លោកុប្បត្តិ 27
27
លោកអ៊ីសាកឲ្យពរយ៉ាកុប
1ពេលលោកអ៊ីសាកចាស់ទៅ ភ្នែកក៏ងងឹត រហូតដល់មើលមិនឃើញ លោកបានហៅអេសាវ ជាកូនច្បងមក ហើយប្រាប់ថា៖ «កូនអើយ» អេសាវឆ្លើយថា៖ «បាទ លោកពុក!»។ 2លោកប្រាប់ថា៖ «មើល៍ ឥឡូវនេះ ពុកចាស់ហើយ មិនដឹងជាថ្ងៃណាដែលពុកស្លាប់ទេ 3ដូច្នេះ ចូរកូនយកប្រដាប់បរបាញ់ គឺបំពង់ព្រួញ និងធ្នូ ហើយចេញទៅវាល ដើម្បីបាញ់សត្វយកមកឲ្យពុក 4ហើយរៀបចំម្ហូបយ៉ាងឆ្ងាញ់តាមដែលពុកចូលចិត្ត ឲ្យពុកបរិភោគម្តង ពុកនឹងឲ្យពរកូនមុនពេលពុកស្លាប់»។
5កាលលោកអ៊ីសាកមានប្រសាសន៍ទៅកាន់អេសាវជាកូន នោះលោកស្រីរេបិកាបានស្តាប់ឮ។ ពេលអេសាវចេញទៅវាល ដើម្បីបាញ់សត្វយកមកជូនឪពុក 6លោកស្រីរេបិកាប្រាប់លោកយ៉ាកុបជាកូនថា៖ «ម្តាយបានឮឪពុកកូននិយាយទៅកាន់អេសាវ បងរបស់កូនថា 7"ចូរទៅបាញ់សត្វយកមករៀបម្ហូបយ៉ាងឆ្ងាញ់ឲ្យពុកបរិភោគ ពុកនឹងឲ្យពរកូននៅចំពោះព្រះយេហូវ៉ា មុនពេលពុកស្លាប់"។ 8ដូច្នេះ កូនអើយ ចូរកូនស្តាប់ពាក្យដែលម្តាយបង្គាប់កូន។ 9ចូរទៅក្នុងហ្វូងសត្វ យកកូនពពែពីរយ៉ាងល្អមកឥឡូវ ម្តាយនឹងរៀបចំម្ហូបយ៉ាងឆ្ងាញ់ជូនឪពុកកូន តាមដែលគាត់ចូលចិត្ត 10រួចកូនយកទៅជូនឪពុកពិសាទៅ ដើម្បីឲ្យគាត់បានឲ្យពរកូនវិញ មុនពេលគាត់ស្លាប់»។ 11ប៉ុន្ដែ លោកយ៉ាកុបឆ្លើយទៅម្តាយថា៖ «មើល៍! បងអេសាវមានរោមដុះពេញខ្លួន ចំណែកខ្ញុំគ្មានទេ 12ប្រសិនបើលោកឪពុកស្ទាបខ្ញុំ ហើយដឹងថាខ្ញុំបញ្ឆោតគាត់ នោះមិនមែននាំឲ្យបានពរទេ គឺនឹងនាំឲ្យខ្ញុំត្រូវបណ្ដាសាវិញ»។ 13ម្តាយតបមកវិញថា៖ «កូនអើយ សូមឲ្យបណ្ដាសានោះធ្លាក់មកលើម្តាយវិញចុះ កូនគ្រាន់តែស្តាប់តាមពាក្យម្តាយ ហើយទៅយកពពែមក»។ 14ដូច្នេះ គាត់ក៏ទៅយកកូនពពែមក រួចម្តាយរៀបចំចាត់ចែងម្ហូបយ៉ាងឆ្ងាញ់ តាមដែលលោកអ៊ីសាកចូលចិត្ត។ 15បន្ទាប់មក លោកស្រីរេបិកាយកសម្លៀកបំពាក់យ៉ាងល្អរបស់អេសាវជាកូនច្បង ដែលនៅក្នុងផ្ទះ មកបំពាក់ឲ្យលោកយ៉ាកុប ជាកូនពៅ។ 16គាត់យកស្បែកពពែមករុំនៅដៃ និងកផង ត្រង់កន្លែងដែលគ្មានរោម។ 17បន្ទាប់មក គាត់លើកម្ហូបយ៉ាងឆ្ងាញ់ និងនំបុ័ងដែលគាត់បានរៀបចំ មកឲ្យលោកយ៉ាកុប ជាកូន។
18លោកយ៉ាកុបក៏យកទៅជូនឪពុក ជម្រាបថា៖ «លោកពុក» លោកអ៊ីសាកឆ្លើយថា៖ «ពុកនៅឯណោះ តើកូនណាមួយហ្នឹង?» 19លោកយ៉ាកុបឆ្លើយថា៖ «ខ្ញុំជាអេសាវ កូនច្បងរបស់លោកឪពុក កូនបានធ្វើដូចជាលោកឪពុកបានប្រាប់ហើយ អញ្ជើញក្រោកឡើង ពិសាសាច់ដែលកូនបាញ់បាននេះទៅ ដើម្បីលោកឪពុកបានឲ្យពរកូន»។ 20លោកអ៊ីសាកសួរថា៖ «កូនអើយ ម្តេចបានជាកូនរកបានឆាប់ម៉្លេះ?» លោកយ៉ាកុបឆ្លើយថា៖ «ព្រោះព្រះយេហូវ៉ាជាព្រះរបស់លោកឪពុកបានជួយកូន»។ 21លោកអ៊ីសាកមានប្រសាសន៍ទៅលោកយ៉ាកុបថា៖ «កូនអើយ ចូលមកជិតមក៍ ឲ្យពុកបានស្ទាបកូនមើល ដើម្បីឲ្យដឹងថា កូនជាអេសាវ កូនពុកមែន ឬមិនមែន»។ 22លោកយ៉ាកុបចូលទៅជិតលោកអ៊ីសាកជាឪពុក ហើយលោកក៏ស្ទាបមើល ទាំងពោលថា៖ «សំឡេងជាសំឡេងយ៉ាកុប តែដៃជាដៃរបស់អេសាវ»។ 23លោកមិនបានដឹងថាជាលោកយ៉ាកុបទេ ព្រោះដៃគាត់មានរោម ដូចជាដៃរបស់អេសាវជាបងដែរ។ ដូច្នេះ លោកក៏ឲ្យពរ 24តែលោកសួរបញ្ជាក់ថា៖ «កូនពិតជាអេសាវកូនពុកមែនឬ?» លោកយ៉ាកុបឆ្លើយថា៖ «បាទមែន»។ 25លោកអ៊ីសាកមានប្រសាសន៍ថា៖ «ចូរដាក់ម្ហូបជិតពុកមក ឲ្យពុកបានបរិភោគសាច់ដែលកូនបានបាញ់ ដើម្បីឲ្យពុកបានឲ្យពរកូន»។ លោកយ៉ាកុបក៏យកទៅដាក់នៅជិតឪពុក ហើយលោកក៏ពិសា រួចគាត់យកស្រាទំពាំងបាយជូរមកជូនដែរ លោកក៏ពិសាទៀត។ 26បន្ទាប់មក លោកអ៊ីសាកជាឪពុកមានប្រសាសន៍ទៅគាត់ថា៖ «កូនអើយ ចូរខិតមកជិត ហើយថើបពុកមក៍!»។ 27លោកយ៉ាកុបខិតទៅជិត ហើយថើបឪពុក។ ពេលនោះ លោកអ៊ីសាកធុំក្លិនសម្លៀកបំពាក់របស់កូន រួចឲ្យពរកូនថា៖
«មើល៍ ក្លិនកូនរបស់ពុកដូចជាក្លិននៃទីវាល
ដែលព្រះយេហូវ៉ាបានប្រទានពរ។
28សូមព្រះទ្រង់ប្រទានទឹកសន្សើមពីលើមេឃ
ព្រមទាំងជីជាតិល្អពីផែនដី ហើយមានស្រូវ
និងស្រាទំពាំងបាយជូរជាបរិបូរដល់កូន។
29សូមឲ្យមានប្រជាជននានាបម្រើកូន
ហើយជាតិសាសន៍ផ្សេងៗ
ក្រាបចុះចំពោះកូន។
សូមឲ្យកូនបានទៅជាចៅហ្វាយ
លើបងប្អូនរបស់កូន
ហើយឲ្យកូនពោះមួយជាមួយកូន
បានក្រាបគោរពដល់កូន
សូមឲ្យត្រូវបណ្ដាសា
ដល់អ្នកណាដែលដាក់បណ្ដាសាកូន
ហើយឲ្យបានពរ
ដល់អ្នកណាដែលឲ្យពរកូន»។
លោកអេសាវបាត់បង់ពរ
30កាលលោកអ៊ីសាកបានឲ្យពរលោកយ៉ាកុបចប់ហើយ លោកយ៉ាកុបចេញពីលោកអ៊ីសាកជាឪពុកសឹងមិនទាន់ នោះអេសាវជាបងក៏វិលមកពីបាញ់សត្វវិញ។ 31គាត់បានរៀបចំម្ហូបយ៉ាងឆ្ងាញ់ យកមកជូនឪពុកដែរ គាត់ជម្រាបឪពុកថា៖ «សូមអញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបានបាញ់នេះទៅ ដើម្បីឲ្យលោកឪពុកបានឲ្យពរកូន»។ 32លោកអ៊ីសាកជាឪពុកសួរថា៖ «ចុះឯងជាអ្នកណា?» គាត់ឆ្លើយថា៖ «ខ្ញុំនេះជាអេសាវ កូនច្បងរបស់លោកឪពុក»។ 33ពេលនោះ លោកអ៊ីសាកញ័រខ្លួនជាខ្លាំង ហើយសួរថា៖ «តើអ្នកណាដែលទើបនឹងយកសាច់មកឲ្យពុក ហើយពុកបានបរិភោគគ្រប់មុខអម្បាញ់មិញ មុនពេលកូនមកដល់? ពុកបានឲ្យពរវាទៅហើយ ហើយវានឹងបានពរមែន!»។ 34ពេលអេសាវបានឮពាក្យរបស់ឪពុកដូច្នេះ គាត់ក៏ស្រែកឡើងជាខ្លាំង ដោយឈឺចិត្តយ៉ាងក្រៃលែង រួចនិយាយទៅឪពុកថា៖ «ឱលោកឪពុកអើយ ឲ្យពរមក៍ សូមឲ្យពរមកកូនផង!»។ 35ប៉ុន្ដែ លោកឆ្លើយថា៖ «ប្អូនរបស់កូនបានមកដោយប្រើកលល្បិច ហើយដណ្តើមយកពររបស់កូនបាត់ទៅហើយ»។ 36អេសាវពោលថា៖ «គេដាក់ឈ្មោះវាថា "យ៉ាកុប" ដូច្នេះ ត្រូវណាស់ ដ្បិតវាបានដណ្តើមខ្ញុំពីរដងនេះហើយ។ វាបានយកសិទ្ធិកូនច្បងរបស់ខ្ញុំម្តង ហើយមើល៍ ឥឡូវនេះ វាមកដណ្តើមយកពររបស់ខ្ញុំទៀត!» រួចគាត់សួរថា៖ «តើលោកឪពុកមិនបានបម្រុងទុកពរណាសម្រាប់កូនផងទេឬ?»។
37លោកអ៊ីសាកឆ្លើយទៅអេសាវថា៖ «មើល៍ ពុកបានឲ្យវាធ្វើជាចៅហ្វាយលើកូន ហើយបានឲ្យបងប្អូនរបស់វាទាំងអស់ធ្វើជាអ្នកបម្រើរបស់វា ព្រមទាំងឲ្យវាបានទ្រទ្រង់ជីវិតដោយស្រូវ និងស្រាទំពាំងបាយជូរ។ ដូច្នេះ កូនអើយ តើឲ្យពុកអាចធ្វើអ្វីសម្រាប់កូនទៀត?» 38អេសាវសួរឪពុកថា៖ «លោកពុកអើយ តើលោកឪពុកមានពរតែមួយហ្នឹងទេឬ? ឱលោកឪពុកអើយ សូមឲ្យពរកូនផង!» រួចអេសាវក៏ឡើងសំឡេងយំ។
39ពេលនោះ លោកអ៊ីសាកជាឪពុកមានប្រសាសន៍ទៅគាត់ថា៖
«មើល៍! លំនៅរបស់កូនស្ថិតនៅឆ្ងាយពីដី
ដែលមានជីជាតិ
ហើយក៏ឆ្ងាយទឹកសន្សើមពីលើមេឃមកដែរ។
40កូននឹងរស់នៅដោយសារដាវ
ហើយកូននឹងបម្រើប្អូនរបស់កូន
តែកាលណាកូនផ្តាច់ចំណង
កូននឹងដោះនឹមរបស់វាចេញពីករបស់កូន»។
លោកយ៉ាកុបរត់គេចពីអេសាវ
41អេសាវក៏ស្អប់លោកយ៉ាកុប ដោយព្រោះពរដែលឪពុកបានឲ្យ ហើយគាត់គិតក្នុងចិត្តថា៖ «ថ្ងៃកាន់ទុក្ខឪពុករបស់អញជិតដល់ហើយ ពេលនោះ អញនឹងសម្លាប់យ៉ាកុបចោល»។ 42ប៉ុន្ដែ មានគេនាំពាក្យរបស់អេសាវជាកូនច្បង ទៅជម្រាបលោកស្រីរេបិកា ដូច្នេះ គាត់ក៏ឲ្យគេទៅហៅលោកយ៉ាកុបកូនពៅមក ហើយប្រាប់ថា៖ «មើល៍ អេសាវបងរបស់កូនចង់សម្លាប់កូនចោល ដើម្បីរំសាយកំហឹង។ 43ដូច្នេះ កូនអើយ ឥឡូវនេះ ត្រូវស្តាប់ពាក្យម្តាយ ត្រូវរត់ទៅរកឡាបាន់ ជាបងប្រុសរបស់ម្ដាយ នៅឯស្រុកខារ៉ានទៅ 44ហើយនៅជាមួយគាត់ឲ្យបានយូរបន្តិច រហូតទាល់តែបងរបស់កូនបាត់ក្តៅក្រហាយ 45គឺទាល់តែបងប្រុសរបស់កូនលែងខឹងនឹងកូន ព្រមទាំងភ្លេចពីការដែលកូនបានធ្វើចំពោះវា នោះម្តាយនឹងឲ្យគេទៅនាំកូនពីនោះមកវិញ។ តើត្រូវឲ្យម្តាយបាត់បង់កូនទាំងពីរទៅ នៅថ្ងៃតែមួយឬអី?»។
46លោកស្រីរេបិកាមានប្រសាសន៍ទៅលោកអ៊ីសាកថា៖ «ខ្ញុំមិនចង់រស់នៅទៀតទេ ដោយព្រោះស្ត្រីសាសន៍ហេតទាំងនេះ។ បើយ៉ាកុបរៀបការជាមួយស្ត្រីសាសន៍ហេតនៅស្រុកនេះដែរ នោះតើជីវិតខ្ញុំរស់នៅមានន័យអ្វីទៀត?»
Currently Selected:
លោកុប្បត្តិ 27: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies