YouVersion Logo
Search Icon

លោកុ‌ប្បត្តិ 42

42
បងៗ​របស់​លោក​យ៉ូសែប​ធ្វើ​ដំណើរ​ទៅ​ស្រុក​អេស៊ីព្ទ
1ពេល​លោក​យ៉ាកុប​បាន​ដឹង​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីព្ទ លោក​មាន​ប្រសាសន៍​ទៅ​កាន់​កូនៗ​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​ឯង​អង្គុយ​មើល​មុខ​គ្នា​ដូច្នេះ?» 2លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ពុក​បាន​ឮ​ថា មាន​ស្រូវ​នៅ​ស្រុក​អេស៊ីព្ទ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ចុះ​ទៅ​ទិញ​ស្រូវ​ពី​ទី​នោះ​មក ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ កុំ​ឲ្យ​ស្លាប់»។ 3ដូច្នេះ បងៗ​របស់​លោក​យ៉ូសែប​ទាំង​ដប់​នាក់ ក៏​ចុះ​ទៅ​ទិញ​ស្រូវ​នៅ​ស្រុក​អេស៊ីព្ទ។ 4ប៉ុន្ដែ លោក​យ៉ាកុប​មិន​ឲ្យ​បេនយ៉ាមីន ជា​ប្អូន​របស់​លោក​យ៉ូសែប ទៅ​ជា‌មួយ​បងៗ​ទេ ព្រោះ​លោក​ខ្លាច​ក្រែង​មាន​គ្រោះ​ថ្នាក់​ដល់​វា។ 5ដូច្នេះ កូន​ៗ​របស់​លោក​អ៊ីស្រា‌អែល​ក៏​ទៅ​ជា‌មួយ​អស់​អ្នក​ដែល​ទៅ​ទិញ​ស្រូវ ដ្បិត​នៅ​ស្រុក​កាណាន​ក៏​មាន​អំណត់​ដែរ។
6នៅ​គ្រា​នោះ លោក​យ៉ូសែប​ជា​ទេសា‌ភិបាល​លើ​ស្រុក​នោះ គឺ​លោក​ជា​អ្នក​ដែល​លក់​ស្រូវ​ឲ្យ​ប្រជា‌ជន​ទាំង​អស់​នៅ​ផែន​ដី។ បងៗ​របស់​លោក​យ៉ូសែប​នាំ​គ្នា​ចូល​មក ហើយ​ក្រាប​ចុះ​មុខ​ដល់​ដី​នៅ​ចំពោះ​លោក។ 7កាល​លោក​យ៉ូសែប​ឃើញ​បងៗ លោក​ក៏​ស្គាល់​ពួក‌គេ តែ​លោក​ធ្វើ​ដូច​ជា​អ្នក​ដទៃ ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក‌គេ​យ៉ាង​តឹង‌រ៉ឹង​ថា៖ «ពួក​ឯង​មក​ពី​ណា?» គេ​ឆ្លើយ​ថា៖ «មក​ពី​ស្រុក​កាណាន ដើម្បី​ទិញ​ស្បៀង​អាហារ»។ 8លោក​យ៉ូសែប​ស្គាល់​បងៗ តែ​ពួក‌គេ​មិន​បាន​ស្គាល់​លោក​ទេ។ 9ពេល​នោះ លោក​យ៉ូសែប​នឹក​ឃើញ​សប្ដិ​ដែល​លោក​បាន​យល់​សប្តិ​អំពី​បងៗ​របស់​លោក។ លោក​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «ពួកឯង​សុទ្ធ​តែ​ជា​អ្នក​ស៊ើប‌ការណ៍ ពួក​ឯង​មក​ដើម្បី​រក​មើល​កន្លែង​ដែល​នៅ​ទទេ​ក្នុង​ស្រុក​នេះ​ហើយ»។ 10ពួក‌គេ​តប​វិញ​ថា៖ «ទេ លោក​ម្ចាស់​ខ្ញុំ​អើយ យើង​ខ្ញុំ​ប្របាទ​មក​ទិញ​ស្បៀង​អាហារ​ទេ​តើ 11យើង​ខ្ញុំ​ទាំង​អស់​គ្នា​មាន​ឪពុក​តែ​មួយ យើង​ខ្ញុំ​ប្របាទ​ជា​មនុស្ស​ទៀង​ត្រង់ មិន​មែន​ជា​អ្នក​សង្កេត‌ការណ៍​ទេ»។ 12លោក​តប​ទៅ​គេ​ថា៖ «ទេ គឺ​ពួក​ឯង​ពិត​ជា​មក​រក​មើល​កន្លែង​ដែល​នៅ​ទទេ​ក្នុង​ស្រុក​នេះ!» 