YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 37

37
លោក​យ៉ូសែប​យល់​សប្ដិ​ឃើញ​ភាព​អស្ចារ្យ
1លោក​យ៉ាកុប​បាន​រស់​នៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​ឪពុក​របស់​លោក​បាន​ស្នាក់​អាស្រ័យ​នៅ។ 2នេះ​ជា​ដំណើរ​រឿង​នៃ​ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប។
កាល​លោក​យ៉ូសែប​មាន​អាយុ​ដប់​ប្រាំពីរ​ឆ្នាំ គាត់​តែង‌តែ​ឃ្វាល​ហ្វូង​សត្វ​ជា‌មួយ​បង‌ៗ​របស់​គាត់។ ក្មេង​ជំទង់​នេះ​នៅ​ជា‌មួយ​កូន​របស់​នាង​ប៊ីលហា និង​នាង​ស៊ីលផា ជា​ប្រពន្ធ​របស់​ឪពុក​គាត់ ហើយ​យ៉ូសែប​តែង​យក​រឿង​អាក្រក់​របស់​ពួក​គេ​មក​ប្រាប់​ឪពុក។ 3លោក​អ៊ីស្រា‌អែល​ស្រឡាញ់​យ៉ូសែប​ខ្លាំង​ជាង​កូន​ឯ​ទៀត​ៗ ព្រោះ​ជា​កូន​ដែល​កើត​មក​នៅ​ពេល​លោក​មាន​វ័យ​ចាស់ ហើយ​លោក​បាន​ធ្វើ​អាវ​មួយ​មាន​ពណ៌​ច្រើន​ឲ្យ​គាត់​ពាក់។ 4កាល​បងៗ​ឃើញ​ថា ឪពុក​ស្រឡាញ់​យ៉ូសែប​ជាង​កូន​ទាំង​អស់ គេ​ក៏​ព្រួត​គ្នា​ស្អប់​យ៉ូសែប ហើយ​មិន​អាច​និយាយ​ពាក្យ​ល្អ​ជា‌មួយ​គាត់​បានឡើយ។
5មាន​ថ្ងៃ​មួយ យ៉ូសែប​បាន​យល់​សប្តិ ហើយ​ក៏​តំណាល​សប្ដិ​នោះ​ប្រាប់​បងៗ តែ​គេ​រឹត​តែ​ស្អប់​គាត់​ខ្លាំង​ឡើង។ 6គាត់​ប្រាប់​ពួក‌គេ​ថា៖ «សូម​ស្តាប់​សប្តិ​ខ្ញុំ​នេះ​សិន 7ដ្បិត​យើង​រាល់​គ្នា​កំពុង​តែ​ចង​កណ្ដាប់​នៅ​ស្រែ នោះ​កណ្ដាប់​របស់​ខ្ញុំ​ក៏​ឈរ​ឡើង ហើយ​មើល៍ កណ្ដាប់​របស់​បង​ៗ​បាន​មក​ព័ទ្ធ​ជុំ‌វិញ ហើយ​ក្រាប​គោរព​កណ្ដាប់​របស់​ខ្ញុំ»។ 8បងៗ​ពោល​មក​គាត់​ថា៖ «តើ​ឯង​ចង់​សោយ​រាជ្យ​លើ​យើង​មែន​ឬ? តើ​ឯង​ចង់​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​យើង​មែន​ឬ?» ដូច្នេះ គេ​ក៏​ស្អប់​គាត់​រឹត‌តែ​ខ្លាំង​ឡើង ដោយ​ព្រោះ​សប្តិ និង​ពាក្យ​សម្ដី​របស់​គាត់។
9គាត់​យល់​សប្តិ​ទៀត ហើយ​ក៏​ប្រាប់​បងៗ​របស់​គាត់​ថា៖ «មើល៍ ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​ម្ដង​ទៀត​ហើយ គឺ​ឃើញ​ថ្ងៃ ខែ និង​ផ្កាយ​ទាំង​ដប់​មួយ​បាន​ក្រាប​គោរព​ខ្ញុំ»។ 10ប៉ុន្ដែ កាល​គាត់​បាន​តំណាល​អំពី​សប្ដិ​នោះ​ប្រាប់​ឪពុក និង​បងៗ ឪពុក​បន្ទោស​គាត់​ថា៖ «តើ​ឯង​យល់​សប្តិ​ឃើញ​អ្វី​ដូច្នេះ? តើ​ត្រូវ​ឲ្យ​ឪពុក និង​ម្តាយ​របស់​ឯង ព្រម​ទាំង​បងៗ​របស់​ឯង​ក្រាប​ដល់​ដី​គោរព​ឯង​ឬ?» 11បងៗ​ក៏​មាន​ចិត្ត​ច្រណែន​នឹង​គាត់ តែ​ឪពុក​របស់​គាត់​បាន​ទុក​រឿង​នោះ​នៅ​ក្នុង​ចិត្ត។
លោក​យ៉ូសែប​ត្រូវ​បងៗ​ចាប់​យក​ទៅ​លក់
12នៅ​គ្រា​នោះ បងៗ​របស់​យ៉ូសែប​នាំ​គ្នា​ទៅ​ឃ្វាល​ហ្វូង​សត្វ​របស់​ឪពុក នៅ​ស៊ីគែម 13ហើយ​លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ទៅ​យ៉ូសែប​ថា៖ «បងៗ​របស់​ឯង​បាន​ទៅ​ឃ្វាល​សត្វ​នៅ​ស៊ីគែម​ហើយ មក​ណេះ ពុក​នឹង​ចាត់​ឯង​ឲ្យ​ទៅ​រក​ពួក‌គេ»។ គាត់​ឆ្លើយ​ទៅ​ឪពុក​ថា៖ «បាទ​ពុក»។ 14ឪពុក​ប្រាប់​គាត់​ថា៖ «ចូរ​ឯង​ទៅ​មើល​ឥឡូវ តើ​បងៗ​របស់​ឯង ហើយ​ហ្វូង​សត្វ​សុខ​សប្បាយ​ឬ​យ៉ាង​ណា រួច​ហើយ​មក​ប្រាប់​ពុក​វិញ​ផង»។ ដូច្នេះ ឪពុក​ក៏​ចាត់​យ៉ូសែប​ពី​ជ្រលង​ភ្នំ​ហេប្រុន​ឲ្យ​ចេញ​ទៅ ហើយ​គាត់​ទៅ​ដល់​ស៊ីគែម។ 15កាល​បុរស​ម្នាក់​បាន​ឃើញ​យ៉ូសែប​កំពុង​តែ​ដើរ​ទៅ​ដើរ​មក​នៅ​តាម​វាល ក៏​សួរ​ថា៖ «តើ​ឯង​កំពុង​រក​អី?» 16គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​រក​បងៗ​របស់​ខ្ញុំ សូម​មេត្តា​ប្រាប់​ខ្ញុំឲ្យ​ដឹង​កន្លែង​ដែល​ពួក‌គេ​ឃ្វាល​សត្វ​ផង»។ 17បុរស​នោះ​ប្រាប់​ថា៖ «ពួក‌គេ​បាន​ចេញ​ពី​នេះ​ទៅ​ហើយ ខ្ញុំ​ឮ​គេ​និយាយ​គ្នា​ថា "តោះ​យើង​ទៅ​ដូថាន់"»។ ពេល​នោះ យ៉ូសែប​ក៏​ទៅ​តាមបងៗ ហើយ​ឃើញ​ពួក‌គេ​នៅ​ឯ​ដូថាន់។ 18កាល​គេ​ឃើញ​យ៉ូសែប​ពី​ចម្ងាយ គេ​រួម​គំនិត​គ្នា​ថា​នឹង​សម្លាប់​គាត់​ចោល មុន​ពេល​គាត់​ទៅ​ដល់។ 19គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ន៎ុះន៏ អា​មេ​សប្តិ​បាន​មក​ដល់​ហើយ។ 20មក​យើង នាំ​គ្នា​សម្លាប់​វា​ចោល ហើយ​យក​ទៅ​ទម្លាក់​ក្នុង​អណ្តូង​ណា​មួយ រួច​និយាយ​ថា មាន​សត្វ​សាហាវ​បាន​ហែក​វា​ស៊ី​ទៅ​ហើយ ហើយ​យើង​នឹង​មើល តើ​សប្តិ​របស់​វា​នឹង​ទៅ​ជា​យ៉ាង​ណា»។ 21ប៉ុន្តែ កាល​រូបេន​បាន​ឮដូច្នេះ គាត់​ខំ​ជួយ​ឲ្យ​បាន​រួច​ពី​កណ្ដាប់​ដៃ​ពួក‌គេ។ គាត់​និយាយ​ថា៖ «យើង​កុំ​យក​ជីវិត​វា​អី»។ 22រូបេន​ពោល​ទៅ​ពួក‌គេ​ទៀត​ថា៖ «កុំ​កម្ចាយ​ឈាម​អី គ្រាន់​តែ​ទម្លាក់​វា​ទៅ​ក្នុង​អណ្តូង​នៅ​ទី​រហោ‌ស្ថាន​នេះ​ទៅ​បាន​ហើយ កុំ​ដាក់​ដៃ​លើ​វាឡើយ»។ គាត់​ធ្វើ​ដូច្នេះ មក​ពី​គាត់​ចង់​ជួយ​យ៉ូសែប​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក‌គេ ហើយ​បញ្ជូន​គាត់​ឲ្យ​ត្រឡប់​ទៅ​ឯ​ឪពុក​វិញ។ 23កាល​យ៉ូសែប​បាន​មក​ដល់​បង​ៗ​ហើយ គេ​ក៏​ដោះ​អាវ​គាត់​ចេញ គឺ​អាវ​មាន​ពណ៌​ច្រើន​ដែល​គាត់​ពាក់​មក​នោះ​ឯង 24រួច​គេ​ចាប់​គាត់​យក​ទៅ​ទម្លាក់​ក្នុង​អណ្តូង ឯ​អណ្តូង​នោះ​គ្មាន​ទឹក​ទេ។
25បន្ទាប់​មក គេ​នាំ​គ្នា​អង្គុយ​បរិ‌ភោគ ហើយ​គេ​ក្រឡេក​ទៅ​ឃើញ​ពួក​អ៊ីស‌ម៉ា‌អែល ដែល​កំពុង​តែ​មក​ពី​ស្រុក​កាឡាត មាន​គ្រឿង​ម្ហូប ជ័រ​ពិដោរ និង​ជ័រ​ល្វីង‌ទេស​ផ្ទុក​លើ​សត្វ​អូដ្ឋ​រៀង​ខ្លួន ដើម្បី​នាំ​ទៅ​ស្រុក​អេស៊ីព្ទ។ 26ពេល​នោះ យូដា​និយាយ​ទៅ​បង‌ប្អូន​ថា៖ «បើ​យើង​សម្លាប់​ប្អូន​ទៅ ហើយ​លាក់​ឈាម​វា តើ​ចំណេញ​បាន​អី? 27មក៍ យើង​លក់​វា​ទៅ​ឲ្យ​ពួក​អ៊ីស‌ម៉ា‌អែល​វិញ កុំ​ឲ្យ​យើង​ដាក់​ដៃ​លើ​វា​ឡើយ ដ្បិត​វា​ជា​‌ប្អូន​របស់​យើង ជា​សាច់​ឈាម​របស់​យើង​ដែរ»។ បង‌ប្អូន​របស់​គាត់​ក៏​យល់​ព្រម​តាម។ 28ពេល​នោះ ពួក​សាសន៍​ម៉ាឌាន​ជា​អ្នក​ជំនួញ​ក៏​មក​ដល់ រួច​បង​ៗ​របស់​យ៉ូសែប​នាំ​គ្នា​ស្រង់​គាត់​ឡើង​ពី​អណ្តូង ហើយ​លក់​ឲ្យ​ទៅ​ពួក​អ៊ីស‌ម៉ា‌អែល មាន​តម្លៃ​ជា​ប្រាក់​សុទ្ធ​ម្ភៃ​ដួង។ ពួក​នោះ​ក៏​យក​យ៉ូសែប​ទៅ​ស្រុក​អេស៊ីព្ទ។
29កាល​រូបេន​ត្រឡប់​មក​ដល់​អណ្តូង​វិញ តែ​មិន​ឃើញ​យ៉ូសែប​នៅ​ក្នុង​អណ្តូង គាត់​ក៏​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន 30ហើយ​វិល​ទៅ​រក​បង‌ប្អូន​ប្រាប់​ថា៖ «ក្មេង​នោះ​បាត់​ទៅ​ហើយ តើ​ឲ្យ​ខ្ញុំ​ទៅឯ​ណា?» 31ពេល​នោះ គេ​ក៏​សម្លាប់​ពពែ​មួយ រួច​យក​អាវ​យ៉ូសែប​ទៅ​ជ្រលក់​ក្នុង​ឈាម 32បន្ទាប់​មក គេផ្ញើ​អាវ​ច្រើន​ពណ៌​នោះ​ទៅ​ឪពុក ហើយ​ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ឃើញ​អាវ​នេះ សូម​ពិនិត្យ​មើល តើ​ជា​អាវ​របស់​កូន​លោក​ឪពុក​មែន ឬ​មិន​មែន»។ 33លោក​យ៉ា​កុប​ស្គាល់​អាវ​នោះ ហើយ​ពោល​ថា៖ «នេះ​ពិត​ជា​អាវ​របស់​កូន​ខ្ញុំ​មែន មាន​សត្វ​សាហាវ​បាន​ហែក​វា​ស៊ី​ហើយ! យ៉ូសែប​ច្បាស់​ជា​សត្វ​ហែក​ខ្ទេច‌ខ្ទី​អស់​ហើយ»។ 34លោក​យ៉ាកុប​ក៏​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន រួច​ស្លៀក​សំពត់​ធ្មៃ ហើយ​កាន់​ទុក្ខ​កូន​ជា​យូរ​ថ្ងៃ។ 35កូន​ប្រុស​កូន​ស្រី​របស់​លោក​ទាំង​ប៉ុន្មាន​ក៏​នាំ​គ្នា​ជួយ​សម្រាល​ទុក្ខ​លោក តែ​លោក​មិន​ព្រម​ឲ្យ​អ្នក​ណា​មកសម្រាល​ទុក្ខ​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ពុក​នឹង​ចុះ​ទៅ​ជួប​កូន​នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទាំង​កាន់​ទុក្ខ!» ហើយ​លោក​ក៏​យំ​សោក​នឹង​កូន។ 36នៅ​ពេល​ជាមួយ​គ្នា​នោះ ពួក​ម៉ាឌាន​បាន​នាំ​យ៉ូសែប​ទៅ​ដល់​ស្រុក​អេស៊ីព្ទ លក់​ឲ្យ​ប៉ូទី‌ផារ ជា​មន្ត្រី​របស់​ផារ៉ោន គឺ​ជា​មេ​បញ្ជាការ​កង​រក្សា​ស្តេច។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in