YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 27

27
លោក​អ៊ីសាក​ឲ្យ​ពរ​យ៉ាកុប
1ពេល​លោក​អ៊ីសាក​ចាស់​ទៅ ភ្នែក​ក៏​ងងឹត រហូត​ដល់​មើល​មិន​ឃើញ លោក​បាន​ហៅ​អេសាវ ជា​កូន​ច្បង​មក ហើយ​ប្រាប់​ថា៖ «កូន​អើយ» អេសាវ​ឆ្លើយ​ថា៖ «បាទ លោក​ពុក!»។ 2លោក​ប្រាប់​ថា៖ «មើល៍ ឥឡូវ​នេះ ពុក​ចាស់​ហើយ មិន​ដឹង​ជា​ថ្ងៃ​ណា​ដែល​ពុក​ស្លាប់​ទេ 3ដូច្នេះ ចូរ​កូន​យក​ប្រដាប់​បរ​បាញ់ គឺ​បំពង់​ព្រួញ និង​ធ្នូ ហើយ​ចេញ​ទៅ​វាល ដើម្បី​បាញ់​សត្វ​យក​មកឲ្យ​ពុក 4ហើយ​រៀប​ចំ​ម្ហូប​យ៉ាង​ឆ្ងាញ់​តាម​ដែល​ពុក​ចូល​ចិត្ត ឲ្យ​ពុក​បរិ‌ភោគ​ម្តង ពុក​នឹង​ឲ្យ​ពរ​កូន​មុន​ពេល​ពុក​ស្លាប់»។
5កាល​លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​កាន់​អេសាវ​ជា​កូន នោះ​លោក​ស្រី​រេបិកា​បាន​ស្តាប់​ឮ។ ពេល​អេសាវ​ចេញ​ទៅ​វាល ដើម្បី​បាញ់​សត្វ​យក​មក​ជូន​ឪពុក 6លោក​ស្រី​រេបិកា​ប្រាប់​លោក​យ៉ាកុប​ជា​កូន​ថា៖ «ម្តាយ​បាន​ឮ​ឪពុក​កូន​និយាយ​ទៅ​កាន់​អេសាវ បង​របស់​កូន​ថា 7"ចូរ​ទៅ​បាញ់​សត្វ​យក​មក​រៀប​ម្ហូប​យ៉ាង​ឆ្ងាញ់​ឲ្យ​ពុក​បរិ‌ភោគ ពុក​នឹង​ឲ្យ​ពរ​កូន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា មុន​ពេល​ពុក​ស្លាប់"។ 8ដូច្នេះ កូន​អើយ ចូរ​កូន​ស្តាប់​ពាក្យ​ដែល​ម្តាយ​បង្គាប់​កូន។ 9ចូរ​ទៅ​ក្នុង​ហ្វូង​សត្វ យក​កូន​ពពែ​ពីរ​យ៉ាង​ល្អ​មក​ឥឡូវ ម្តាយ​នឹង​រៀប​ចំ​ម្ហូប​យ៉ាង​ឆ្ងាញ់​ជូន​ឪពុក​កូន តាម​ដែល​គាត់​ចូល​ចិត្ត 10រួច​កូន​យក​ទៅ​ជូន​ឪពុក​ពិសា​ទៅ ដើម្បី​ឲ្យ​គាត់​បាន​ឲ្យ​ពរ​កូន​វិញ មុន​ពេល​គាត់​ស្លាប់»។ 11ប៉ុន្ដែ លោក​យ៉ាកុប​ឆ្លើយ​ទៅ​ម្តាយ​ថា៖ «មើល៍! បង​អេសាវ​មាន​រោម​ដុះ​ពេញ​ខ្លួន ចំណែក​ខ្ញុំ​គ្មាន​ទេ 12ប្រសិន‌បើ​លោក​ឪពុក​ស្ទាប​ខ្ញុំ ហើយ​ដឹង​ថា​ខ្ញុំ​បញ្ឆោត​គាត់ នោះ​មិន​មែន​នាំ​ឲ្យ​បាន​ពរ​ទេ គឺ​នឹង​នាំ​ឲ្យ​ខ្ញុំ​ត្រូវ​បណ្ដា‌សា​វិញ»។ 13ម្តាយ​តប​មក​វិញ​ថា៖ «កូន​អើយ សូម​ឲ្យ​បណ្ដា‌សា​នោះ​ធ្លាក់​មក​លើ​ម្តាយ​វិញ​ចុះ កូន​គ្រាន់​តែ​ស្តាប់​តាមពាក្យ​ម្តាយ ហើយ​ទៅ​យក​ពពែ​មក»។ 14ដូច្នេះ គាត់​ក៏​ទៅ​យក​កូន​ពពែ​មក រួច​ម្តាយ​រៀប​ចំ​ចាត់​ចែង​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ដែល​លោក​អ៊ីសាក​ចូល​ចិត្ត។ 15បន្ទាប់​មក លោក​ស្រី​រេបិកា​យក​សម្លៀក‌បំពាក់​យ៉ាង​ល្អ​របស់​អេសាវ​ជា​កូន​ច្បង ដែល​នៅ​ក្នុង​ផ្ទះ មក​បំពាក់​ឲ្យ​លោក​យ៉ាកុប ជា​កូន​ពៅ។ 16គាត់​យក​ស្បែក​ពពែ​មក​រុំ​នៅ​ដៃ និង​ក​ផង ត្រង់​កន្លែង​ដែល​គ្មាន​រោម។ 17បន្ទាប់មក គាត់​លើក​ម្ហូប​យ៉ាង​ឆ្ងាញ់ និង​នំបុ័ង​ដែល​គាត់​បាន​រៀប​ចំ មក​ឲ្យ​លោក​យ៉ាកុប ជា​កូន។
18លោក​យ៉ាកុប​ក៏​យក​ទៅ​ជូន​ឪពុក ជម្រាប​ថា៖ «លោក​ពុក» លោក​អ៊ីសាក​ឆ្លើយ​ថា៖ «ពុក​នៅ​ឯណោះ តើ​កូន​ណា​មួយ​ហ្នឹង?» 19លោក​យ៉ាកុប​ឆ្លើយ​ថា៖ «ខ្ញុំ​ជា​អេសាវ កូន​ច្បង​របស់​លោក​ឪពុក កូន​បាន​ធ្វើ​ដូច​ជា​លោក​ឪពុក​បាន​ប្រាប់​ហើយ អញ្ជើញ​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាញ់​បាន​នេះ​ទៅ ដើម្បី​លោក​ឪពុក​បាន​ឲ្យ​ពរ​កូន»។ 20លោក​អ៊ីសាក​សួរ​ថា៖ «កូន​អើយ ម្តេច​បាន​ជា​កូន​រក​បាន​ឆាប់​ម៉្លេះ?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក​ឪពុក​បាន​ជួយ​កូន»។ 21លោក​អ៊ីសាក​មាន​ប្រសាសន៍​ទៅ​លោក​យ៉ាកុប​ថា៖ «កូន​អើយ ចូល​មក​ជិត​មក៍ ឲ្យ​ពុក​បាន​ស្ទាប​កូន​មើល ដើម្បី​ឲ្យ​ដឹង​ថា កូន​ជា​អេសាវ កូន​ពុក​មែន ឬ​មិន​មែន»។ 22លោក​យ៉ាកុប​ចូល​ទៅ​ជិត​លោក​អ៊ីសាក​ជា​ឪពុក ហើយ​លោក​ក៏​ស្ទាប​មើល ទាំង​ពោល​ថា៖ «សំឡេង​ជា​សំឡេង​យ៉ាកុប តែ​ដៃ​ជា​ដៃ​របស់​អេសាវ»។ 23លោក​មិន​បាន​ដឹង​ថា​ជា​លោក​យ៉ាកុប​ទេ ព្រោះ​ដៃ​គាត់​មាន​រោម ដូច​ជា​ដៃ​របស់​អេសាវ​ជា​បង​ដែរ។ ដូច្នេះ លោក​ក៏​ឲ្យ​ពរ 24តែ​លោក​សួរ​បញ្ជាក់​ថា៖ «កូនពិត​ជា​អេសាវ​កូន​ពុក​មែន​ឬ?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «បាទ​មែន»។ 25លោក​អ៊ីសាក​មាន​ប្រសាសន៍​ថា៖ «ចូរ​ដាក់​ម្ហូប​ជិត​ពុក​មក ឲ្យ​ពុក​បាន​បរិ‌ភោគ​សាច់​ដែលកូន​បាន​បាញ់ ដើម្បី​ឲ្យ​ពុក​បាន​ឲ្យ​ពរ​កូន»។ លោក​យ៉ាកុប​ក៏​យក​ទៅ​ដាក់​នៅ​ជិត​ឪពុក ហើយលោក​ក៏​ពិសា រួច​គាត់​យក​ស្រា​ទំពាំង‌បាយ‌ជូរ​មក​ជូន​ដែរ លោក​ក៏​ពិសា​ទៀត។ 26បន្ទាប់​មក លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «កូន​អើយ ចូរ​ខិត​មក​ជិត ហើយ​ថើប​ពុកមក៍!»។ 27លោក​យ៉ាកុប​ខិត​ទៅ​ជិត ហើយ​ថើប​ឪពុក។ ពេល​នោះ លោក​អ៊ីសាក​ធុំ​ក្លិន​សម្លៀក‌បំពាក់​របស់​កូន រួច​ឲ្យ​ពរ​កូន​ថា៖
«មើល៍ ក្លិន​កូន​របស់​ពុក​ដូច​ជា​ក្លិន​នៃ​ទី​វាល
ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ។
28សូម​ព្រះ‌ទ្រង់​ប្រទាន​ទឹក​សន្សើម​ពី​លើ​មេឃ
ព្រម​ទាំង​ជីជាតិ​ល្អ​ពី​ផែន‌ដី ហើយ​មាន​ស្រូវ
និង​ស្រា​ទំពាំង‌បាយ‌ជូរ​ជា​បរិបូរ​ដល់​កូន។
29សូម​ឲ្យ​មាន​ប្រជាជន​នានា​បម្រើ​កូន
ហើយ​ជាតិ​សាសន៍​ផ្សេងៗ
ក្រាប​ចុះ​ចំពោះ​កូន។
សូម​ឲ្យ​កូន​បាន​ទៅ​ជា​ចៅ‌ហ្វាយ
លើ​បង‌ប្អូន​របស់​កូន
ហើយ​ឲ្យ​កូន​ពោះ​មួយ​ជាមួយ​កូន
បាន​ក្រាប​គោរព​ដល់​កូន
សូម​ឲ្យ​ត្រូវ​បណ្ដាសា
ដល់​អ្នក​ណា​ដែល​ដាក់​បណ្ដាសា​កូន
ហើយ​ឲ្យ​បាន​ពរ
ដល់​អ្នក​ណា​ដែល​ឲ្យ​ពរ​កូន»។
លោក​អេសាវ​បាត់បង់​ពរ
30កាល​លោក​អ៊ីសាក​បាន​ឲ្យ​ពរ​លោក​យ៉ាកុប​ចប់​ហើយ លោក​យ៉ាកុប​ចេញ​ពី​លោក​អ៊ីសាក​ជា​ឪពុក​សឹង​មិន​ទាន់ នោះ​អេសាវ​ជា​បង​ក៏​វិល​មក​ពី​បាញ់​សត្វ​វិញ។ 31គាត់​បាន​រៀប​ចំ​ម្ហូប​យ៉ាង​ឆ្ងាញ់ យក​មក​ជូន​ឪពុក​ដែរ គាត់​ជម្រាប​ឪពុក​ថា៖ «សូម​អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាន​បាញ់​នេះ​ទៅ ដើម្បី​ឲ្យលោក​ឪពុក​បាន​ឲ្យ​ពរ​កូន»។ 32លោក​អ៊ីសាក​ជា​ឪពុក​សួរ​ថា៖ «ចុះ​ឯង​ជា​អ្នក​ណា?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​នេះ​ជា​អេសាវ កូន​ច្បង​របស់​លោក​ឪពុក»។ 33ពេល​នោះ លោក​អ៊ីសាក​ញ័រ​ខ្លួន​ជា​ខ្លាំង ហើយ​សួរ​ថា៖ «តើ​អ្នក​ណា​ដែល​ទើប​នឹង​យក​សាច់​មក​ឲ្យ​ពុក ហើយ​ពុក​បាន​បរិ‌ភោគ​គ្រប់​មុខ​អម្បាញ់‌មិញ មុនពេល​កូន​មក​ដល់? ពុក​បាន​ឲ្យ​ពរ​វា​ទៅ​ហើយ ហើយ​វា​នឹង​បាន​ពរ​មែន!»។ 34ពេល​អេសាវ​បាន​ឮ​ពាក្យ​របស់​ឪពុក​ដូច្នេះ គាត់​ក៏​ស្រែក​ឡើង​ជា​ខ្លាំង ដោយ​ឈឺ​ចិត្ត​យ៉ាង​ក្រៃ‌លែង រួច​និយាយ​ទៅ​ឪពុក​ថា៖ «ឱ​លោក​ឪពុក​អើយ ឲ្យ​ពរ​មក៍ សូម​ឲ្យ​ពរ​មក​កូន​ផង!»។ 35ប៉ុន្ដែ លោក​ឆ្លើយ​ថា៖ «ប្អូន​របស់​កូន​បាន​មក​ដោយ​ប្រើ​កល‌ល្បិច ហើយ​ដណ្តើម​យក​ពរ​របស់​កូន​បាត់​ទៅ​ហើយ»។ 36អេសាវ​ពោល​ថា៖ «គេ​ដាក់​ឈ្មោះ​វា​ថា "យ៉ាកុប" ដូច្នេះ ត្រូវ​ណាស់ ដ្បិត​វា​បាន​ដណ្តើម​ខ្ញុំ​ពីរ​ដង​នេះ​ហើយ។ វា​បាន​យកសិទ្ធិ​កូន​ច្បង​របស់​ខ្ញុំ​ម្តង ហើយ​មើល៍ ឥឡូវ​នេះ វា​មក​ដណ្តើម​យក​ពរ​របស់​ខ្ញុំ​ទៀត!» រួច​គាត់​សួរ​ថា៖ «តើ​លោក​ឪពុក​មិន​បាន​បម្រុង​ទុក​ពរ​ណា​សម្រាប់​កូន​ផង​ទេ​ឬ?»។
37លោក​អ៊ីសាក​ឆ្លើយ​ទៅ​អេសាវ​ថា៖ «មើល៍ ពុក​បាន​ឲ្យ​វា​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​កូន ហើយ​បាន​ឲ្យ​បង‌ប្អូន​របស់​វា​ទាំង​អស់​ធ្វើ​ជា​អ្នក​បម្រើ​របស់​វា ព្រម​ទាំង​ឲ្យ​វា​បាន​ទ្រទ្រង់​ជីវិត​ដោយ​ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ។ ដូច្នេះ កូន​អើយ តើឲ្យ​ពុក​អាច​ធ្វើ​អ្វី​សម្រាប់​កូន​ទៀត?» 38អេសាវ​សួរ​ឪពុក​ថា៖ «លោក​ពុក​អើយ តើ​លោក​ឪពុក​មាន​ពរ​តែ​មួយ​ហ្នឹង​ទេ​ឬ? ឱ​លោក​ឪពុក​អើយ សូម​ឲ្យ​ពរ​កូន​ផង!» រួច​អេសាវ​ក៏​ឡើង​សំឡេង​យំ។
39ពេល​នោះ លោក​អ៊ីសាក​ជា​ឪពុក​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖
«មើល៍! លំនៅ​របស់​កូន​ស្ថិត​នៅ​ឆ្ងាយ​ពី​ដី
ដែល​មាន​ជីជាតិ
ហើយ​ក៏​ឆ្ងាយ​ទឹក​សន្សើម​ពី​លើ​មេឃ​មក​ដែរ។
40កូន​នឹង​រស់​នៅ​ដោយ‌សារ​ដាវ
ហើយ​កូន​នឹង​បម្រើ​ប្អូន​របស់​កូន
តែ​កាល​ណា​កូន​ផ្តាច់​ចំណង
កូន​នឹង​ដោះ​នឹម​របស់​វា​ចេញ​ពី​ក​របស់​កូន»។
លោក​យ៉ាកុប​រត់​គេច​ពី​អេសាវ
41អេសាវ​ក៏​ស្អប់​លោក​យ៉ាកុប ដោយ​ព្រោះ​ពរ​ដែល​ឪពុក​បាន​ឲ្យ ហើយ​គាត់​គិត​ក្នុង​ចិត្ត​ថា៖ «ថ្ងៃ​កាន់​ទុក្ខ​ឪពុក​របស់​អញ​ជិត​ដល់​ហើយ ពេល​នោះ អញ​នឹង​សម្លាប់​យ៉ាកុប​ចោល»។ 42ប៉ុន្ដែ មាន​គេ​នាំ​ពាក្យ​របស់​អេសាវ​ជា​កូន​ច្បង ទៅ​ជម្រាប​លោក​ស្រី​រេបិកា ដូច្នេះ គាត់​ក៏​ឲ្យ​គេ​ទៅ​ហៅ​លោក​យ៉ាកុប​កូន​ពៅ​មក ហើយ​ប្រាប់​ថា៖ «មើល៍ អេសាវ​បង​របស់​កូន​ចង់​សម្លាប់​កូន​ចោល ដើម្បី​រំសាយ​កំហឹង។ 43ដូច្នេះ កូន​អើយ ឥឡូវ​នេះ ត្រូវ​ស្តាប់​ពាក្យ​ម្តាយ ត្រូវ​រត់​ទៅ​រក​ឡាបាន់ ជា​បង​ប្រុស​របស់​ម្ដាយ នៅ​ឯ​ស្រុក​ខារ៉ាន​ទៅ 44ហើយ​នៅ​ជា‌មួយ​គាត់​ឲ្យ​បាន​យូរ​បន្តិច រហូត​ទាល់​តែ​បង​របស់​កូន​បាត់​ក្តៅ​ក្រហាយ 45គឺ​ទាល់​តែ​បង​ប្រុស​របស់​កូន​លែង​ខឹង​នឹង​កូន ព្រម​ទាំង​ភ្លេច​ពី​ការ​ដែល​កូន​បាន​ធ្វើ​ចំពោះ​វា នោះ​ម្តាយ​នឹង​ឲ្យ​គេ​ទៅ​នាំ​កូន​ពី​នោះ​មក​វិញ។ តើ​ត្រូវ​ឲ្យ​ម្តាយ​បាត់​បង់​កូន​ទាំង​ពីរ​ទៅ នៅ​ថ្ងៃ​តែ​មួយ​ឬ​អី?»។
46លោក​ស្រី​រេបិកា​មាន​ប្រសាសន៍​ទៅ​លោក​អ៊ីសាក​ថា៖ «ខ្ញុំ​មិន​ចង់​រស់​នៅ​ទៀត​ទេ ដោយ​ព្រោះ​ស្ត្រី​សាសន៍​ហេត​ទាំង​នេះ។ បើ​យ៉ាកុប​រៀប​ការ​ជាមួយ​ស្ត្រី​សាសន៍​ហេត​នៅ​ស្រុក​នេះ​ដែរ នោះ​តើ​ជីវិត​ខ្ញុំ​រស់​នៅ​មាន​ន័យ​អ្វី​ទៀត?»

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for លោកុ‌ប្បត្តិ 27