13ពួក‌គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ប្របាទ​មាន​បង‌ប្អូន​ដប់​ពីរ​នាក់ ជា​កូន​មាន​ឪពុក​តែ​មួយ​នៅ​ស្រុក​កាណាន​សព្វ‌ថ្ងៃ​នេះ កូន​ពៅ​នៅ​ជា‌មួយ​ឪពុក​របស់​យើង​ខ្ញុំ ហើយ​កូន​មួយ​ទៀត​មិន​នៅ​ទេ»។ 14ប៉ុន្ដែ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «គឺ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​ពួកឯង​មែន ឯង​រាល់​គ្នា​ពិត​ជា​អ្នក​សង្កេត​ការណ៍! 15ខ្ញុំ​នឹង​ល្បង​ល​ចិត្ត​ពួក​ឯង​ដូច្នេះ គឺ​ដរាប​ណា​ផារ៉ោន​នៅ​មាន​ព្រះ‌ជន្ម នោះ​អ្នក​រាល់​គ្នា​នឹង​មិន​បាន​ចេញ​ពី​ទី​នេះ​ឡើយ លើក​លែង​តែ​នាំ​ប្អូន​ពៅ​របស់​ពួក​ឯង​មក​ដល់​ទី​នេះ​សិន។ 16ចូរ​ចាត់​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ឯង​រាល់​គ្នា ឲ្យ​ទៅ​នាំ​ប្អូន​ពៅ​របស់​ពួក​ឯង​មក តែ​ឯង​រាល់​គ្នា​ត្រូវ​នៅ​ជាប់​គុក​សិន ដើម្បី​ល្បង​មើល​ឲ្យ​ដឹង​ថា ពាក្យ​សម្ដី​ដែល​ឯង​រាល់​គ្នា​និយាយ​នោះ​ពិត ឬ​មិន​ពិត។ បើ​មិន​ពិត​ទេ យើង​ស្បថ​នឹង​ព្រះ​ជន្ម​ផារ៉ោន​ថា ឯង​រាល់​គ្នា​ពិត​ជា​អ្នក​សង្កេត‌ការណ៍​មែន»។ 17លោក​ក៏​យក​ពួក‌គេ​ទាំង​អស់​គ្នា​ទៅ​ឃុំ​ឃាំង​អស់​រយៈ​ពេល​បី​ថ្ងៃ។
18នៅ​ថ្ងៃ​ទី​បី លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «ចូរ​ធ្វើ​ដូច្នេះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រស់ ព្រោះ​ខ្ញុំ​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ 19បើ​ឯង​រាល់​គ្នា​ជា​មនុស្ស​ទៀង​ត្រង់​មែន ត្រូវ​ទុក​ម្នាក់​ក្នុង​ចំណោម​បង‌ប្អូន​របស់​ពួក​ឯង ឲ្យ​នៅ​ជាប់​ឃុំ​ឃាំង​ក្នុង​គុក​នេះ​សិន ហើយ​អ្នក​ឯ​ទៀត​ៗ​ត្រូវ​យក​ស្រូវ​ទៅ​ឲ្យ​អ្នក​ផ្ទះ ដែល​កំពុង​តែ​អត់​ឃ្លាន​នោះ​ចុះ 20រួច​ត្រូវ​នាំ​ប្អូន​ពៅ​របស់​ពួក​ឯង​មក​ជួប​ខ្ញុំ ដើម្បី​បញ្ជាក់​ថា ឯង​រាល់​គ្នា​និយាយ​ពិត​ត្រង់​មែន ហើយ​ឯង​រាល់​គ្នា​ក៏​មិន​ត្រូវ​ស្លាប់​ដែរ»។ គេ​ក៏​យល់​ព្រម​ធ្វើ​ដូច្នោះ។ 21គេ​និយាយ​គ្នា​ថា៖ «ប្រាកដ​ជា​យើង​មាន​ទោស​ដោយ​ព្រោះ​ប្អូន​របស់​យើង​ហើយ យើង​បាន​ឃើញ​ទុក្ខ‌វេទនា​របស់​វា នៅ​ពេល​ដែល​វា​អង្វរ​យើង តែ​យើង​មិន​បាន​ស្តាប់​វា​សោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ទុក្ខ​ព្រួយ​នេះ​បាន​ធ្លាក់​មក​លើ​យើង​វិញ»។ 22ពេល​នោះ រូបេន​ឆ្លើយ​ឡើង​ថា៖ «តើ​បង​មិន​បាន​ហាម​ឯង​រាល់​គ្នា​ទេ​ឬ​ថា កុំ​ឲ្យ​ធ្វើ​បាប​វា? តែ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​សោះ មើល៍ ឥឡូវនេះ វា​បាន​ទារ​ឈាម​វា​វិញ​ហើយ»។ 23គេ​មិន​ដឹង​ថា លោក​យ៉ូសែប​ស្តាប់​បាន​ទេ ព្រោះ​មាន​អ្នក​បក​ប្រែ​ជូន។ 24ពេល​នោះ លោក​ងាក​ចេញ​ពីពួក​គេ ហើយ​យំ រួច​លោក​វិល​មក​និយាយ​ជាមួយ​ពួក‌គេ​វិញ។ លោក​យក​ស៊ីម្មាន​ចេញ​ពី​ចំណោម​ពួក‌គេ ហើយ​ចង​គាត់​នៅ​មុខ​ពួក​គេ។ 25លោក​យ៉ូសែប​បាន​បញ្ជា​ឲ្យ​គេ​ច្រក​ស្រូវ​បំ​ពេញ​បាវ​របស់​បងៗ ហើយ​ដាក់​ប្រាក់​របស់​គេ ចូល​ទៅ​ក្នុង​បាវ​របស់​គេ​រៀងៗ​ខ្លួន​វិញ ព្រម​ទាំង​ឲ្យ​ស្បៀង​អាហារ​សម្រាប់​បរិ‌ភោគ​តាម​ផ្លូវ​ទៀត​ផង។ ការ​នេះ​ក៏​បាន​ធ្វើ​សម្រេច​ដល់​ពួក‌គេ​ដូច្នោះ។
បងៗ​របស់​លោក​យ៉ូសែប​ត្រឡប់​ទៅ​ស្រុក​កាណាន
26បន្ទាប់​មក គេ​បាន​លើក​ស្រូវ​ដាក់​លើ​ខ្នង​លា ហើយ​ចេញ​ដំណើរ។ 27លុះ​ទៅ​ដល់​កន្លែង​ឈប់​សម្រាក​តាម​ផ្លូវ មាន​ពួក‌គេ​ម្នាក់​បាន​ស្រាយ​បាវ យក​ចំណីឲ្យ​លា​ស៊ី ស្រាប់​តែ​ឃើញ​ប្រាក់​របស់​ខ្លួន​នៅ​ក្នុង​មាត់​បាវ។ 28គាត់​ក៏​ប្រាប់​បង‌ប្អូន​ថា៖ «គេ​បាន​ដាក់​ប្រាក់​របស់​ខ្ញុំ​មក​វិញ មើល​នែ៎ នៅ​ក្នុង​មាត់​បាវ​របស់​ខ្ញុំ!»។ ឃើញ​ដូច្នេះ គេ​មាន​ចិត្ត​តក់‌ស្លុត​ជា​ខ្លាំង ក៏​ងាក​បែរ​រក​គ្នា​ទាំង​ភ័យ​ញ័រ ហើយ​ពោល​ថា៖ «តើ​ព្រះ​បាន​ធ្វើ​អ្វី​ចំពោះ​យើង​ដូច្នេះ?»។
29កាល​គេ​បាន​មក​ជួប​លោក​យ៉ាកុប ជា​ឪពុក​នៅ​ស្រុក​កាណាន​ហើយ គេ​ក៏​រៀប​រាប់​ប្រាប់​លោក​ពី​គ្រប់​ទាំង​ហេតុ‌ការណ៍​ដែល​បាន​កើត​មាន​ដល់​គេ​ថា៖ 30«លោក​ដែល​ជា​ចៅ‌ហ្វាយ​នៅ​ស្រុក​នោះ បាន​និយាយ​មក​យើង​ដោយ​តឹង‌រ៉ឹង​ណាស់ ហើយ​ចោទ​ថា​យើង​ជា​អ្នក​ស៊ើប‌ការណ៍​ស្រុក​នោះ។ 31ប៉ុន្ដែ យើង​ខ្ញុំ​បាន​ជម្រាប​លោក​ថា "យើង​ខ្ញុំ​ជា​មនុស្ស​ទៀង​ត្រង់ មិន​មែន​ជា​អ្នក​សង្កេត​ការណ៍​ទេ។ 32យើង​ខ្ញុំ​មាន​បង‌ប្អូន​ដប់ពីរ​នាក់ ជា​កូន​របស់​ឪពុក​តែ​មួយ កូន​មួយ​មិន​នៅ​ទៀត​ទេ រី​ឯ​កូន​ពៅ សព្វ‌ថ្ងៃ​នេះ​នៅ​ជា‌មួយ​ឪពុក​របស់​យើង​ខ្ញុំ នៅ​ស្រុក​កាណាន"។ 33ពេល​នោះ លោក​ដែល​ជា​ចៅ‌ហ្វាយ​នៃ​ស្រុក​នោះ មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ថា "ធ្វើ​យ៉ាង​នេះ​ទើប​ខ្ញុំ​ដឹង​ថា ឯង​រាល់​គ្នា​ជា​មនុស្ស​ទៀង​ត្រង់ គឺ​ត្រូវ​ទុក​បង‌ប្អូន​ពួក​ឯង​ម្នាក់​ឲ្យ​នៅ​ជាមួយ​ខ្ញុំ រួច​យក​ស្រូវ​សម្រាប់​ក្រុម​គ្រួសារ​ឯង​រាល់​គ្នា​ដែល​អត់​ឃ្លាន​នោះ ហើយ​ចេញ​ទៅ។ 34ត្រូវ​នាំ​យក​ប្អូន​ពៅ​ពួក​ឯង​មក​ជួប​ខ្ញុំ នោះ​ខ្ញុំ​នឹង​ដឹង​ថា ឯង​រាល់​គ្នា​មិន​មែន​ជា​អ្នក​ស៊ើប‌ការណ៍​ទេ គឺ​ជា​មនុស្ស​ទៀង​ត្រង់​មែន។ បន្ទាប់​មក ខ្ញុំ​នឹង​ដោះ​លែង​បង‌ប្អូន​របស់​ពួក​ឯង​ម្នាក់​នេះ​ដល់​ឯង​វិញ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​រក​ស៊ី​លក់​ដូរ​ក្នុង​ស្រុក​នេះ"»។
35កាល​គេ​បាន​ចាក់​ស្រូវ​ចេញ​ពី​បាវ ម្នាក់​ៗ​បាន​ឃើញ​កញ្ចប់​ប្រាក់​របស់​គេ​រៀង​ៗខ្លួន​នៅ​ក្នុង​បាវ។ កាល​គេ​ឃើញ​កញ្ចប់​ប្រាក់​ទាំង​នោះ ពួក‌គេ និង​ឪពុក មាន​ចិត្ត​ភ័យ​ញ័រ​ជា​ខ្លាំង។ 36លោក​យ៉ាកុប​ជា​ឪពុក​មាន​ប្រសាសន៍​ថា៖ «ឯង​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ពុក​បាត់​កូន​អស់​ហើយ គឺ​យ៉ូសែប​មិន​នៅ ហើយ​ស៊ីម្មាន​ក៏​មិន​នៅ​ដែរ ឥឡូវ​នេះ ឯង​ចង់​យក​បេនយ៉ាមីន​ទៅ​ទៀត! ការ​ទាំង​នេះ​បាន​មក​ទាស់​នឹង​ពុក​ហើយ»។ 37ពេល​នោះ រូបេន​ឆ្លើយ​ទៅ​ឪពុក​ថា៖ «បើ​ខ្ញុំ​មិន​នាំ​វា​មក​ជួប​លោក​ឪពុក​វិញ​ទេ សូម​សម្លាប់​កូន​ប្រុស​របស់​ខ្ញុំ​ទាំង​ពីរ​ចុះ សូម​ឲ្យ​វា​មក​ខ្ញុំ ខ្ញុំ​នឹង​នាំ​វា​មក​ជូន​លោក​ឪពុក​វិញ​មិន​ខាន»។ 38ប៉ុន្ដែ លោក​យ៉ាកុប​ប្រកែក​ថា៖ «ពុក​មិន​ឲ្យ​កូន​ពៅ​របស់​ឪពុក​ចុះ​ទៅ​ជា‌មួយ​ឯង​រាល់​គ្នា​ទេ ដ្បិត​បង​វា​ស្លាប់​ទៅ​ហើយ នៅ​សល់​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ បើ​កាល​ណា​វា​កើត​មាន​គ្រោះ​ថ្នាក់​អ្វី​តាម​ផ្លូវ​ដែល​ឯង​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​នាំ​ឲ្យ​សក់​ស្កូវ​របស់​ពុក ចុះ​ទៅ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ទាំង​ទុក្ខ​ព្រួយ​មិន​ខាន»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in