YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 33

33
លោក​យ៉ាកុប និង​លោក​អេសាវ​ជួប​គ្នា
1លោក​យ៉ាកុប​ងើប​មុខ​ឡើង មើល​ទៅ​ឃើញ​លោក​អេសាវ​កំពុង​មក មាន​ទាំង​មនុស្ស​បួន​រយ​នាក់​មក​ជា‌មួយ​ផង រួច​លោក​ចែក​កូន​ឲ្យ​នាង​លេអា នាង​រ៉ាជែល និង​ស្រី​បម្រើ​ទាំង​ពីរ​នាក់។ 2លោក​ដាក់​ស្រី​បម្រើ​ទាំង​ពីរ និង​កូន​រប​ស់​ពួក​នាង​ឲ្យ​ដើរ​មុខ​គេ បន្ទាប់​មក នាង​លេអា និង​កូន​របស់​នាង រួចនាង​រ៉ាជែល និង​យ៉ូសែប ដើរ​ក្រោយ​គេ​បង្អស់។ 3ខ្លួន​លោក​ផ្ទាល់​ដើរ​មុខ​គេ ហើយ​ឱន​ក្រាប​ចុះ​ដល់​ដី​ប្រាំពីរ​ដង រហូត​ទាល់​តែ​ចូល​ជិត​ដល់​បង​របស់​លោក។
4លោក​អេសាវ​រត់​មក​ជួប ហើយ​ឱប​ថើប រួច​យំ​ជា‌មួយ​គ្នា​ទាំង​ពីរ​នាក់។ 5លោក​អេសាវ​ងើប​មុខ​ឡើង ឃើញ​ស្រីៗ និង​កូន​ក្មេង​ទាំង​នោះ ក៏​សួរ​ថា៖ «តើ​អ្នក​ទាំង​នេះ​ដែល​មក​ជា‌មួយ​ឯង ជា​អ្នក​ណា?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «នេះ​ជា​កូន​ដែល​ព្រះ​បាន​ប្រទាន​មក​ខ្ញុំ ជា​អ្នក​បម្រើ​របស់​បង»។ 6ស្រី​បម្រើ​ទាំង​ពីរ និង​កូន​របស់​ពួក​នាង​ក៏​ចូល​មក​ឱន​ក្រាប​ចុះ​ទាំង​អស់​គ្នា។ 7បន្ទាប់​មក នាង​លេអា និង​កូន​របស់​នាង​ក៏​ចូល​មក​ឱន​ក្រាប​ចុះ ហើយ​ជា​ចុង​ក្រោយ យ៉ូសែប និង​នាង​រ៉ាជែល​ក៏​ចូល​មក​ឱន​ក្រាប​ចុះ​ដែរ។ 8លោក​អេសាវ​សួរ​ថា៖ «តើ​ឯង​ឲ្យ​ពួក​ទាំង​នោះ​ដែល​បង​ឃើញ​អម្បាញ់​មិញ​មក​ធ្វើ​អ្វី?» លោក​យ៉ាកុប​ជម្រាប​ថា៖ «ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​របស់​បង»។ 9ប៉ុន្ដែ លោក​អេសាវ​ឆ្លើយ​ថា៖ «ប្អូន​អើយ បង​មាន​បរិបូរ​ហើយ ចូរ​ឯង​ទុក​របស់​ឯង​វិញ​ចុះ»។ 10លោក​យ៉ាកុប​តប​ថា៖ «ទេ បើ​ខ្ញុំ​ប្រកប​ដោយ​គុណ​របស់​បង នោះ​សូម​ទទួល​ជំនូន​ពី​ដៃ​ខ្ញុំ​ទៅ ដ្បិត​ខ្ញុំ​បាន​ឃើញ​មុខ​បង ទុក​ដូច​ជា​ឃើញ​ព្រះ‌ភក្ត្រ​នៃ​ព្រះ​ដែរ ហើយ​បង​បាន​ទទួល​ខ្ញុំ​ដោយ​ស្រួល។ 11សូម​ទទួល​ជំនូន​របស់​ខ្ញុំ​ដែល​គេ​បាន​នាំ​មក​ជូន​ចុះ ដ្បិត​ព្រះ‌ទ្រង់​បាន​ប្រទាន​ពរ​មក​ខ្ញុំ ខ្ញុំ​ក៏​មាន​គ្រប់‌គ្រាន់​ហើយ»។ ដូច្នេះ លោក​យ៉ាកុប​ចេះ​តែ​បង្ខំ លោក​អេសាវ​ក៏​ទទួល​យក។
12លោក​អេសាវ​ពោល​ថា៖ «ល្មម​ធ្វើ​ដំណើរ​ទៅ​ហើយ ចូរ​យើង​ទៅ បង​នឹង​ដើរ​នាំ​មុខ​ឯង​ទៅ»។ 13ប៉ុន្ដែ លោក​យ៉ាកុប​ឆ្លើយ​ថា៖ «លោក​បង​ជ្រាប​ហើយ​ថា កូន​ក្មេង​វា​នៅ​ទន់ ហើយ​ហ្វូង​ចៀម ហ្វូង​គោ​ដែល​នៅ​ជា‌មួយ​ខ្ញុំ​ក៏​បំបៅ​កូន បើ​បង្ខំ​វា​ឲ្យ​ខំ​ប្រឹង​ដើរ​តែ​មួយ​ថ្ងៃ នោះ​នឹង​ស្លាប់​ទាំង​អស់​ជា​មិន​ខាន។ 14ដូច្នេះ សូម​លោក​បង​អញ្ជើញ​ទៅ​មុន​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ដើរ​ទៅ​មួយៗ​តាម​កម្លាំង​ហ្វូង​សត្វ​ដែល​ដើរ​មុខ​ខ្ញុំ ហើយ​តាម​កម្លាំង​កូន​ក្មេង​ដែរ រហូត​ទាល់​តែ​ខ្ញុំ​ទៅ​ជួប​លោក​បង​នៅ​ស្រុក​សៀរ»។
15ដូច្នេះ លោក​អេសាវ​ពោល​ថា៖ «សូម​ឲ្យ​បង​ទុក​មនុស្ស​ខ្លះ​ឲ្យ​នៅ​ជា‌មួយ​ប្អូន​ដែរ»។ ប៉ុន្ដែ លោក​យ៉ាកុប​តប​ថា៖ «មិន​បាច់​ទេ សូមឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​លោក​បង​ចុះ»។ 16ដូច្នេះ នៅ​ថ្ងៃ​ដដែល​នោះ លោក​អេសាវ​ក៏​វិល​ត្រឡប់​តាម​ផ្លូវ ទៅ​ឯ​ស្រុក​សៀរ​វិញ​ទៅ។ 17ប៉ុន្តែ លោក​យ៉ាកុប​ក៏​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ស៊ូកូថ រួច​លោក​សង់​ផ្ទះ​មួយ​សម្រាប់​ខ្លួន និងធ្វើ​ក្រោល​សម្រាប់​ហ្វូង​សត្វ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ស៊ូកូថ ។
លោក​យ៉ាកុប​មក​ដល់​ស៊ីគែម
18លោក​យ៉ាកុប​បាន​ចេញ​ពី​ស្រុក​ប៉ាដាន់-អើរ៉ាម ទៅ​ដល់​ក្រុង​ស៊ីគែម ក្នុង​ស្រុក​កាណាន ដោយ​សុខ‌សាន្ត ហើយ​ក៏​បោះ​ជំរំ​នៅ​មុខ​ទី​ក្រុង​នោះ។ 19លោក​បាន​បោះ​ជំរំ​លើ​ដី​មួយ​កន្លែង ដែល​លោក​បាន​ទិញ​ពី​ពួក​កូន​ចៅ​ហាម៉ោ ជា​ឪពុក​របស់​ស៊ីគែម តម្លៃ​ជា​ប្រាក់​សុទ្ធ​មួយ​រយ​ដួង ។ 20លោក​បាន​សង់​អាស‌នា​មួយ​នៅ​ទី​នោះ ដាក់​ឈ្មោះ​ថា «អែល-អែឡូហេ-អ៊ីស្រា‌អែល »។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for លោកុ‌ប្បត្តិ 33