់លោកថា៖ «ចូរដាក់ដៃរបស់អ្នកនៅក្រោមភ្លៅខ្ញុំ 3ខ្ញុំឲ្យអ្នកស្បថដោយនូវព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ និងជាព្រះនៃផែនដីថា អ្នកនឹងមិនយកប្រពន្ធឲ្យកូនរបស់ខ្ញុំពីពួកកូនស្រីសាសន៍កាណាន ដែលខ្ញុំរស់នៅកណ្ដាលគេនេះឡើយ 4គឺអ្នកត្រូវទៅឯស្រុកកំណើតរបស់ខ្ញុំ ហើយយកប្រពន្ធឲ្យអ៊ីសាកកូនរបស់ខ្ញុំ ពីញាតិសន្តានរបស់ខ្ញុំវិញ»។ 5អ្នកបម្រើនោះឆ្លើយទៅលោកថា៖ «ប្រហែលជាស្ត្រីនោះមិនព្រមតាមខ្ញុំប្របាទ មកស្រុកនេះទេមើលទៅ ដូច្នេះ តើត្រូវឲ្យខ្ញុំប្របាទនាំកូនរបស់លោកត្រឡប់ទៅស្រុកដែលលោកបានចាកចេញមកនោះឬ?» 6លោកអ័ប្រាហាំមានប្រសាសន៍ទៅគាត់ថា៖ «ចូរប្រយ័ត្ន កុំនាំកូនរបស់ខ្ញុំត្រឡប់ទៅស្រុកនោះវិញឡើយ។ 7ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ដែលបានយកខ្ញុំចេញពីក្រុមគ្រួសារឪពុករបស់ខ្ញុំ និងពីស្រុកកំណើតរបស់ខ្ញុំមក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំ ហើយស្បថនឹងខ្ញុំថា "យើងនឹងឲ្យស្រុកនេះដល់ពូជពង្សរបស់អ្នក" ព្រះអង្គនោះនឹងចាត់ទេវតារបស់ព្រះអង្គឲ្យទៅមុនអ្នក ដើម្បីឲ្យអ្នកបានដណ្ដឹងប្រពន្ធពីស្រុកនោះ មកឲ្យកូនប្រុសរបស់ខ្ញុំ។ 8ប្រសិនបើស្ត្រីនោះមិនព្រមមកតាមអ្នកទេ នោះអ្នកនឹងបានរួចពីសម្បថដែលអ្នកស្បថនឹងខ្ញុំនេះ ប៉ុន្តែ មិនត្រូវនាំកូនប្រុសខ្ញុំទៅស្រុកនោះវិញឡើយ»។ 9ដូច្នេះ អ្នកបម្រើនោះក៏បានដាក់ដៃក្រោមភ្លៅលោកអ័ប្រាហាំចៅហ្វាយរបស់ខ្លួន ហើយស្បថជូនលោកអំពីរឿងនេះ។
10បន្ទាប់មក អ្នកបម្រើនោះក៏យកអូដ្ឋដប់ក្បាល ពីហ្វូងអូដ្ឋរបស់ចៅហ្វាយ ព្រមទាំងទ្រព្យដ៏ល្អវិសេសរបស់ចៅហ្វាយគាត់ រួចក្រោកឡើង ចេញដំណើរទៅឯស្រុកមេសូប៉ូតាមា គឺទៅទីក្រុងរបស់ណាឃរ។ 11គាត់ឲ្យសត្វអូដ្ឋលុតជង្គង់នៅខាងក្រៅទីក្រុង ជិតអណ្តូងទឹកនៅពេលល្ងាច ជាពេលដែលពួកស្ត្រីនាំគ្នាចេញមកដងទឹក។ 12គាត់អធិស្ឋានថា៖ «ឱព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ ចៅហ្វាយទូលបង្គំអើយ នៅថ្ងៃនេះ សូមប្រោសមេត្តាដល់ទូលបង្គំ សូមសម្ដែងព្រះហឫទ័យសប្បុរសដល់លោកអ័ប្រាហាំ ជាចៅហ្វាយទូលបង្គំផង។ 13មើល៍ ទូលបង្គំឈរនៅជិតអណ្តូងទឹកនេះ ហើយពួកកូនស្រីរបស់អ្នកក្រុងក៏ចេញមកដងទឹកដែរ។ 14បើទូលបង្គំនិយាយទៅកាន់នាងក្រមុំណាម្នាក់ថា "សូមនាងដាក់ក្អមចុះមកឲ្យខ្ញុំបានទទួលទានផង" ហើយនាងនោះតបថា "អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋរបស់លោកផឹកដែរ" សូមឲ្យបានត្រូវចំលើរូបស្ត្រីនោះ ដែលព្រះអង្គតម្រូវឲ្យលោកអ៊ីសាក ជាអ្នកបម្រើរបស់ព្រះអង្គ។ យ៉ាងនោះ ទូលបង្គំនឹងដឹងថា ព្រះអង្គបានសម្ដែងព្រះហឫទ័យសប្បុរសចំពោះចៅហ្វាយរបស់ទូលបង្គំមែន»។
15កាលគាត់អធិស្ឋានមិនទាន់ទាំងចប់ផង នោះមើល៍ ស្រាប់តែនាងរេបិកាកណ្តៀតក្អមចេញមក។ នាងជាកូនរបស់លោកបេធូអែល ចៅរបស់លោកស្រីមីលកា និងលោកណាឃរ ដែលជាប្អូនរបស់លោកអ័ប្រាហាំ។ 16នាងមានរូបសម្រស់ល្អណាស់ ជាស្ត្រីក្រមុំព្រហ្មចារី គ្មានប្រុសណាបានស្គាល់នាងឡើយ។ នាងចុះទៅក្នុងអណ្តូង ដងទឹកពេញក្អម រួចឡើងមកវិញ។ 17អ្នកបម្រើនោះក៏រត់ទៅស្ទាក់ផ្លូវនាង ហើយនិយាយថា៖ «សូមមេត្តាចាក់ទឹកពីក្អមនាងឲ្យខ្ញុំទទួលទានបន្តិច»។ 18នាងតបថា៖ «អញ្ជើញពិសា លោកម្ចាស់!»។ រួចនាងក៏ដាក់ក្អមចុះជាប្រញាប់ ហើយឲ្យទឹកគាត់ពិសា។ 19កាលនាងបានឲ្យគាត់ពិសាទឹករួចហើយ នាងក៏ពោលថា៖ «នាងខ្ញុំនឹងដងឲ្យអូដ្ឋរបស់លោកម្ចាស់ផឹកទាល់តែឆ្អែតដែរ»។ 20នាងក៏ប្រញាប់ប្រញាល់ចាក់ទឹកពីក្នុងក្អម ចុះទៅក្នុងស្នូក រួចរត់ទៅដងពីអណ្ដូងថែមទៀត យកមកឲ្យអូដ្ឋទាំងអស់របស់គាត់ផឹក។ 21បុរសនោះសម្លឹងមើលនាង ទាំងនឹកក្នុងចិត្តចង់ដឹងថា តើព្រះយេហូវ៉ានឹងធ្វើឲ្យដំណើររបស់គាត់បានសម្រេចមែន ឬយ៉ាងណា។
22កាលអូដ្ឋបានផឹកឆ្អែតអស់ហើយ គាត់ក៏យកក្រវិលមាសទម្ងន់កន្លះសេកែល និងកងដៃមាសមួយគូ ទម្ងន់ដប់សេកែល មកពាក់ឲ្យនាង 23ហើយសួរថា៖ «តើនាងជាកូនចៅរបស់អ្នកណា? សូមមេត្តាប្រាប់ខ្ញុំឲ្យដឹងផង ហើយនៅផ្ទះឪពុកនាង តើមានកន្លែងឲ្យយើងខ្ញុំស្នាក់នៅយប់នេះបានឬទេ?» 24នាងឆ្លើយថា៖ «នាងខ្ញុំជាកូនរបស់លោកបេធូអែល ជាចៅរបស់លោកតាណាឃរ និងលោកយាយមីលកា»។ 25នាងពោលទៀតថា៖ «នៅផ្ទះយើងមានចំបើង និងស្មៅជាបរិបូរ ហើយក៏មានកន្លែងស្នាក់នៅដែរ»។ 26បុរសនោះក៏ឱនក្បាលចុះ ហើយថ្វាយបង្គំព្រះយេហូវ៉ា 27ទាំងពោលថា៖ «សូមឲ្យព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ ជាចៅហ្វាយទូលបង្គំ ដែលព្រះអង្គមិនបានខាននឹងសម្ដែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់ដល់ចៅហ្វាយទូលបង្គំ បានប្រកបដោយព្រះពរ។ រីឯទូលបង្គំវិញ ក៏ព្រះយេហូវ៉ាបាននាំផ្លូវទូលបង្គំមកដល់ផ្ទះបងប្អូនរបស់ចៅហ្វាយទូលបង្គំដែរ»។
28ពេលនោះ នាងក្រមុំក៏រត់ទៅប្រាប់ពួកផ្ទះម្តាយរបស់នាងអំពីហេតុការណ៍ទាំងនេះ។ 29នាងរេបិកាមានបងប្រុសម្នាក់ ឈ្មោះឡាបាន់ ហើយឡាបាន់ក៏រត់ទៅរកបុរសនោះនៅខាងក្រៅ ត្រង់អណ្តូងទឹក។ 30គាត់ឃើញក្រវិល និងកងដៃដែលប្អូនពាក់នៅដៃ ហើយបានឮសេចក្ដីទាំងប៉ុន្មានដែលនាងរេបិកាជាប្អូនបានរៀបរាប់ប្រាប់ថា៖ «អ្នកនោះហើយដែលបាននិយាយមកខ្ញុំ» នោះគាត់ក៏ចេញទៅជួបបុរសនោះ ហើយឃើញគាត់កំពុងឈរនៅក្បែរអូដ្ឋ ជិតអណ្តូងទឹក។ 31ឡាបាន់និយាយថា៖ «សូមអញ្ជើញចូលមក ឱអ្នកដែលប្រកបដោយព្រះពរនៃព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាអ្នកឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានរៀបចំផ្ទះ និងកន្លែងមួយសម្រាប់អូដ្ឋស្រេចហើយ»។ 32ដូច្នេះ បុរសនោះក៏ចូលទៅក្នុងផ្ទះ ហើយដោះអីវ៉ាន់ចេញពីអូដ្ឋ រួចមានគេយកចំបើង និងស្មៅឲ្យអូដ្ឋស៊ី យកទឹកមកលាងជើងគាត់ ព្រមទាំងមនុស្សដែលមកជាមួយដែរ។ 33បន្ទាប់មក គេរៀបចំអាហារជូនគាត់ពិសា តែគាត់ប្រកែកថា៖ «ខ្ញុំមិនទទួលទានទេ ដរាបទាល់តែខ្ញុំបានជម្រាបពីសេចក្ដីដែលខ្ញុំត្រូវនិយាយនេះសិន»។ ឡាបាន់តបថា៖ «សូមអញ្ជើញមានប្រសាសន៍មក!»។
34ដូច្នេះ គាត់ក៏ពោលឡើងថា៖ «ខ្ញុំជាអ្នកបម្រើរបស់លោកអ័ប្រាហាំ។ 35ព្រះយេហូវ៉ាបានប្រទានពរចៅហ្វាយខ្ញុំយ៉ាងសន្ធឹក ហើយលោកបានត្រឡប់ជាធំ គឺព្រះអង្គបានប្រទានឲ្យលោកមានហ្វូងចៀម ហ្វូងគោ ប្រាក់ មាស បាវបម្រើប្រុសស្រី អូដ្ឋ និងលាជាច្រើន។ 36ឯលោកស្រីសារ៉ា ប្រពន្ធរបស់ចៅហ្វាយខ្ញុំ បានបង្កើតកូនប្រុសមួយឲ្យចៅហ្វាយខ្ញុំ ក្នុងកាលដែលលោកមានវ័យចាស់ ហើយលោកបានចែកអ្វីៗទាំងអស់ដែលលោកមានដល់កូននោះ។ 37ចៅហ្វាយខ្ញុំក៏បានឲ្យខ្ញុំស្បថ ដោយមានប្រសាសន៍ថា "អ្នកមិនត្រូវដណ្ដឹងកូនស្រីសាសន៍កាណាន ក្នុងស្រុកដែលខ្ញុំរស់នៅនេះ មកធ្វើជាប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំឡើយ 38តែត្រូវទៅឯក្រុមគ្រួសារឪពុករបស់ខ្ញុំ យកប្រពន្ធឲ្យអ៊ីសាកកូនប្រុសខ្ញុំ ពីញាតិសន្តានរបស់ខ្ញុំវិញ"។ 39ខ្ញុំបានជម្រាបចៅហ្វាយខ្ញុំថា "ប្រហែលជាស្ត្រីនោះមិនព្រមមកតាមខ្ញុំទេមើលទៅ"។ 40ប៉ុន្តែ លោកមានប្រសាសន៍មកខ្ញុំថា "ព្រះយេហូវ៉ាដែលខ្ញុំដើរនៅចំពោះព្រះអង្គ ព្រះអង្គនឹងចាត់ទេវតារបស់ព្រះអង្គឲ្យទៅជាមួយអ្នក ដើម្បីធ្វើឲ្យដំណើររបស់អ្នកបានសម្រេច ហើយអ្នកនឹងយកប្រពន្ធឲ្យកូនប្រុសខ្ញុំ ពីញាតិសន្តាន និងពីក្រុមគ្រួសារឪពុករបស់ខ្ញុំ។ 41អ្នកនឹងបានរួចពីសម្បថដែលខ្ញុំឲ្យអ្នកស្បថ គឺបើអ្នកបានទៅជួបញាតិសន្តានខ្ញុំ ហើយបើគេមិនព្រមឲ្យនាងមកទេ នោះអ្នកនឹងបានរួចពីសម្បថដែលខ្ញុំឲ្យអ្នកស្បថនេះ"។
42នៅថ្ងៃនេះ ខ្ញុំបានមកដល់អណ្តូងទឹក ហើយខ្ញុំទូលថា "ឱព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ ជាចៅហ្វាយទូលបង្គំអើយ ប្រសិនបើឥឡូវនេះ ព្រះអង្គធ្វើឲ្យដំណើរទូលបង្គំបានសម្រេចដូចប្រាថ្នាមែន 43មើល៍! ទូលបង្គំឈរនៅជិតអណ្តូងទឹកនេះ សូមឲ្យមាននាងក្រមុំណាម្នាក់ចេញមកដងទឹក ហើយនាងក្រមុំណាដែលទូលបង្គំនិយាយថា "សូមមេត្តាចាក់ទឹកពីក្អមនាងឲ្យខ្ញុំទទួលទានបន្តិច" 44ហើយនាងនឹងតបមកទូលបង្គំវិញថា "អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋផឹកដែរ" នោះសូមឲ្យត្រូវចំលើរូបស្ត្រីនោះ ដែលព្រះយេហូវ៉ាបានតម្រូវឲ្យកូនប្រុសចៅហ្វាយទូលបង្គំ"។
45ខ្ញុំអធិស្ឋាននៅក្នុងចិត្តមិនទាន់ទាំងចប់ផង នោះមើល៍ ស្រាប់តែនាងរេបិកាកណ្តៀតក្អមចេញមក នាងចុះទៅក្នុងអណ្តូង ហើយដងទឹក។ ខ្ញុំនិយាយទៅនាងថា "សូមមេត្តាឲ្យទឹកខ្ញុំទទួលទានផង"។ 46នាងក៏ប្រញាប់ប្រញាល់ដាក់ក្អមចុះ ហើយពោលថា "អញ្ជើញពិសាចុះ ខ្ញុំនឹងឲ្យអូដ្ឋលោកម្ចាស់ផឹកដែរ"។ ដូច្នេះ ខ្ញុំក៏បានផឹក រួចនាងឲ្យអូដ្ឋផឹកដែរ។ 47ខ្ញុំសួរថា "តើនាងជាកូនចៅអ្នកណា?" នាងឆ្លើយថា "ខ្ញុំជាកូនលោកបេធូអែល ជាចៅលោកតាណាឃរ និងលោកយាយមីលកា"។ នោះខ្ញុំក៏បំពាក់ក្រវិលនៅច្រមុះ និងកងនៅដៃរបស់នាង។ 48បន្ទាប់មក ខ្ញុំក៏ឱនក្បាល ហើយថ្វាយបង្គំព្រះយេហូវ៉ា ហើយថ្វាយព្រះពរព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ ជាចៅហ្វាយខ្ញុំ ដែលព្រះអង្គបាននាំខ្ញុំតាមផ្លូវរហូតមក ដើម្បីឲ្យបានកូនស្រីរបស់បងប្អូនចៅហ្វាយខ្ញុំ យកទៅជូនកូនប្រុសរបស់លោក។ 49ឥឡូវនេះ ប្រសិនបើអស់លោកចង់សម្ដែងចិត្តសប្បុរស និងចិត្តស្មោះត្រង់ចំពោះចៅហ្វាយខ្ញុំ នោះសូមមានប្រសាសន៍មកចុះ ពុំនោះទេ សូមប្រាប់ឲ្យខ្ញុំដឹងផង ដើម្បីឲ្យខ្ញុំបានងាកទៅខាងស្ដាំ ឬខាងឆ្វេងទៀត»។
50ពេលនោះ ឡាបាន់ និងបេធូអែលក៏តបទៅវិញថា៖ «ហេតុការណ៍នេះមកពីព្រះយេហូវ៉ាហើយ យើងមិនអាចនិយាយទៅកាន់អ្នកថាអាក្រក់ ឬល្អបានឡើយ។ 51មើល៍ នាងរេបិកានៅមុខអ្នកស្រាប់ ចូរយកនាងទៅ ឲ្យនាងបានធ្វើជាប្រពន្ធរបស់កូនចៅហ្វាយអ្នកចុះ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូល»។
52កាលអ្នកបម្រើរបស់លោកអ័ប្រាហាំបានឮពាក្យទាំងនោះ គាត់ក៏ឱនក្រាបដល់ដី ថ្វាយបង្គំព្រះយេហូវ៉ា 53រួចអ្នកបម្រើនោះយកគ្រឿងអលង្ការ ជាប្រាក់ ជាមាស និងសម្លៀកបំពាក់ចេញមក ជូននាងរេបិកា ហើយគាត់ក៏ជូនរបស់ទ្រព្យដ៏មានតម្លៃទៅបង និងម្តាយរបស់នាងដែរ។ 54បន្ទាប់មក ទើបគាត់ និងពួកអ្នកដែលរួមដំណើរមកជាមួយនាំគ្នាពិសាបាយទឹក ហើយសម្រាកនៅទីនោះមួយយប់។ លុះព្រឹកឡើង ពេលក្រោកពីដំណេក គាត់ពោលឡើងថា៖ «ខ្ញុំសូមលាត្រឡប់ទៅរកចៅហ្វាយខ្ញុំវិញហើយ»។ 55បងប្រុស និងម្តាយរបស់នាងរេបិកាពោលថា៖ «សូមឲ្យនាងនៅជាមួយយើងបន្ដិចសិន យ៉ាងហោចណាស់ត្រឹមដប់ថ្ងៃ រួចសឹមឲ្យនាងទៅ»។ 56គាត់ឆ្លើយថា៖ «កុំឃាត់ខ្ញុំឡើយ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យដំណើររបស់ខ្ញុំបានសម្រេចហើយ ដូច្នេះ ខ្ញុំសូមអនុញ្ញាតឲ្យខ្ញុំបានត្រឡប់ទៅរកចៅហ្វាយខ្ញុំវិញចុះ»។ 57គេឆ្លើយថា៖ «យើងនឹងហៅនាងមក ហើយសួរនាងទៅ»។ 58គេក៏ហៅនាងរេបិកាមក ហើយសួរថា៖ «តើកូនព្រមទៅជាមួយអ្នកនេះឬទេ?» នាងឆ្លើយថា៖ «ខ្ញុំព្រមទៅ»។ 59ដូច្នេះ គេក៏អនុញ្ញាតឲ្យនាងរេបិកាជាប្អូន ព្រមទាំងមេដោះរបស់នាង អ្នកបម្រើរបស់លោកអ័ប្រាហាំ និងពួកគាត់ទាំងប៉ុន្មានចេញទៅ។ 60គេឲ្យពរនាងរេបិកាដោយពាក្យថា៖
«ប្អូនស្រីអើយ
សូមឲ្យនាងបានទៅជាម្ដាយ
របស់មនុស្សរាប់ពាន់រាប់ម៉ឺន
ហើយឲ្យពូជពង្សនាងគ្រប់គ្រងលើទ្វារក្រុង
នៃអស់អ្នកដែលស្អប់ពួកគេ»។
61នាងរេបិកា និងពួកស្រីបម្រើរបស់នាងក៏ក្រោកឡើងជិះអូដ្ឋ ទៅតាមបុរសនោះ ហើយគាត់ក៏នាំនាងរេបិកាធ្វើដំណើរចេញទៅ។
62នៅគ្រានោះ អ៊ីសាកបានចេញពីអណ្តូងឡាហាយ-រយ ហើយមកតាំងទីលំនៅក្នុងតំបន់ណេកិប។ 63ល្ងាចមួយ លោកអ៊ីសាកចេញទៅសញ្ជឹងគិតនៅទីវាល គាត់ក្រឡេកភ្នែកមើលទៅ ឃើញមានសត្វអូដ្ឋដើរចូលមក។ 64នាងរេបិកាក៏ងើបមុខមើលមកដែរ កាលនាងឃើញលោកអ៊ីសាក នោះក៏លោតចុះពីលើខ្នងអូដ្ឋ 65ហើយសួរទៅអ្នកបម្រើនោះថា៖ «អ្នកដែលដើរកាត់ទីវាលតម្រង់មករកយើងនោះជាអ្នកណា?» អ្នកបម្រើនោះឆ្លើយថា៖ «គឺចៅហ្វាយរបស់ខ្ញុំ»។ ដូច្នេះ នាងក៏យកស្បៃមកគ្របមុខ។ 66អ្នកបម្រើនោះក៏រៀបរាប់ប្រាប់លោកអ៊ីសាក គ្រប់ទាំងកិច្ចការដែលគាត់បានធ្វើ។ 67បន្ទាប់មក លោកអ៊ីសាកក៏នាំនាងរេបិកាចូលទៅក្នុងជំរំរបស់លោកស្រីសារ៉ាជាម្តាយ ហើយយកនាងធ្វើជាប្រពន្ធ ហើយគាត់ក៏ស្រឡាញ់នាង។ ដូច្នេះ លោកអ៊ីសាកក៏បានក្សាន្តចិត្តពីការស្លាប់របស់ម្តាយ។
Currently Selected:
លោកុប្បត្តិ 24: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies