លោកុប្បត្តិ 42
42
បងៗរបស់លោកយ៉ូសែបធ្វើដំណើរទៅស្រុកអេស៊ីព្ទ
1ពេលលោកយ៉ាកុបបានដឹងថា មានស្រូវនៅស្រុកអេស៊ីព្ទ លោកមានប្រសាសន៍ទៅកាន់កូនៗថា៖ «ហេតុអ្វីបានជាពួកឯងអង្គុយមើលមុខគ្នាដូច្នេះ?» 2លោកមានប្រសាសន៍ទៀតថា៖ «ពុកបានឮថា មានស្រូវនៅស្រុកអេស៊ីព្ទ ដូច្នេះ ចូរអ្នករាល់គ្នាចុះទៅទិញស្រូវពីទីនោះមក ដើម្បីឲ្យយើងបានរស់នៅ កុំឲ្យស្លាប់»។ 3ដូច្នេះ បងៗរបស់លោកយ៉ូសែបទាំងដប់នាក់ ក៏ចុះទៅទិញស្រូវនៅស្រុកអេស៊ីព្ទ។ 4ប៉ុន្ដែ លោកយ៉ាកុបមិនឲ្យបេនយ៉ាមីន ជាប្អូនរបស់លោកយ៉ូសែប ទៅជាមួយបងៗទេ ព្រោះលោកខ្លាចក្រែងមានគ្រោះថ្នាក់ដល់វា។ 5ដូច្នេះ កូនៗរបស់លោកអ៊ីស្រាអែលក៏ទៅជាមួយអស់អ្នកដែលទៅទិញស្រូវ ដ្បិតនៅស្រុកកាណានក៏មានអំណត់ដែរ។
6នៅគ្រានោះ លោកយ៉ូសែបជាទេសាភិបាលលើស្រុកនោះ គឺលោកជាអ្នកដែលលក់ស្រូវឲ្យប្រជាជនទាំងអស់នៅផែនដី។ បងៗរបស់លោកយ៉ូសែបនាំគ្នាចូលមក ហើយក្រាបចុះមុខដល់ដីនៅចំពោះលោក។ 7កាលលោកយ៉ូសែបឃើញបងៗ លោកក៏ស្គាល់ពួកគេ តែលោកធ្វើដូចជាអ្នកដទៃ ហើយមានប្រសាសន៍ទៅកាន់ពួកគេយ៉ាងតឹងរ៉ឹងថា៖ «ពួកឯងមកពីណា?» គេឆ្លើយថា៖ «មកពីស្រុកកាណាន ដើម្បីទិញស្បៀងអាហារ»។ 8លោកយ៉ូសែបស្គាល់បងៗ តែពួកគេមិនបានស្គាល់លោកទេ។ 9ពេលនោះ លោកយ៉ូសែបនឹកឃើញសប្ដិដែលលោកបានយល់សប្តិអំពីបងៗរបស់លោក។ លោកមានប្រសាសន៍ទៅពួកគេថា៖ «ពួកឯងសុទ្ធតែជាអ្នកស៊ើបការណ៍ ពួកឯងមកដើម្បីរកមើលកន្លែងដែលនៅទទេក្នុងស្រុកនេះហើយ»។ 10ពួកគេតបវិញថា៖ «ទេ លោកម្ចាស់ខ្ញុំអើយ យើងខ្ញុំប្របាទមកទិញស្បៀងអាហារទេតើ 11យើងខ្ញុំទាំងអស់គ្នាមានឪពុកតែមួយ យើងខ្ញុំប្របាទជាមនុស្សទៀងត្រង់ មិនមែនជាអ្នកសង្កេតការណ៍ទេ»។ 12លោកតបទៅគេថា៖ «ទេ គឺពួកឯងពិតជាមករកមើលកន្លែងដែលនៅទទេក្នុងស្រុកនេះ!» 13ពួកគេឆ្លើយថា៖ «យើងខ្ញុំប្របាទមានបងប្អូនដប់ពីរនាក់ ជាកូនមានឪពុកតែមួយនៅស្រុកកាណានសព្វថ្ងៃនេះ កូនពៅនៅជាមួយឪពុករបស់យើងខ្ញុំ ហើយកូនមួយទៀតមិននៅទេ»។ 14ប៉ុន្ដែ លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «គឺដូចជាខ្ញុំបានប្រាប់ពួកឯងមែន ឯងរាល់គ្នាពិតជាអ្នកសង្កេតការណ៍! 15ខ្ញុំនឹងល្បងលចិត្តពួកឯងដូច្នេះ គឺដរាបណាផារ៉ោននៅមានព្រះជន្ម នោះអ្នករាល់គ្នានឹងមិនបានចេញពីទីនេះឡើយ លើកលែងតែនាំប្អូនពៅរបស់ពួកឯងមកដល់ទីនេះសិន។ 16ចូរចាត់អ្នកណាម្នាក់ក្នុងចំណោមឯងរាល់គ្នា ឲ្យទៅនាំប្អូនពៅរបស់ពួកឯងមក តែឯងរាល់គ្នាត្រូវនៅជាប់គុកសិន ដើម្បីល្បងមើលឲ្យដឹងថា ពាក្យសម្ដីដែលឯងរាល់គ្នានិយាយនោះពិត ឬមិនពិត។ បើមិនពិតទេ យើងស្បថនឹងព្រះជន្មផារ៉ោនថា ឯងរាល់គ្នាពិតជាអ្នកសង្កេតការណ៍មែន»។ 17លោកក៏យកពួកគេទាំងអស់គ្នាទៅឃុំឃាំងអស់រយៈពេលបីថ្ងៃ។
18នៅថ្ងៃទីបី លោកយ៉ូសែបមានប្រសាសន៍ទៅពួកគេថា៖ «ចូរធ្វើដូច្នេះ នោះអ្នករាល់គ្នានឹងបានរស់ ព្រោះខ្ញុំជាអ្នកគោរពកោតខ្លាចព្រះ 19បើឯងរាល់គ្នាជាមនុស្សទៀងត្រង់មែន ត្រូវទុកម្នាក់ក្នុងចំណោមបងប្អូនរបស់ពួកឯង ឲ្យនៅជាប់ឃុំឃាំងក្នុងគុកនេះសិន ហើយអ្នកឯទៀតៗត្រូវយកស្រូវទៅឲ្យអ្នកផ្ទះ ដែលកំពុងតែអត់ឃ្លាននោះចុះ 20រួចត្រូវនាំប្អូនពៅរបស់ពួកឯងមកជួបខ្ញុំ ដើម្បីបញ្ជាក់ថា ឯងរាល់គ្នានិយាយពិតត្រង់មែន ហើយឯងរាល់គ្នាក៏មិនត្រូវស្លាប់ដែរ»។ គេក៏យល់ព្រមធ្វើដូច្នោះ។ 21គេនិយាយគ្នាថា៖ «ប្រាកដជាយើងមានទោសដោយព្រោះប្អូនរបស់យើងហើយ យើងបានឃើញទុក្ខវេទនារបស់វា នៅពេលដែលវាអង្វរយើង តែយើងមិនបានស្តាប់វាសោះ។ ហេតុនេះហើយបានជាទុក្ខព្រួយនេះបានធ្លាក់មកលើយើងវិញ»។ 22ពេលនោះ រូបេនឆ្លើយឡើងថា៖ «តើបងមិនបានហាមឯងរាល់គ្នាទេឬថា កុំឲ្យធ្វើបាបវា? តែឯងរាល់គ្នាមិនព្រមស្តាប់សោះ មើល៍ ឥឡូវនេះ វាបានទារឈាមវាវិញហើយ»។ 23គេមិនដឹងថា លោកយ៉ូសែបស្តាប់បានទេ ព្រោះមានអ្នកបកប្រែជូន។ 24ពេលនោះ លោកងាកចេញពីពួកគេ ហើយយំ រួចលោកវិលមកនិយាយជាមួយពួកគេវិញ។ លោកយកស៊ីម្មានចេញពីចំណោមពួកគេ ហើយចងគាត់នៅមុខពួកគេ។ 25លោកយ៉ូសែបបានបញ្ជាឲ្យគេច្រកស្រូវបំពេញបាវរបស់បងៗ ហើយដាក់ប្រាក់របស់គេ ចូលទៅក្នុងបាវរបស់គេរៀងៗខ្លួនវិញ ព្រមទាំងឲ្យស្បៀងអាហារសម្រាប់បរិភោគតាមផ្លូវទៀតផង។ ការនេះក៏បានធ្វើសម្រេចដល់ពួកគេដូច្នោះ។
បងៗរបស់លោកយ៉ូសែបត្រឡប់ទៅស្រុកកាណាន
26បន្ទាប់មក គេបានលើកស្រូវដាក់លើខ្នងលា ហើយចេញដំណើរ។ 27លុះទៅដល់កន្លែងឈប់សម្រាកតាមផ្លូវ មានពួកគេម្នាក់បានស្រាយបាវ យកចំណីឲ្យលាស៊ី ស្រាប់តែឃើញប្រាក់របស់ខ្លួននៅក្នុងមាត់បាវ។ 28គាត់ក៏ប្រាប់បងប្អូនថា៖ «គេបានដាក់ប្រាក់របស់ខ្ញុំមកវិញ មើលនែ៎ នៅក្នុងមាត់បាវរបស់ខ្ញុំ!»។ ឃើញដូច្នេះ គេមានចិត្តតក់ស្លុតជាខ្លាំង ក៏ងាកបែររកគ្នាទាំងភ័យញ័រ ហើយពោលថា៖ «តើព្រះបានធ្វើអ្វីចំពោះយើងដូច្នេះ?»។
29កាលគេបានមកជួបលោកយ៉ាកុប ជាឪពុកនៅស្រុកកាណានហើយ គេក៏រៀបរាប់ប្រាប់លោកពីគ្រប់ទាំងហេតុការណ៍ដែលបានកើតមានដល់គេថា៖ 30«លោកដែលជាចៅហ្វាយនៅស្រុកនោះ បាននិយាយមកយើងដោយតឹងរ៉ឹងណាស់ ហើយចោទថាយើងជាអ្នកស៊ើបការណ៍ស្រុកនោះ។ 31ប៉ុន្ដែ យើងខ្ញុំបានជម្រាបលោកថា "យើងខ្ញុំជាមនុស្សទៀងត្រង់ មិនមែនជាអ្នកសង្កេតការណ៍ទេ។ 32យើងខ្ញុំមានបងប្អូនដប់ពីរនាក់ ជាកូនរបស់ឪពុកតែមួយ កូនមួយមិននៅទៀតទេ រីឯកូនពៅ សព្វថ្ងៃនេះនៅជាមួយឪពុករបស់យើងខ្ញុំ នៅស្រុកកាណាន"។ 33ពេលនោះ លោកដែលជាចៅហ្វាយនៃស្រុកនោះ មានប្រសាសន៍មកយើងខ្ញុំថា "ធ្វើយ៉ាងនេះទើបខ្ញុំដឹងថា ឯងរាល់គ្នាជាមនុស្សទៀងត្រង់ គឺត្រូវទុកបងប្អូនពួកឯងម្នាក់ឲ្យនៅជាមួយខ្ញុំ រួចយកស្រូវសម្រាប់ក្រុមគ្រួសារឯងរាល់គ្នាដែលអត់ឃ្លាននោះ ហើយចេញទៅ។ 34ត្រូវនាំយកប្អូនពៅពួកឯងមកជួបខ្ញុំ នោះខ្ញុំនឹងដឹងថា ឯងរាល់គ្នាមិនមែនជាអ្នកស៊ើបការណ៍ទេ គឺជាមនុស្សទៀងត្រង់មែន។ បន្ទាប់មក ខ្ញុំនឹងដោះលែងបងប្អូនរបស់ពួកឯងម្នាក់នេះដល់ឯងវិញ ដើម្បីឲ្យឯងរាល់គ្នាបានរកស៊ីលក់ដូរក្នុងស្រុកនេះ"»។
35កាលគេបានចាក់ស្រូវចេញពីបាវ ម្នាក់ៗបានឃើញកញ្ចប់ប្រាក់របស់គេរៀងៗខ្លួននៅក្នុងបាវ។ កាលគេឃើញកញ្ចប់ប្រាក់ទាំងនោះ ពួកគេ និងឪពុក មានចិត្តភ័យញ័រជាខ្លាំង។ 36លោកយ៉ាកុបជាឪពុកមានប្រសាសន៍ថា៖ «ឯងរាល់គ្នាបានធ្វើឲ្យពុកបាត់កូនអស់ហើយ គឺយ៉ូសែបមិននៅ ហើយស៊ីម្មានក៏មិននៅដែរ ឥឡូវនេះ ឯងចង់យកបេនយ៉ាមីនទៅទៀត! ការទាំងនេះបានមកទាស់នឹងពុកហើយ»។ 37ពេលនោះ រូបេនឆ្លើយទៅឪពុកថា៖ «បើខ្ញុំមិននាំវាមកជួបលោកឪពុកវិញទេ សូមសម្លាប់កូនប្រុសរបស់ខ្ញុំទាំងពីរចុះ សូមឲ្យវាមកខ្ញុំ ខ្ញុំនឹងនាំវាមកជូនលោកឪពុកវិញមិនខាន»។ 38ប៉ុន្ដែ លោកយ៉ាកុបប្រកែកថា៖ «ពុកមិនឲ្យកូនពៅរបស់ឪពុកចុះទៅជាមួយឯងរាល់គ្នាទេ ដ្បិតបងវាស្លាប់ទៅហើយ នៅសល់តែម្នាក់ឯងប៉ុណ្ណោះ បើកាលណាវាកើតមានគ្រោះថ្នាក់អ្វីតាមផ្លូវដែលឯងទៅ នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់ពុក ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងទុក្ខព្រួយមិនខាន»។
Currently Selected:
លោកុប្បត្តិ 42: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies